ដោយ មួង ណារ៉េត
2018-10-28
rfa

ពិធីសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកម្មកររោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។
Photo courtesy of Hun Sen Facebook page
កម្មករក្នុងវិស័យកាត់ដេរ សម្ដែងការព្រួយបារម្ភអំពីរឿងស្ថិរភាពការងាររបស់ពួកគេ ខណៈដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបចេះតែដំណើរការទៅមុខ ប៉ុន្តែរបបលោកហ៊ុន សែន ហាក់មិនមានដំណោះស្រាយច្បាស់លាស់។ កម្មកររោងចក្រ និងសហជីព ស្នើសុំឲ្យរបបលោក ហ៊ុន សែន គួរតែគោរពតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីជៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធហើយ អាចរក្សាស្ថិរភាពការងាររបស់កម្មករបាន។
កម្មកររោងចក្រកាត់ដេរ លើកឡើងថា ប្រសិនបើការងាររបស់ពួកគាត់បាត់បង់ ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ នាពេលខាងមុខមែននោះ គឺប្រាកដជាប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិត និងជីវភាពគ្រួសាររបស់ពួកគាត់ ព្រោះពួកគាត់ភាគច្រើន ពិបាកវិលត្រឡប់ ទៅធ្វើរបរកសិកម្មឡើងវិញណាស់។ ក្តីបារម្ភរបស់កម្មករនេះ ដោយសារតែសហភាពអឺរ៉ុប កំពុងអនុវត្តនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ“ទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ឬ EBA” ពីកម្ពុជា ដោយសារបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបប្រកាសឱសានវាទ ឲ្យរបបលោក ហ៊ុន សែន ស្តារស្ថានភាពអាក្រក់នេះឡើងវិញ ឲ្យបានក្នុងរយៈពេលប៉ុន្មានខែ ខាងមុខទៀតនេះ។ បើមិនដូច្នេះទេ វិធានការណ៍តឹងរ៉ឹងនេះ នឹងអនុវត្តជាក់ជាមិនខាន។
កម្មកររោងចក្រមួយរូបនៅក្រុងបាវិត ខេត្តស្វាយរៀង រៀបរាប់ថា កម្មករកំពុងព្រួយបារម្ភ និងជជែកគ្នាមិនដាច់ និងយ៉ាងផុលផុស នៅតាមរោងចក្រ អំពីរឿងស្ថិរភាពការងាររបស់ពួកគាត់នេះ នៅពេលមានការផ្សព្វផ្សាយថា កម្មករអាចប្រឈមបាត់បង់ការងារ ដោយសារសហភាពអឺរ៉ុប គ្រោងដកប្រព័ន្ធអនុគ្រោះ ពន្ធពីកម្ពុជា ប្រសិនបើរបបលោក ហ៊ុន សែន មិនដោះស្រាយវិបត្តិនយោបាយ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ និងសិទ្ធិកម្មករជាដើម៖ «ខ្ញុំព្រួយបារម្ភព្រោះថា កម្មកររបស់យើងរាប់ម៉ឺននាក់ពឹងផ្អែកលើវិស័យកាត់ដេរតែរដ្ឋាភិបាលគាត់អត់ព្រួយបារម្ភទេ ដោយសារឈ្លក់នឹងអំណាចហើយ។ កម្មករបាត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ ដោយសារចេញមួយចាប់មួយចេញពីរចាប់ពីរ។ ក្នុងនាមជាកម្មករមួយរូបសូមស្នើអោយសម្ដេច ហ៊ុន សែន កែប្រែឥរិយាបថ ដើម្បីជៀសផុតពីទណ្ឌកម្មផ្សេងៗ។ សូមចាត់ទុកប្រជាពលរដ្ឋជាធំ កុំយកអំណាចធ្វើអោយបាត់សិទ្ធិប្រជាពលរដ្ឋ និងជាតិខ្មែរទាំងមូលដោយសារប្រជាពលរដ្ឋពឹងខ្លាំងទៅលើអ្នកនយោបាយ ២ទៅ ៣រយនាក់ហ្នឹង ហើយ២ទៅ៣រយនាក់នាក់នេះ គិតតែអំណាច មិនគិតជាតិនិងពលរដ្ឋ គឺធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេលើពលរដ្ឋ»។
កម្មការនីរោងចក្រម្នាក់ទៀត រៀបរាប់ដែរថា កម្មកររោងចក្រមួយចំនួន បានដឹងរួចហើយអំពីរឿងសហគមន៍អន្តរជាតិ ដែលមានគម្រោងដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ហើយនឹងផ្ដល់ផលប៉ះពាល់ ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសកម្មកររោងចក្រ។
កម្មការិនីរូបនេះ បន្តថា ជីវិត និងជីវភាពគ្រួសារពួកគាត់ នឹងជួបការលំបាក បើគ្មានការងាររោងចក្រទេនោះ ព្រោះសព្វថ្ងៃពួកគាត់ ពឹងពាក់ស្ទើរទាំងស្រុងលើប្រាក់ខែរោងចក្រ ដើម្បីចិញ្ចឹមកូន និងឪពុកម្ដាយចាស់ជរានៅផ្ទះ។ កម្មករភាគច្រើន មិនអាចវិលត្រឡប់ ទៅធ្វើស្រែចម្ការវិញបានឡើយ ព្រោះ អ្នកខ្លះគ្មានដីស្រែចម្ការ ហើយអ្នកខ្លះទៀត ទោះបីមានដីស្រែចម្ការ ក៏គ្មានទីផ្សារសម្រាប់លក់កសិផល អោយបានតម្លៃខ្ពស់ដែរ៖ «ប៉ះពាល់ខ្លាំងក្នុងជីវភាពគ្រួសារ អត់លុយចិញ្ចឹមកូន អត់លុយអោយកូនរៀន។ និយាយរួមលំបាកគ្រប់មុខ។ អ្នកខ្លះមានស្រែអ្នកខ្លះគ្មានស្រែ ហើយធ្វើស្រែបានផលមិនគ្រប់គ្រាន់ គឺបានត្រឹមតែហូបខ្លះៗ»។
មិនខុសគ្នាប៉ុន្មាននោះឡើយ កម្មកររោងចក្រមួយរូបទៀត រៀបរាប់ថា ប្រសិនបើរោងចក្របិទទ្វារ ដោយសារបញ្ហាសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធមែននោះ គឺកម្មកររាប់ម៉ឺននាក់ នឹងគ្មានការងារធ្វើដើម្បីចិញ្ចឹម គ្រួសារនិងដោះបំណុលធនាគារនោះទេ។ ម្យ៉ាងទៀត ការវិលទៅចាប់ផ្ដើមធ្វើស្រែចម្ការវិញ ក៏មិនបានផលច្រើន សម្រាប់ដោះស្រាយជីវភាពនោះដែរ។ កម្មកររូបនេះ បន្តថា ប្រសិនបើរបបលោក ហ៊ុន សែន ពិតជាគិតគូរដល់សុខទុក្ខរបស់កម្មករ-កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋខ្មែរមែននោះ គួរតែគោរពតាមលក្ខខណ្ឌរបស់សហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុប ព្រោះលក្ខខណ្ឌទាំងនោះ មិនលំបាកគោរពនោះឡើយ ដោយគ្រាន់តែយល់ព្រមដោះស្រាយបញ្ហានយោបាយ គោរពសិទ្ធិមនុស្ស និងគោរពសិទ្ធិកម្មករជាដើមតែប៉ុណ្ណោះ៖ «ខ្ញុំគិតថា អត់លំបាកទេ ប្រសិនបើគាត់ស្រលាញ់ប្រជាពលរដ្ឋ កម្មករ និងកូនខ្មែរគឺគាត់គួរតែសហការគ្នាចាប់ដៃគ្នាសម្លឹងទៅមុខ ដើម្បីអោយប្រជាពលរដ្ឋយើងសំបូរសប្បាយ និងមានសន្តិភាពពិតប្រាកដ។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋភ័យខ្លាចក្នុងការនិយាយស្ដី»។
មិនត្រឹមតែកម្មករទេ ដែលខ្វល់ពីអនាគតរបស់ពួកគេ ខាងភាគីរោងចក្រក៏បារម្ភអំពីបញ្ហានេះខ្លាំងណាស់ដែរ។ ប្រធានសមាគមរោងចក្រកាត់ដេរហៅកាត់ថា GMAC លោក ខេន លូ កាលពីថ្ងៃ ទី២០តុលា ក៏បានលើកឡើងថា ការព្យួរបណ្ដោះអាសន្ន នៃគម្រោងផ្ដល់ការអនុគ្រោះពន្ធ EBA ឬទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់ជីវិតរបស់កម្មករ និងគ្រួសាររបស់ពួកគេ ហើយលោកព្រមានថា ភាពរីកចម្រើនទាំងអស់ ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះ អាចនឹងត្រូវបានបំផ្លាញយ៉ាងលឿន។ អាស៊ីសេរី មិនអាចសុំការពន្យល់ ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ កាលពីថ្ងៃទី២៧ តុលា ដោយសារលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន អះអាងថា របបលោក នឹងមិនប៉ះពាល់ទេ អ្នកដែលប៉ះពាល់ខ្លាំងជាងគេ គឺថៅកែរោងចក្រដែលអាចបាត់បង់ប្រាក់ចំណេញ។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន ហាក់នៅមិនទាន់បង្ហាញសញ្ញាណចុះញ៉មតាមការស្នើសុំរបស់សហភាពអឺរ៉ុបនៅឡើយទេ ទោះបីសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយនេះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យរោងចក្រកាត់ដេរនេះ។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា កម្មករពិតជាមានក្តីព្រួយបារម្ភខ្លាំងមែនអំពីស្ថិរភាពការងាររបស់ពួកគាត់ និងបានស្នើសុំអោយសហជីពជួយដោះស្រាយផងដែរ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា អ្នកដែលមានសិទ្ធិសម្រេចចិត្តនៅក្នុងរឿងនេះ គឺរបបលោក ហ៊ុន សែន មិនមែនពួកគាត់នោះទេ។ លោកស្រី យល់ថា ប្រសិនបើរបបលោក ហ៊ុន សែន ចង់ចៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធនោះ គឺមិនលំបាកឡើយ ពោលគឺគ្រាន់តែគោរពតាមលក្ខខណ្ឌរបស់ សហភាពអឺរ៉ុប ដូចជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងសេរីភាពកម្មករឡើងវិញ នោះគឺជាការស្រេច៖ «ខ្ញុំមានតែស្នើសុំយ៉ាងទទូចទៅរដ្ឋាភិបាល សូមពិចារណាឡើងវិញនូវចំណុចនេះឡើងវិញ ព្រោះការសម្រេចចិត្តរបស់គាត់ អាចជួយរួមចំណែក ដល់កម្មករនិងប្រជាពលរដ្ឋច្រើន។ ចំណុចនេះវាធំធេង ហើយបើគាត់មិនគិតគូរចំណុចនេះគឺលំបាកហើយសម្រាប់ប្រជាពលរដ្ឋយើង។ ខ្ញុំមិនចង់អោយស្ថានភាពនយោបាយមួយដែលធ្វើទៅ បង្ហាញចេញពីម្នាក់ៗចង់យកឈ្នះរៀងៗខ្លួន ។ខ្ញុំគិតថា មនុស្សកន្លែងគួរតែហ៊ានចុះចាញ់ដើម្បីមនុស្សដែលយើងស្រលាញ់ ដើម្បីក្រុមគ្រួសាររបស់យើង និងប្រទេសជាតិរបស់យើងដែរ។ តែបើយើងធ្វើនយោបាយអត់ហ៊ានចាញ់ ខ្ញុំគិតថា លំបាកណាស់ក្នុងការទទួលបានការគាំទ្រព្រោះមិនហ៊ានចាញ់ដើម្បីប្រជាពលរដ្ឋផង»។
សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ឲ្យដឹងថា វិស័យកាត់ដេរកម្ពុជាបានផ្ដល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់ ដែលជាង៨៥%ជាស្ត្រីមកពីបណ្ដាខេត្ត និងជនបទ ហើយប្រជាពលរដ្ឋ ២លាននាក់ដទៃទៀត ទទួលផលដោយប្រយោលពីវិស័យនេះ។
បច្ចុប្បន្ននេះ ប្រាក់ឈ្នួលគោលកម្មករ ក្នុងវិស័យកាត់ដេរទូទាំងប្រទេស គឺ ១៧០ដុល្លារក្នុងមួយខែ ដែលគ្រោងនឹងដំឡើងដល់ ១៨២ដុល្លារ នៅដើមឆ្នាំ ២០១៩។ ប្រាក់ខែប៉ុណ្ណេះ ខាងសហជីពកម្មករ នៅតែចាត់ទុកថា មានកម្រិតទាប ដែលមិនទាន់អាចឆ្លើយតបទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករ បានផង កុំថាឡើយដល់អស់ការងារធ្វើ ពេលសហភាពអឺរ៉ុបឈប់ផ្ដល់ការអនុគ្រោះពន្ធ៕
No comments:
Post a Comment