ដោយ មាន ឫទ្ធិ
2018-10-18
rfa

ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅកាត់លោក អាឡិច ក្នុងវីដេអូដែលបង្ហាញពីភាពមិនប្រក្រតីដែលអង្គការលោកទើបនឹងរកឃើញ ពាក់ព័ន្ធនឹងការនាំចូលមាសដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃរហូតដល់ទៅ ១ ម៉ឺន ៥ ពាន់លានដុល្លារអាមេរិក ពីសិង្ហបុរី ក្នុងចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។
Photo Screenshot
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson) ហៅកាត់ថា អាឡិច កាលពីថ្ងៃទី១៧ តុលា បានប្ដឹង ជាផ្លូវការហើយ ទៅកាន់អាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី ជុំវិញភាពមិនប្រក្រតីសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៃការនាំមាសចេញពីសិង្ហបុរី ទៅកម្ពុជា ដែលមានតម្លៃដល់ទៅ ១ ម៉ឺន ៥ពាន់លានដុល្លារអាមេរិក។ លោក អាឡិច ស្នើឲ្យអាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី បើកការស៊ើបអង្កេតហ្មត់ចត់មួយចំពោះភាពមិនប្រក្រតីនេះ ព្រោះករណីនេះអាចមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរក្នុងតំបន់ ដោយប្រើប្រទេសកម្ពុជាជាឈ្នាន់។
លោក អាឡិច សរសេរក្នុងពាក្យបណ្ដឹងដោយស្នើឲ្យអាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី បើកការស៊ើបអង្កេតដោយហ្មត់ចត់មួយ លើភាពមិនប្រក្រតីនៃការនាំចូលមាសនេះ ដោយសង្ស័យថា ករណីនេះ ជាការប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏គួរឲ្យសង្ស័យបំផុត។ ពាក្យបណ្ដឹងនេះ ធ្វើឡើងក្រោយពីស្ថាបនិកអង្គការមាតាធម្មជាតិរូបនេះ បានទុកពេលវេលាឲ្យរបបក្រុងភ្នំពេញ ចេញមុខពន្យល់ និងផ្ដល់ភស្តុតាង ស្រាយបំភ្លឺចំពោះករណីភាពមិនប្រក្រតីនៃការនាំចូលមាសសុទ្ធនេះ ក្នុងរយៈពេល ២សប្តាហ៍ ក្រោយពីលោកបានបញ្ចេញវីដេអូឃ្លីបខ្លីមួយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១ តុលា បង្ហាញភស្តុតាងពីការរកឃើញនេះ ក៏ប៉ុន្តែពុំទទួលបានការឆ្លើយតបសមស្របណាមួយពីរបបក្រុងភ្នំពេញ ជាពិសេសពីស្ថាប័នពាក់ព័ន្ធ រួមមានធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
លោក អាឡិច បានគូសបញ្ជាក់ក្នុងពាក្យបណ្តឹងរបស់លោកថា ការណ៍ដែលរបបក្រុងភ្នំពេញ មិនបានកត់ត្រានូវតួលេខពិតប្រាកដនៃការនាំចូលមាសនេះ បើទោះជា កម្ពុជា ជាប់កាតព្វកិច្ចត្រូវធ្វើដូច្នេះក៏ដោយ ជាមួយនឹងកិត្តិសព្ទអាក្រក់របស់ប្រទេសនេះ ដែលជាឋានសួគ៌នៃអំពើលាងលុយកខ្វក់ អំពើពុករលួយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុដទៃទៀត នឹងបង្កើនឱកាសឲ្យឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរ អាចកើតមានឡើង ដោយសារតែជំនួញពាណិជ្ជកម្មរវាង សិង្ហបុរី និងកម្ពុជានេះ។ លោក អាឡិច សង្ឃឹមថា លោកមានភស្តុតាងដាក់បន្ទុកដែលមានទម្ងន់គ្រប់គ្រាន់ ដើម្បីអាចជំរុញឲ្យអាជ្ញាធរសិង្ហបុរី ចាត់ការ និងបើកការស៊ើបអង្កេតលើសំណុំរឿងមួយនេះ៖ «តាមខ្ញុំគិត ប្រាកដជាអ៊ីចឹង ព្រោះយើងឃើញថា កិត្តិនាម ឬកិត្តិយសរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាប្រទេសដែលមានអំពើពុករលួយច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផង ហើយជាប្រទេសដែលក្រសួងការបរទេសអាមេរិក ចាត់ទុកថា ជាឋានសួគ៌នៃការលាងលុយកខ្វក់ រួមគ្នាជាមួយនឹងបាត់មាសផង បាត់ខ្សាច់ផង។ សម្រាប់ខ្ញុំគឺវាលើសពីគ្រប់គ្រាន់ហើយ តែខ្ញុំមិនទាន់អាចវិនិច្ឆ័យថាតើប្រទេសសិង្ហបុរី ជាពិសេសរដ្ឋាភិបាលរបស់សិង្ហបុរី គេនឹងចាត់ការ ឬមិនចាត់ការ នោះខ្ញុំមិនទាន់ហ៊ាននិយាយទេ»។
លោក អាឡិច សង្ឃឹមថា ការប្ដឹងផ្ដល់របស់លោកនេះ គឺជាការផ្ញើសារដាស់តឿនមួយ ដល់របបលោក ហ៊ុន សែន ដែលលោកថា បានរកស៊ីខុសច្បាប់តាមអំពើចិត្តអស់រយៈពេល ២៥ឆ្នាំទៅហើយនេះ ឲ្យយល់ថា ឥឡូវនេះ របបនេះមិនអាចធ្វើអ្វីស្រេចតែនឹងអំពើចិត្តដូចកាលពីពេលមុននោះទេ។ បន្ថែមពីលើនេះ លោកក៏មិនចង់ឲ្យប្រទេសសិង្ហបុរី ចាត់ទុកប្រទេសកម្ពុជាជាអ្វីមួយដែលលោកហៅថា សំរាម នោះដែរ៖ «ឆ្នាំ ២០១៨ មានអ្នកចូលរួមស៊ើបអង្កេតច្រើន មានអ្នកហ៊ាននិយាយច្រើន ។ អ៊ីចឹងគាត់ល្មមនឹងកែទម្លាប់ ហើយទីពីរចង់ ផ្ញើសារជូនឲ្យប្រទេសសិង្ហបុរី កុំឲ្យគេចាត់ទុកប្រទេសកម្ពុជា ជាសំរាម។ ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ មានមោទនភាព ហើយគេមានសិទ្ធិទទួលនូវយុត្តិធម៌»។
លោក អាឡិច ស្នើឲ្យប្រទេសសិង្ហបុរី បញ្ឈប់ជាបន្ទាន់នូវរាល់ការរកស៊ីខុសច្បាប់នានាជាមួយប្រទេសកម្ពុជា ជាពិសេសប្រទេសនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើអាជីវកម្ម ឬជួញដូរពាណិជ្ជកម្ម ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ដូចជាករណីទិញលក់មាសសុទ្ធនេះ ជាដើម។
អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន ជុំវិញការដាក់ពាក្យបណ្តឹងនេះបាននៅឡើយទេ ដោយសារតែលោកមិនលើកទូរស័ព្ទកាលពីយប់ថ្ងៃទី១៧ តុលា។ ក៏ប៉ុន្តែ លោកធ្លាប់ប្រាប់អាស៊ីសេរីកាលពីពេលកន្លងទៅថា របបរបស់លោកនឹងមិនមានចំណាត់ការជាក់ស្ដែងណាមួយលើករណីនេះទេ ព្រោះលោកថា ការរកឃើញរបស់អង្គការមាតាធម្មជាតិនេះ គ្រាន់តែជាការចោទប្រកាន់មួយទៅលើការដឹកនាំរបស់របបក្រុងភ្នំពេញតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក អាឡិច ក៏បានឲ្យដឹងដែរថា លោកនឹងដាក់ពាក្យបណ្ដឹងបន្ថែម ទៅកាន់ក្រសួងកិច្ចការពាណិជ្ជកម្ម និងការិយាល័យស៊ើបអង្កេតអំពើពុករលួយ នៃនគរបាលជាតិសិង្ហបុរី ព្រមទាំងទៅស្ថានទូតសិង្ហបុរីប្រចាំកម្ពុជាផង។
តាមរយៈការសិក្សាស្រាវជ្រាវបែបស៊ើបអង្កេត និងប្រៀបធៀបមួយ ដោយស្ថាបនិករបស់អង្គការមាតាធម្មជាតិ លោក អាឡិច ថា កម្ពុជាបាននាំចូលមាសសុទ្ធពីសិង្ហបុរី ក្នុងបរិមាណ ៣៧០តោន ឬជាង ៣ សែន ៧ ម៉ឺនគីឡូក្រាម ស្មើនឹងទឹកប្រាក់ ១ ម៉ឺន ៥ ពាន់លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ ក៏ប៉ុន្តែមិនបានកត់ត្រាចំនួនតួលេខនាំចូលមាសនេះពិតប្រាកដនោះឡើយ។ ភាពមិនប្រក្រតីនេះ នាំឲ្យមានការសង្ស័យថា របបក្រុងភ្នំពេញ អាចនឹងជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុជាប្រព័ន្ធដ៏មហាសាលមួយនៅកម្ពុជា ដែលក្នុងនោះ រួមមានដូចជា ករណីគេចពន្ធ ក្លែងបន្លំឯកសារ អំពើលាងលុយកខ្វក់ និងបញ្ហាពុករលួយផ្សេងៗ៕
1 comment:
Alex,
You are truly a National Khmer Hero.
Thank You so much for your contribution to save Cambodia.
Post a Comment