ដោយ មួង ណារ៉េត
2018-10-13
rfa

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីអំឡុងខែមីនា ឆ្នាំ២០១៥។ RFA
Photo: RFA
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ថាលោក ហ៊ុន សែន កំពុងតែយកសាកសពទាហានអាមេរិក មកធ្វើ ជាល្បែងនយោបាយ ដើម្បីជួយបិទបាំងបញ្ហារបស់មន្ត្រីអាមេរិកពីររូប ដែលកំពុងរងការរិះគន់ រឿងជួយប្រថាប់ត្រាការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា។ ប្រតិកម្មនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន ប្រកាសព្រមឲ្យបើកប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលលោក ហ៊ុន សែន អះអាងថាជាការឆ្លើយតបទៅនឹងសំណូមពររបស់មន្ត្រីអាមេរិកពីររូបនៅរដ្ឋ Washington State។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) កាលពីថ្ងៃទី១៣ ខែ តុលា សំដែងមន្ទិលការសង្ស័យទៅលើការសម្រេចចិត្តរបស់លោក ហ៊ុន សែន៖ «ជារឿងច្រឡើសបើសបំផុតមួយ ដែលលោក ហ៊ុន សែន យកកង្វល់របស់អាមេរិក អំពីអដ្ឋិធាតុ ទាហានអាមេរិក ដែលស្លាប់ក្នុងសង្គ្រាមនោះ បកប្រើក្នុងរូបភាពបែបនេះ។ ធាតុពិតលោក ហ៊ុន សែន គ្មានខ្វល់ទាល់តែសោះ រឿងឆ្អឹងសពរបស់ទាហានអាមេរិកនេះ។ ប៉ុន្តែលោក ហ៊ុន សែន កំពុងតែព្យាយាម រកវិធីជ្រោមមន្ត្រីអាមេរិកនៃរដ្ឋ Washington State ទាំងពីរនាក់នោះ ព្រោះអីកាលពីខែកក្កដា អ្នកទាំងពីរខំប្រឹងប្រញិបប្រញាប់ទៅភ្នំពេញ ដើម្បីទៅឃ្លាំមើលការបោះឆ្នោតក្លែងក្លាយ ដែលរៀបចំដោយរបបលោក ហ៊ុន សែន»។
សមាជិកព្រឹទ្ធសភាអាមេរិកពីរដ្ឋ Washington State លោក ដាហ្គ អេរិចសេន (Doug Ericksen) និង តំណាងរាស្ត្រលោក វ៉ាំងសង់ បាយស៍ (Vincent Buys) គឺជាមន្ត្រីអាមេរិកដ៏កម្រ ដែលបានទៅឃ្លាំមើលព្រឹត្តិការណ៍ កាលពីថ្ងៃទី២៩ ខែកក្កដា ដែលអង្គការសិទ្ធិមនុស្សចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ រួចហើយចេញសេចក្ដីថ្លែងការណ៍ គាំទ្រដំណើរការបោះឆ្នោតនោះ ស្របពេលដែលរដ្ឋាភិបាលអាមេរិក រដ្ឋសភាអាមេរិកទាំងមូល និងសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនផ្សេងទៀត ថ្កោលទោស និងដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន យ៉ាងដំណំរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ រួមទាំងការបោះឆ្នោត ដែលពួកគាត់រកឃើញថា មិនត្រូវនោះផង។
លោក ហ្វ៊ីល រ៉ូប៊ើតសុន ចាត់ទុកអ្នកនយោបាយអាមេរិកទាំងពីររូបនោះ ថាជាខោ្មច៖ «សមាជិកព្រឹទ្ធសភាអាមេរិកពីរដ្ឋ Washington State លោក ដាហ្គ អេរិចសេន និងតំណាងរាស្ត្រលោក វ៉ាំងសង់ បាយស៍ គឺស្ថិតក្នុងចំណោមប្រភេទ នៃអ្នកសង្កេតការណ៍ ខ្មោចឆៅ "zombie election monitors" ដែលគ្រាន់តែទៅដើម្បីប្រថាប់ត្រា ឲ្យការបោះឆ្នោតដែលមិនត្រឹមត្រូវនោះតែប៉ុណ្ណោះ។ ឥឡូវនេះ អ្នកទាំងពីរកំពុងជួបបញ្ហា នៅអាមេរិក ដោយសារតែម្ចាស់ឆ្នោតនៅតំបន់ពួកគាត់ កំពុងចោទសួររឿងនរណាអ្នកចេញលុយឲ្យទៅកម្ពុជា។ អ្នកទាំងពីរកំពុងគេចវេះមិនព្រមឆ្លើយការពិត អំពីអ្នកណាដែលនៅពីក្រោយ ក្នុងការចេញលុយថ្លៃសំបុត្រយន្តហោះ និងថ្លៃស្នាក់នៅសណ្ឋាគារប្រណីត និង ការចំណាយផ្សេងទៀតពេលទៅស្រុកខ្មែរនោះ»។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអន្តរជាតិរូបនេះ បន្តទៀតថា ការឆ្លើយឆ្លងគ្នារវាងលោក ហ៊ុន សែន និងមន្ត្រីអាមេរិកទាំងពីរ ដោយយករឿងអដ្ឋិធាតុទាហានអាមេរិក មកធ្វើជាសម្អាង ដើម្បីស្ដារទង្វើមិនគប្បីរបស់ខ្លួនបែបនេះ គឺគ្មានអ្វីក្រៅពីចង់លុបលាងកំហុសឲ្យមន្ត្រីនោះតែប៉ុណ្ណោះ៖ «ពួកគេទំនងជា ងាកមករកលេសនយោបាយ ដើម្បីបិទបាំងបញ្ហាទាំងនេះ ដោយរត់រកមេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន ឲ្យជួយរឿងនេះ។ ក្នុងន័យនេះ បញ្ជាក់បានថា លោក ហ៊ុន សែន កំពុងតែយកសាកសពទាហានអាមេរិក មកធ្វើជាល្បែងនយោបាយ ដើម្បីជាថ្នូរដោះដូរ នឹងការជួយបិទបាំងបញ្ហា របស់មន្ត្រីអាមេរិកទាំងនោះ»។
លោក ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែតុលា បានប្រកាសយល់ព្រមជាឯកតោភាគី ចាប់ផ្ដើមប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានស្លាប់ និងបាត់ខ្លួននៅក្នុងសង្គ្រាម នៅប្រទេសកម្ពុជា ឡើងវិញ។ ការប្រកាសនេះ ធ្វើឡើងនៅលើគេហទំព័រហ្វេសប៊ុក (Facebook) របស់លោក ដោយលោកអះអាងថា ជាការឆ្លើយតបទៅនឹងសំណើឯកជន របស់សមាជិកសភាសមាជិកព្រឹទ្ធសភា អាមេរិកពីរដ្ឋ Washington លោក ដាហ្គ អេរិចសេន និងតំណាងរាស្ត្រលោក វ៉ាំងសង់ បាយស៍។
ការសម្រេចដោយឯកតោភាគី ដោយសម្អាងថា ធ្វើតាមសំណើឯកជន របស់សមាជិកសភាអាមេរិកនេះ គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោក ហ៊ុន សែន ធ្លាប់អះអាងយ៉ាងដាច់អហង្កាថា មិនឱនក្បាល ចុះញ៉មក្រោមសម្ពាធបរទេសនោះឡើយ។ លោក ហ៊ុន សែន ថ្លែងកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ ថា បើអាមេរិកមិនព្រមលុបចោល ការបិទទិដ្ឋាការលើមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាទេ នោះលោកនឹងមិនព្រមឲ្យរុករកអដ្ឋិធាតុទាហានអាមេរិកនេះវិញ ជាដាច់ខាត៖ «យើងនឹងបើកឲ្យដំណើរការឡើងវិញ នូវការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលនៅបន្តបាត់ខ្លួន ៤៩ នាក់ ក្នុងលក្ខខណ្ឌដែលអាមេរិកនឹងផ្ទល់ឲ្យយើងត្រឡប់មកវិញ នូវអ្វីដែលអាមេរិកយកពីយើង។ យើងត្រៀមខ្លួននឹងផ្ទល់កិច្ចសហការត្រឡប់ទៅវិញ នៅពេលអ្នកឯងឲ្យអាហ្នឹងមកខ្ញុំវិញ។ វាចប់គ្នាហើយ វានៅមានរឿងអីទៀត»។
ប៉ុន្តែ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មិនត្រឹមតែមិនលុបចោលការបិទទិដ្ឋាការ លើមន្ត្រី ក្រសួងការបរទេស របស់របបលោក ហ៊ុន សែន ប៉ុណ្ណោះទេ អាមេរិកថែមទាំងបន្ថែមការបិទទិដ្ឋាការ នេះ រហូតដល់មន្ត្រីនៅជួររបបនេះទាំងអស់ ដែលអាមេរិកចាត់ទុកថា ជាអ្នកបានរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។
អាមេរិកចាប់ផ្ដើមបិទទិដ្ឋាការ ដំបូងលើមន្ត្រីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល កាលពីខែសីហា ឆ្នាំ២០១៧ ក្រោយអាមេរិករកឃើញថា របបលោក ហ៊ុន សែន មិនអនុវត្តតាមកិច្ចព្រមព្រៀងទទួលពលរដ្ឋខ្មែរ ដែលបានជាប់ទោសរួចនៅអាមេរិក។ ភ្លាមៗនោះ គឺនៅខែកញ្ញា ឆ្នាំ២០១៧ របបលោក ហ៊ុន សែន បានផ្អាកជាបណ្ដោះអាសន្ន នូវប្រតិបត្តិការ រុករកអដ្ឋិធាតុនេះ ដើម្បីសងសឹកអាមេរិក រឿងដាក់ទណ្ឌកម្មបិទទិដ្ឋាការមន្ត្រីក្រសួងការបរទេស។
អ្នកវិភាគឯករាជ្យ គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ មានសុទិដ្ឋិនិយមថា វិបត្តិនយោបាយខ្មែរ នឹងអាចឈានទៅរកដំណោះស្រាយមួយ ដើម្បីបញ្ចៀសទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថារបបលោក ហ៊ុន សែន កាន់តែបង្ហាញតម្រុយ នៃការរងសម្ពាធ ដើម្បីរកដំណោះស្រាយនយោបាយឆាប់ៗ តាមរយៈសកម្មភាពថ្មីៗមួយចំនួន ដូចជាការបង្ហើបពីមន្ត្រីបក្សកាន់អំណាច អំពីការចរចាក្រោមតុ ជាមួយប្រទេសនៃសមាជិកសហភាពអឺរ៉ុប និងការវិវត្តចុងក្រោយ អំពីការកាត់បន្ថយអរិភាពជាមួយសហរដ្ឋអាមេរិក៖ «ខ្ញុំគិតថា ដូចជាមានចលនាជំរុញទៅរកការដោះស្រាយ។ កាលណាមានការចរចា គឺជាការចាប់ផ្ដើមហើយ។ កាលពីមុនសម្ដេចតេជោ ដូចជាដាច់អហង្ការ ថា មិនឱនក្បាល ប៉ុន្តែមានគ្នីគ្នាគាត់និយាយអំពីការចរចាដែរ»។
ចំណែកឯអ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ឃើញថា របបលោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីស្ដារទំនាក់ទំនងល្អឡើងវិញ ជាមួយប្រទេសលោកសេរី ព្រោះកម្ពុជា មិនអាចរស់ដោយពឹងផ្អែកតែទៅលើប្រទេសកុម្មុយនិស្ត ដូចជាប្រទេសចិន នោះបានឡើយ។ លោកប្រដូចប្រទេសចិន ទៅនឹងមេមាន់ ឯកម្ពុជាទៅនឹងកូនទា ដែលក្នុងស្ថានភាពមេមាន់បណ្ដើរកូនទាបែបនេះ គឺមិនអាចទៅរួចនោះទេ។ ការស្ដារទំនងទំនងល្អឡើងវិញជាមួយប្រទេសលោកសេរីនេះ អាចធ្វើទៅបាន លោកបណ្ឌិត មាស នី យល់ឃើញថា គឺទាល់តែរបបលោក ហ៊ុន សែន ត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងអំពីការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ៕
No comments:
Post a Comment