ដោយ មួង ណារ៉េត
2018-12-06

អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែងនៅក្នុងសិក្ខាសាលាអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
RFA/Chun Chanboth
សមាជិកសភាអាមេរិកលោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថា របបលោក ហ៊ុន សែន កំពុងរងសម្ពាធអន្តរជាតិខ្លាំង ទើបងាកមកចង់បន្ធូរស្ថានការណ៍នយោបាយខ្លះនៅកម្ពុជា។ តំណាងរាស្ត្រដដែលបន្តថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធលើរបបនេះ កាន់តែខ្លាំងបន្ថែមទៀត។
ការប្តេជ្ញាបន្តដាក់សម្ពាធថែមទៀត ទោះជារបបលោក ហ៊ុន សែន បន្ទន់ឥរិយាបទខ្លះនេះ សមាជិកសភាអាមេរិកលោក អាឡាន់ ឡូវែនថល បញ្ជាក់ថា នេះជាសារមួយ ទៅកាន់របបលោក ហ៊ុន សែន ឲ្យដឹងថាសហរដ្ឋអាមេរិក មិនចេះតែព្រមជឿ ទង្វើល្អបន្តិចបន្តួច ដែលធ្វើគ្រាន់តែដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងដំណំ ដែលរបបនេះបានប្រព្រឹត្ត ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះនោះទេ។
អាឡាន់ ឡូវែនថល បញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកនៅមានជម្រើសទណ្ឌកម្មបន្ថែមទៀត ដូចជាការដកការអនុគ្រោះពន្ធលើទំនិញនាំចេញពីកម្ពុជាមកទីផ្សារសហរដ្ឋអាមេរិក ដូចអ្វីដែលសហភាពអឺរ៉ុប កំពុងតែពិចារណានោះដែរ៖ «រឿងនេះសំខាន់ខ្លាំងណាស់! សហរដ្ឋអាមេរិក ក៏នឹងត្រូវយកគំរូតាមសហភាពអឺរ៉ុបដែរ ដែលកំពុងពិនិត្យមើលការដកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ពីកម្ពុជានេះ។ ខ្ញុំយល់ថា លោក ហ៊ុន សែន មិនអាចស៊ូទ្រាំនឹងសម្ពាធរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានទេ។ យើងគ្រោងនឹងចាត់វិធានការបន្ថែម ក្នុងរឿងនេះ។ យើងមិនប្រឆាំងរដ្ឋាភិបាលកម្ពុជាទេ។ ប៉ុន្តែ យើងចង់ឃើញពលរដ្ឋខ្មែរ មានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ និង មានប្រជាធិបតេយ្យពិតប្រាកដ។ ជាអកុសល ទោះជាមានការបន្ទន់ឥរិយាបថខ្លះរបស់លោក ហ៊ុន សែន នាពេលថ្មីៗនេះក្តី ក៏ប្រជាធិបតេយ្យ នៅតែមិនទាន់មាននៅកម្ពុជា»។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ជាបណ្តើរៗតាំងពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ចាប់ផ្ដើមកើតឡើងពេញបន្ទុក ក្រោយចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ និងរម្លាយគណបក្សសង្គ្រោះជាតិជាដើម។ ទណ្ឌកម្មកន្លងមករួមមាន ការផ្តាច់ជំនួយដែលធ្លាប់ផ្ដល់ឲ្យ គ.ជ.ប ការផ្តាច់ជំនួយទាំងស្រុង លើកលែងតែជំនួយមនុស្សធម៌ ការបិទទិដ្ឋាការលើមន្ត្រីក្នុងជួរ និងនៅក្រៅជួររបបនេះ រួមទាំងសមាជិកក្រុមគ្រួសារពួកគេផង។
ចុងក្រោយនេះ សភាសហរដ្ឋអាមេរិក បានអនុម័តជាឯកឆន្ទ ដើម្បីដាក់ទណ្ឌកម្មទៅលើមន្ត្រីរបបលោក ហ៊ុន សែន បន្ថែមដោយរួមទាំងការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិផង ទៅលើមន្ត្រីរបបនេះ ដែលបានចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ច្បាប់នេះឈ្មោះថា ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៨។ ច្បាប់នេះកំពុងស្ថិតក្នុងដៃព្រឹទ្ធសភា ដើម្បីពិនិត្យ។ លោក អាឡាន់ ឡូវែនថល បញ្ជាក់ថា ច្បាប់នឹងត្រូវព្រឹទ្ធសភា យកមកពិភាក្សា យ៉ាងយូត្រឹម ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ។ លោកបន្តថា ដោយសារតែច្បាប់នេះ និងចំណាត់ការរបស់សហភាពអឺរ៉ុប ទើបរបបលោក ហ៊ុន សែន ចាប់ផ្ដើមកែប្រែខ្លះបែបនេះ។
ទោះជាយ៉ាងនេះក្តី សមាជិកសភាអាមេរិករូបនេះ បញ្ជាក់ថា សហរដ្ឋអាមេរិកមិនអាចបន្ធូរដៃចំពោះរបបលោក ហ៊ុន សែន បានឡើយ ព្រោះអ្វីដែលជាការបន្ទន់ឥរិយាបថខ្លះនេះ នៅមានភាពស្ដួចស្ដើងខ្លាំងណាស់៖ «នៅមានរឿងច្រើនណាស់ ដែលរបបនេះត្រូវធ្វើ។ តែសំខាន់បំផុត គឺត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីឲ្យលោកមានសេរីភាពពេញលេញ មិនមែនដោះលែងពីគុក យកមកឃុំខ្លួនក្នុងផ្ទះដូចសព្វថ្ងៃនេះទេ។ សំខាន់ជាងនេះទៅទៀត ត្រូវផ្ដល់នីតិសម្បទាឲ្យគណបក្សសង្គ្រោះជាតិ ឲ្យអាចបើកដំណើរការឡើងវិញពេញលេញ ក្នុងនាមជាគណបក្សប្រឆាំងស្របច្បាប់ដូចមុន»។
សម្ពាធអន្តរជាតិ បានកើនឡើងកាន់តែសន្ធាប់លើរបបលោក ហ៊ុន សែន ក្រោយការចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា រឹតត្បិតសិទ្ធិសេរីភាពក្នុងការតវ៉ាផ្សេងៗ និងការរៀបចំការបោះឆ្នោត ដែលរងការរិះគន់ជុំទិសថា ជាការបោះឆ្នោតក្លែងក្លាយ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយទេ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី៦ ធ្នូ។ ប៉ុន្តែ កន្លងមកលោក ហ៊ុន សែន តែងតែអះអាងថា របបលោក មិនឱនក្បាលចំពោះសម្ពាធអន្តរជាតិទេ។ លោកថែមទាំងអះអាងថ្មីៗនេះ ថាបើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធពីកម្ពុជាមែន គឺមិនមែនដោយសារជាទណ្ឌកម្ម ចំពោះការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនោះទេ ប៉ុន្តែមកពីកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ ដែលធ្វើឲ្យសហភាពអឺរ៉ុប ត្រូវដកការអនុគ្រោះពន្ធនេះ ទៅឲ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច។
សាររបស់លោក ហ៊ុន សែន បែបនេះ រងការរិះគន់ថា ធ្វើឡើងគ្រាន់តែជាសារនយោបាយ ដើម្បីរំងាប់ចិត្តកម្មករ កុំឲ្យផ្ទុះការតវ៉ាប៉ុណ្ណោះ ព្រោះការពិតជាក់ស្ដែង កម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរស់ដោយខ្លួនឯង ដោយមិនពឹងពាក់អន្តរជាតិនៅឡើយទេ។
នៅមុនដំណាច់ឆ្នាំ ២០១៨ នេះ របបលោក ហ៊ុន សែន បានដោះលែងអ្នកទោសនយោបាយ សកម្មជនដីធ្លី និងពន្លឿននីតិវិធីតុលាការ ដើម្បីបិទបញ្ចប់រឿងក្តីមេដឹកនាំសហជីពកម្មករ បញ្ចេញសារ ដោយអះអាងថា បន្ទន់ឥរិយាបថចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអង្គការស៊ីវិល និង ប្រញាប់ប្រញាល់រៀបចំ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ អាចមានសិទ្ធិធ្វើនយោបាយវិញជាដើម។
ទោះជាយ៉ាងនេះក្តី លោក អាឡាន់ ឡូវែនថល បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងនៅតែបន្តឃ្លាំមើលរបបលោក ហ៊ុន សែន យ៉ាងយកចិត្តទុកដាក់ និងបន្តការដាក់សម្ពាធបន្ថែម រហូតដល់ប្រទេសកម្ពុជា មានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលមានការចូលរួមពីគ្រប់ភាគី៕
1 comment:
Thank You so much Mr. Lowenthal for your devotion to help Cambodia and Khmer people.
Post a Comment