ដោយ ទីន ហ្សាការីយ៉ា
2018-12-05
rfa

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
RFA
រដ្ឋសភាឯកបក្ស បានបញ្ជូនសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយទៅគណៈកម្មការជំនាញនៃរដ្ឋសភាហើយ នៅព្រឹកថ្ងៃទី៥ ធ្នូ ដើម្បីផ្ដល់ត្រឡប់មកវិញនូវសិទ្ធិធ្វើនយោបាយរបស់មន្ត្រីបក្សប្រឆាំង។ អ្នកវិភាគយល់ថា សេចក្តីស្នើច្បាប់នេះ នឹងប្រព្រឹតិ្តដោយជោគជ័យ និងរលូន ហើយដាក់ជាការប្រញាប់ពេលនេះ ដោយសារ ទឹកឡើងជិតដល់ច្រមុះ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឯកបក្ស ប្រកាសថា អង្គប្រជុំ នៅព្រឹកថ្ងៃទី០៥ ធ្នូ សម្រេចថា សេចក្តីស្នើច្បាប់ ស្ដីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) ត្រូវប្រគល់ឲ្យគណៈកម្មការជំនាញចំនួន២ គឺ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដើម្បីពិនិត្យ និងសិក្សា ហើយត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា នេះជាដំណើរការនៃនីតិវិធីផ្លូវច្បាប់នៅដំណាក់កាលរដ្ឋសភា ប៉ុន្តែរដ្ឋសភាបានបញ្ជាក់ថា សេចក្ដីស្នើច្បាប់នេះ ជាការប្រញាប់ ដូច្នេះគណៈកម្មការជំនាញ ត្រូវពិនិត្យភ្លាម និងត្រូវធ្វើរបាយការណ៍ត្រលប់មកជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ឲ្យបានលឿនបំផុត៖ «បាទ! បាទ មានតែមួយហ្នឹង មួយមាត្រាហ្នឹង។ ច្បាប់ហ្នឹង នៅក្នុងសេចក្ដីថ្លែងហេតុប្រកាសថា ច្បាប់ហ្នឹងជាការប្រញាប់ អ៊ីចឹងគណៈកម្មការត្រូវសិក្សាភ្លាម ទៅដល់ភ្លាមធ្វើម៉េចឲ្យបានឆាប់។ ខ្ញុំមិនទាន់ដឹងថា គាត់បញ្ជូនមកវិញនៅថ្ងៃណាទេ បាទ! គ្រាន់ដឹងថា សិក្សាឲ្យបានឆាប់ មិនយូរទេ បាទ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ធ្នូ អះអាងថា រដ្ឋសភាឯកបក្សកំពុងធ្វើវិសោធនកម្មច្បាប់ ផ្ដល់សិទ្ធិឲ្យមន្ត្រីគណបក្សប្រឆាំងចំនួន ១១៨នាក់ បានធ្វើនយោបាយឡើងវិញ ដែលនេះជាវិធានការរបស់របបក្រុងភ្នំពេញ ដើម្បីបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយឡើងវិញ នៅកម្ពុជា។ ភ្លាមៗបន្ទាប់ពីសេចក្ដីប្រកាសរបស់ក្រសួងការបរទេស សមាជិករដ្ឋសភាឯកបក្សរបស់គណបក្សកាន់អំណាច ចំនួន ៨៧រូប ក៏បានចាប់ផ្ដើមសិក្សាច្បាប់គណបក្សនយោបាយឡើងវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អះអាងថា បើទោះជាមានការសិក្សាឡើងវិញពិតមែន មិនមែនបានន័យថា មន្ត្រីបក្សប្រឆាំងទាំង ១១៨នាក់ អាចត្រូវបានមេដឹកនាំរបបក្រុងភ្នំពេញ ស្នើសុំព្រះមហាក្សត្រផ្ដល់សិទ្ធិឲ្យធ្វើនយោបាយបានគ្រប់គ្នាឡើងវិញទេ។ លោកបញ្ជាក់ថា វិសោធនកម្មច្បាប់ថ្មីនេះ នឹងបើកផ្លូវឲ្យមានការស្នើសុំលើកលែងតែអ្នកនយោបាយណា ដែលមិនបានធ្វើសកម្មភាពបំផ្លិចបំផ្លាញជាតិតែប៉ុណ្ណោះ។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ហ៊ាង ឬទ្ធី យល់ថា សេចក្តីព្រាងច្បាប់ របស់គណបក្សកាន់អំណាច នឹងដើរទៅមុខដោយរលូននៅគ្រប់ដំណាក់កាលនៃនីតិវិធី ព្រោះសមាជិករដ្ឋសភាឯកបក្សទាំង ១២៥នាក់ គឺជាមន្ត្រីរបស់គណបក្សកាន់អំណាច។
លោកបណ្ឌិត ហ៊ាង ឬទ្ធី ប្រដូចការបញ្ជាឲ្យពន្លឿនសេចក្ដីស្នើច្បាប់នេះ ឲ្យទៅនឹងកម្លាំងទឹកហូរខ្លាំងដែលហៀបនឹងលិចចូលរន្ធច្រមុះទៅហើយ ទើបរបបក្រុងភ្នំពេញ ត្រូវបង្ខំចិត្តរើឥវ៉ាន់ឲ្យបានលឿនបំផុត៖ «លើកនេះ វាត្រូវតែប្រញាប់តិច។ ធម្មតាទេ ទឹកហូរ កាលណា ហូរមកចង់ លិចច្រមុះហើយ យើងធ្វើអ្វីមួយ ទាល់តែយើងខំជញ្ជូនឥវ៉ាន់ឲ្យបានលឿន ដើម្បីឲ្យវាទាន់កុំឲ្យហូរណា ឬក៏យើងធ្វើអ្វីទប់ស្កាត់។ អ៊ីចឹងស្ដារស្ថានការណ៍ ស្ដារបញ្ហាអស់ទាំងនេះ ខ្ញុំគ្រាន់តែបញ្ជាក់ជូនទេ មិនថាតែចំណុចប៉ិនហ្នឹងទេ វាត្រូវស្ដារបញ្ហាជាច្រើនទៅទៀត»។
លោកបណ្ឌិត ហ៊ាង ឬទ្ធី ប្រមើលឃើញថា បន្ទាប់ពីស្នើសុំដកបម្រាម ផ្ដល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីបក្សប្រឆាំងហើយ របបក្រុងភ្នំពេញ អាចនឹងត្រូវបង្ខំចិត្ត អនុវត្តតាមលក្ខខណ្ឌផ្សេងទៀតរបស់សហគមន៍អន្តរជាតិ ដូចជា ទម្លាក់បទចោទលើមន្ត្រីសង្គមស៊ីវិល អ្នកទោសមនសិការ និងការទាមទារដទៃទៀត ដើម្បីបញ្ចៀសទណ្ឌកម្មបន្ថែម ដែលកាន់តែខិតកៀកមកដល់។ លោក ថា អាជ្ញាធរក្រុងភ្នំពេញ ដឹងច្បាស់ ថា ប្រសិនបើ មិនព្រមបន្ធូរស្ថានការណ៍ តាមការទាមទាររបស់សហគមន៍អន្តរជាតិទេ ទណ្ឌកម្មសេដ្ឋកិច្ចនឹងកើតមាន ដែលបណ្ដាលអោយខាតបង់ដល់របបក្រុងភ្នំពេញខ្លួនឯង និងប្រជាជាតិកម្ពុជាទៀតផង៕
No comments:
Post a Comment