Tuesday, 4 September 2018

សហគមន៍​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ទាមទារ​កុំ​ឲ្យ​មាន​ការ​គាំទ្រ​របប​ថ្មី​របស់​លោក ហ៊ុន សែន

តាំង សារ៉ាដា
2018-09-01 

ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Yun Samean



ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក នឹង​នាំគ្នា​ធ្វើបាតុកម្ម​នៅមុខ​ស្ថាន​កុងស៊ុល​ចិន ប្រចាំ​រដ្ឋ​របស់​ពួកគេ​រស់នៅ ដើម្បី​ទាមទារ​ឲ្យ​ចិន​ឈប់​គាំទ្រ​របប​ក្រុងភ្នំពេញ​តទៅ​ទៀត ដោយសារ​ពួកគាត់​ចាត់ទុកថា គឺជា​រដ្ឋាភិបាល​ខុសច្បាប់ ដែល​កើត​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រៅ​ស្រុក ថា​គ្រាន់តែ​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​តាម​ប្រទេស​ទាំងនោះ ប៉ុន្តែ​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ។អ្នកចូលរួម​បាតុកម្ម​ម្នាក់ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក ស ស៊ីថាល ឲ្យ​អាស៊ីសេរី​ដឹង ថា នៅ​រដ្ឋ​របស់​លោក គឺ​មាន​អ្នកចូលរួម​ជាង​២០០​នាក់​។ លោក​ថា ក្រៅពី​ពលរដ្ឋ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋ​ផ្សេងៗ​ទៀត​ក៏​នឹង​ធ្វើ​បាតុកម្ម​នៅ​តាម​ស្ថាន​កុងស៊ុល​ចិន​ដែរ។ បាតុករ​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ការ​ទាមទារ ក្រុម​បាតុករ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដាក់​ទៅ​ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ពី​ការ​ទាមទារ​របស់​ពលរដ្ឋ នៅ​ពេល​នេះ​ផង​ដែរ។ «»



អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ក៏​ប្រកាស​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ដែរ។ លោក​បាន​សរសេរ នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ចេញ​ដំណើរ​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃ​ទី​២ កញ្ញា ២០១៨។ អ្នកចូលរួម​បាតុកម្ម លោក ស ស៊ីថាល ប្រាប់​ថា ការ​ទាមទារ​នេះ​គឺ​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ កម្ពុជា​វិល​មក​ជា​ថ្មី ព្រោះ​កាលពី​ជំនាន់​របប​វាល​ពិឃាដ​ដោយសារតែ​ចិន​គាំទ្រ​របប ប៉ុល ពត ទើប​ធ្វើ​ឲ្យ​របប​នេះ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់។ លោក​ស្នើ​ទៅ​ពលរដ្ឋ​ផ្សេង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ធ្វើការ​ទាមទារ​ទាំងអស់​គ្នា។ «»

ទាក់ទង​ការព្រមាន​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ នៅ​សហរដ្ឋ​អាមេរិក​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​និយាយ​ថា ការ​ទាមទារ​ណាមួយ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ​យល់ថា ទោះ​មានការ​ទាមទារ​យ៉ាងណា​ក្តី​គឺ​គណបក្សប្រឆាំង​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។ លោក សុខ ឥសាន នៅតែ​អះអាង​ដដែលៗ​ថា របប​ថ្មី​ក្រុងភ្នំពេញ ជា​របប​ស្របច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ។ «»

ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ក្រុម​អ្នក​និយម​ប្រជា​ប្រជាធិបតេយ្យ ជាពិសេស​សហគមន៍​ខ្មែរ ដែល​រស់នៅ​ឯ​នាយ​សមុទ្រ បាន​ព្រមាន​រួច​ទៅ​ហើយ​ថា ពួកគាត់ នឹង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថានទូត​ចិន បើ​ប្រទេស​នេះ នៅតែ​គាំទ្រ​របប​ថ្មី​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក ហង្ស វិទូ យល់ថា ការ​ធ្វើ​បាតុកម្ម នេះ​គឺជា​ការ​បង្ហាញ​អំពី​ការ​ខ្វល់ខ្វាយ​របស់​ពលរដ្ឋ​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ។ លោក​ថា ការ​ធ្វើ​បាតុកម្ម​នេះ នឹង​ធ្វើ​ឲ្យ​អន្តរជាតិ​បន្ត​ចាប់អារម្មណ៍ ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ «»

ក្រៅ​គម្រោង​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ អាមេរិក​ក៏​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ចុងខែ​កញ្ញា​ខាងមុខ​នេះ ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក។

ក្រុម​បាតុករ​នឹង​ទៅ​ស្រែក​ទាមទារ និង​លើក​បដា​នៅមុខ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក (New York) ជា​កន្លែង ដែល​លោក ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ៕

No comments: