Friday 17 August 2018

លោក សម រង្ស៊ី ហៅ​លោក ហ៊ុន សែន ថា ជា​ឃាតក


ទីន ហ្សាការីយ៉ា
2018-08-16

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA



លោក ហ៊ុន សែន ថា បាន​ចោទ​បទ​ថ្មី​មួយ​ទៀត​ថា គណបក្សប្រឆាំង​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​លើ បណ្ឌិត កែម ឡី ពី​ព្រោះ​ថា ក្នុង​ជីវិត​របស់​លោក កុំ​ថា​ឡើយ​សម្លាប់​មនុស្ស សូម្បីតែ​អារ​ក​មាន់​ក៏​លោក​មិន​ធ្លាប់​ដែរ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​សហការ​ជាមួយ​ប៉ូលិស​អាំងទ័រប៉ូល ដើម្បី​ចាប់ខ្លួន​លោក​សម រង្ស៊ី។

ឆ្លើយតប​ការ​លើក​ឡើង​នេះ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ មិន​ភ័យ​ព្រួយ​ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ថា លោក​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ អាំង​ទ័រប៉ូល ដើម្បី​ចាត់ការ​លោក​នោះ​ឡើយ លោក​ថែម​ទាំង​ស្វាគមន៍​លោក ហ៊ុន សែន ក្នុង​ការ​សហការ​ជាមួយ​ប៉ូលិស​អាំងទ័រប៉ូល​ទៀត​ផង។

លោក សម រង្ស៊ី បាន​ហៅ​លោក ហ៊ុន សែន ថា ជា​ឃាតក ដោយ​លោក​អះអាង​ថា ភរិយា​លោក និង រួប​លោក និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ក៏​ជា​អ្នករងគ្រោះ ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ដោយ​ស្នាដៃ​របស់​លោក ហ៊ុន សែន ដែរ កាលពី​ជាង​២០​ឆ្នាំមុន។



លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ បាន​លើក​ពី​ព្រឹត្តិការណ៍​ជាច្រើន ដែល​ចោទ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ផង និង​ជា​ឃាតក​សម្លាប់​មនុស្ស​ផង នៅ​ក្នុង​របប​គ្រប់គ្រង​របស់​លោក។ ឃាតកម្ម​ដែល​លោក សម រង្សី អះអាង​ថា ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន រួមមាន តារាភាពយន្ត​ល្បីឈ្មោះ គឺ​អ្នកនាង​ពិសិដ្ឋ ពីលិកា ប្រធាន​សហជីព លោក ជា វិជ្ជា ជាដើម។ លោក សម រង្ស៊ី បញ្ជាក់​ថា ព្រឹត្តិការណ៍​បោក​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ រូបលោក​ផ្ទាល់​បាន​រស់​ជីវិត​ទាំង​ប្រផឹតប្រផើយ​ពី​ហេតុការណ៍​បោក​គ្រាប់បែក​នោះ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ស្លាប់ ហើយ​ជាច្រើន​នាក់​ទៀត រងរបួស ដែល​អំពើ​ហិង្សា​ទាំងអស់​នេះ លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ៖ «លោក ហ៊ុន សែន ជា​អតីត​មេទ័ព​ខ្មែរក្រហម​អ្នកណា​ក៏​ដឹង​ដែរ គឺ​មាន​ចរិត​ជា​ឃាតក មាន​វប្បធម៌​ហិង្សា វប្បធម៌​និទ្ទណ្ឌភាព ដូច្នេះ​ធ្លាប់​សម្លាប់​គេ គ្មាន​មធ្យោបាយ​ណា​ដែល​ឲ្យ​គេ​ខ្លាច ដើម្បី​ឲ្យ​គេ​ខ្លាច​ទាល់តែ​បំភិតបំភ័យ ដើម្បី​ឲ្យ​អ្នក​នៅ​រស់​ឲ្យ​ខ្លាច ដូច​អ្នក​គាត់​សម្លាប់​ជា​គំរូ»។

ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​កម្មករ​កាលពី​ថ្ងៃទី​១៥ សីហា ថា លោក​មិនមែន​ជា​ឃាតក​សម្លាប់​មនុស្ស​ទេ លោក​ថែមទាំង​អះអាង​ថា កុំថាឡើយ​សម្លាប់​មនុស្ស សូម្បីតែ​សម្លាប់​សត្វ​មាន់ ក៏​លោក មិនដែល​ផង។ លោក ហ៊ុន សែន បន្ថែម​ថា លោក សម រង្ស៊ី ចោទប្រកាន់​លោក​ថា ជួល​ឃាតក​ទៅ​សម្លាប់​លោក​ដល់​ប្រទេស​បារាំង​នោះ គឺជា​រឿងប្រឌិត​៖ «គេ​បង្កើត​ឡើង​ថា ខ្ញុំ​ជួល​ឃាតក​ឲ្យ​តាម​សម្លាប់​គេ​នៅ​ប្រទេស​បារាំង ហើយ​គេ​សរសេរ​ទៀត​ថា គេ​ទទួល​ដំណឹង​នេះ​តាម​ចារកម្ម​បារាំង ហើយ​ខ្ញុំ​ទុក​លទ្ធភាព​ឲ្យ​ប្រធានាធិបតី​ម៉ាក្រុង (​បារាំង​) ចាត់​វិធានការ​ពិនិត្យ ព្រោះ​គេ​សញ្ជាតិ​បារាំង ហើយ​តើ​ចារកម្ម​បារាំង​រូប​ណា​ទម្លាយ​ព័ត៌មាន​បែបនេះ ពិនិត្យ​ទៅ? ពូ​សូម​ជម្រាប​ថា ក្នុង​ម៉ា​ជីវិត​ពូ​នេះ មិន​ដែល​សម្លាប់​មនុស្ស​ទេ សូម្បី​តែ​ជីវិត​មាន់ ពូ​មិន​ដែល​អារក​មាន់​ម្ដងណា​ឡើយ»

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​មាន​ភស្តុតាង​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ចង់​ធ្វើបាប​រូប​លោក ទោះបីជា​រួប​លោក​នៅ​ប្រទេស​បារាំង​ក្ដី​។ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មាន​មនុស្ស​នៅ​ប្រទេស​បារាំង និង​មនុស្ស​នៅ​ក្នុង​បក្ស​កាន់អំណាច​ផង ផ្ដល់​ព័ត៌មាន​អំពី​លោក ហ៊ុន សែន ចង់​សម្លាប់​លោក​នេះ​ដល់​លោក៖ «ហើយ​ពេល​ហ្នឹង​ខ្ញុំ​សូម​ឲ្យ​លោក ហ៊ុន សែន សហការ​ជាមួយ​ប៉ូលិស អាំងទ័រប៉ូល​ផង ព្រោះ​លោក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គប់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ កាល​ហ្នឹង​មាន​ជនរងគ្រោះ​ឈ្មោះ សម រង្ស៊ី មាន​ភរិយា​ខ្ញុំ​ផង មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ អ៊ីចឹង​ហើយ​បានជា​ប៉ូលិស​បារាំង​គាត់​ការពារ​ខ្ញុំ អ៊ីចឹង​ហើយ​សុំ​ឲ្យ​លោក ហ៊ុន សែន សហការ​ជាមួយ​ប៉ូលិស​បារាំង តុលាការ​បារាំង អាហ្នឹង គាត់​ចូល​គុក​បាន​ឆាប់​ហើយ»។

សង្គ្រាម​ពាក្យ​សម្ដី​របស់​មេដឹកនាំ​ទាំងពីរ ឆ្លងឆ្លើយ​គ្នា​នៅ​លើ​សង្វៀន​នយោបាយ​កម្ពុជា​កើតមាន​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​លោក សម រង្ស៊ី និង លោក ហ៊ុន សែន មិន​អាច​រក​ទី​បញ្ចប់​បាន។ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ជា​មនុស្ស​មិន​ស្មោះត្រង់​នយោបាយ​ឡើយ។ លើស​ពី​នេះ​ទៀត នៅ​ខណៈ​លោក​គ្មាន​តួនាទី​អ្វី​ទាល់តែសោះ សូម្បីតែ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក៏​លោក​បាន​លាលែង​ទៅ​ហើយ​នោះ លោក ហ៊ុន សែន នៅតែ​តាម​វាយប្រហារ​លោក​ឥត​ឈប់ឈរ​នោះ លោក សម រង្ស៊ី បញ្ជាក់​ថា មកពី​លោក ហ៊ុន សែន ខ្លាច​ឥទ្ធិពល​លោក។

លោក ហ៊ុន សែន នៅមុន​បោះឆ្នោត បាន​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី បើសិនជា​លោក​ជាន់​ទឹកដី​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​នោះ ដោយសារតែ​លោក ខឹង សម្បា​លោក សម រង្ស៊ី បាន​បង្កើត​ចលនា​សង្គ្រោះជាតិ ដែល​ចោទ​ថា លោក សម រង្ស៊ី មានបំណង​ចង់​ធ្វើ​បដិវត្តន៍​ពណ៌៖ «អា​អ្នក​រត់​ចោលស្រុក​ហ្នឹង សម្ពាធ សម្ពាធ អើ​ដាក់​ទៅ វា​ត្រូវ​ក្បាល ហ៊ុន សែន ហើយ​សម្ពាធ​តិច​ប៉ះ​ខ្លួនឯង ខ្ញុំ​សូម​ផ្ដាំ​ថា​កុំ​ម​ក្បែរ​អាស៊ី​ឲ្យ​សោះ ហើយ​អ្នកឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់តែ​បាន ឥលូវ​នេះ អ្នកឯង​ជា​ភេរវករ​ហើយ មិនមែន​ជា​អង្គការក្រៅរដ្ឋាភិបាល​ទេ»។

លោក ហ៊ុន សែន បាន​កាន់​តំណែង​ចាប់​ពី​មេបញ្ជាការ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ រហូតដល់​តួនាទី​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​កាន់​អំណាច​របស់​លោក​ជាង​៣០​ឆ្នាំ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​កាន់អំណាច​យូរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើពុករលួយ។ របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​ដល់​ការប្រើប្រាស់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥។

របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុង​ចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​ទៅ​មុខទៀត​ស្របតាម​ការ​អះអាង​របស់​លោក ហ៊ុន សែន នៅ​ពេល​កន្លងទៅ។

រីឯ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាងហោចណាស់​មាន​មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​គេ​ធ្វើឃាត ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញមតិ​រិះគន់​របប​លោក ហ៊ុន សែន ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់ លោក បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍ថា លោក ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​មេដឹកនាំ​ដែល​មាន​គុណធម៌​ឡើយ។ លោក​បន្ត​ថា ទោះបីជា​លោក ហ៊ុន សែន មិនបាន​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​របប​របស់​លោក ដោយ​ការវាយប្រហារ​គ្នា ឬ​ដោយសារ​អំពើ​ឃាតកម្ម​ក្ដី ហើយ​រដ្ឋាភិបាល​របស់​លោក​មិនបាន​អើពើ ឬ​មិនបាន​ផ្ដន្ទាទោស​ជនល្មើស ឬ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ទាំងនោះ លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​ទាំងអស់៖ «ប្រមុខ​រដ្ឋាភិបាល​ជា​ក្ដាប់​រួម ជា​អ្នកគ្រប់គ្រង​ផ្ទាល់​តែម្ដង អាហ្នឹង​ឋិត​នៅ​ក្នុង​ការ​ទទួលខុសត្រូវ ការទទួលខុសត្រូវ​មាន​ន័យ​ថា ឧទាហរណ៍​បើ​សិន​ជា​មាន​អ្នកក្រោមបង្គាប់​ធ្វើ​ខុស (សម្លាប់​មនុស្ស) ប្រមុខ​រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​លើ​ការ​វែកមុខ​ចាប់​ឃាតក​យក​មក​ផ្ដន្ទាទោស»។

ឃាតកម្ម​សំខាន់ៗ រួមមាន​មក​ទល់​ពេល​នេះ អ្នកសារព័ត៌មាន​ជាង ១០​នាក់ ត្រូវ​បាន​គេ​លួច​ធ្វើឃាត ការវាយប្រហារ​គ្រាប់បែក​ដោយ​ហិង្សា កាលពី​ថ្ងៃ​ទី​៣០ មីនា​ឆ្នាំ​១៩៩៧ ទៅលើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នោះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេងទៀត​រងរបួស។ រដ្ឋប្រហារ​ថ្ងៃទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ មាន​មន្ត្រី​យោធា និង​ប៉ូលិស​ស្មោះត្រង់​នឹង​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ នា​ពេល​នោះ​យ៉ាងតិច ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ក្នុង​នោះ​រួមមាន លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក។

នៅ​ចន្លោះ​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៣ សកម្មជន​គណបក្ស សម រង្ស៊ី និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រមាណ ២៤​នាក់ ត្រូវ​ឃាតក​បាញ់សម្លាប់។ ជា​បន្ត​បន្ទាប់​មក​ទៀត មានការ​បាញ់សម្លាប់​ប្រធាន​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណេរ៉េត ព្រះធម្មវិបស្សនា សំ ប៊ុនធឿន។ នៅ​ឆ្នាំ​២០១២ ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយទៀត​បាន​កើត​ឡើង គឺ​ប្រធាន​អង្គការ​ធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ខែត្រ​កោះកុង។ រីឯ​នៅ​ក្នុង​ស្ថានភាព​ជាប់​គាំង នយោបាយ​ឆ្នាំ​២០១៣ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ ដោយសារតែ​ការ​បង្ក្រាប​បាតុកម្ម គឺ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ និង​ស្ត្រី​លក់​បាយ​ម្នាក់ទៀត ឈ្មោះ អេង សុខុម។ នៅ​ក្នុង​ឆ្នាំ​២០១៤ កងពល​៩១១​របស់​លោក ចាប ភក្ដី បង្ក្រាប​ក្រុម​កម្មករ​ធ្វើបាតុកម្ម​បាញ់សម្លាប់​កម្មករ​៤​នាក់ បាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ខឹម សុផាត។

រីឯ​ឃាតកម្ម​ចុងក្រោយ​គឺជា​ឃាតកម្ម​ដ៏​កក្រើក​ភ្ញាក់ផ្អើល គឺ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ គឺ​លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់ទំនិញ​ស្ដារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ឃាតកម្ម​លើ​លោក បណ្ឌិត កែម ឡី នេះ លោក ហ៊ុន សែន ម្ដង​ចោទ​ថា ចារកម្ម​របស់​អាមេរិក ម្ដង​ចោទ​ថា បក្ស​ប្រឆាំង​នៅ​ពីក្រោយ​ខ្នង។

លោក​បណ្ឌិត ហ៊ាង ឫទ្ធី អះអាង​ថា សកម្មភាព​ទាំងឡាយ​ណា ដែល​ជា​បទឧក្រិដ្ឋ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ឬ​ការ​ចាប់​ឃុំខ្លួន​ជន​ស៊ីវិល​ចាប់ពី​៥​នាក់​ឡើង​ទៅ គេ​ចាត់​ទៅ​ក្នុង​វិធាន​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​យក​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ទៅ​កាត់ទោស​នេះ​នៅ​តុលាការ​នេះ​បាន។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights watch បាន​កត់ត្រា​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ដែល​អាច​ចាត់ទុកជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ចាប់​តាំង​ពី​លោក​បាន​កាន់​តួនាទី​ជា​មេបញ្ជាការ​ទ័ព​ខ្មែរក្រហម ក្នុង​អំឡុង​ទសវត្ស​៧០ ចំពោះ​ការប្រព្រឹត្ត​ប្រឆាំង​ជនជាតិ​ចាម។ នៅ​ក្នុង​ទសវត្ស​៨០ និង​៩០ ពេល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​ដោយ​បង្ខំ និង​ឃុំឃាំង​មនុស្ស​ជា​ប្រព័ន្ធ និង បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅច្បាប់។ ក្នុង​រយៈពេល​ចុងក្រោយ លោក ហ៊ុន សែន បាន​រារាំង​ដំណើរការ​របស់​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម មិន​គោរព​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លោក​ហាក់​បំភ្លេច​ចោល​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ផ្ដល់​សច្ចាប័ន រួម​នឹង​ការ​គំរាមកំហែង​ជាច្រើន​ទៀ​តទៅ​អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក សម រង្ស៊ី អះអាង​ថា សំណុំរឿង​របស់​លោក ដែល​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កន្លងមក ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះ នឹង​ត្រូវ​គេ​លើក​យក​មក​កាត់ទោស​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

No comments: