សុ ជីវី
2018-08-31
rfa

លោក មាជ សុវណ្ណារ៉ា (ពាក់មួក) ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ និងលោក អាន បឋម (អាវក្រហម) យុវជនគណបក្សសង្គ្រោះជាតិ ក្រុងភ្នំពេញ ដើរចុះពីលើអគារសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥។
Photo: RFA
ព្រះមហាក្សត្របានព្រះរាជប្រទានលើកលែងទោសដល់អ្នកទោសមនសិការចំនួន ១៤នាក់ ក្នុងពេលតែមួយកាលពីថ្ងៃទី២៧ ខែ សីហា ក្រោយមានការស្នើសុំពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីអ្នកជាប់ឃុំទាំងនោះបានសរសេរលិខិតសុំទោស។
ក្នុងចំណោមអ្នក១៤នាក់នោះ ក្រៅតែពីលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រីសំខាន់របស់គណបក្សសង្គ្រោះជាតិ អ្នក១៣នាក់ផ្សេងទៀត គឺអតីតក្រុមយុវជន ជាសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ។ តើអ្នកទាំងនោះមានប្រភពចេញពីណាខ្លះ?
តើពួកគេមានសកម្មភាពអ្វីខ្លះទាក់ទងនឹងគណបក្សនយោបាយ និងថាតើពួកគេមានគម្រោងអ្វីខ្លះទៅថ្ងៃអនាគត? សកម្មជនមួយចំនួននៃបក្សប្រឆាំងស្ថិតក្នុងចំណោម ១៤នាក់ ដែលទើបតែចេញពីពន្ធនាគារ បានប្រាប់អាស៊ីសេរីថា ពួកគេនៅតែរំពឹងចំពោះឱកាសចូលរួមជាមួយគណបក្សសង្គ្រោះជាតិជាគណបក្ស ជាថ្មីម្ដងទៀតនៅថ្ងៃអនាគត។
អតីតក្រុមយុវជនគណបក្សសង្គ្រោះជាតិលើកឡើងដូចៗគ្នាថាពួកគេរំពឹងថា នឹងមានការស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ និងយុត្តិធម៌ក្នុងសង្គម។ មានកំណើតនៅខេត្តកំពង់ចាម រៀនចប់បរិញ្ញាបត្រ ឱសថការី លោក អឿ ណារិត (អតីតអ្នកធ្វើការនៅក្នុងផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ) នៅតែប្រកាន់ជំហរដដែលគឺដូចនឹងពេលលោកទើបចូលរួមជាយុវជនស្ម័គ្រចិត្តរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ដែរ។ លោកចង់បានសង្គមមួយមានយុត្តិធម៌ គ្មានអំពើពុករលួយ ហើយថា ខណៈដែលពុំមានគណបក្សសង្គ្រោះជាតិនៅឡើយ លោកនឹងទៅរៀនបន្តផ្នែកវិទ្យាសាស្ត្រនយោបាយ ព្រមទាំងប្រាថ្នាធ្វើជាគំរូដល់យុវជនក្នុងសង្គម៖ «ចង់បង្ហាញអ្វីដែលជាបទពិសោធន៍របស់ខ្ញុំអោយយុវជនយល់ដឹងពីការចូលរួមក្នុងសង្គមពីផលប៉ះពាល់សង្គម ពីព្រោះក្នុងពន្ធនាគារខ្ញុំក៏បានរៀនសូត្រខ្លះអំពីផលប៉ះពាល់ក្នុងសង្គម។ នៅពេលដែលសង្គមមានអំពើពុករលួយគ្រប់បែបយ៉ាង ដូច្នេះយុវជនយើងបែកគំនិតមិនបានចូលរួមជួយសង្គមគាត់ធ្វើអំពើអបាយមុខដូចជាការសេពគ្រឿងញៀន ការលួចប្លន់ដើម្បីបំពេញសេចក្ដីសប្បាយរីករាយរបស់គាត់»។
យុវជនមួយរូបទៀត គឺលោក នាង សុឃុន ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ មានជំនាញផ្នែកច្បាប់ និងធ្លាប់បានដាក់ពាក្យបណ្ដឹងទៅតុលាការចោទប្រកាន់លោក ហ៊ុន សែន ក្នុងរឿងកាត់កោះត្រល់ និងកោះក្រចកសេះឲ្យទៅវៀតណាម ដោយខុសច្បាប់នោះ ប្រាថ្នាអោយប្រទេសមានភាពរីកចំរើនពិតប្រាកដ៖ «ប្រាថ្នាធំបំផុតរបស់ខ្ញុំគឺខ្ញុំចង់ឃើញប្រទេសជាតិរបស់យើងដ៏កម្សត់មួយនេះ មានការឯកភាពជាតិស្រុះស្រួលគ្នារីកចម្រើនដូចប្រទេសជិតៗខាង មិនបាច់ចាំទៅដល់សិង្ហបុរី ដល់អាមេរិកអីទេ ត្រឹមតែថាអោយដើរទាន់ថៃទាន់អីទៅយើងសប្បាយចិត្ត»។
ទាំងលោក អឿ ណារិត ទាំងលោក នាង សុឃុន និងលោក ឃិន រឿន ហៅឃិន ជំរឿនម្នាក់ទៀតគឺ មានទោសពីបទដឹកនាំកុបកម្មទាក់ទិននឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤។ អតីតយុវជននៃគណបក្សប្រឆាំងដែរ លោក សាន គឹមហេង និងសាន សីហៈ ជាបងប្អូនបង្កើតនឹងគ្នា បានជាប់ពន្ធនាគារក្នុងសំណុំរឿងដូចគ្នានឹងអ្នកទាំង៨នាក់ផ្សេងទៀតគឺចូលរួមកុបកម្ម។ គ្រួសារអ្នកទាំង២ធ្លាប់រស់នៅជនភៀសខ្លួននៅក្នុងជំរំសាយអេច (Site 8) ដែលបានជំរុញអោយអ្នកទាំង២ស្អប់អំពើអយុត្តិធម៌ និងបានសម្រេចចិត្តទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ ជាអ្នករៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្ម លោក សាន គឹមហេង ធ្លាប់ជាប្រធានក្រុមយុវជនគណបក្សប្រឆាំងក្នុងខណ្ឌទួលគោកប្រាប់ថា លោកនិងប្អូនប្រុសពុំមានការរារែកនឹងត្រឡប់ទៅចូលរួមជាមួយគណបក្សប្រឆាំងទេ ប្រសិនបើមានឱកាសជាថ្មីម្ដងទៀត តែក្នុងពេលនេះលោកទៅធ្វើការនៅបន្ទប់ព្យាបាលជំងឺសរសៃជាមួយឪពុក៖ «ឥឡូវនេះគឺជួយជីវភាពគ្រួសារសិន ហើយចាំមើលបើមានការបង្កើតគណបក្សសង្គ្រោះជាតិឡើងវិញ ឬក៏យ៉ាងណា ក៏ខ្ញុំនៅរង់ចាំចូលរួមជាមួយតទៅទៀត»។
រីឯអតីតយុវជនសង្គ្រោះជាតិវ័យជាង៣០ឆ្នាំមួយរូបទៀត គឺលោក អាន បឋម ជាកូនប្រុសអតីតមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម រំលឹកថា បានមានគំនិតចូលរួមជាមួយគណបក្សប្រឆាំងនៅក្រោយពេលមើលឃើញមានភាពអយុត្តិធម៌ទៅលើក្រុមនិស្សិតកាលពីមានការតវ៉ាក្នុងឆ្នាំ១៩៩៨។ លោក អាន បឋម ក៏មិនទាន់បោះបង់គំនិតដែលចង់ចូលរួមការងារសង្គមនោះទេ បើទោះជាធ្លាប់ជាប់ពន្ធនាគារដោយសារការចូលរួមការតវ៉ាកន្លងទៅ៖ «តាំងពីខ្ញុំជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ១ខែ ៧ថ្ងៃមក ហើយដល់ថ្ងៃ ខ្ញុំចេញហ្នឹងខ្ញុំអត់មានភ័យខ្លាចទេ តែ ចំពោះម៉ាក់ប៉ាគាត់ចេះតែបារម្ភដែរ គាត់ថាថ្មីៗអ៊ីចឹងកុំទាន់អាលដើរទៅណាអី ព្រោះយើងនៅក្នុងនោះអត់ដឹងពីសភាពការណ៍នៅខាងក្រៅយ៉ាងម៉េចៗ តែចំពោះខ្ញុំគិតថា ខ្ញុំម្នាក់ឯងគ្មាននរណាគេធ្វើបាបទេ យើងអត់មានអីផង ហើយកាលពីពេលចាប់ខ្ញុំហ្នឹងខ្ញុំគ្មានខុសអីផងហ្នឹង គ្រាន់តែកាន់កាមេរ៉ាថតហ្នឹង។ រូបភាពនៅតុលាការបានឃើញគ្រប់គ្នាថាខ្ញុំអត់មានទៅប៉ះអ្នកណាបានមួយដៃផងហ្នឹង»។
ក្នុងចំណោមអ្នកគាំទ្រ និងសកម្មជនគណបក្សគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ដែលជាប់ឃុំក្នុងសំណុំរឿងអំពើហិង្សាក្បែរទីលានប្រជាធិបតេយ្យនេះមាន២នាក់ ដែលបានផ្ដល់សម្ភាស លោក ទេព ណារិន និងលោក អ៊ុក ពេជ្រសំណាង និយាយថា បើទោះជាធ្លាប់ជាប់ទោសទាំងអយុត្តិធម៌អស់ជាច្រើនឆ្នាំក្ដីក៏ពួកគាត់មិនផ្លាស់ប្ដូរគំនិតទេ ពោលគឺនៅតែចង់ចូលរួមការងារសង្គម ឬជាមួយគណបក្សប្រឆាំង។ ក្នុងវ័យជាង ៥០ឆ្នាំ អតីតទាហានសម័យសាធារណរដ្ឋ ធ្លាប់ជាប់ពន្ធនាគារ ៣លើក និងរស់ក្នុងជីវភាពខ្វះមុខខ្វះក្រោយ។ លោក អ៊ុក ពេជ្រសំណាង អតីតសកម្មជនសង្គ្រោះជាតិ លោកចង់ត្រឹមមានរ៉ឺម៉កកង់បី ឬតុកតុក ដើម្បីបន្តការងារជួយសង្គមតាមរយៈដឹកជញ្ជូនដោយមិនគិតកម្រៃពីអ្នករងគ្រោះដោយបញ្ហាដីធ្លី អ្នកក្រីក្រព្រះសង្ឃ មន្ត្រី និងសកម្មជនអតីតបក្សប្រឆាំង។ លោកបានលក់រ៉ឺម៉កកង់បីចាស់ដែលធ្លាប់បំពាក់ឧបករណ៍បំពងសំឡេងសម្រាប់អោយអ្នកមានបញ្ហាទីធ្លីស្រែកតវ៉ានោះក្នុងពេលជាប់ពន្ធនាគារដោយសារខ្វះខាតជីវភាព៖ «កូនវាលក់កាលហ្នឹងបាន៥០០ តែខ្ញុំចាយអស់៣០០ហើយ ខ្ញុំយកទៅហូបក្នុងគុក។ ឥឡូវកំពុងតែនៅស្ងៀម ហើយព្រះសង្ឃកំពុងជួយអំពាវនាវបើមានបងប្អូនណាអាណិតលោក អ៊ុក ពេជ្រសំណាង បានអាតុកតុកវិញម៉ោ គ្រាន់បានដឹកព្រះសង្ឃ ដឹកអ្នកមានបញ្ហាដីធ្លី អ្នកអីផ្សេងៗទៅក្រែងលោកបានចិញ្ចឹមជីវិត។ បើអាចជួយសន្សំគ្នាម្នាក់មួយកាក់មួយសេន មួយរយ ឬហាសិបអី អោយបានតុកតុក និងមីក្រូហ្នឹងវិញ ខ្ញុំចេះតែបន្តជីវភាពទៅទៀត ហើយខ្ញុំមិនមែនមិនយកកម្រៃសោះទេ ខ្ញុំយកត្រឹមបានចាក់សាំងនៅភ្នំពេញម៉ាថ្ងៃមានទៅចាក់បួនដប់លីត្រឯណា ចាក់តែ៥លីត្រទៅសល់ខ្លះខ្ញុំចិញ្ចឹមខ្លួនបាន។ អស់លោកអើយនៅនេះ ខ្ញុំវាយតម្លៃអោយចុះគឺ១៥០០ (ដុល្លារ) គឺថ្មី ហើយពេលនេះខ្ញុំមាន៤០០ (ដុល្លារ) ក្នុងដៃ»។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថា ការចាប់ខ្លួនក្រុមយុវជន សកម្មជន និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងគឺជាការរំលោភសិទ្ធិសេរីភាពពលរដ្ឋ និងជាការគំរាមទៅដល់ពលរដ្ឋដទៃទៀតអោយរអារចំពោះការចូលរួម ឬគាំទ្របក្សប្រឆាំង៖ «ពិសេសនៅក្នុងពេលមានការឃុំខ្លួនម្ដងៗអ្វីដែលជាឧទាហរណ៍គឺអ្នកនយោបាយតែប្រាប់តៗគ្នាថា អោយមើលទៅគ្រួសារអោយចាំត្រចៀកថ្ងៃក្រោយ។ គូបដិបក្ខតែងតែធ្វើបែបហ្នឹង ហើយមិនមែនទើបតែសម័យឥឡូវនេះទេគឺមានជាច្រើនជំនាន់មកហើយ»។
បើទោះជាយ៉ាងណាលោក បណ្ឌិត មាស នី ថាការគំរាមកំហែងនេះពុំសូវមានឥទ្ធិពលឡើយដ្បិតអ្នកគាំទ្រគណបក្សប្រឆាំងពុំបានលះបង់ឆន្ទៈពួកគេឡើយ ដោយរង់ចាំតែឱកាសដែលអាចវិលដូចដើមវិញប៉ុណ្ណោះ៕
No comments:
Post a Comment