Thursday 2 August 2018

អនុ​គណៈកម្មាធិការ​សភា​អឺរ៉ុប​ស្នើ​ឲ្យ​ដោះលែង​លោក​ ​កឹម សុខា​ ​ដោយ​រំឭក​ដល់​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា


02 សីហា 2018
ហ៊ុល រស្មី
voa
រូបឯកសារ៖ លោកGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ (ពិន ស៊ីសុវណ្ណ/VOA)
រូបឯកសារ៖ លោកGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ (ពិន ស៊ីសុវណ្ណ/VOA)
ចែករំលែក


អនុ​គណៈកម្មាធិការ​សភា​សហភាព​អឺរ៉ុប​ ​បាន​ស្នើ​ដល់​មន្ត្រី​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​​និង​សេវា​កិច្ចការ​បរ​ទេស​របស់​អឺរ៉ុប​ឲ្យ​សិក្សា​ និង​រាយការណ៍​ពី​កាតព្វកិច្ច​កម្ពុជា​ខាង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​កត្តា​​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​ប្រទេស​នេះ​ ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប។​ ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​និយាយ​ថា​ កម្ពុជា​គ្មាន​សោះ​ឡើយ​ ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ ហើយ​ហៅ​ទង្វើ​របស់​សហភាព​អឺរ៉ុប​នេះ ថា​ជា​ការ​គាបសង្កត់​លើ​អធិបតេយ្យ​កម្ពុជា។


ភ្នំពេញ —
អនុ​គណៈកម្មាធិការ​សភា​មួយ​របស់​សហភាព​អឺរ៉ុប ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ដែល​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ និង​ក្រើន​រំឭក​ដល់​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​គ្រឹះ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​ដើម្បីបន្ត​ការ​ទទួល​បាន​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​រាល់​មុខ​ទំនិញ​ទាំង​អស់​របស់​កម្ពុជា​វៀរលែង​តែ​អាវុធ សម្រាប់​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​របស់​សហភាព​អឺរ៉ុប។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍របស់​សភា​សហភាព​អឺរ៉ុប​ដែល​ ​VOA​ ​បាន​ទទួល​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។



សភា​សហភាព​អឺរ៉ុប ​បាន​ថ្លែង​ថា​ការ​បោះឆ្នោត​របស់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ត្រូវ​បាន​ធ្វើឡើង​ប្រឆាំង​នឹង​ស្ថានភាព​ដែល​មាន​ការ​កាត់​បន្ថយ​លំហ​សម្រាប់​គណបក្ស​ប្រឆាំង​ និង​ការ​កើន​ឡើង​នៃ​ការ​រឹត​បន្តឹង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ជួបជុំ។​

រូបឯកសារ៖ ប្រជាជនឈរតម្រង់ជួររង់ចាំចូល ធ្វើការបោះឆ្នោតនៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ប្រជាជនឈរតម្រង់ជួររង់ចាំចូល ធ្វើការបោះឆ្នោតនៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
​ការបោះឆ្នោត​ ក៏​បាន​កើតមានឡើង​ ​ក្នុង​បរិយាកាស​កាន់តែ​អាក្រក់​ទាក់​ទិន​ការ​គោរព​សិទ្ធិ​មនុស្ស​ ក្នុង​នោះ​មាន​សិទ្ធិ​ការងារ​ជាដើម។​ ​យ៉ាងណា​ក៏​ដោយ​ មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​តបត​ទៅ​សភា​សហភាព​អឺរ៉ុប​ថា​ កម្ពុជា​ ​គ្មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ។​

សេចក្ដី​ថ្លែងការណ៍​របស់​សភា​សហភាព​អឺរ៉ុប​ ​ដែល​ធ្វើ​ឡើង​បី​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ បាន​ស្រង់​ប្រសាសន៍​លោក​ ​Pier Antonio Panzeri​ ​ប្រធាន​គណៈកម្មាធិការ​រង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​សភាសហភាព​អឺរ៉ុប​ ​តាម​ន័យ​ដើម​ថា៖

«ការវិវត្តន៍​ថ្មីៗ​នៅ​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ និង​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ បាន​បង្ហាញ​ឲ្យ​ឃើញ​ទំនោរ​ដ៏​អាក្រក់​ទៅ​រក​សិទ្ធិ​នយោបាយ​ និង​ប្រជាធិបតេយ្យ​ដែល​កំពុង​ចុះ​ខ្សោយ​ទៅៗ និង​ការ​ធ្វើ​ឲ្យ​ស្ងប់​ស្ងាត់​នៃ​សំឡេង​អ្នករិះគន់​រដ្ឋាភិបាល​ក្នុង​ប្រទេស។ ខ្ញុំ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យកែ​ប្រែ​ទំនោរ​នេះ​ ដោយ​ការ​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ការ​ដោះលែង​លោក ​កឹម សុខា​ ជា​បន្ទាន់»។​

​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។ មុន​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ តែ​មាន​គណបក្ស​១៩​ផ្សេង​ចូលរួម​ប្រកួត​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ទៀត​នោះ​ ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​នៃ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ (Department of Trade of European Commission)​ ​និង​សេវា​កិច្ចការ​បរ​ទេស​របស់​អឺរ៉ុប​ ​(European External Action Service)​បាន​ធ្វើ​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA មុន​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ថា​ គោល​បំណង​នៃ​បេសកកម្ម​នេះ ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ ដើម្បី​ជា​ទុន​ដល់​ការ​ពិចារណា​បន្ថែម​ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​នៅ​ក្នុង​គណៈ​កម្មការ​អឺរ៉ុប​ និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប ​(European​ Commission​ and the European External Action Service) ​ក្នុង​ក្របខ័ណ្ឌ ​EBA ​នេះ ។

ថ្មីៗនេះ​ លោក​ឯកអគ្គរដ្ឋទូត​មិន​អាច​បញ្ជាក់​បាន​អំពី​ការ​សម្រេច​ទៅលើ​ការ​បន្ត​រក្សា​ទុក​ ឬ​ដក​ហូត​ក្របខ័ណ្ឌ​ ​EBA ​ ​នេះ​ពី​កម្ពុជា​នោះ​ឬ​យ៉ាង​នោះ​ទេ។

លោក​ ​Pier Antonio Panzeri ​ប្រធាន​គណៈកម្មាធិការ​រង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​សភាសហភាព​អឺរ៉ុប​ ត្រូវ​បាន​ស្រង់​សំដី​តាម​ន័យ​ដើម​បន្ថែម​ថា៖​

«ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ បាន​ទ្រទ្រង់​ឲ្យ​មាន​ការ​បាន​ទទួល​គម្រោង​ពាណិជ្ជកម្ម​មិន​យក​ពន្ធ​ គឺអ្វីៗ​ទាំងអស់វៀរលែង​តែ​អាវុធ​ (EBA) ។​ ​ខ្ញុំ​ស្នើ​ដល់​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប ​និង​សេវា​កិច្ចការ​បរ​ទេស​របស់​អឺរ៉ុប​ ​ ឲ្យ​ធ្វើ​សេចក្ដីរាយការណ៍​បន្ទាន់​អំពី​ការវាយតម្លៃ​របស់​ពួកគេ ទៅលើ​ការ​គោរព​របស់​ប្រទេស​កម្ពុជា ក្នុង​កាតព្វកិច្ច​សិទ្ធិមនុស្ស ដូច​ដែល​បាន​ដឹង​រួច​ហើយ​នៅ​ក្នុង​ការ​ឃ្លាំមើល​គម្រោង​ EBA ​ហើយ​លើក​សំណើ​ឆ្លើយតប​សក្ដិសម​មួយ​ទៅ​នឹង​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ ដ៏​គួរ​ឲ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ក្ដាប់​អំណាច​នៅ​ប្រទេស​កម្ពុជា​ជាង​៤០​ឆ្នាំ​មក​ហើយ​នោះប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ការ​ទាម​ទារ​ឲ្យ​ដោះលែង​លោក​ ​កឹម សុខា​ ​នោះ​ ជា​ការ​ប្រមាថ​ដល់​ច្បាប់​របស់​ប្រជាជាតិ​ដែល​មាន​ឯក​រាជ្យ និង​អធិបតេយ្យ​ភាព។​

«ការណ៍​ដែល​ចង់​ឲ្យ​ដោះលែង​ កឹម សុខា​ ចង់​ឲ្យ​មាន​មន្ត្រី​១១៨នាក់​ ធ្វើ​នយោបាយ​ឡើងវិញ​ អា​ហ្នឹង​ជា​ប្រមាថ​ ឆន្ទានុសិទ្ធិ​របស់​តុលាការ​កំពូល​កម្ពុជា​បាទ​។ ដូច្នេះ​ ការណ៍​ដែល​លោក​មាន​មតិ​ពី​ខាង​អឺរ៉ុប​មក​ហ្នឹង​ វា​មិន​បាន​គ្របដណ្ដប់​ទៅលើ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​តុលាការ​កម្ពុជា​ទេ​ អា​ហ្នឹង​វា​ផ្ទុយ​អំពី​គោលការណ៍​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។ អ៊ីចឹង​ទេ​ វា​គ្រាន់​តែ​មានការ​ចរិត​នយោបាយ​ និង​និន្នាការ​មនោគមវិជ្ជា​ ដើម្បី​កាន់​ជើង​អាយ៉ង​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ»។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បាន​លើកឡើង​ផង​ដែរ​ថា ការណ៍​ដែល​សហភាព​អឺរ៉ុប​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ភ្ជាប់​ការ​ទទួល​បាន​កិច្ច​អនុគ្រោះ​ពន្ធ​ គឺ​ជា​ការ​គំរាមកំហែង​មួយ។​

​«អា​ហ្នឹង​វា​គ្រាន់​តែ​ជា​និន្នាការ​ ចង់​គាបសង្កត់​កម្ពុជា​ ដែល​គ្របដណ្ដប់​លើ​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទេ​ថា ការណ៍​ចោទ​ថា​ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ​ យើង​យល់​ថា​ វា​អត់​មាន​ទាល់​តែ​សោះ»។​

លោក​ សុខ ឥសាន ​បញ្ជាក់​ទៀត​ថា​ សិទ្ធិ​រក្សា​ទុក​ឬ​ដកហូត​កិច្ច​អនុ​គ្រោះ​ពន្ធ​ គឺ​ស្ថិត​លើរដ្ឋាភិបាល​នៃ​ប្រទេស​លោក​ខាងលិច​ ​ហើយ​ថា​ការ​ដក​ហូត​កិច្ច​អនុគ្រោះ​ពន្ធ​នេះ ​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឱប​ក្រសោប​លទ្ធិ​ប្រជាធិបតេយ្យ។​

«​អ៊ីចឹង​ខ្ញុំ​យល់​ថា​ សិទ្ធិ​ការ​ផ្ដាច់​ ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ អា​ហ្នឹង​ជា​សិទ្ធិ​របស់អស់​លោក​ខាង​លិច​ទេ​ ក៏ប៉ុន្តែ​ វា​មិន​បាន​ផ្សារភ្ជាប់​ ហើយនិង​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា​ ដែល​ជា​ម្ចាស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ​បាទ»។​

ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ ត្រូវ​សេដ្ឋ​វិទូ​មើល​ឃើញ​ថា​ នៅតែ​ជា​ឆ្អឹង​ខ្នង​សំខាន់​ សម្រាប់​ទ្រ​ទ្រង់កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ឧស្សាហកម្ម​នេះ​ បាន​ផ្ដល់​ការ​ងារ​ដល់​ពល​រដ្ឋ​កម្ពុជា​ជាង​៧០ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។ ទីផ្សារ​ធំ​បំផុត​របស់​ផលិតផល​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ គឺ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។​

​យោង​តាម​សេចក្ដីរាយការណ៍​របស់​គេហទំព័រ​ ​Nikkei Asian Review​ ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​នោះ​ ​៦១.១ភាគរយនៃ​ទំនិញ​កម្ពុជា​មាន​តម្លៃ​១០.១ កោដិ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ត្រូវ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ២០១៦​។ ប្រទេស​ចិន​បាន​ទិញ​ទំនិញ​កម្ពុជា​តែ​៦​ភាគរយ​ប៉ុណ្ណោះ។

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ នៅ​តែ​បារម្ភ​ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប ​ដើម្បី​ឆ្លើយតបទៅនឹង​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ទាក់​ទិន​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​នោះ មេដឹកនាំ​សហជីព​រូប​នេះ​ ផ្ដល់​ការ​ពន្យល់​ខុស​ពី​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច។​

លោក​មានប្រសាសន៍​ថា៖​

«ចំពោះ​ខាង​សហជីព​យើង​ យើង​គិត​ថា​ ដូច​ជា​ ករណី​ជាប់​បណ្ដឹង​នៅ​តែ​មាន​ សូម្បី​តែ​មានការ​ដោះលែង​ ប៉ុន្តែ​នៅ​ជាប់​នៅ​តុលាការ​យើង​អត់​អាច​ធ្វើ​អី​បាន​ ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ហើយ​រឿង​ បញ្ហា​មួយ​ចំនួន​សិទ្ធិ​របស់​សហជីព​ហ្នឹង​គឺ​វា​នៅ​តែ​ជា​បញ្ហា​ ដោយ​សារ​ច្បាប់​ទាំង​អី​ហ្នឹង​ គឺ​យើង​ពិបាក​ តំណាង​ឲ្យ​កម្មករ​សូម្បី​តែ​សំណុំ​រឿង​បញ្ជូន​ទៅ​អាជ្ញា​កណ្ដាល​អី​ក៏​យើង​អត់​បាន។​ ​យើង​បាន​តិចតួច​មែន​ សុទ្ធ​តែ​រឿង​ពិបាក»។​

រូបឯកសារ៖ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ CCAWDU ចូលរួម​ធ្វើ​ជា​វាគ្មីន​ពិភាក្សា​អំពី​ប្រធានបទ៖​‍«ច្បាប់​សហជីព​កម្ពុជា និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​អាស៊ាន» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ CCAWDU ចូលរួម​ធ្វើ​ជា​វាគ្មីន​ពិភាក្សា​អំពី​ប្រធានបទ៖​‍«ច្បាប់​សហជីព​កម្ពុជា និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​អាស៊ាន» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក​អាត់ ធន់​ អះអាង​ថា​មានការ​ប្រសើរ​ខ្លះៗ​ក្នុង​បញ្ហា​ប្រាក់​ឈ្នួល​ និង​ការឧបត្ថម្ភ​បន្ទាប់​បន្សំ​ផ្សេងទៀត​ តែ​ការ​រឹតត្បិត​សិទ្ធិ​នៅតែ​ជា​បញ្ហា​ស្រាយ​មិន​ចេញ​ដដែល។​

«ហើយ​រឿងលក្ខខណ្ឌ​អី​ផ្សេង​ៗ​ទៀត​ វា​អាច​មាន​ការ​កែ​ទម្រង់​បាន​ខ្លះ​ ដូច​ជា​រឿង​ ​សុខភាព​រឿង​ ​ប្រាក់​ឈ្នួល​ហ្នឹង​ គ្រាន់​តែ​ថា​ ជា​រឿង​របៀប​ ជា​សិទ្ធិ​ហ្នឹង​ ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​សូវ​ ជា​អ្នក​ដែល​មានការ​ដោះស្រាយ​បាន​ច្រើន​ទេ»។​

សេចក្ដីថ្លែងការណ៍​របស់​សភាសហភាព​អឺរ៉ុប​ ​បាន​ពណ៌នា​ពី​ការ​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​ ​ថា​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ តុលាការ​កំពូល​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាគណ​បក្ស​ប្រឆាំង​សំខាន់​មួយ​ និង​បាន​ហាម​មិន​ឲ្យ​ក្រុម​មន្ត្រី​ដឹកនាំ​គណបក្ស​ដដែល​នេះ​ពី​នយោបាយ​ខាង​ការ​បោះឆ្នោត​ចំនួន​៥ឆ្នាំ។​ ​ការសម្រេចចិត្ត​នេះ​ ធ្វើ​ឡើង​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដែល​ត្រូវ​បាន​គេ​ចោទ​ពី​បទ​ក្បត់​ជាតិ។​ ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន ​និង​មេដឹកនាំ​គណ​បក្ស​នេះ​ជា​ច្រើន​នាក់​ទៀត​ ​បាន​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន៕

No comments: