Saturday, 15 December 2018

អតីត​ភរិយា​សម្តេច​ក្រុមព្រះ​មាន​បន្ទូល​ថា ព្រះរាជ​សុខភាព​សម្តេច​ក្រុម​ព្រះ​បាន​ល្អ​ប្រសើរ​តែ​នៅ​បន្ត​ធ្វើការ​វះកាត់​បន្ថែម​ទៀត​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចររាចរណ៍


ដោយ ហេង រស្មី
2018-12-14 
rfa
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ពី​ឆ្វេង) ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​លើក​ទី​២ នៅ​ថ្ងៃ​ទី១២ មីនា ២០១៥។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ពី​ឆ្វេង) ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​លើក​ទី​២ នៅ​ថ្ងៃ​ទី១២ មីនា ២០១៥។
 RFA/Leng Maly



ព្រះ​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ អតីត​ភរិយាទ្រង់ នរោត្តម រណប្ញទ្ធិ ថា សុខ​ភាព​ព្រះអង្គ​ម្ចាស់ រណប្ញទ្ធិ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ក៍​ប៉ុន្តែ​ព្រះ​អង្គ​បន្ត​​ការ​វះកាត់​​នៅ​ខែ​ក្រោយ​ទៀត ​​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចររាចរណ៍​នៅ​ខេត្ត​ព្រះ​ស៊ីហនុ។

អស់​រយះ​ពេល​ជាង​៦​ខែមក​ហើយ​ដែលទ្រង់​​នរោត្តម​រណប្ញទ្ធិ ​ប្រធាន​គណបក្ស​ហ៊ុន ស៊ីនប៉ិច ​បាន​គង់នៅ​ក្នុង​មន្ទីរ​ពេទ្យក្នុងទី​ក្រុង​បាងកក​ដើម្បី​ព្យាបាល​ស្នាម​របួស​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចររាចរណ៍​កាល​ពី​ខែមិថុនា​នៅ​ខេត្ត​ព្រះ​សីហនុ។



ព្រះ​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពីទីក្រុង​បាងកក​មក​ថា ទ្រង់ នរោត្តម​ រណប្ញទ្ធិ មាន​សុខភាព​បាន​ធូរ​ស្រាល​ច្រើន​ជាង​មុន។ ក៏​ប៉ុន្តែ​ព្រះ​អង្គ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ក្នុង​ទី​ក្រុង​បាងកក​ប្រាប់​ថា​ នឹង​ត្រូវ​ការ​វះ​កាត់​ជំងឺ​ដុះ​សាច់​ក្នុង​ពោះ​វៀន៖ «បន្តិច​ទៀត​លោក​មាន​ការ​វះ​កាត់​បន្ថែម​ទៀត​មើល​ទៅ​ប្រហែល​ចុង​ខែ​ក្រោយ។​ខ្ញុំ​សង្ឃឹម​អញ្ចឹង​ដែរ​ ពី​ព្រោះ​លោក​វះ​កាត់​កន្លង​មក​កាល​ពី​លើក​មុន លោក​បាក់​ឆ្អឹងជំនី​ជាង ១០​ធ្ងន់​ធ្ងរ​មែន​ទែន។ ខ្ញុំ​មិន​នឹក​ស្មាន​ថា លោក​អាច​នៅ​គង់​ព្រះជន្ម​បាន​ទេ»។

ទ្រង់ ​នរោត្ដម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា បាន​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ក្នុង​ខណះ​ពេល​ដែល​ព្រះ​អង្គ​នឹង​អ្នក​ម្នាង​ អ៊ុក ផល្លា​ ព្រម​ទាំង​ក្រុម​គ្រួសារ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ទី​ក្រុង​ភ្នំពេញ។

អ្នកម្នាង អ៊ុក ផល្លា ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​តាម​ផ្លូវ​បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​ខេត្ត​ព្រះ​ស៊ីហនុ។

ព្រះ​អង្គម្ខាស់​ក្សត្រី​ ម៉ារី រណប្ញទ្ធិ​ បាន​មើល​ថែ​ព្រះ​រាជ​សុខភាព​ទ្រង់ រណប្ញទ្ធិ ចាប់​តាំង​ពី​ព្រះអង្គ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មក។

ទ្រង់ ​រណប្ញទ្ធិ​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៏​ចំនួន​ ៣​លើក​រួច​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៥។ គ្រោះ​ថ្នាក់​ចររាចរណ៏​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​នឹង​អតីត​ភរិយា​ព្រះអង្គ​ផង បានទាម​ទារ​ឲ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ស៊ើប​អង្កេត​ជុំវិញ​ឧប្បទ្ធវហេតុ​នេះ៕

No comments: