Thursday 16 August 2018
ក្រសួងការបរទេសអាមេរិក សម្រេចបង្កើនការរឹតត្បិតទិដ្ឋាការលើបុគ្គលរួមចំណែកបំផ្លាញប្រជា
វិទ្យុអាស៊ីសេរី
2018-08-16
rfa
អ្នកស្រី ហឹតឌើរ ណៅអឹត (Heather Nauert) អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ សីហា។ រូប៖ Twitter ក្រសួងការបរទេសសហរដ្ឋអាមេរិក
រូប៖ Twitter ក្រសួងការបរទេសសហរដ្ឋអាមេរិក
ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ សីហា សម្រេចបង្កើនការរឹតត្បិតទិដ្ឋាការ ឬ វីសា ចូលទឹកដីអាមេរិកលើជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៥ សីហា នាក្រសួងការបរទេសថា ការសម្រេចបែបនេះជាការបោះជំហានមួយ ស្របតាមសេចក្ដីថ្លែងការណ៍ថ្ងៃទី៦ ខែធ្នូ ដែលបានប្រកាសរឹតត្បិតការផ្ដល់ទិដ្ឋាការ ឬ វីសា ចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានរួមចំណែកក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បន្តថា ការរឹតត្បិតការផ្ដល់ទិដ្ឋាការចូលទឹកដីអាមេរិកនឹងធ្វើឡើងចំពោះបុគ្គលទាំងក្នុង និងក្រៅជួររដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសកម្មភាពលេចធ្លោជាងគេក្នុងការបំផ្លាញប្រជាធិបតេយ្យនៅមុនការបោះឆ្នោតក្លែងក្លាយថ្ងៃទី២៩ ខែកក្កដា។ អ្នកស្រីបញ្ជាក់ថា ក្នុងករណីជាក់លាក់ណាមួយ ការបិទទិដ្ឋាការនោះ ក៏នឹងធ្វើចំពោះក្រុមគ្រួសាររបស់ពួកគេដែរ។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះលើកឡើងថា អ្នកស្រីមិនអាចបញ្ជាក់ពីចំនួន និងបញ្ជីឈ្មោះជាក់លាក់នៃបុគ្គលដែលត្រូវរងទណ្ឌកម្មនេះទេ ដោយសារការសម្រេចនឹងត្រូវធ្វើឡើងទៅតាមករណីជាក់ស្ដែងនីមួយៗ។
អ្នកស្រីអំពាវនាវជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលកម្ពុជាឲ្យវិលមករកការផ្សះផ្សាបង្រួបបង្រួមជាតិ ដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលបំពេញតួនាទីដ៏សំខាន់របស់ពួកគេដោយមិនមានការរារាំង ហើយដោះលែងប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ ហើយផ្ដល់សិទ្ធិធ្វើនយោបាយដល់គណបក្សប្រឆាំង។
កូនស្រីលោក កឹម សុខា និងជាអនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា សាទរចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកនៅពេលនេះ។ កញ្ញាសរសេរក្នុងបណ្ដាញសង្គមធ្វីតធើរ (Twitter) ថា វាជាពេលវេលាដ៏ប្រសើរសម្រាប់ប្រទេសអូស្ត្រាលី ណូវែលហ្សឺឡង់ (New Zealand) និងចក្រភពអង់គ្លេសក្នុងការរឹតត្បិតទិដ្ឋាការលើមន្ត្រីខិលខូចរបស់កម្ពុជាដូចចំណាត់ការរបស់សហរដ្ឋអាមេរិកដែរ។
អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មថា លោកមិនចាប់អារម្មណ៍នឹងសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិកទេ ហើយអះអាងថា ការបិទទិដ្ឋាការនោះនឹងមិនមានប្រសិទ្ធភាពឡើយ៖ «ព្រោះយើងអត់មានចេតនាចង់ទៅអាមេរិកផង ទោះបីថា ចេញលុយសំបុត្រកប៉ាល់ហោះឲ្យក៏មិនចង់ទៅដែរ។ អ៊ីចឹងទេ វាមិនមានប្រសិទ្ធភាពអីក្នុងការដាក់រឹតបន្តឹងលើទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិកនោះទេ»។
ជុំវិញការដាក់ទណ្ឌកម្មនេះ អ្នកជំនាញខាងគោលនយោបាយការបរទេស សាស្ត្រាចារ្យបណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីពេលថ្មីៗ នេះថា ទាល់តែដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ទើបអាចនាំមកនូវដំណោះស្រាយនយោបាយ ដែលឈានទៅរកការដោះលែងលោក កឹម សុខា និងស្ដារប្រជាធិបតេយ្យឡើងវិញ៖ «ជាកិច្ចចាប់ផ្ដើម គឺត្រូវដាក់ទណ្ឌកម្មជាក់លាក់ណាមួយសិន។ សំខាន់បំផុតគឺដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម។ បន្ទាប់មកទៀតគឺកុំទទួលស្គាល់របបលោក ហ៊ុន សែន តាមរយៈការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ»។
ក្រោមច្បាប់ GLOBAL MAGNITSKY ដែលមានស្រាប់ ការិយាល័យកិច្ចការសាធារណៈនៃនាយកដ្ឋានរតនាគារអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា បានប្រកាសបង្កកទ្រព្យសម្បិត្តិមេកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ដោយដាក់ឈ្មោះលោកចូលក្នុងបញ្ជីខ្មៅនៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ដោយសារតែការចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ បន្ថែមលើនេះ រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែកក្កដា បានអនុម័តសេចក្ដីស្នើច្បាប់មួយស្ដីពី «ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» (លេខ H.R. 5754) ដើម្បីដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និងបុគ្គលស្និទ្ធនឹងលោក ហ៊ុន សែន ចំនួន ១៦នាក់ទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment