Tuesday, 21 August 2018

អតីត​បុគ្គលិក​អាស៊ី​សេរី គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ដោះលែង​​ហើយ នៅ​​ល្ងាច​ថ្ងៃ​ទី​២១ ខែ​សីហា


វិទ្យុ​អាស៊ី​សេរី
2018-08-21 
rfa
លោក អួន ឈិន និង​លោក យាង សុធារិន ហៅ សុជា មេត្តា អតីត​បុគ្គលិក​អាស៊ី​សេរី ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រលប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០១៨។
លោក អួន ឈិន និង​លោក យាង សុធារិន ហៅ សុជា មេត្តា អតីត​បុគ្គលិក​អាស៊ី​សេរី ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រលប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០១៨។
រូប៖ AFP



អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​២នាក់​គឺ​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ​នៅម៉ោង​៦​ និង​ ៤០​នាទី ​ល្ងាច​ថ្ងៃ​អង្គារ៍ ទី​២១ ខែ​សីហា​។

លោក ​យាង សុធារិន្ទ ឲ្យ​​ដឹង​ភ្លាមៗ ​នៅ​ក្រោយ​ពេល​ចាក​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​​ថា ​ការ​ដោះ​លែង​អ្នក​ទាំង​ ២​ នៅ​ពេល​នេះ​ គឺ​​ជា​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក អ៊ួន ឈិន អតីត​អ្នក​គ្រប់គ្រង​ផ្នែក​វីដេអូ និង​លោក យាង សុធារិន្ទ អតីត​និពន្ធ​នាយក​អាស៊ី​សេរី ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាលពី​ពាក់​កណ្តាល​​ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការអម​តុលា​ការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ តាម​មាត្រា​៤៤៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥ឆ្នាំ​ ប្រសិន​បើ​តុលា​ការ​សម្រេច​ថា អ្នក​ទាំង​ពីរ​ពិត​ជា​មាន​ទោស​មែន​នោះ។



ជាង​ ២៨០​ថ្ងៃ ឬ​ជាង ​៩​ខែ​កន្លង​ទៅ​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយ​មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ។

ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បាន​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ទទួល​រងការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជា​ច្រើន។ អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​​បាន​ថ្កោល​ទោស​ចំពោះ​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​ពីរ ដោយ​ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ។

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ក្នុង​ទីក្រុង ហ្សឺណែវ​ប្រទេស​ស្វីស ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា អ្នកស្រី រ៉ាវីណា ហ្សាមដាសានី (Ravina Shamdasani) ដែល​ព្រួយ​បារម្ភ ពី​ស្ថានភាព​សិទ្ធិមនុស្ស ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ ខែកក្កដា​កន្លង​ទៅ​ បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទោស​នយោបាយ អ្នក​កាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​ដែល​បាន​បញ្ចេញ​មតិ៕

No comments: