ដោយ មួង ណារ៉េត
2018-10-21
rfa

អ្នកស្រី Federica Mogherini នាយិការងគណៈកម្មការអឺរ៉ុប ឬតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់កិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ និងជាតំណាងពិសេសរបស់សហភាពអឺរ៉ុប ដើម្បីសិទ្ធិមនុស្ស។
Photo courtesy of her Facebook
មន្ត្រីការទូតសហភាពអឺរ៉ុប ប្រាប់ថា សេចក្ដីព្រាងច្បាប់ ដកការអនុគ្រោះពន្ធពីកម្ពុជា (EBA) បានធ្វើរួចរាល់អស់ហើយ នៅឡើយចាំតែសម្រេចចុងក្រោយ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះតែប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មាន POLITICO ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី២០ ខែ តុលា មន្ត្រីទាំងនោះ បញ្ជាក់ថា សេចក្ដីសម្រេចដកការអនុគ្រោះពន្ធនេះ មិនបាច់មានការយល់ព្រមបន្ថែមទៀត ពីសមាជិករបស់សហភាពអឺរ៉ុបនោះឡើយ។
មន្ត្រីសហភាពអឺរ៉ុបដដែល សង្កត់ធ្ងន់ថា របបលោក ហ៊ុន សែន កាន់តែជិតអស់ពេលហើយ។ មន្ត្រីដដែលបន្តថា “ផ្លូវដើររបស់យើងជាមួយកម្ពុជា ឈានមកដល់ចុងបំផុតហើយ ជាពិសេសពាក់ព័ន្ធនឹងការដកការអនុគ្រោះពន្ធនេះ។ យ៉ាងយូរ ប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ នីតិវិធីផ្លូវការក្នុងការចាប់ផ្ដើម បញ្ឈប់ផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា នឹងចាប់ផ្ដើមហើយ”។ ប្រភពដដែល បន្ថែមថា នេះមិនមែនជា ការគំរាមចោលទទេ ឬគ្រាន់តែព្រុសឲ្យឮក្ដុងក្ដាំងនោះទេ។
មន្ត្រីរូបនេះ បន្តទៀតថា អ្វីដែលសហភាពអឺរ៉ុប ទាមទារ គឺមិនមែនគ្រាន់តែឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួនក្នុងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែ តម្រូវឲ្យរបបលោក ហ៊ុន សែន បើកឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការឡើងវិញ ជារួមគឺត្រូវស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម មើលឃើញថា របបលោក ហ៊ុន សែន ពិបាកនឹងបញ្ចុះបញ្ចូល សហគមន៍អន្តរជាតិ ជាពិសេសប្រទេសសេរី ឲ្យគាំទ្ររបបលោកខ្លាំងណាស់។ ដំណើរទៅចូលរួមក្នុងមហាសន្និបាតអន្តរជាតិ ទាំងនៅសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងនៅជំនួបកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក គណៈប្រតិភូរបបលោក ហ៊ុន សែន មិនទទួលបានជោគជ័យ ក្នុងការបញ្ចុះបញ្ចូលអន្តរជាតិ ឲ្យទទួលយកស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជាបាននោះឡើយ។
ទោះបីជាលោក ហ៊ុន សែន និង គណៈប្រតិភូនៃរបបនេះ បានជួបមន្ត្រីសហភាពអឺរ៉ុប ដើម្បីចរចាកុំឲ្យកាត់ផ្ដាច់ការអនុគ្រោះពន្ធនេះ ក៏តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី (Federica Mogherini) បញ្ជាក់ថា គ្មានលទ្ធផលអ្វីប្រែប្រួលជាវិជ្ជមានពីជំនួបនោះឡើយ។ មិនតែប៉ុណ្ណោះ អ្នកស្រី នៅតែប្រកាន់ជំហរថា បញ្ហាធ្លាក់ចុះដុនដាប នៃលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងបញ្ហានីតិរដ្ឋនៅកម្ពុជា គឺជាកត្តាដែលកម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធនេះ។
សហភាពអឺរ៉ុប កាលពីដើមខែតុលានេះ បានជូនដំណឹងរួចទៅហើយ ទៅរបបលោក ហ៊ុន សែន អំពីចំណាត់ការ ឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារតែពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ និង ជាប្រធានចលនាសង្គ្រោះជាតិ ថាលោក ហ៊ុន សែន ជាមេដឹកនាំហិង្សា រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលកំពុងតែនាំគ្រោះភ័យយ៉ាងខ្លាំង ដល់ជោគវាសនាប្រទេសជាតិទាំងមូល ជាពិសេសកំពុងនាំទុក្ខដល់ពលរដ្ឋខ្មែរស្លូតត្រង់ ដូចជាកម្មកររោងចក្រកាត់ដេរ។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១៩ ខែតុលា លោក សម រង្ស៊ី ថា មានតែលោក ហ៊ុន សែន ចុះចេញពីតំណែងទេ ទើបកម្ពុជា រួចផុតពីទណ្ឌកម្មអន្តរជាតិ៖ «លោក ហ៊ុន សែន គាត់ថាគាត់ស្រលាញ់ប្រជារាស្ត្រខ្មែរ អាណិតប្រជារាស្ត្រខ្មែរ គាត់ចែកលុយកម្មករបួនដប់ដុល្លារជាដើម។ បើគាត់អាណិតប្រជារាស្ត្រខ្មែរ ស្រលាញ់ប្រជារាស្ត្រខ្មែរ ចង់ជួយកម្មករ កុំឲ្យកម្មករបាត់បង់ការងារធ្វើ ចង់ឲ្យកម្មករបានឡើងប្រាក់ខែ ចង់ឲ្យកូនខ្មែរមានការងារធ្វើកាន់តែច្រើនឡើង ប្រាក់ខែកាន់តែច្រើនឡើងឲ្យ ហ៊ុន សែន ចុះចេញទៅ»។
លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម និងល្បីថាជាបុរសខ្លាំង ខាងប្រើអំពើហិង្សាបង្ក្រាប និងបំបែកបំបាក់សំឡេងប្រឆាំង រងការថ្កោលទោសយ៉ាងចាស់ដៃ ពីសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលសុទ្ធតែជាដៃគូពាណិជ្ជកម្ម ដ៏ធំរបស់កម្ពុជា។ ប្រទេសទាំងនេះ ថ្កោលទោសលោក ហ៊ុន សែន និងរបបសព្វថ្ងៃ ដោយសារការរំលោភសិទ្ធិមនុស្ស និង ការបំផ្លាញលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយការចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ ហាមឃាត់សិទ្ធិនយោបាយក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំង ១១៨រូប បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបង្ក្រាបការជួបជុំតវ៉ាដោយសន្តិវិធីជាដើម។
លោក សម រង្ស៊ី ថាលោក ហ៊ុន សែន មានចរិតកាចសាហាវ ដែលកម្ពុជា និងពិភពលោក មិនត្រូវការនោះទេ៖ «មានមនុស្សម្នាក់ហ្នឹងនាំបញ្ហាឲ្យយើងទាំងអស់គ្នា។ មនុស្សម្នាក់ហ្នឹងនាំគ្រោះថ្នាក់ឲ្យយើងទាំងអស់គ្នា។ មនុស្សហ្នឹងជាមនុស្សចង្រៃ! ដូច្នេះបើចង់ឲ្យខ្មែរបានសុខ ចង់ឲ្យខ្មែរសម្បូរសប្បាយរុងរឿង ដកមនុស្សចង្រៃហ្នឹងចេញទៅ»។
ការមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន សែន នេះបានឆ្លុះបញ្ចាំង ឲ្យឃើញតាមរយៈការតវ៉ាប្រឆាំងវត្តមានរបស់លោក នៅគ្រប់ទិសទី រាល់ពេលលោក ហ៊ុន សែន ធ្វើដំណើរទៅក្រៅប្រទេស។ កាលពីទៅចូលរួមមហាសន្និបាតនៅអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ពលរដ្ឋខ្មែរជាងមួយពាន់នាក់ ធ្វើបាតុកម្មប្រឆាំងលោក ពីរថ្ងៃជាប់ៗគ្នា។ ពេលលោកធ្វើដំណើរទៅចូលរួមប្រជុំនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១៩ ខែតុលា ក៏មានពលរដ្ឋខ្មែរជាង ១.០០០ នាក់ធ្វើបាតុកម្មប្រឆាំងទៀត។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយទេ កាលពីថ្ងៃទី២០ ខែតុលា។ ប៉ុន្តែរបបលោក ហ៊ុន សែន ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ ស្រែកថា ជារឿងអយុត្តិធម៌ណាស់ ដែលសហភាពអឺរ៉ុប ពិចារណាចំណាត់ការបែបនេះ។ ចំណែកលោក ហ៊ុន សែន នៅតែអះអាងថា កម្ពុជាមិនស្លាប់ទេ ទោះអត់ជំនួយអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក៏ដោយ។
បើតាមប៉ាន់ប្រមាណរបស់ក្រសួងពាណិជ្ជកម្មនៃរបបលោក ហ៊ុន សែន នៅពេលសហភាពអឺរ៉ុប ផ្ដាច់ការអនុគ្រោះពន្ធ នឹងប៉ះពាល់ ៤០% ទៅនឹងវិស័យនាំចេញទំនិញទៅទីផ្សារអន្តរជាតិសរុប។ ផលប៉ះពាល់នេះ គិតជាទឹកប្រាក់ជិត ៧០០លានដុល្លារ (៦៧៦) ក្នុងមួយឆ្នាំ។
កំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ គឺមួយចំណែកធំ បានមកពីការអនុគ្រោះពន្ធផ្នែកវាយនភណ្ឌនេះឯង។ ដូច្នេះ បើបាត់បង់អត្ថប្រយោជន៍នេះ ប្រទេសជិតខាង រួមទាំងប្រទេសបង់ក្លាដេស និងលីបេរីយ៉ា ឯណោះ នឹងដណ្ដើមឱកាសពីកម្ពុជា។
ចំណែកឯផលិតផល ដូចជាអង្ករកម្ពុជា ក៏នឹងរងផលប៉ះពាល់យ៉ាងដំណំផងដែរ ព្រោះរាល់ឆ្នាំកម្ពុជានាំអង្ករទៅទីផ្សារអឺរ៉ុប ប្រមាណ ២០០ លានដុល្លារ (€154)។
អ្នកវិភាគថា ការអួតអាងរបស់លោក ហ៊ុន សែន ដែលថាមិនឱនក្បាល ចំពោះសម្ពាធអន្តរជាតិ គឺគ្រាន់តែជាសារលួងចិត្តសាធារណជនខ្មែរ ឲ្យជឿថា លោកនៅតែជាបុរសខ្លាំង។ តែតាមការពិត លោក ហ៊ុន សែន ចៀសមិនផុត ពីលួចចរចាស្ងាត់ៗ ជាមួយបរទេសជាក់ជាមិនខាន៕
No comments:
Post a Comment