Monday, 13 August 2018

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ


មាន ឫទ្ធិ
2018-08-12

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុង​ពេល​ជួប​ជាមួយមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពីអំឡុង​ឆ្នាំ​២០១៤។ រូបឯកសារ
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុង​ពេល​ជួប​ជាមួយមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពីអំឡុង​ឆ្នាំ​២០១៤។ រូបឯកសារ
Photo: RFA



កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា អំពាវនាវ​ឱ្យ​ប្រទេស​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ កំពុង​មាន​វត្តមាននៅ​ប្រទេស​អូស្ត្រាលី និង​គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ឱ្យ​ជួយ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា (Canberra) ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​លោក ហ៊ុន សែន ដូច​អ្វី​ដែល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​យ៉ាង​ដូច្នោះ​ដែរ។



ថ្លែងប្រាប់​សារព័ត៌មាន ABC របស់​អូស្ត្រាលី​ថា កញ្ញា កឹម មនោវិទ្យា អះអាង​ថា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ កញ្ញា​នឹង​ស្នើ​សុំ​ឱ្យ​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​រឹត​ត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​ក្រុម​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ និង​គ្រួសារ​របស់​ពួកគេ ដែល​កំពុង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ កញ្ញា​សង្កត់​ធ្ងន់​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​អូស្ត្រាលី​នឹង​មាន​ប្រសិទ្ធភាព​ជាងគេ ដោយសារ​អូស្ត្រាលី​គឺជា​សំបុក​របស់​ពួក​ម៉ាហ្វ៊ីយ៉ា (Mafia) នៃ​របប​លោក ហ៊ុន សែន។ កញ្ញា​បន្ថែម​ថា ក្រុម​មន្ត្រី​គ្រាក់ៗ​នៃ​របប​លោក ហ៊ុន សែន ជាច្រើន​នាក់ និង​បក្ខពួក​របស់​ពួកគេ កំពុង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ជាច្រើន​ករណី​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) និង​នៅ​តំបន់​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​អូស្ត្រាលី ដែល​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ។

កូនស្រី​របស់​លោក កឹម សុខា រូប​នេះ ថ្លែង​ទៀត​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា គឺជា​ពិធី​បុណ្យ​សព​នៃ​ប្រជាធិបតេយ្យ​កម្ពុជា ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន សម្លាប់ចោល​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មក​ម្ល៉េះ ដែល​នោះ​គឺជា​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដៃគូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​របស់​គណបក្ស​កាន់អំណាច។

មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ថា ការ​ស្នើ​សុំ​របស់​កញ្ញា កឹម មនោវិទ្យា នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​អូស្ត្រាលី​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្ពុជា។ លោក​បន្ត​ថា ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ក្រុម​ខ្លួន​ប៉ុណ្ណោះ ហើយ​លោក​ជឿ​ថា អូស្ត្រាលី​នឹង​មិន​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ផលប្រយោជន៍​របស់​ក្រុម​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​រួច​ទៅ​ហើយ​នោះ​ទេ៖ «កូនស្រី​លោក កឹម សុខា ឬក៏​ក្រុម​រត់ចោលស្រុក​នោះ មាន​ភាគ​តិច​ទេ គ្រាន់តែ​គេ​ទទួល​នៅ​ក្នុង​ន័យ​ឧត្តមគតិ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ឱ្យ​នៅ​ក្នុង​ភាព​ពិតប្រាកដ​នោះ ខ្ញុំ​អត់​ជឿ​ថា គេ​នឹង​អនុវត្ត​បាន​ឡើយ ព្រោះ​ផលប្រយោជន៍ ១៥​លាន​នាក់ ផលប្រយោជន៍​ដែល​ត្រូវតែ​និយាយ​ជាមួយ​នឹង​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផលប្រយោជន៍​នៃ​ការ​និយាយ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ទី ៦ នេះ គឺជា​រឿង​ចាំបាច់​របស់​គេ​តំណាង​ដោយ​ទូត​របស់​គេ​នៅ​កម្ពុជា។ បើ​គេ​ធ្វើតាម​នោះ ទាល់តែ​គេ​សម្រេចចិត្ត​ដក​ទូត​របស់​គេ​ចេញ ទើប​គេ​ធ្វើ»។

នៅមុន​ការបោះឆ្នោត​មកដល់ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​បាន​រាយការណ៍​ថា មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន​នៃ​របប​លោក ហ៊ុន សែន មានទ្រព្យ​សម្បត្តិ និង​មាន​ក្រុមហ៊ុន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ប្រទេស​អូស្ត្រាលី។ បុគ្គល​ដែល​ជាប់​សង្ស័យ​ក្នុង​ការ​រកស៊ី​មិន​ស្របច្បាប់​ទាំងនោះ រួមមាន មេ​ពន្ធដារ លោក គង់ វិបុល និង​ក្មួយប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាដើម ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​លាង​លុយ​កខ្វក់ និង​របរ​រកស៊ី​បែប​ទុច្ចរិត​ជាច្រើន​មុខ​ទៀត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី កត់សម្គាល់​ថា ក្រោយ​ពេល​មាន​ការ​ផ្សព្វផ្សាយ​រឿងអាស្រូវ​ទាំងនេះ អូស្ត្រាលី​ដែល​ជា​ប្រទេស​ធ្លាប់​រក្សា​ភាព​ស្ងៀមស្ងាត់​ជា​យូរ​មក​ហើយ​នោះ ហាក់​ដូច​ជា​បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដោយ​បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការបោះឆ្នោត​ថ្ងៃ​ទី២៩ កក្កដា។ លោក​បន្ត​ថា ការ​ប្តូរ​ជំហរ​នេះ ក៏​ស្រប​ពេល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​អ្នកនយោបាយ​អូស្ត្រាលី​មួយ​ចំនួន​បាន​ធ្វើ​យុទ្ធនា​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។ លោក​បន្ថែម​ថា អូស្ត្រាលី​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ដទៃ​ទៀត ដូច្នេះ​បើ​ប្រទេស​ទាំងនោះ​ពិតជា​សម្រេច​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​បច្ចុប្បន្ន​មែន នោះ​អូស្ត្រាលី​ក៏​អាច​នឹង​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​របស់​ខ្លួន​ផង​ដែរ៖ «ប្រទេស​អូស្ត្រាលី​ជា​សម្ពន្ធមិត្ត​ជាមួយ​ប្រទេស​សេរី​ដទៃ​ទៀត មាន​ទាំង​សហភាព​អឺរ៉ុប និង​អាមេរិក​ផង ដូច្នេះ​ជា​ធម្មតា​ប្រសិនបើ​ពួក​បស្ចិម​ប្រទេស​ងាក​ទៅ​ខាង​ណា​ហើយ អូស្ត្រាលី​ត្រូវតែ​គាំទ្រ ទោះ​តិច ឬ​ច្រើន​ក្តី គឺ​ត្រូវតែ​ចូលរួម។ ខ្ញុំ​គិត​ថា អូស្ត្រាលី​ក៏​អាច​មាន​ឥទ្ធិពល​ដែរ នៅ​ក្នុង​ការ​ចូល​រួម​ជាមួយ​អន្តរជាតិ​នោះ ក៏ប៉ុន្តែ​យើង​មិនទាន់​ដឹង​ថា តើ​ការ​ដាក់​ទណ្ឌកម្ម​នោះ មាន​ទំហំ​ប៉ុនណា គឺ​យើង​ចាំ​មើល​តទៅទៀត»។

ប្រទេស​អូស្ត្រាលី​បាន​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយសារ​ពលរដ្ឋ​ខ្មែរ​ពុំ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​តំណាង​ដែល​ពួកគាត់​ពេញចិត្ត។ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប បាន​ថ្លែង​ថា ដំណើរការ​បោះឆ្នោត​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ព្រមទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ជាច្រើន​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​នោះ គឺ​ជា​ការ​បោះ​ជំហាន​ថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​អះអាង​ថា ក្នុងនាម​ជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា អូស្ត្រាលី​នឹង​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បោះជំហាន​ទៅ​រក​ការ​បើកចំហ​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ពី​បញ្ហា​នយោបាយ​ដោយ​សេរី ពុំ​មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ណាមួយ​ឡើយ៕

No comments: