ដោយ វ៉ែន សុមេធ
2018-10-23
rfa

យិកាប្រតិបត្តិអង្គការសីលការ និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃឹះ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ RFA
Photo: RFA
សង្គមស៊ីវិល សហជីព ឲ្យដឹងថា ឆ្នាំនេះ ពួកគាត់មិនបានប្រារព្ធខួបទី២៧ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា នៅទីក្រុងភ្នំពេញទេ ដោយសារតែពិបាកសុំច្បាប់ពីអាជ្ញាធរ និងមិនដែលទទួលបានការឆ្លើយតបជាវិជ្ជមានពីរបបក្រុងភ្នំពេញ ក្រោយការរំលឹកខួបនេះ។ ចំណែកភាគីរបបក្រុងភ្នំពេញ ថា បើទោះជាមិនបានប្រារព្ធខួប ២៣ តុលា តែមន្ត្រីនៃរបបនេះ បានខិតខំពន្យល់ពលរដ្ឋខ្លាំងណាស់ ពីអំពីប្រវត្តិកិច្ចព្រមព្រៀងនេះ។
នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃឹះ ឲ្យដឹងថា នៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល មិនបានផុលផុសប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ដូចរាល់ឆ្នាំទេ ដោយសារ មានការលំបាកក្នុងការស្នើសុំប្រារព្ធពិធី ហើយក៏បានស្នើទៅកាន់របបក្រុងភ្នំពេញ ទាមទារឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពនេះ៖ «ខ្ញុំជឿថា សង្គមស៊ីវិល(NGO)គាត់នឹងធ្វើ ប៉ុន្តែមកដល់ ឥលូវ(NGO)មិនបានធ្វើនោះទេ ដោយសារមានការលំបាកក្នុងការធ្វើ និងសុំច្បាប់ព្រោះមិនដែលមានលទ្ធផលក្នុងការឆ្លើយតបនោះទេខាងយើងធ្វើទៅគ្មានការប្រតិកម្ម ឬឆ្លើយតបអ្វីវិញនោះឡើយយើងធ្វើកាលពីឆ្នាំទៅ និងកាលពីឆ្នាំទៅមួយ យើងធ្វើប៉ុន្តែឆ្នាំនេះយើងអត់ធ្វើ»។
ថ្ងៃទី២៣ តុលានេះ ជាគំរបបខួប២៧ឆ្នាំ នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅកម្ពុជា របស់ក្រុមចលនាក្រុមប្រដាប់អាវុធខ្មែរ ៤ក្រុម កាលពីឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមការសម្របសម្រួលពីសហគមន៍អន្ដរជាតិ។ ក្រុមចលនាប្រដាប់អាវុធខ្មែរទាំង៤ក្រុម ពេលនោះ គឺ ក្រុមចលនាហ៊្វុនស៊ិនប៉ិចរបស់ ព្រះបាទ នរោត្តម សីហនុ ក្រុមចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ លោក សឺន សាន កម្ពុជាប្រជាធិបតេយ្យរបស់ក្រុមមេដឹកនាំខ្មែរក្រហម និងរបបរដ្ឋកម្ពុជា របស់ លោក ហ៊ុន សែន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បញ្ជាក់ថា នៅឆ្នាំនេះ ខាងសហជីពមួយចំនួន មិនបានប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ដូចរាល់ឆ្នាំទេ ដោយសាររវល់នឹងកិច្ចការផ្សេង ខណៈដែលសហជីព ក៏ពិបាកក្នុងការសុំច្បាប់ជួបជុំជាងរាល់ឆ្នាំ ដូចសង្គមស៊ីវិលដែរ៖ «រាល់ឆ្នាំគឺមានខាងសហជីពហើយនឹងខាង(NGO) និងយើងនាំគ្នាមានពេលវេលាធ្វើដល់មកដល់ឆ្នាំនៅ យើងមានតែការផ្ដោតលើកិច្ចប្រជុំ សិទ្ធិសេរីភាព ការទាមទារផ្សេងៗម្នាក់ចេះតែរវល់រៀងៗខ្លួនទៅយើងក៏មិនបានធ្វើទៅ»។
