ដោយ យន់ សាមៀន
2018-10-27
rfa

អ្នកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
រូបពីទំព័រហ្វេសប៊ុករបស់ UNOHCHR
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងសិទ្ធិមនុស្សគ្រោងនឹងយកបញ្ហារំលោភសិទ្ធិ និងការរំលោភបំពានលើក្មេងស្រីប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលចុងខែតុលានេះ។
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងសិទ្ធិមនុស្សរំពឹងថា កង្វល់របស់ពួកគេនឹងត្រូវបានអ្នកស្រី រ៉ូណា ស្មីត យកចិត្តទុកស្តាប់ និងរកវិធីដោះស្រាយព្រោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះ។ ពួកគេក៏រំពឹងថា របបក្រុងភ្នំពេញនឹងទទួលយកអនុសាសន៍របស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយសារតែរបបនេះកន្លងមកតែងតែបដិសេធនូវរបាយការណ៍សិទ្ធិមនុស្ស។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ឲ្យអាស៊ីសេរីដឹងថា អ្វីដែលអង្គការលីកាដូនឹងជម្រាបទៅអ្នកស្រី រ៉ូណា ស្មិត នោះ គឺការចង់ឲ្យរបបក្រុងភ្នំពេញគោរពសិទ្ធិមនុស្សឡើងវិញ៖ «យើងអាចនិយាយអំពីការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សធ្វើយ៉ាងណាឲ្យដើរទន្ទឹមគ្នាបញ្ហាសំខាន់យើងចង់លើកធ្វើយ៉ាងណាឲ្យសិទ្ធិមនុស្សវិលទៅរកភាពដើមវិញ»។
លោក អំ សំអាត យល់ថា វត្តមានរបស់អ្នកស្រី រ៉ូណា ស្មីត ដែលនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាពេលនេះ មានសារៈសំខាន់ណាស់ព្រោះរបបក្រុងភ្នំពេញកំពុងទទួលរងសម្ពាធសហគមន៍អន្តរជាតិឲ្យស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
ដោយឡែក នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព លើកឡើងថា ប្រសិនបើអ្នកស្រីមានឱកាសជួបអ្នកស្រី រ៉ូណា ស្មីតមែននោះ អ្នកស្រីនឹងលើកឡើងពីកង្វល់នៃអំពីអំពើហិង្សាលើស្ត្រី និងកុមារី ដែលកំពុងកើតឡើងសព្វថ្ងៃក្នុងសង្គមកម្ពុជា មិនទាន់ដោះស្រាយឲ្យមានប្រសិទ្ធភាពនៅឡើយទេ៖ «យើងចង់ឃើញការដោះស្រាយ ឬការជជែកធ្វើយ៉ាងណាឲ្យបញ្ហាទាំងអស់ហ្នឹងត្រូវបានបញ្ឈប់ ឬថយចុះដោយសារយើងឃើញអំពើហិង្សាកើតឡើងប៉ុន្តែដំណោះស្រាយឲ្យមានលក្ខណៈល្អប្រសើរ»។
អ្នកស្រី រស់ សុភាព ស្នើទៅរបបក្រុងភ្នំពេញគួរតែទទួលយកការលើកឡើងពីកង្វល់របស់អ្នកស្រី រ៉ូណា ស្មីត ព្រោះអ្នកស្រីសង្កេតឃើញថា របបលោក ហ៊ុន សែន បានបដិសេធអនុវត្តតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីពេលកន្លងមក៖ «មានការព្រួយបារម្ភមែនទែនហើយខ្ញុំនិយាយនេះមិនមែនមានន័យថាចង់អោយរដ្ឋាភិបាលអាក្រក់ទេ ប៉ុន្តែចង់ឲ្យមន្ត្រីរដ្ឋាភិបាលដែលមានតួនាទីក្នុងការសម្រេចចិត្ត និងការអនុវត្តច្បាប់ទៅលើសេចក្ដីសុខរបស់ពលរដ្ឋត្រូវពិចារណាលើបញ្ហាហ្នឹង»។
អ្នកស្រី រ៉ូណា ស្មីត នឹងមកកម្ពុជា ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកស្រីគ្រោងជួបមន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន តំណាងមន្ត្រីសង្គមស៊ីវិល និងអ្នកការទូតនៅកម្ពុជា។ មុនពេលអ្នកស្រីចាកចេញពីកម្ពុជាអ្នកស្រីនឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះហើយ អ្នកស្រីនឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាទៅអង្គការសហប្រជាជាតិខែកញ្ញា ឆ្នាំ២០១៩ខាងមុខ៕
No comments:
Post a Comment