ដោយ ទីន ហ្សាការីយ៉ា
2018-12-12

អ្នកឃ្លាំមើលសង្គម និងនយោបាយ លោក គឹម សុខ ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
Photo: RFA
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន កំពុងតែប្រើយុទ្ធសាស្រ្តនយោបាយថ្មី ដើម្បីឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនក្នុងចំណោម ១១៨រូបនោះ ដើរចេញពីលោក កឹម សុខា និងលោកសម រង្ស៊ី នៅក្រោយពីរបបលោក បានរំលាយគណបក្សនេះរួចហើយ តែមិនអាចធ្វើឲ្យប្រជាប្រិយភាពគណបក្សប្រឆាំងនេះថមថយ។
អ្នកវិភាគនយោបាយអ្នកវិភាគ លោក គឹម សុខ ពន្យល់ថា លោក ហ៊ុន សែន កំពុងតែប្រើយុទ្ធសាស្រ្តនយោបាយថ្មីមួយផ្សេងទៀត គឺចង់ឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិ ក្នុងចំណោម១១៨រូប ទៅបំពេញភាពស្របច្បាប់របបលោក និង ទទួលស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិកន្លងមក គឺជារឿងត្រឹមត្រូវ នៅខណៈសហគមន៍ជាតិ អន្តរជាតិ ថ្កោលទោស ហើយចាត់ទុកថា ការរំលាយគណបក្សសង្រ្គោះជាតិកន្លងមកថា ជាការខុសច្បាប់នោះ។
លោក គឹម សុខថា របបលោក ហ៊ុន សែន កំពុងតែស្ថិតនៅក្នុងភាពទ័លច្រកមួយយ៉ាងខ្លាំង ដែលលំបាកក្នុងការទាញឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ និងជៀសផុតពីទណ្ឌកម្មពីសហភាពអឺរ៉ុប ហើយបញ្ហានេះ លោកគ្មានជម្រើសអ្វីក្រៅពីប្រើយុទ្ធសាស្រ្តថ្មីមួយទៀត ដើម្បីបំបែកបំបាក់គណបក្សសង្រ្គោះជាតិឲ្យបែកខ្ញែកគ្នាឡើយ៖ «លោក ហ៊ុន សែន កំពុងទ័លច្រកយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ដូច្នេះលោក មិនអាចរកវិធីដោះខ្លួនបានទេ ម្លោះហើយដើម្បីឲ្យលោក ហ៊ុន សែន កាន់តែទ័លនៅក្នុងវិធី ដែលត្រូវលំអោនទៅរកដំណោះស្រាយតាមអនុសាសន៍អន្តរជាតិ។ ដូច្នេះគណបក្សសង្រ្គោះជាតិត្រូវតែរឹងមាំ ហើយកុំធ្វើតាមយុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន»។
លោក ហ៊ុន សែន បានអះអាងជាថ្មីម្ដងទៀតនៅថ្ងៃទី១២ ធ្នូថា រដ្ឋសភាឯកបក្សរបស់លោក នឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅថ្ងៃព្រហស្បត្តិ៍ទី១៣ ធ្នូនេះ ដើម្បីបើកផ្លូវឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួន ដែលលោកអះអាងថា បានអនុវត្តសាលដីការបស់តុលាការកំពូលមានសិទ្ធិធ្វើនយោបាយឡើងវិញ៖ «បើសិនជាគេមានការស្នើសុំមកនាយករដ្ឋមន្រ្តី ហើយបើពិនិត្យឃើញថា គេមិនប្រឆាំងនឹងសាលដីកាកំពូលនោះ នឹងឲ្យធ្វើនយោបាយឡើងវិញ។ តែបើសិនជាអ្នកប្រឆាំងនឹងសាលដីកាតុលាការកំពូល មិនត្រឹមមិនមានសិទ្ធិធ្វើនយោបាយនោះទេ គឺត្រូវជាប់គុកពីរឆ្នាំកន្លះ»។
ការថ្លែងរបស់លោក ហ៊ុន សែន នេះ ជាការឆ្លើយតបទៅលោក សម រង្ស៊ី ដែលកំពុងតែអំពាវនាវឲ្យសមាជិកគណបក្សសង្រ្គោះជាតិ កុំឲ្យទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ ដរាបណារបបលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា និងមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិបានចូលរួមប្រកួតប្រជែងជាមុនទេនោះ។ លោក សម រង្ស៊ី បានដាក់លក្ខខណ្ឌមួយចំនួនទៅរបបលោក ហ៊ុន សេន មុននឹងទទួលយកសិទ្ធិធ្វើនយោបាយវិញនេះ ហើយលោកថែមទាំងបញ្ជាក់ថា អ្នកណាហើយស្នើសុំទៅលោក ហ៊ុន សែន ដើម្បីស្នើសុំទៅព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ក្នុងការទទួលបានសិទ្ធិធ្វើនយោបាយវិញ ដែលរបបលោក ហ៊ុន សែន មិនធ្វើតាមលក្ខខណ្ឌរបស់លោកទេ គឺបង្ហាញថា អ្នកនោះក្បត់បក្ស៖ «សហគមន៍អន្តរជាតិកំពុងតែដាក់សម្ពាធលើលោក ហ៊ុន សែន ឲ្យផ្ដល់ដំណោះស្រាយរួមចំពោះវិបត្តិនយោបាយនៅកម្ពុជា។ ដំណោះស្រាយរួម គឺដោះលែងលោក កឹម សុខា ជាបន្ទាន់ ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ និងត្រូវផ្ដល់គណបក្សសង្រ្គោះជាតិឡើងវិញ នៅពេលយើងគង់តែបានធ្វើនយោបាយឡើងវិញសិន នៅពេលនោះ យើងគង់តែបានធ្វើនយោបាយឡើងវិញទេ»។
លោក គឹម សុខ បន្ថែមថារបបក្រុងភ្នំពេញបានរំលោភរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត តាមរយៈការអនុវត្តច្បាប់ដែលលោកហៅថា ជានីតិមាត់នោះ៖ «មិនមានអ្វីត្រូវចោទអ្នកទាំងអស់ហ្នឹងថា ក្បត់បក្សទេ តែអ្វីដែលលោក ហ៊ុន សែន ត្រូវបំភ័ន្តនោះ ហេតុអ្វីត្រូវ ហ៊ុន សែន ត្រួតពិត្យពីក្រសួងមហាផ្ទៃ មានសត្ថកិច្ចក្នុងការពិនិត្យសំណុំរឿងទាំងនោះ ថាតើអ្នកណាជាអ្នកអនុវត្តត្រូវតាមបម្រាមរបស់គេហើយឬនៅ? ដូច្នេះជាគន្លឹះដែលគេចង់បង្វែរថា អ្នកទាំងអស់នោះមិនចង់នៅជាមួយលោក កឹម សុខា និងលោក សម រង្ស៊ី ឬចេញពីបក្សសង្រ្គោះជាតិ ហើយគេបង្កើតច្បាប់ដើម្បីបម្រើនយោបាយរបស់គេ»។
ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ លោក ហ៊ុន សែន តែងទទួលបានជោគជ័យទៅលើយុទ្ធសាស្រ្តបំបែកបំបាក់ផ្ទៃក្នុងគណបក្ស ដែលជាដៃគូប្រកួត។ គិតចាប់ពីទសវត្សឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ មក គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាដៃគូប្រកួតដ៏ស្វិតស្វាញរបស់គណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែគណបក្សរាជានិយមមួយនេះ បានចុះខ្សោយបន្តិចម្ដងៗ ក្រោយពីមន្រ្តីគណបក្សនេះ បានបែកខ្ញែកគ្នា ពិសេសមេដឹកនាំគណបក្សនេះ ទៅបង្កើតគណបក្សមួយថ្មីទៀត ដូចជា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ជាដើម។ រីឯមន្រ្តីជាន់ខ្ពស់ ហ្វ៊ុនស៊ិនប៉ិច មួយចំនួនទៀត ក៏រត់ចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជា ហើយលោក ហ៊ុន សែន កន្លងមកក៏ធ្លាប់បានប្រកាសអំពីយុទ្ធសាស្រ្តរបស់លោក ក្នុងការបំបែកគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានជោគជ័យនេះដែរ។
ចំពោះករណីគណបក្សសង្រ្គោះជាតិវិញ នៅក្រោយពេលចាប់ខ្លួន លោក កឹម សុខា និង រំលាយគបក្សសង្រ្គោះជាតិ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យមន្រ្តីគណបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិឲ្យចុះចូលជាមួយគណបក្សកាន់អំណាចរបស់លោកដែរ តាមរយៈការផ្ដល់តួនាទីឲ្យរក្សានៅដដែល ក៏ប៉ុន្តែមន្រ្តីថ្នាក់មូលដ្ឋានតិចតូចប៉ុណ្ណោះ ដែលចុះចូលជាមួយរបបរបស់លោក។
អ្នកវិភាគថា ដោយសារតែកម្លាំងបក្សប្រឆាំងនៅរឹងមាំដែលមិនចុះខ្សោយដូចគណបក្ស ហ៊្វុនស៊ីនប៉ិច ទើបលោក ហ៊ុន សែន លេងល្បែងនយោបាយផ្សេងៗ គ្នាតាមរយៈការប្រើប្រាស់ច្បាប់ ដើម្បីបំបែកគណបក្ស សង្រ្គោះជាតិ។ អ្នកវិភាគថា នៅក្នុងស្ថានភាពបែបនេះ បើសិនជាគណបក្ស សង្រ្គោះជាតិមិនរក្សាសម្ព័ន្ធភាពផ្ទៃក្នុងបក្សឲ្យរឹងមាំទេ គណបក្សនេះ នឹងត្រូវបែកខ្ញែកគ្នាទៅតាមបំណងចង់បានរបស់របបលោក ហ៊ុន សែន ជាមិនខាន៕
No comments:
Post a Comment