សង្គមស៊ីវិល និងសហជីព ពេញចិត្តដែលរបបក្រុងភ្នំពេញ បានអនុញ្ញាតដាក់បញ្ចូលថ្ងៃទី២៣ តុលា ជាទិវាបុណ្យជាតិ និងបានអនុញ្ញាតឲ្យពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាក។ ប៉ុន្តែ ពលរដ្ឋឲ្យដឹងថា ពួកគេមិនពេញចិត្តនឹងរបបក្រុងភ្នំពេញ ដែលមិនបានចងបដា ពាក្យស្លោក នៅតាមមុខ ក្រសួងស្ថាប័នរដ្ឋ សម្រាប់រំលឹក ទិវាបុណ្យជាតិ ២៣ តុលា នោះទេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទទួលស្គាល់ថា មិនបានឃើញបដា ឬ ពាក្យស្លោក ត្រូវបានដាក់តាំងនៅមុខក្រសួង ស្ថាប័នរដ្ឋ ហើយរបបក្រុងភ្នំពេញក៏មិនបានប្រារព្ធពិធីរំលឹក ខួប២៧ឆ្នាំ នៅថ្ងៃទី២៣ តុលា នេះដែរ។ ប៉ុន្តែ របបនេះ បានព្យាយាមពន្យល់ពលរដ្ឋច្រើនណាស់ ពីគុណបំណាច់ និងប្រវត្តិដែលបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១នោះដែរ។
លោក ផៃ ស៊ីផាន អះអាងថា ការណ៍ដែលអាជ្ញាធររឹតបន្តឹង ព្រោះកន្លងមកមានក្រុមខ្លះ បានបំភ្លៃអត្ថន័យរបស់កិច្ចព្រមព្រៀងសន្តិភាព២៣ តុលា។ ប៉ុន្តែ លោកប្រកែក មិនបញ្ជាក់ថា ក្រុមណាទេ៖ «ដោយសារតែក្រុមទាំងអស់នោះតែងតែ បំផ្លើសនៃស្មារតីនៃកិច្ចព្រមព្រៀងគេយកកិច្ចព្រមព្រៀងនេះជានយោបាយដើម្បីធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំយល់ខុស និងប្រឆាំងសណ្ដាប់ធ្នាប់សង្គម ខ្ញុំមិនចាំបាច់និយាយចំនោះ ទេ ថាក្រុមណានោះជាអ្នកសារព័ត៌មានលោកដឹងហើយតើថាក្រុមណានោះខ្ញុំមិនបញ្ជាក់ទេ ក្រុមណា ក៏ដោយអោយតែនិយាយបន្លំពីប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងជម្លោះប្រដាប់អាវុធនោះ»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៩ តុលា ថា កិច្ចព្រមព្រៀង
សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជាមរតករបស់លោកផ្ទាល់។ អ្នកវិភាគ ថា លោក ហ៊ុន សែន ចង់កេងចំណេញនយោបាយប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលត្រីភាគី របស់ព្រះបាទ នរោត្តម សីហនុ លោក សឺន សាន និងក្រុមខ្មែរក្រហម ជាអ្នកស្នើ ឲ្យបង្កើតកិច្ចព្រមព្រៀង២៣ តុលា នេះ ឯភាគីរដ្ឋកម្ពុជា ដឹកនាំដោយ ក្រុម លោក ហ៊ុន សែន និង លោក ហេង សំរិន មិនចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ទេ ព្រោះរដ្ឋាភិបាលប្រចាំទីក្រុងភ្នំពេញ កាលណោះ ដឹកនាំដោយរបបរដ្ឋកម្ពុជាបែបកុម្មុយនិស្ត៕
No comments:
Post a Comment