Tuesday, 11 December 2018

មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​មេ​បក្ស​សង្រ្គោះ​ជាតិ ផ្ញើ​សារ​ខុស​គ្នា​ទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ ធ្នូ ខួប​លើក​ទី​៧០


ដោយ ទីន ហ្សាការីយ៉ា
2018-12-10 

លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ RFA
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ RFA
Photo: RFA



មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ និង​ប្រធាន​គណបក្ស​ប្រឆាំង ផ្ញើ​សារ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ ធ្នូ ខួប​លើក​ទី​៧០ នេះ ​ក្នុង​ន័យ​ខុស​គ្នា។ លោក ហ៊ុន សែន​ លើក​ឡើង​ថា​ សព្វ​ថ្ងៃ​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ដែល​សិទ្ធិ​ទាំង​នោះ​ ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ជឿនលឿន។ ចំណែក​​លោក កឹម សុខា វិញ លើក​ឡើង​ថា បើ​មនុស្ស​ម្នាក់ៗ គ្មាន​សិទ្ធិ​មូលដ្ឋាន​ទេ សន្តិភាព ការ​អភិវឌ្ឍ និង​ការ​បង្រួបបង្រួម​ជាតិ ក៏​មិន​អាច​មាន​និរន្តរភាព​ដែរ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បង្ហោះ​សារ​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី១០ ធ្នូ​ ដោយ​ប្រៀប​ធៀប​សិទ្ធិ​សេរីភាព​​​របស់​ប្រជាពលរដ្ឋ​ក្នុង​របប​ដឹកនាំ​របប​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ទៅ​នឹងរបប​ខ្មែរ​ក្រហម​កាល​ពី​ ៤០​ឆ្នាំ​មុន។

លោក ហ៊ុន សែន​លើក​ឡើង​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បែប​នេះ​ហើយ ​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​រីក​ចម្រើន​ទៅ​មុខ និង​ប្រកប​ដោយ​សន្តិ​ភាព។



ចំណែក​សារ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី៩​ ធ្នូ ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ១០ ធ្នូ សរសេរ​ថា សិទ្ធិ​មនុស្ស​គឺ​ជា​គ្រឹះ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់​រូប ​បើ​មនុស្ស​ម្នាក់ៗ​គ្មាន​សិទ្ធិ​មូលដ្ឋាន​ទេ សន្តិភាព អភិវឌ្ឍន៍ និង​ការ​បង្រួបបង្រួម​ជាតិ​ក៏​មិន​អាច​មាន​និរន្តរភាព​ដែរ។

ក្នុង​សារ​របស់​មេ​បក្ស​ប្រឆាំង​ ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​កំពុង​ដាក់​ឃុំ​ក្នុង​ផ្ទះ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​សរសេរ​បញ្ជាក់​ទៀត​ថា៖ «ដើម្បី​ឲ្យ​សង្គម​ជាតិ​​មាន​សាមគ្គីភាព សន្តិភាព និង​អភិវឌ្ឍន៍ លោក​ស្នើ​ឱ្យ ខ្មែរ​គ្រប់​រូប​គួរ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ខ្មែរ​ដូច​គ្នា​ឈឺ​ចាប់ ដោយ​ចាប់​ផ្ដើម​ពី​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បង្កើត​ឲ្យ​មាន​បរិយាកាស​សង្គម​មួយ ដែល​ខ្មែរ​គ្រប់​និន្នាការ​មាន​សិទ្ធិ​មូលដ្ឋាន ដូចជា សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​តាំង​ទី​លំនៅ ពិសេស​គឺ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​ចូល​រួម​កសាង​សង្គម​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រើស​អើង។

ទាក់ទង និង​សិទ្ធិ​មនុស្ស​នេះ លោក ហ៊ុន សែន សរសេរ​អះអាង​ថា ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ពលរដ្ឋ​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង​វិញ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ លោក​ថា ប្រជា​ពលរដ្ឋ​អាច​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ជ្រើសរើស​ជំនឿ​សាសនា និង​បោះ​ឆ្នោត​ជ្រើស​តាំង​មេ​ដឹក​នាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី គឺ​មិន​ដូច​សម័យ​ខ្មែរ​ក្រហម ដែល​បំបិទ​សិទ្ធិ​សេរីភាព​មនុស្ស​ទាំង​អស់។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី លើក​ឡើង​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ មិន​គួរ​យក​ទៅ​ប្រៀប​ធៀប​នឹង​របប​ខ្មែរ​ក្រហម​ទេ ព្រោះ​សម័យ​នោះ គឺ​មិន​មាន​សិទ្ធិ​មនុស្ស​ឡើយ។ លោក មាស នី យល់​ថា របប​ក្រុង​ភ្នំពេញ គួរ​ផ្ដោត​លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​សូចនាករ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ជា​សកល ​របស់​អង្គការ​សហប្រជាជាតិ។ ចំពោះ​សារ​អ្នក​នយោបាយ​ខ្មែរ ដែល​យល់​ខុស​គ្នា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស អ្នក​វិភាគ​រូប​នេះ យល់​ថា នោះ​អាច​ជា​សញ្ញា​នៃ​ការ​បែក​បាក់​ជាតិ៖ «ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​សិទ្ធិ​មនុស្ស ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​យើង ដើម្បី​ឲ្យ​យើង​អាច រស់នៅ​បាន​សុខដុមរមនា​បាន​ទាំង​អស់​គ្នា គឺ​មាន​តែ​ការ​ផ្សះ​ផ្សា​ជាតិ​ហ្នឹង​ឡើង​វិញ​ទេ។ ប៉ុន្តែ​ដរាបណា យើង​នៅ​តែ​មាន​ការ​បាក់បែក​គ្នា អ្នក​ខ្លាំង​នៅ​តែ​ជាន់​ក​អ្នក​ខ្សោយ អ្នក​ខ្សោយ​នៅ​តែ​ជា​អ្នក​រង​គ្រោះ យើង​មិន​អាច​និយាយ​បាន​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នោះ បាន​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ល្អ​ អត់​អាច​ថា​បាន​ទេ»។

របប​លោក ហ៊ុន សែន ថ្វី​ត្បិត​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ប្រកាស​ឲ្យ​បើក​ចំហ​សិទ្ធិ​សេរីភាព និង​បើក​ឱកាស​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បាន​ពេញលេញ ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ នៅ​ខណៈ​របប​នេះ​កំពុង​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​ការ​ថ្កោល​ទោស​ពី​ប្រទេស​លោក​សេរី​នោះ។ ក៏​ប៉ុន្តែ​ការ​ប្រកាស​អំពី​ការ​អះអាង​លើ​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នេះ ការ​អនុវត្ត​ជាក់​ស្ដែង​វិញ របប​ក្រុង​ភ្នំពេញ​មិន​បាន​អនុវត្ត​ដូច ដែល​ក្រសួង​ការ​បរទេស និង​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឡើយ។

របាយការណ៍របស់អង្គការ​សិទ្ធិមនុសុ្ស លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ធ្នូ​នេះ ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ៧.០០០នាក់​ នៅ​រាជធានី និង​ខេត្ត​ចំនួន ១៣ បាន​ជួបជុំ​គ្នា ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០១៨ មក ក៏​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​ហែ​ក្បួន​ឡើយ។ រី​ឯ​នៅ​រាជធានី​ភ្នំពេញ​វិញ សាលា​រាជធានី​ភ្នំពេញ​ក៏​ហាម​ឃាត់​ការ​ហែក្បួន​នៃ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​នា​ព្រឹក​ទី១០ ធ្នូ​នេះ​ដែរ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​នេះ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន ទោះ​បី​ជា​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីតាំង​ប្រារព្ធ​ទិវា។ កង​កម្លាំង​ប្រដាប់​អាវុធ​ពាក់​មួក​ការពារ​សុវត្ថិភាព​ទាំង​នោះ គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ទៅ​ទៀត​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ព័ទ្ធ​ជុំវិញ​ទីតាំង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ។

ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​កំឡុង​ពេល​ជាង ៣០​ឆ្នាំ​មក​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​គោរព​សិទ្ធិ​មនុស្ស​បាន​ពេញ​នៅ​ឡើយ​ទេ ទោះ​បី​ជា​សិទ្ធិ​នេះ ត្រូវ​បាន​ចែង​និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស ​ដែល​កម្ពុជា​ព្រម​ផ្ដល់​សច្ចាប័ន​ឱ្យ​ក៏​ដោយ។ លោក អំ សំអាត យល់​ថា សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ដូចជា​សិទ្ធិ​នៃ​ការ​ជួប​ជុំ ការ​ប្រមូល​ផ្ដុំ ការ​សម្ដែង​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាដើម ត្រូវ​បាន​អាជ្ញាធរ​នៅ​តែ​រឹត​បន្តឹង ដោយ​សារ​ស្ថានភាព​នយោបាយ​នៅ​មាន​ភាព​ចម្រូង​ចម្រាស៖ «សិទ្ធិ​ទាំង​អស់​ហ្នឹង​ដែល​យើង​ឃើញ​ថា​ វា​រង​នៅ​ការ​ធ្លាក់​ចុះ ល្អ​ប្រសើរ​ទៅតាម​ស្ថានភាព​នយោបាយ។ អញ្ចឹង​ហើយ​ បាន​ជា​យើង​ឃើញ​ថា ក្រោយ​ពី​ការ​បោះ​ឆ្នោត​ម្ដង​ៗ ហ្នឹង គឺ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ ទាក់ទង​នឹង​បញ្ហា​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ការ​ធ្លាក់​ចុះ​ហ្នឹង។ ហើយ​ជា​ពិសេស នៅ​ក្នុង​ឆ្នាំ​២០១៧ ២០១៨ សម្រាប់​សហគមន៍​អន្តរជាតិ​ រហូត​គេ​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​យើង​ស្ដារ​ឡើង​វិញ លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង»។

អង្គការ​សង្គម​ស៊ី​វិល​ស្នើ​របប​ក្រុង​ភ្នំពេញ គួរ​ចែក​ឲ្យ​ដាច់​រវាង​សិទ្ធិ​មនុស្ស​ និង​នយោបាយ ដោយ​ធ្វើ​យ៉ាងណា ​ធានា​ឲ្យ​បាន​​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​ជាប្រក្រតី ​ទោះ​បី​ជា​មាន​ការ​ប្រែប្រួល​​ស្ថានការណ៍​នយោបាយ​យ៉ាងណាក្ដី។ ក្រៅពី​នេះ អង្គការ​សង្គម​ស៊ីវិល ​យល់ថា របប​ក្រុងភ្នំពេញ គួរ​ពិចារណា ក្នុង​ការ​ស្ដារ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ការ​ការ​ទណ្ឌកម្ម ​ពី​សហគមន៍​អន្តរជាតិ។

អ្នក​វិភាគ​លើក​ឡើង​ថា របប​លោក ហ៊ុន សែន អះអាង​ពី​ការ​គោរព​សិទ្ធិមនុស្ស គ្រាន់​តែ​ជា​ការ​បំភ័ន្ត​ភ្នែក​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ ហើយ​ការ​លើក​ឡើង​ពី​ការ​ប្រៀបធៀប​ទៅ​នឹង​របប​ខ្មែរក្រហម​នេះ គឺ​ដើម្បី​បង្ហាញ​ថា របប​បច្ចុប្បន្ន​មាន​សិទ្ធិ​សេរីភាព ក៏​ប៉ុន្តែ​ប្រព័ន្ធ​ដឹកនាំ​របស់​របប​លោក ហ៊ុន សែន ជាង ៣០ឆ្នាំ​មក​នេះ មិន​ខុស​ប៉ុន្មាន​ពី​របប​ខ្មែរក្រហម​ឡើយ ដែល​របប​នេះ បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​តាមដាន រឹតត្បិត​សិទ្ធិ​សេរីភាព គាប​សង្កត់ លាប​ពណ៌ ក្រុម​ដែល​ប្រឆាំង​ខ្លួន​ថា ជា​ក្រុម​ឧទ្ទាម ក្រុម​បដិវត្តន៍​ពណ៌​ជា​ដើម។

ប្រទេស​កម្ពុជា បាន​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា និង​សន្ធិសញ្ញា​ទាំង​ឡាយ ដែល​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស ស្រ្តី និង​កុមារ។ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​កាតព្វកិច្ច​ដូច​គ្នា ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌​សំបុរ ភេទ ភាសា ជំនឿ​សានា និន្នាការ​នយោបាយ ដើម​កំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ដទៃ​ទៀត​ឡើយ៕

No comments: