Friday 3 August 2018

របប​ភ្នំពេញ​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ខែ​ក្រោយ​ទោះ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​មិន​ទទួលស្គាល់


ដោយ សេក បណ្ឌិត
2018-08-02 

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA



លោក ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ខាងមុខ បន្ទាប់​ពី​របប​លោក​រៀបចំ កា​របោះ​ឆ្នោត​រួចរាល់​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ចាត់ទុកថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ អ្នក​វិភាគ​មាន​មតិ​ថា ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ និង​ប្រទេស​ប្រជាធិបតេយ្យ មិន​គាំទ្រ​របប​លោក ហ៊ុន សែន ហើយ​អាច​នឹង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់។

លោក ហ៊ុន សែន ប្រកាស​ក្រោយ​គណបក្ស​កាន់អំណាច​អះអាង​ថា ឈ្នះ​ឆ្នោត​ដោយ​គ្មាន​គណបក្ស​បក្ស​ប្រឆាំង​ចូលរួម​នោះ​ថា សម័យប្រជុំ​សភា​លើកដំបូង គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។



បន្ទាប់​មក របប​លោក​នឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី នឹង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា គឺ​ក្រោយ ប្រកាស​លទ្ធផល និង​បែងចែក​អាសន​ជា​ផ្លូវការ នៅ​ពាក់​កណ្ដាល​ខែ​សីហា។ លោក ហ៊ុន សែន ពន្យល់​ដែរ​ថា ការ​ពន្យារ​ពេល​ជាង​មួយ​ខែ ក្នុង​ការ​បង្កើត​រដ្ឋសភា​ថ្មី និង​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ គឺ​ដើម្បី​ទុក​ពេល​ឲ្យ​មានការ​ប្ដឹង​តវ៉ា​ពី​គណបក្ស​នយោបាយ​នានា ក៏ដូចជា​ទុក​ពេល​ឲ្យ​គ​.​ជ​.​ប​ដោះស្រាយ​បញ្ចប់​នូវ​វិវាទ​នានា​ជា​មុន​សិន។ «»

ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ដើម្បី​ទទួល​ពាក្យបណ្ដឹង​ផ្សេងៗ​ពី​គ្រប់​គណបក្ស​ទាំងអស់ រហូតដល់​ថ្ងៃ​ទី​១៥ ខែ​សីហា។ លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ដែរ​ថា មកដល់​ថ្ងៃ​ទី​២ ខែ​សីហា ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​មាន​ជាង​២​ពាន់​បណ្ដឹង​(២.៥៥៥) ហើយគ​.​ប​.​ជ​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់។ លោក បញ្ជាក់​ថា បណ្តឹង​មាន​ពីរ​ករណី​សំខាន់​គឺ​ទី​១​គណបក្ស​នយោបាយ ប្ដឹង​ឲ្យ​ផ្ដន្ទាទោស​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មិន​អនុវត្ត​តាម​នីតិវិធី។ បណ្ដឹង​ទី​២ គឺ​ប្ដឹង​រឿង​សញ្ញា​គូស​លើ​សន្លឹកឆ្នោត​ដែល​សញ្ញា​ណា ក៏​មន្ត្រី​រាប់​សន្លឹកឆ្នោត​ផ្ដល់​សុពលភាព។ លោក ហង្ស ពុទ្ធា អះអាង​ថា ទោះបី​មាន​បណ្ដឹង​ច្រើន​ក្តី ប៉ុន្តែ គ​.​ជ​.​ប នឹង​ពន្លឿន​ដោះស្រាយ​បណ្ដឹង​ឲ្យ​ចប់​សព្វគ្រប់​តាម​ពេលវេលា​កំណត់ ហើយ​គ​.​ជ​.​ប ក៏​មិន​ចាប់អារម្មណ៍​ចំពោះ​ការរិះគន់​នានា​នោះ​ដែរ។ «»

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី រិះគន់ លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ថា ជា​ជ័យជំនះ​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន។ ការរិះគន់​នេះ ដោយសារតែ​ការបោះឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​គណបក្សប្រឆាំង​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ពិតប្រាកដ​ជាមួយ​គណបក្ស​កាន់​អំណាច​ចូលរួម​បោះឆ្នោត។

អ្នកវិភាគ​ឯករាជ្យ និង​ជា​អតីត​ទីប្រឹក្សា​របស់​អនុប្រធាន​ទី​១ រដ្ឋសភា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ និង​ប្រទេស​ប្រជាធិបតេយ្យ នឹង​អាច​មិន​គាំទ្រ ឬ​មិន​ទទួល​ស្គាល់​របប​របស់​លោក ហ៊ុន សែន ហើយ​អាច​នឹង​ដាក់​សម្ពាធ ឬ​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ប៉ុន្តែ​លោក​ជឿ​ថា វា​មិនមែន​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន ចាប់អារម្មណ៍​ឬ​ខ្វល់ខ្វាយ​ឡើយ។

លោក​ថា តាំងពី​ក្រោយពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ រហូតដល់​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់​លោក កឹម សុខា ដាក់គុក ហាមឃាត់​អ្នកនយោបាយ​បក្ស​ប្រឆាំង ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ ហើយ​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​បែក​ចែក​តាម​ចិត្ត និង​រៀបចំ​ការបោះឆ្នោត ជាដើម សុទ្ធតែ​មាន​មតិ​រិះគន់​យ៉ាង​សម្បើម ប៉ុន្តែ​គណបក្ស​កាន់អំណាច​មិនដែល​បង្ហាញ​ថា ខ្លួន​ចាប់​អារម្មណ៍ ឬ​ខ្វល់ខ្វាយ​ឡើយ។ «»

ទោះយ៉ាងណា​ក្តី លោក​បណ្ឌិត ឡៅ ម៉ុងហៃ ផ្ដល់​មតិ​ថា អ្នក​និយម​ប្រជាធិបតេយ្យ ក៏​មិន​គួរ​បាក់​ទឹកចិត្ត​ហើយ​អសកម្ម​នោះ​ទេ ត្រូវ​បន្ត​តស៊ូ​ទៅ​មុខ​ទៀត បើ​ពុំ​នោះ​ទេ វា​នឹង​ផ្ដល់​ចំណុចខ្លាំង​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន។

នៅ​ក្រោយ​ការបោះឆ្នោត ដែល​រៀបចំ​ផ្ដាច់មុខ​ដោយ​របប​ក្រុងភ្នំពេញ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប នាំគ្នា​ចេញ​សេចក្ដីថ្លែងការណ៍​មិន​ទទួលស្គាល់​ការបោះឆ្នោត ថ្ងៃ​ទី​២៩ កក្កដា ទេ ដោយ​យល់ថា នោះ​ការបោះឆ្នោត​មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​បង្ហាញ​ពី​បរាជ័យ​យ៉ាង​ធំ​បំផុត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ការ​អះអាង​បែបនេះ ព្រោះ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ យល់​ថា បរិយាកាស​នយោបាយ​ទាំង​មុន និង​អំឡុង​ពេល​បោះឆ្នោត មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ដោយសារតែ​ការ​ផាត់​ចោល​គណបក្ស​សង្គ្រោះជាតិ ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប និង​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​បក្ស​ប្រឆាំង អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

ចំណែក​បក្ស​ប្រឆាំង បាន​រំលឹក​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក កុំ​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​របប​ក្រុងភ្នំពេញ ដោយ​ចាត់ទុកថា ចាប់ពី​ក្រោយ​ការបោះឆ្នោត​ក្លែងក្លាយ​ថ្ងៃ​ទី​២៩ កក្កដា តទៅ របប​ក្រុងភ្នំពេញ​ក្លាយ​ជា​របប​ខុសច្បាប់៕

No comments: