Friday, 31 August 2018

លោក គឹម សុខ ថា គ្មាន​លុយ​សង​លោក ហ៊ុន សែន ទេ មាន​តែ​បេះដូង​ស្នេហា​ជាតិ


មាន ឫទ្ធិ
2018-08-30
rfa
លោក គឹម សុខ (កណ្ដាល) និង​អ្នក​និយម​គាំទ្រ​លោក នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។
លោក គឹម សុខ (កណ្ដាល) និង​អ្នក​និយម​គាំទ្រ​លោក នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។
រូប៖ VOD



អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ អះអាង​ថា លោក​គ្មាន​លុយ​សង​លោក ហ៊ុន សែន នោះ​ទេ លោក​មាន​តែ​បេះដូង​ស្នេហា​ជាតិ​មួយ​ប៉ុណ្ណោះ។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ព្រមាន​ប្ដឹង​លោក គឹម សុខ ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​នៅ​តែ​ព្រហើន​ហ៊ាន​រិះគន់​របប​លោក។ ការ​ប្តឹង​នោះ ធ្វើឡើង​ក្រោម​ហេតុផល​ថា លោក គឹម សុខ មិនទាន់​ផ្តល់​ប្រាក់​សំណង​៨០០​លាន​រៀល​ស្មើនឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ ឲ្យ​គណបក្ស​កាន់​អំណាច ក្រោយ​ចេញពី​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុកថា សំដី​របស់​លោក​ហ៊ុន សែន គឺជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

ទំនាស់​ក្ដីក្ដាំ​រវាង​លោក ហ៊ុន សែន និង​លោក គឹម សុខ នៅតែ​បន្ត​យ៉ាង​ក្តៅ​គគុក ខណៈ​លោក ហ៊ុន សែន ប្រកាស​ទាមទារ​សំណង​ជំងឺ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត ដោយសារ​ក្តៅ​ក្រហាយ​រឿង​លោក គឹម សុខ នៅតែ​ហ៊ាន​និយាយ​រិះគន់​របប​របស់​លោក។



អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ប្រកាស​ថា លោក​គ្មាន​លុយ​សង​លោក​ហ៊ុន សែន នោះ​ទេ គឺ​មានតែ​បេះដូង​ស្នេហា​ជាតិ​មួយ​ប៉ុណ្ណោះ ហើយ​បើ​លោក​ហ៊ុន សែន ចង់បាន​បេះដូង​លោក ទៀត​នោះ គឺ​មានតែ​បញ្ជា​ឲ្យ​សភា​ឯក​បក្ស​ថ្មី​របស់​លោក បង្កើត​ច្បាប់​ចាប់​វះកាត់​យក​បេះដូង​លោក ទៅ​ចុះ។

លោក គឹម សុខ បន្តថា លោក​មិន​ដែល​ទទួលយក​ការ​កាត់ទោស​ដ៏​អយុត្តិធម៌​របស់​តុលាការ​កម្ពុជា ម្តង​ណា​ទេ។ ម្យ៉ាងទៀត លោក​គ្រាន់តែ​ជួយ​ផ្តល់​មតិយោបល់​ស្របតាម​ច្បាប់ ដើម្បី​នីតិ​ប្រជាធិបតេយ្យ​ជាតិ ប៉ុន្តែ​ការ​និយាយ ឬ​ការ​ធ្វើ​អធិប្បាយ​នោះ មិន​ស្រប​នឹង​គោលដៅ​អំណាច​របស់​លោក ហ៊ុន សែន ដូច្នេះ​លោក​មិន​ចាំបាច់​បង់លុយ​ឲ្យ​លោក​ហ៊ុន សែន ដើម្បី​បាន​សិទ្ធិ​និយាយ​ទៀត​នោះ​ទេ៖ «ខ្ញុំ​គ្មាន​លុយ​ទេ​ខ្ញុំ​ក្រ​ណាស់ ហើយ​ខ្ញុំ​គ្មាន​ផែនការ​រកលុយ​ដើម្បី​ផ្គាប់ចិត្ត​គាត់​ដែរ ព្រោះ​ការ​សងជំងឺចិត្ត​ទាំង​មិន​យុត្តិធម៌​បែបនេះ គឺ​ស្មើនឹង​លើកទឹកចិត្ត​អ្នក​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់។ ប្រសិនបើ​ខ្ញុំ​មាន​លុយ​រហូតដល់​២០​ម៉ឺន​ដុល្លារ​មែន ក៏​គ្មាន​មូលហេតុ​អី​ដែល​ត្រូវ​សង​លោក​ហ៊ុន សែន ដែរ ព្រោះ​រឿង​នោះ​វា​អយុត្តិធម៌​រួច​ទៅ​ហើយ។ បើ​មាន​លុយ​ខ្ញុំ​យក​ទៅ​អោយ​ចាស់ជរា និង​ក្មេង​កំព្រា​វិញ វា​ប្រសើរ​ជាង»។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ក្នុង​ជំនួប​ស្វែងរក​ការ​គាំទ្រ​ពី​កម្មករ​រោងចក្រ លោក ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​ថា នឹង​ប្ដឹង​លោក គឹម សុខ ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង​៨០០ លាន​រៀល​ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ។ លោក ហ៊ុន សែន អះអាង​ថា អ្នកទោស​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស គឺ​សាលក្រម​នឹង​ផុត​រលត់ មិន​ត្រូវ​សង​សំណង​ជំងឺ​ចិត្ត​នោះ​ទេ ប៉ុន្តែ​ករណី​លោក​គឹម សុខ ដែល​បាន​ចេញពី​ពន្ធនាគារ ដោយសារ​ការអនុវត្ត​ន៍​ទោស​រួចរាល់។ ដូច្នេះ​ប្រាក់​សំណង​ដែល​តុលាការ​តម្រូវ​ឲ្យ​សង គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​នៅតែ​ត្រូវ​សង​ដដែល៖ «អ៊ីចឹង​ទេ មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​តាម​ទាម​ទារ​លុយ។ កុំ​ព្រហើន​..​កុំអាល​ព្រហើន​..​គុក​វា​នៅចាំ ទ្វា​គុក​នៅ​ចំហ ហើយ​កុំ​ថា នីតិមាត់ ព្រោះ​អា​មាត់​និយាយ​នេះ វា​ចេញពី​ច្បាប់ វា​ចេញពី​នីតិរដ្ឋ បាន​វា​និយាយ​ចេញទៅ​អ៊ីចឹង ប៉ុន្តែ​វា​ចង់​ដើម្បី​បន្តុះបង្អាប់​ខ្ញុំ។ ហ្អែង​ចង់​សាក​មើ អញ​យក​ហ្អែង​បញ្ចូល​គុក​វិញ»។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយ​ជាប់​ពន្ធនាគារ ១៨​ខែ ដោយសារតែ​លោក ហ៊ុន សែន ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ ទោះបីជា​សំណុំរឿង​ទី​១ នេះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​ដែល​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​តុលាការ​នឹង​បន្ត​ចាត់ការ​ឬទេ​។ សំណុំរឿង​នោះ​គឺ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។ អ្នកច្បាប់​ថា តុលាការ​មិន​អាច​បំបែក​សំណុំ​បែបនេះ​ជា​ពីរ​ទេ ព្រោះ​វា​ជា​ករណី​តែមួយ ឬ​ស្រដៀង​គ្នា ហើយ​លោក​គឹម សុខ បាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​នោះ គឺ​ស្រដៀង​គ្នា ធ្វើឡើង​ក្នុង​ពេល​តែមួយ ហើយ​តុលាការ​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ។ យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បើ​បទល្មើស​ដូចគ្នា​ឬ​ស្រដៀង​គ្នា តុលាការ​អាច​ក្រសោប​ចូលគ្នា​ហើយ​កាត់​សេចក្ដី​តែម្ដង​។ តាមច្បាប់​គេ​មិន​អាច​កាត់ទោស​មនុស្ស​ពីរ​ដង​ទៅលើ​បទល្មើស​ដូចគ្នា​នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា លោក​បាន​ដឹង​តាំងពី​ដំបូង​ថា លោក ហ៊ុន សែន នឹង​មិន​អនុគ្រោះ​ឲ្យ លោក​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន នៅតែ​បន្ត​ទាមទារ​លុយ​២០​ម៉ឺន​ដុល្លារ និង​បន្សល់ទុក​សំណុំ រឿង​មួយទៀត​ដែល​មាន​ចរិត​ដូច​សំណុំរឿង​ទី​មួយ​ដែរ ដើម្បី​កៀប​លោក​មិន​ឲ្យ​បញ្ចេញ​មតិយោបល់ បាន។ ទោះ​យ៉ាង​ណា​ក្តី លោក​នៅតែ​មិន​បញ្ឈប់​បេសកកម្ម​ជួយ​ប្រទេសជាតិ​នោះ​ទេ៖ «គោលដៅ​របស់​គាត់​គឺ​ចង់​សាកល្បង​ខ្ញុំ ពេល​ចេញ​មក តើ​មាន​ឥរិយាបថ​និង​ជំហរ​បែប​ណា ចំពោះ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ ជាពិសេស​ការ​និយាយ​អំពី​អសកម្ម និង​អសមត្ថភាព របស់​រដ្ឋាភិបាល បើ​ខ្ញុំ​បញ្ឈប់​និង​បន្ថយ​ខ្លាំង​មែនទែន គឺ​គាត់​ច្បាស់​ជា​បន្ធូរ​ហើយ ប៉ុន្តែ​គោលដៅ​របស់ខ្ញុំ​មិនមែន​សុំ​ការ​បន្ធូរ ឬ​សុំ​ការ​អនុគ្រោះ​ទេ គោលដៅ​របស់ខ្ញុំ គឺ​លើក​តម្កើង​ស្មារតី​នីតិ​ប្រជាធិបតេយ្យ​ជាតិ»។

ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ប្រទេស​កម្ពុជា បាន​ទទួល​យក​បទដ្ឋាន​អន្តរជាតិ​ជាច្រើន​ស្តី​អំពី​សិទ្ធិមនុស្ស មាន​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជាដើម។ លើស​ពី​នេះ​ច្បាប់រដ្ឋធម្មនុញ្ញ ក៏​ចែង​អំពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែរ ប៉ុន្តែ​នៅ​កម្ពុជា នៅ​មិនទាន់​ចែក​ដាច់​ស្រឡះ​រវាង​អ្វី​ដែល​ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​អ្វី​ដែល​ជា​បទល្មើស​នៃ​ការ​ញុះញង់ និង​ការ​បរិហារកេរ្តិ៍​នៅឡើយ។ លោក​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ តែងតែ បើកឱកាស​យ៉ាង​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប បាន​ចូលរួម​បញ្ចេញមតិ​និង​យោបល់ ដោយ​គ្មាន​ការ​គំរាមកំហែង​និង​រឹតត្បិត​នោះ​ទេ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​រីកចម្រើន​ត្រឹមត្រូវ៖ «បាទ​! ព្រោះ​រដ្ឋធម្មនុញ្ញ​យើង​មាន​ចែង​អំពី​សិទ្ធិ​និង​កិច្ចការពារ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ច្បាប់​ផ្សេងៗ​ក៏​មាន​ចែង ប៉ុន្តែ​ទាស់​ត្រង់​ការអនុវត្ត​ច្បាប់​យើង​អត់​មាន​បែង​ចែង​ឲ្យ​បាន​ដាច់​ស្រឡះ​ហើយ​ការ​ពន្យល់​ទៀតសោត​អំពី​បទល្មើស នៃ​ការ​បញ្ចេញមតិ វា​ហាក់​ដូចជា​ស្រពិចស្រពិល​ដែល​ងាយ​ក្នុង​ការ​បកស្រាយ​ដើម្បី​ទាញ​ទៅ​រក​បទល្មើស។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នកវិភាគ​នយោបាយ ឬ​អ្នក​បញ្ចេញមតិ​ទាំងឡាយ ប្រឈមមុខ​ក្នុង​ការ​ចោទប្រកាន់​នឹង​បទល្មើស​ជាពិសេស បទល្មើស​ញុះញង់ បទល្មើស​បរិហារកេរ្តិ៍ និង​បទ​ជេរ​ប្រមាថ​ជាដើម»។

ក្រោយ​ពេល​ក្រសោប​យក​អាសនៈ​សភា​មក​គ្រប់គ្រង​តែម្នាក់​ឯង របប​ក្រុងភ្នំពេញ​បាន​ដោះលែង​អ្នកទោស​មនសិការ​ជា​បន្ត​បន្ទាប់ រួម​មាន​អ្នកវិភាគ​នយោបាយ លោក គឹម សុខ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​អ្នកស្រី ទេព វន្នី ព្រមទាំង​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ និង​បាន​ដោះលែង​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ២០​នាក់​ថែមទៀត។ ការ​ដោះលែង​នេះ ស្រប​ពេល​មានការ​រិះគន់​អំពី​រឿង​រៀបចំ​ការបោះឆ្នោត និង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់។

ទោះជា​មានការ​ដោះលែង​អ្នកទោស​មនសិការ​មួយ​ចំនួន​ក្តី ក៏​របប​លោក ហ៊ុន សែន មិន​បាន​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​ពួកគេ​នៅឡើយ​ទេ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​វិញ​គ្រប់​ពេល នៅ​​ពេល​មាន​បញ្ជា​ពី​របប​ក្រុងភ្នំពេញ៕

1 comment:

Anonymous said...

Mr. Kim Sok,

Keep yourself outside the cage for Cambodia's interest.

Khmer people need you. Do not say something right at the wrong time because Ah Hun Sen's head is filled with air. He cannot distinguish between wrong and right.