Saturday 18 August 2018
លោក គឹម សុខ ប្ដេជ្ញាវិភាគបញ្ហាសង្គមនិងនយោបាយក្រោយចេញពីពន្ធនាគារ
សន ចាន់រដ្ឋា
2018-08-17
rfa
លោក គឹម សុខ (កណ្ដាល) និងអ្នកនិយមគាំទ្រលោក នៅមុខពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។
រូប៖ VOD
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ប្ដេជ្ញាក្រោយលោកត្រូវបានដោះលែងថា លោកនៅតែបន្តស្រាវជ្រាវ និងវិភាគបញ្ហាសង្គម និងនយោបាយដដែល ទោះបីជាលោកនៅជាប់បណ្ដឹងរបស់មេធាវីលោក ហ៊ុន សែន មួយករណី ទៀតក្តី។ មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការ គួរតែដោះលែងអ្នកទោសមនសិការ និងទម្លាក់ចោល ការចោទប្រកាន់នានាពួកគេ ដើម្បីបង្ហាញពីការបើកចំហរសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ អះអាងថា បន្ទាប់ពីឆ្លងកាត់ការជាប់ពន្ធនាគាររយៈពេល១៨ខែ ទាំងអយុត្តិធម៌មក រូបលោកកាន់តែមានស្មារតីរឹងមាំ និងមានឆន្ទៈមោះមុតក្នុងការជួយសង្គមជាតិបន្តទៅទៀត តាមរយៈការវិភាគចែករំលែកគំនិត ចំណេះដឹង និងស្រាវជ្រាបបញ្ហាសង្គម និងនយោបាយ។
លោក គឹម សុខ បញ្ជាក់ថា ក្រោយចេញពីពន្ធនាគារភ្លាម អ្វីដែលលោកខកចិត្តជាងគេ គឺបញ្ហានយោបាយច្របូកច្របល់ក្នុងប្រទេស បន្ទាប់ពីគណបក្សកាន់អំណាច រៀបចំការបោះឆ្នោតដែលគ្មានដៃគូប្រកួតប្រជែងពិតប្រាកដ ហើយឈ្នះឆ្នោតតែម្នាក់ឯង។ «»
លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពក្រោយជាប់ពន្ធនាគារ ១៨ខែដោយសារតែលោក ហ៊ុន សែន ប្តឹងចោទលោក គឹម សុខ ថា បាននិយាយចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី។ ទោះបីជាសំណុំរឿងទី១ នេះ ត្រូវបានបញ្ចប់ក្តី ប៉ុន្តែលោក គឹម សុខ នៅជាប់សំណុំរឿងមួយទៀតនៅតុលាការដែរ ដោយ មេធាវីលោក ហ៊ុន សែន បានប្ដឹងចោទលោក គឹម សុខ ដែរថា បានចោទរបបលោក ហ៊ុន សែន ជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។
លោក គឹម សុខ អះអាងថា វាជារឿងអយុត្តិធម៌សម្រាប់លោកដែលតុលាការគួរតែ ទម្លាក់ចោលបទចោទមួយនេះ ព្រោះលោក មិនបាននិយាយចោទថា រដ្ឋាភិបាល ជាអ្នកបង្កើត ប្រព័ន្ធសម្លាប់មនុស្សនោះទេ។ «»
លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន បើកឱកាសពិភាក្សាយកគំនិតល្អៗពីគណបក្សនយោបាយ ដែលមិនឈ្នះឆ្នោត ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិនោះ លោក ហ៊ុន សែន គួរតែបញ្ជាឲ្យគេទម្លាក់ចោលបទចោទទី២ ដើម្បីឲ្យលោកមានឱកាសបញ្ចេញយោបល់ចូលរួមជួយសង្គមជាតិដែរ។
ក្រោយចេញពីពន្ធនាគារភ្លាម លោក គឹម សុខ បានទៅជួបជជែកជាមួយព្រះសង្ឃ និងមិត្តភ័ក្ដិមួយ ចំនួនទៀត ដើម្បីរកមូលនិធិជួយប្រជាពលរដ្ឋកំពុងរងគ្រោះទឹកជំនន់ និងពិភាក្សាអំពីកិច្ចការងារ ជាអ្នកស្រាវជ្រាវអំពីបញ្ហាសង្គម។ «»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការដោះលែងលោក គឹម សុខ តាមរយៈការអនុវត្តទោសគ្រប់ចំនួននេះ មិនមានអ្វីត្រូវស្វាគមន៍ច្រើនទេ ព្រោះលោក គឹម សុខ នៅជាប់បណ្ដឹងមួយទៀត។ លោក ស៊េង សែនករុណា យល់ថា តុលាការទម្លាក់ចោលការចោទប្រកាន់លោក គឹម សុខ ទាំងអស់ និងទម្លាក់ចោលបទចោទនិងដោះលែងអ្នកទោស មនសិការផ្សេងៗទៀត ដើម្បីបើកចំហសិទ្ធិសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ «»
លោក គឹម សុខ បញ្ជាក់ថា ការដែរលោកនៅតែហ៊ានវិភាគ និងស្រាវស្រាវអំពីសង្គមនិងនយោបាយ នេះ មិនមែនលោកមិនខ្លាចទេ ប៉ុន្តែអ្វីដែលលោកខ្លាចបំផុតនោះ គឺខ្លាចជាតិខ្មែរ លិចលង់ដុនដាប កាន់តែខ្លាំង គ្មានការគោរពសិទ្ធិមនុស្ស គ្មាននីតិរដ្ឋ និងគ្មានប្រជាធិបតេយ្យពិតប្រាកដហើយ ផល ប្រយោជន៍ជាតិខ្មែរ ត្រូវធ្លាក់ចូលកណ្ដាប់ដៃបរទេស។ ទន្ទឹមគ្នានេះ លោក គឹម សុខ អំពាវនាវឲ្យប្រជាជាតិខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ សូមមានស្មារតីជាតិរួម ស្មោះត្រង់នឹងជាតិ ដើម្បីការ ពារកម្ពុជាឲ្យនៅតែជាប្រទេសប្រជាធិបតេយ្យពេញលេញ ហើយចូលរួមអភិវឌ្ឍនិងការពារប្រទេស ជាតិឲ្យបានរីកច្រើនត្រឹមត្រូវ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment