Sunday, 26 August 2018

ដែន​ជម្រក​សត្វព្រៃ​ជាង​១០​នៅ​ខេត្ត​ភាគ​ឦសាន​ទទួលរង​ការ​កាប់​បំផ្លាញ​កាន់​តែ​ខ្លាំង


សុ ជីវី
2018-08-24 
rfa
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
 Photo courtesy of EIA



ដែន​ជម្រក​សត្វព្រៃ​ជាង ១០​កន្លែង នៅ​ខេត្ត​ភាគ​ឦសាន រួម​ទាំង តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង សុទ្ធ​សឹង​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខ្លាំងក្លា ក្នុង​នោះ​មាន​ព្រៃ​ការពារ​ខ្លះ​ត្រូវ​បាត់បង់​ឈើ​មានតម្លៃ​ទាំងស្រុង។ អ្នកឃ្លាំមើល​បរិស្ថាន​ថា ក្រុម​ឧកញ៉ា​ច្រើន​រូប បាន​ប្រើ​គ្រប់​មធ្យោបាយ ប្រមូល​ឈើ​ខុសច្បាប់​ធំៗ ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃ​អភិរក្ស ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ។

អ្នកឃ្លាំមើល​បរិស្ថាន​រក​ឃើញ​ថា ប្រភព​ចម្បង​ដែល​នាំ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​ឯកជន ក្នុង​ព្រៃ​ស្រោង​សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​តម្លៃ និង​ជា​កន្លែង​អាស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគតិច​លក្ខណៈ​ប្រពៃណី។ ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ មិន​អភិវឌ្ឍន៍​អ្វី​ក្រៅ​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​លក់​នៅ​ក្រៅ​ប្រទេស។



ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា អង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា ដែន​ជម្រកសត្វព្រៃ​ចំនួន​៥ ក្នុង​ខេត្ត​នេះ​បាន​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស​ក្តី តែ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ច្រើន ជាពិសេស​គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​អង្កេត​ឃើញ​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ដែន​ជម្រក​សត្វ​កែវ​សីមា​ដែល​ធ្លាប់​សំបូរ​ដោយ​ព្រៃស្រោង និង​ជាទី​តាំង​ជ្រក​របស់​សត្វព្រៃ​កម្រ​រស់នៅ ដូចជា សត្វ​ខ្ទីង និង​សត្វ​ដំរី​ព្រៃ​ជាដើម កំពុង​ទទួលរង​ការ​កាប់​យក​ឈើ​ឥត​ឈប់ឈរ ហើយ​ឈើ​ដែល​កាប់​ទាំងនោះ ភាគច្រើន​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ «»

លោក ក្រើង តុលា រំឭក​ថា កន្លងទៅ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad) ធ្លាប់​មាន​ជម្លោះដីធ្លី​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ដោយសារ​ក្រុមហ៊ុន​នេះ ឈូសឆាយ​ដី​ប៉ះពាល់​តំបន់​កប់​សព ដី​ព្រៃ​អារក្ស និង​តំបន់​ប្រភព​ទឹកអូរ​ធម្មជាតិ​សហគមន៍ ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ។

នៅ​ខេត្ត​មណ្ឌលគិរី មាន​ដែន​ជម្រក​សត្វព្រៃ​ចំនួន​៥ រួម​មាន ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ដែន​ជម្រក​សត្វព្រៃ​ស្រែពក ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ និង​ដែន​ជម្រក​សត្វព្រៃ​លំផាត់។ ដែន​ជម្រក​សត្វព្រៃ​ទាំងនោះ គឺ​សុទ្ធ​សឹង​ទទួល​រង​ការ​កាប់​ឈើ​មានតម្លៃ​ជា​ប្រព័ន្ធ បើ​ទោះ​បី​ជា​របប​ក្រុងភ្នំពេញ បាន​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួងបរិស្ថាន​ប្រចាំការ​ផ្ទាល់​នៅ​តំបន់​នោះ​ក្ដី។ សកម្មជន​បរិស្ថាន ថា មក​ទល់​ពេល​នេះ ដែន​ជម្រក​សត្វព្រៃ​ស្រែពក ត្រូវ​បាន​ក្រុម​ឧកញ៉ា​កាប់​ឈើ​មូល​ធំៗ​មានតម្លៃ​អស់ទាំង​ស្រុង រីឯ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ ក៏​ទទួលរង​ការ​កាប់​ឈើ​ធំៗ អស់​ស្ទើរ​គ្មាន​សល់ ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​អាច​ប្រើប្រាស់​បាន។

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចេញ​ព្រះរាជក្រឹត្យ ដាក់​ជា​តំបន់​អភិរក្ស កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​១៩៩៣ ឋិត​នៅ​ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ដែល​មាន​ផ្ទៃ​ជាង ៤​ម៉ឺន​ហិកតារ (៤៧.៥០០)។

រីឯ​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ កំណត់​ជា​តំបន់​អភិរក្ស តាម​ព្រះរាជក្រឹត្យ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី​ជាង ២២​ម៉ឺន​ហិកតារ (២២២.៥០០) ឋិត​នៅ​ស្រុក​កោះញ៉ែក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ តែ​មក​ទល់​ពេល​នេះ​ព្រៃ​អភិរក្ស​មួយ​នេះ បាន​ទទួលរង​ការ​កាប់​យក​ឈើ​មានតម្លៃ​យ៉ាង​ពេញទំហឹង ដែល​មាន​ក្រុម​ឧកញ៉ា​ជា​ច្រើន​រូប បង្កើត​ដេប៉ូ​អារ​ឈើ​នៅ​តំបន់​នោះ និង​មាន​រោងចក្រ​អារ​ឈើ ១៣​កន្លែង អារ​ច្រៀក​ឈើ​មូល​ធំៗ ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឆ្លង​កាត់​ភូមិសាស្ត្រ​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

ដែន​ជម្រក​សត្វព្រៃ​ស្រែពក ត្រូវ​បាន​ព្រះមហាក្សត្រ នរោត្តម សីហនុ កំណត់​ជា​តំបន់​អភិរក្ស​តាម​ព្រះរាជក្រឹត្យ កាល​ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី​ជាង ៣​សែន ៧​ម៉ឺន​ហិកតារ (៣៧២.៩៧១) ដែល​មាន​ភូមិសាស្ត្រ​ឋិត​ក្នុងស្រុក​កោះញែក ស្រុក​កែវសីមា ក្រុង​សែនមនោរម្យ និង​ស្រុក​អូត​រាំង ខេត្ត​មណ្ឌលគិរី។ ព្រៃ​អភិរក្ស​មួយ​នេះ ក៏​ទទួលរង​ការ​កាប់​យក​ឈើ​ធំៗ អស់​ស្ទើរ​ទាំងស្រុង​ដែរ និង​ការ​កាប់​ទន្ទ្រាន​យក​ដី​ជា​សម្បត្តិ​បុគ្គល អស់​ជាច្រើន​ហិកតារ។

ដែន​ជម្រក​សត្វព្រៃ​កែវសីមា ត្រូវ​បាន​របប​លោក ហ៊ុន សែន កំណត់​ជា​អនុក្រឹត្យ​កាល​ពី​ខែ​ឧសភា ២០១៦ ស្ថិត​ក្នុង​ស្រុក​កែវសីមា ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នូល ខេត្ត​ក្រចេះ ដែល​មាន​ផ្ទៃ​ជិត ៣០​ម៉ឺន​ហិកតារ (២៩២. ៦៩០)។ រីឯ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ស្ថិត​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដែល​មាន​ផ្ទៃដី​ជាង ២៥​ម៉ឺន​ហិកតារ (២៥០.០០០) ត្រូវ​បាន​កំណត់​ជា​តំបន់​អភិរក្ស ដោយ​អនុក្រឹត្យ​ថ្ងៃ​ទី​៥ មករា ២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់​នៅ​ឃុំ​សេដារ ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក ខាំ និន អង្កេត​ឃើញ​ថា ដែន​ជម្រក​សត្វ​លំផាត់ កំពុង​ទទួលរង​កាប់​ទន្ទ្រាន​ឈូស​ឆាយ​យក​ដី ធ្វើ​កសិកម្ម​ខ្លាំងក្លា បែប​អនាធិបតេយ្យ គ្មាន​ការ​ទប់ស្កាត់ បង្ក​ឲ្យ​ដី​ព្រៃ​អភិរក្ស​មួយ​នេះ កាន់តែ​រួម​តូច​បន្តបន្ទាប់ រីឯ​ឈើ​មាន​តម្លៃ​នៅតែ​ទទួលរង​ការ​កាប់​ធ្វើ​អាជីវកម្ម​ឥត​ឈប់ឈរ។ លោក​ថា អ្នកភូមិ​ដែល​ប្រទះឃើញ ដើមឈើ​ត្រូវ​គេ​កាប់ រាយប៉ាយ​ពាសពេញ​ដី បាន​ស្រែក​ទ្រហោ​រយំ សោកស្ដាយ​ធនធានធម្មជាតិ​ត្រូវ​រលាយ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ឲ្យ​ប៉ះពាល់​ជីវភាព​របស់​ពួកគេ គ្មាន​កន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី និង​បាត់បង់​វាលស្មៅ​ចិញ្ចឹម​គោក្របី​ជាដើម។ «»

អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ នៅ​ថ្ងៃ​ទី​២៤ សីហា ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា គោលនយោបាយ​អភិរក្ស​ព្រៃឈើ​របស់​រដ្ឋាភិបាល​ថ្មី នៅ​មិន​ទាន់​បង្កើត​នៅ​ឡើយ ហើយ​ការ​ជម្រាប​ជួន​រឿង​នេះ​បាន ជា​កាតព្វកិច្ច​របស់​ក្រសួង​បរិស្ថាន។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី២៤ សីហា។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៤ សីហា​ថា ដែន​ជម្រក​សត្វ​នៅ​ខេត្ត​មណ្ឌលគិរី មាន ៥​កន្លែង គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ជាង ១​លាន​ហិកតារ តែ​មន្ត្រី​ឧទ្យានុរក្ស មានតែ ១០៤​នាក់ ប៉ុណ្ណោះ មិន​អាច​ទប់ស្កាត់​បទ​ល្មើស​ក្នុង​ព្រៃ​ការពារ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ។ បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​ឯកភាព​ពី​រដ្ឋាភិបាល​ក្នុង​ការ​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​បន្ថែម​ទៀត និង​បន្ថែម​កញ្ចប់​ថវិកា​ជាតិ។ លោក​បន្ថែម​ថា មន្ទីរ​បរិស្ថាន​ខេត្ត បាន​សហការ​ជាមួយ​អង្គការ​ដៃ​គួរ​មួយ​ចំនួន និង​សហគមន៍​នៅ​មូលដ្ឋាន ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ រួម​ទាំង​កម្លាំង​សហគមន៍​មូលដ្ឋាន​ផង តែ​ក៏​មាន​ពលរដ្ឋ​ខ្លះ បាន​រួម​ចំណែក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែរ។ «»

កន្លងទៅ លោក ហ៊ុន សែន បាន​ថ្លែង​ទទួល​ស្គាល់​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​កើត​មាន​ច្រើន​ក្នុង​ព្រៃ​អភិរក្ស ហើយ​លោក​ជំរុញ​ឲ្យ​មន្ត្រី​របស់​លោក​យកចិត្តទុកដាក់​សហការ​ជាមួយ​ពលរដ្ឋ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ផ្ដល់​ដំណឹង​បទល្មើស​ព្រៃឈើ៖ «រដ្ឋបាល​ព្រៃឈើ និង​ក្រុម​បរិស្ថាន មនុស្ស ៥០​នាក់ ព្រៃ ៥​ម៉ឺន​ហិកតារ ពិបាក​ណាស់ ប៉ូលិស​មិន​ងាយ​រក​ចោរ​ទេ ប៉ុន្តែ​ជួន​កាល​ចោរ និង​ប៉ូលិស​សហការ​គ្នា​ទៀត អ្នក​កាប់​ឈើ និង​អ្នកការពារ​ព្រៃឈើ អា​ហ្នឹង​ងាប់​បណ្ដោយ»។

ទោះជា​យ៉ាង​ណា​ក្តី ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ក្នុង​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​មាន​កាតព្វកិច្ច​ការពារ​ធនធានធម្មជាតិ មិន​អោយ​វិនាស​ហិនហោច​នោះ បាន​សន្យា​ច្រើន​រាប់​ភ្លេច​ថា លោក​នឹង​ប្រើ​សមត្ថកិច្ច​របស់​លោក​ទប់ស្កាត់ និង​លំ​បំបាត់​បទល្មើស​ព្រៃឈើ​អោយ​បាន ប៉ុន្តែ​ការ​សន្យា​ទាំងនោះ​គឺជា​សន្យា​ខ្យល់​ពីព្រោះ​មកដល់​ម៉ោង​នេះ បទល្មើស​ព្រៃឈើ ជាពិសេស​នៅ​ក្នុង​ព្រៃ​ការពារ​ដោយ​អនុក្រឹត្យ និង​ព្រះរាជក្រឹត្យ​នៅតែ​កើតមាន​យ៉ាង​ខ្លាំងក្លា។ ចំណែក​រដ្ឋសភា​ដែល​គេ​មើល​ឃើញ​ថា ចាំតែ​ប្រថាប់ត្រា​អោយ​លោក ហ៊ុន សែន នោះ ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ច្បាប់​ការពារព្រៃឈើ​ជាច្រើន​ដែរ ប៉ុន្តែ​ច្បាប់​ទាំងនោះ​បាន​ត្រឹម​តែ​នៅ​លើ​ក្រដាស។ តំណាងរាស្ត្រ​ដែល​មាន​តួនាទី​តាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ មិនដែល​ខ្វល់​អំពី​ភារកិច្ច​ដ៏​សំខាន់​នេះ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ។

តំបន់​ព្រៃ​អភិរក្ស​ដែល​ការពារ​ដោយ​ច្បាប់​ហើយ​ត្រូវ​បាន​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​នោះ នៅ​មាន​ច្រើន​ទៀត ក្នុង​នោះ​ក៏​មាន តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ ឋិត​ក្នុងស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​អណ្តូងមាស ស្រុក​តាវែង ក្នុង​ខេត្ត​រតនគិរី​ដែរ។ តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចេញ​ព្រះរាជក្រឹត្យ​កំណត់ ជា​ព្រៃ​អភិរក្ស ដែល​មាន​ផ្ទៃដី​ជាង ៣៣​ម៉ឺន​ហិកតារ (៣៣២.៥០០) កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣។ ព្រៃ​អភិរក្ស​នេះ មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ និង​វៀតណាម ហើយ​របប​លោក ហ៊ុន សែន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​ជាច្រើន​នាក់ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ អោយ​ល្អមើល​ដែរ​ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី២២ សីហា ថា តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​ដេប៉ូ​ស្តុក​ឈើ​ក្រុមហ៊ុន​វៀតណាម ៦​កន្លែង ដែល​គេ​ប្រមូល​ឈើ​ធំៗ ចេញ​ពី​ព្រៃ​អភិរក្ស ដឹក​តាម​ច្រក​របៀង​តូចៗ ទៅ​ក្រៅ​ប្រទេស ដែល​មាន​មន្ត្រី​វីរៈព្រំដែន​ខ្មែរ​សម្របសម្រួល។ លោក​ថា ឆ្មាំ​អភិរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ​ម្នាក់ បាន​បង្ហើប​ថា មេ​របស់​គាត់​បាន​ទទួល​សំណូក​ពី​ឈ្មួញ​ឈើ​ខុសច្បាប់ ជា​ថ្នូរ​បើកដៃ​ឲ្យ​ជនល្មើស កាប់ និង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​សេរី។ លោក​ថា អាជ្ញាធរ​ខ្មែរ និង​ក្រុមហ៊ុន បាន​ឈូស​ឆាយ​ផ្លូវ​ខ្វាត់ខ្វែង ចូល​ព្រៃ​អភិរក្ស​មួយ​នេះ បំណង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​ចន្លោះ​ច្រក​ព្រំដែន​បង្គោល​លេខ ០១ ដល់​លេខ ១០ ក្នុងស្រុក​តាវែង ខេត្ត​រតនគិរី និង​ច្រក​ព្រំដែន​មួយ​ចំនួន​ទៀត​ឋិត​ក្នុងស្រុក​អណ្តូងមាស។ លោក​បន្ថែម​ថា ច្រក​ព្រំដែន​ទាំងនោះ សម្រាប់​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​មាន​សមត្ថកិច្ច​ការពារ​ព្រំដែន យាម​តឹងតែង​មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ចូល។ «»

លោក ហេង ស្រស់ បន្ថែម​ថា សមត្ថកិច្ច​នៅ​តំបន់​នោះ និង​មន្ត្រី​បរិស្ថាន​ប្រដាប់​ដោយ​អាវុធ ធ្លាប់​បាន​ហាមឃាត់​ក្រុម​យុវជន​ការពារ​បរិស្ថាន មិន​ឲ្យ​ចុះទៅ​ទីនោះ​ទេ ដោយ​គំរាម​ពួកគេ​ចាប់​ដាក់គុក បើ​នៅ​តែ​មានៈ។ លោក​ថា មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​នៅ​តំបន់​នោះ បាន​ទទួល​សំណូក​ពី​ជនល្មើស ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ «»

ចំណែក​នៅ​ខេត្ត​ព្រះវិហារ មន្ត្រី​តស៊ូ​មតិ នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិច សោភ័ណ អង្កេត​ឃើញ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រះរកា និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ក្នុង​ខេត្ត​ព្រះវិហារ ក៏​កំពុង​ប្រឈម​វិនាស​ហិនហោច ក្រោម​រូបភាព​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​ខ្ចី​ដៃ​ពលរដ្ឋ កាប់​ឈើ​លក់​ឲ្យ​ខ្លួន។ លោក​ថា ករណី​នេះ ជា​ការ​រួមចំណែក​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​សំខាន់ ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​មិន​ហ៊ាន​អនុវត្ត​ច្បាប់។ «»



ចំណែក​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា មាន​ផ្ទៃ​ជាង ៩​ម៉ឺន​ហិកតារ (៩០.៣៦១) ទទួល​ស្គាល់​ដោយ​អនុក្រឹត្យ​កាលពី​ខែ ឧសភា ឆ្នាំ ២០១៦ ឋិត​នៅ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជាំ​ក្សាន្ត​របស់​ខេត្ត​ព្រះវិហារ ក៏​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​ការ​កាប់​ឈើ​មានតម្លៃ​ពី​សំណាក់​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​ជាដើម។

ចំណែក​ដែន​ជម្រក​សត្វព្រៃ បឹងពែរ មាន​ទីតាំងនៅ​ខេត្ត​សៀមរាប ព្រះវិហារ និង​កំពង់ធំ ដែល​មាន​ផ្ទៃក្រឡា​ជាង ២៤​ម៉ឺន​ហិកតារ (២៤២.៥០០) ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ​១៩៩៣។ ព្រៃ​អភិរក្ស​នេះ​មាន​ក៏​ក្រុមហ៊ុន​សម្បទាន​វិនិយោគ​ដី​ធ្វើ​កសិកម្ម និង​មាន​ឈ្មួញ​មាន​ឥទ្ធិពល​ខ្លះ កាប់​ឈើ​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន ទ្រី ភាព ផង ចូល​កាប់​ឈើ​មាន​តម្លៃ​ជា​បន្ត​បន្ទាប់។

រីឯ​ដែន​ជម្រក​សត្វព្រៃ​ឡង់ ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ក៏​កំពុង​ទទួលរង​ការ​កាប់​យក​ឈើ​មានតម្លៃ​យ៉ាង​ពេញទំហឹង ហើយ​បច្ចុប្បន្ន​ឈ្មួញ​សម្រុក​កាប់​ដើមឈើ​ផលិត​ជ័រទឹក​ធ្វើ​អាជីវកម្ម បង្ក​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ​រាប់ពាន់​គ្រួសារ។

ក្រុម​ស្នូលព្រៃ​ឡង់ ខេត្ត​ក្រចេះ លោក ឯក វណ្ណា អង្កេត​ឃើញ​ថា សហគមន៍​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​ការ​អភិរក្ស​ព្រៃឈើ​របស់​ក្រសួងបរិស្ថាន​នោះ​ទេ ខណៈ​ដែល​ពួកគេ​ប្រទះឃើញ ការ​ដឹក​ឈើ​តាម​គោយន្ត​ចេញ​ក្តៅ និង​មាន​ថៅកែ​ឈើ​ខ្លះ ជា​អ្នក​កាង​បទល្មើស​ក្នុង​ព្រៃ​តែម្ដង។ លោក​ថា អ្នក​ដឹកឈើ​ទាំងនោះ​ភាគច្រើន ឆ្លងកាត់​ស្នាក់​ការ​ឆ្មាំ​អភិរក្ស របស់​ក្រសួង​បរិស្ថាន។ «»

សកម្មជន​បរិស្ថាន ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឲ្យ​របប លោក ហ៊ុន សែន ភ្ញាក់រឭក​ខ្លួន​ឡើង និង​ត្រូវ​រួមគ្នា​ការពារ​ព្រៃឈើ​ដោយ​ស្មោះ​ត្រង់​ចំពោះ​ជាតិ មិន​ត្រូវ​យក​ធនធាន​របស់​ជាតិ ជា​ល្បែង​លេងសើច បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ ខណៈ​ដែល​ពួកគេ​រក​ឃើញ​ថា មនុស្ស​មាន​ងារ​ជា​ឧកញ៉ា ប្រព្រឹត្ត​ទង្វើ​ជា​ឧក្រិដ្ឋជន​បាន​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ៕

No comments: