Friday, 18 January 2019

"លោក ហ៊ុន សែន ជា​មេដឹកនាំ​អាក្រក់​បំផុត ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ"


ដោយ មួង ណារ៉េត
2019-01-17 
rfa
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo: RFA



សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted YOHO) ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​អាក្រក់​បំផុត ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​។ លោក​បញ្ជាក់​ថា ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មេដឹកនាំ​បែបនេះ ឲ្យ​ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ គឺ​មានតែ​រួមគ្នា​ដាក់​សម្ពាធ និង​ទណ្ឌកម្ម។

នេះ​ជា​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​លោក ថិត យ៉ូហូ ជុំវិញ​ជំហរ​របស់​សភា​អាមេរិក ដូច​តទៅ៖

មួង ណារ៉េត៖ ជា​ដំបូង​ខ្ញុំបាទ ចង់​ដឹង​ថា​តើ​សេចក្ដី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ដែល​សភា​អាមេរិក អនុម័ត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ប៉ុន្តែ ព្រឹទ្ធសភា​មិន​ទាន់​បាន​អនុម័ត​នោះ នឹង​ត្រូវ​ស្នើ​ជាថ្មី​នៅ​ពេល​ណា?



ថិត យ៉ូហូ៖ សេចក្ដី​ស្នើ​ច្បាប់​នេះ នឹង​ត្រូវ​ស្នើ​ជាថ្មី​នៅ​សប្ដាហ៍​ក្រោយនេះ។ ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​នេះ ត្រូវ​បាន​តាក់តែង​ឡើង ដើម្បី​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ រួម​ទាំង​ជន​ទាំងឡាយ​ណា ដែល​បាន​ចូល​ដៃ ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ខ្ញុំ​សូម​រម្លឹក​ថា ច្បាប់​នេះ​ធ្លាប់​បាន​អង្គ​សភា​ទាំងមូល​របស់​អាមេរិក អនុម័ត​ជា​ឯកច្ឆន្ទ​រួចហើយ កាលពី​សភា​អាណត្តិ​មុន។ ដូច្នេះ ច្បាប់​នេះ​ក៏​នឹង​ត្រូវ​សភា​អនុម័ត​ជា​ឯកច្ឆន្ទ​ទៀត​ដែរ​។ ម្យ៉ាងទៀត យើង​មាន​សហ​ភាគី​របស់​យើង នៅ​ខាង​ព្រឹទ្ធសភា ដែល​នឹង​យល់ព្រម​តាម​សំណើ​នេះ​ដែរ។ ហើយ​ចុងក្រោយ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន។

មួង ណារ៉េត៖ តាំងពី​សំណើ​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​អាមេរិក កាលពី​ខែ​កក្កដា ឆ្នាំ ២០១៨ របប​លោក ហ៊ុន សែន បាន​បន្ទន់​ឥរិយាបថ​ខ្លះ ក៏ប៉ុន្តែ ថ្មីៗ​នេះ ក្រោយ​មិន​មាន​មន្ត្រី​បក្ស​ប្រឆាំង សុខចិត្ត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទៅតាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ស្រាប់តែ​លោក​គំរាម​ធ្វើបាប​បក្ស​ប្រឆាំង កាន់តែ​ខ្លាំង​ក្លា​ឡើង​ថែមទៀត បើ​អន្តរជាតិ ហ៊ាន​ដាក់ទណ្ឌកម្ម​របប​នេះ។ សម្ដី​លោក ហ៊ុន សែន៖ «ការដាក់​ចំពោះ​កម្ពុជា មានតម្លៃ​ស្មើនឹង​សម្លាប់​បក្ស​ប្រឆាំង។ ការ​សម្លាប់​កម្ពុជា​តាម​រូបភាព​ណាមួយ មានតម្លៃ​ស្មើនឹង​សម្លាប់​ក្រុម​ដែល​អ្នកឯង​គាំទ្រ​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល ហ៊ុន សែន។ ខ្ញុំ​មិន​លើកលែង​ឲ្យ​ទេ​។ បានតែ​ជ្រុល​លេង​គ្នា​ហើយ វា​ត្រូវតែ​លេង​អ៊ីចឹង​! អាហ្នឹង​ល្បែង​មាន​ទៅ​មាន​មក»។ តើ​លោក​យល់​ថា ច្បាប់​នេះ​មាន​ប្រសិទ្ធភាព លើ​របប​លោក ហ៊ុន សែន ដែរ​ឬទេ​?

ថិត យ៉ូហូ៖ បាទ​! ខ្ញុំ​យល់ថា​មាន​ប្រសិទ្ធភាព​! សហគមន៍​ខ្មែរ​យ៉ាង​ច្រើន​លើសលប់​នៅ​សហរដ្ឋអាមេរិក ចង់បាន​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។ ពួកគាត់​ជាច្រើន បាន​មក​ជួប​ខ្ញុំ​នៅ​កន្លែងធ្វើការ​របស់ខ្ញុំ​។ ពួកគាត់​គាំទ្រ​ច្បាប់​នេះ ព្រោះ​គាត់​ប្រាប់​យើងខ្ញុំ ថា​ច្បាប់​ដាក់ទណ្ឌកម្ម​នេះ ពិត​ជា​មាន​ប្រសិទ្ធភាព អាច​ជួយ​ឲ្យ​កម្ពុជា ស្ដារ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​បាន។ ដូច​លោក​ដឹង​ស្រាប់​ហើយ ការបោះឆ្នោត​កន្លងទៅ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ និង​គួរ​ឲ្យ​អាម៉ាស់ ដែល​មេដឹកនាំ​ផ្ដាច់ការ​លោក ហ៊ុន សែន រម្លាយ​សំឡេង​ប្រឆាំង រួចហើយ​រៀបចំ​ការបោះឆ្នោត ដោយ​គ្មាន​បក្ស​ប្រឆាំង​ថែមទៀត។ ក្រោយ​បោះឆ្នោត​រួច លោក ហ៊ុន សែន បែរជា​បន្ទន់​ឥរិយាបថ ចង់​បើក​ចំហ​សេរីភាព​វិញ​ខ្លះ​។ ប៉ុន្តែ ជិត​ដល់​បោះឆ្នោត​ទៀត គាត់​ធ្វើ​ដដែល​នេះ​ទៀត​។ លោក ហ៊ុន សែន កាន់អំណាច​តាំងពី​ឆ្នាំ ១៩៨៥ ប៉ុន្តែ បើ​មើល​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​វិញ នៅតែ​រក​ប្រាក់​ចំណូល បាន​ទាប​ជាងគេ នៅ​លើ​ពិភពលោក។ នេះ​គឺ​ដោយសារតែ​លោក ហ៊ុន សែន គាត់​ខ្វល់​តែ​បុគ្គល ហ៊ុន សែន មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទេ។ ឥឡូវ​គាត់​ក្លាយ​ជា​កូនជឹង​របស់​ចិន​ទៀត។ ឲ្យ​តែ​ចិន​ឲ្យ​ធ្វើ​អ្វី គាត់​ធ្វើតាម​ហ្នឹង​។ គួរ​ឲ្យ​អនិច្ចា​ណាស់ រឿង​នេះ​!

មួង ណារ៉េត៖ លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ហ៊ាន​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ ដោយសារតែ​អាង​ចិន​នេះឯង។ មិន​តែ​ប៉ុណ្ណោះ លោក​ហ៊ាន​រហូតដល់​គំរាម​សហភាព​អឺរ៉ុប ថា មានតែ​ការចរចា​ទេ​ទើប​ល្អ ព្រោះ​បើ​ហ៊ាន​ដក​ការ​អនុគ្រោះ​ពន្ធ អ្នក​ដែល​ស្លាប់​គឺ​បក្ស​ប្រឆាំង។ សម្ដី​លោក ហ៊ុន សែន៖ «បើ​ចង់​ឲ្យ​ពួក​ប្រឆាំង អា​ហ្នឹង​កាត់​ទៅ​! បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់ អាហ្នឹង​កុំ​ធ្វើ។ មក​ជជែក​គ្នា ពិភាក្សា​គ្នា កែ​លម្អ​សភាពការណ៍​ជាមួយគ្នា បន្ត​ទៅ​មុខជា​មួយ​គ្នា»។ ក្រោយ​សារ​គំរាម​នេះ​ភ្លាម លោក​ថា​នឹង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ភ្លាម​ដែរ​។ តើ​ធ្វើ​ដូច្នេះ លោក​មិន​បារម្ភ​ថា នឹង​រឹតតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ឆេះដុំ​កាន់តែ​ខ្លាំង​ទេ​ឬ?

ថិត យ៉ូហូ៖ គ្មាន​អ្វី​ចម្លែក​ទេ បើ​គាត់​ឆេះដុំ​កាន់តែ​ខ្លាំង​នោះ។ ប៉ុន្តែ រឿង​សំខាន់ គឺ​លោក ហ៊ុន សែន បាន​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ ហើយ​អំណាច​ដែល​គាត់​មាន​សព្វថ្ងៃ ក៏បាន​ដោយសារតែ​អំណាច​យោធា ផ្ដាច់ការ ប្លន់​ឆន្ទៈ​រាស្ត្រ​ខ្មែរ និង​បង្ក្រាប​សំឡេង​ប្រឆាំង​ឥត​ស្រាកស្រាន្ត។ ពលរដ្ឋ​ខ្មែរ​ទូទៅ មិន​គាំទ្រ​របប​នេះ​ទេ។ លោក ហ៊ុន សែន អាច​ព្រហើន ហ៊ាន​គំរាម​សហភាព​អឺរ៉ុប។ ប៉ុន្តែ គាត់​ត្រូវ​ចាំ​ថា ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា។ តើ​គាត់​ហ៊ាន​ឲ្យ​បាត់បង់​ទីផ្សារ​ទាំងនេះ​ដែរ​ឬទេ​? គាត់​ស្មានថា ចិន​អាច​ជួយ​ស្តារ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​បាន បើ​អត់​ទីផ្សារ​ធំ​នេះ​អ្ហ៊ៃ​? ខ្ញុំ​ថា​សារ​របស់​លោក ហ៊ុន សែន មិន​ចំណេញ​អ្វី ទល់​តែ​សោះ​ដល់​កម្ពុជា។

មួង ណារ៉េត៖ លោក ហ៊ុន សែន អួតអាង​ថា របប​លោក​ពេល​នេះ កំពុង​ត្រៀមខ្លួន​ទប់ទល់​ស្ថានការណ៍​អាក្រក់ នៃ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ហើយ។ លោក ហ៊ុន សែន អះអាង​ថា កំពុង​កែទម្រង់​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​បញ្ហា​នេះ។ តើ​លោក​យល់ថា របប​លោក ហ៊ុន សែន ពិតជា​បាន​ត្រៀមខ្លួន ដើម្បី​ទប់ទល់​ស្ថានភាព​អាក្រក់​នេះ ទៅ​រួច​ឬទេ?

ថិត យ៉ូហូ៖ ទៅ​មិន​រួច​ទេ​! លោក ហ៊ុន សែន អះអាង​ថា របប​នេះ​ត្រៀមខ្លួន​ទប់ទល់​ស្ថានការណ៍​អាក្រក់​។ ប្រវត្តិសាស្ត្រ​ចារ​ទុក​រួចទៅ​ហើយ ថា​តើន​រណា​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​អាក្រក់​? គឺ​លោក ហ៊ុន សែន ខ្លួនឯង​។ លោក ហ៊ុន សែន ជា​មេដឹកនាំ​អាក្រក់​បំផុត​។ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​មានតែ​បង្ក្រាប​សំឡេង​ប្រឆាំង។ យក​ល្អ លោក ហ៊ុន សែន ត្រូវតែ​ស្តារ​ស្ថានការណ៍​អាក្រក់​នេះ​ឡើងវិញ ដោយ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌​។ លោក ហ៊ុន សែន ត្រូវ​ក្លាហាន ហ៊ាន​បើក​ចំហ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ពេញចិត្ត។ មិនមែន​បង្ខំ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​គាត់ ដូច​របៀប​គាត់​ធ្វើ​នោះ​ទេ។

មួង ណារ៉េត៖ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពោល​គឺ​ក្រោយពេល​មាន​សម្ពាធ​ពី​អន្តរជាតិ លោក ហ៊ុន សែន ហាក់​ដូចជា​បន្ទន់​ឥរិយាបថ​ខ្លះ ដូចជា​ដោះលែង​អ្នក​ទោសនយោបាយ សកម្មជន​ដីធ្លី បង្គាប់​ឲ្យ​តុលាការ​ប្រញាប់​ពន្លឿន​រឿង​ក្តី លើ​មេដឹកនាំ​សហជីព​កម្មករ និង​បាន​សន្យា​ផ្ដល់​សិទ្ធិ​សេរីភាព ដល់​អង្គការ​សង្គម​ស៊ីវិល ហើយ​ចុង​ក្រោយនេះ​ទៀត គាត់​ធ្វើ​ច្បាប់​ប្រញាប់​មួយ ដោយ​អះអាង​ថា ដើម្បី​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​មន្ត្រី​បក្ស​ប្រឆាំង​។ តើ​លោក​យល់ថា លោក ហ៊ុន សែន ធ្វើ​ប៉ុណ្ណឹង​ល្មម​គ្រប់គ្រាន់ ហើយ​ឬ​នៅ?

ថិត យ៉ូហូ៖ អត់​គ្រប់គ្រាន់​ទេ​! លោក ហ៊ុន សែន ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​គាត់ ដោយសារតែ​អំណាច​ផ្ដាច់ការ។ អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នេះ គឺ​គ្រាន់តែ​ជា​បន្លំ​ភ្នែក ដើម្បី​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ​ប៉ុណ្ណោះ។ នេះ​ជាសញ្ញាណ​បញ្ជាក់​ថា សម្ពាធ​អន្តរជាតិ ពិត​ជា​មាន​ប្រសិទ្ធភាព​លើ​របប​នេះ ដែល​បង្ខំចិត្ត​ឲ្យ​លោក ហ៊ុន សែន ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ រួចហើយ​ប្រកាស​ធ្វើ​ដូចជា​ចិត្តល្អ ចង់​បើក​ចំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ជាដើម​។ តែ​តាម​ធាតុ​ពិត នរណា​ក៏​ស្គាល់​ចរិត​លោក ហ៊ុន សែន ដែរ។ កុំ​ស្មាន​ឲ្យ​សោះ ថា​សភា​អាមេរិក ល្ងង់​ជឿ​តាម​ល្បិច​លោក ហ៊ុន សែន​នោះ​។ សភា​អាមេរិក ដែល​មូល​មាត់​គ្នា​ទាំងពីរ​គណបក្ស នឹង​នៅតែ​ដាក់​សម្ពាធ​លោក ហ៊ុន សែន រហូតដល់​របប​នេះ អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ឲ្យ​ខាង​តែ​បាន​។ យើង​នឹង​ធ្វើ​យ៉ាងណា ឲ្យ​របប​នេះ ឈប់​ធ្វើទុក្ខបុកម្នេញ​សំឡេង​បក្ស​ប្រឆាំង និង​ឈប់​រំលោភ​សិទ្ធិ​មនុស្ស​តទៅទៀត។

មួង ណារ៉េត៖ នេះ​ជា​សំណួរ​ចុងក្រោយ តើ​លោក​មាន​សុទិដ្ឋិនិយម​ប៉ុនណា ថា​សេចក្ដី​ស្នើ​ច្បាប់ ដែល​លោក​គ្រោង​ដាក់​ស្នើ​នៅ​សប្ដាហ៍​ក្រោយនេះ នឹង​ចូល​ជា​ធរមាន​ឆាប់​ប៉ុនណា?

ថិត យ៉ូហូ៖ ខ្ញុំ​សង្ឃឹម​រហូតដល់ ១០០% ថា​សេចក្ដី​ស្នើ​ច្បាប់​នេះ នឹង​ត្រូវ​រដ្ឋសភា​ទាំងមូល​អនុម័ត​។ ខ្ញុំ​សង្ឃឹម​រហូតដល់ ៩៨% ថា​ព្រឹទ្ធសភា​នឹង​អនុម័ត​ច្បាប់​នេះ​ដែរ។ ខ្ញុំ​ជឿជាក់​ថា ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន នៅ​ចន្លោះ​ពី ៦​ខែ ទៅ​មួយ​ឆ្នាំ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នា​ពេល​ខាង​មុខ​នេះ។

មួង ណារ៉េត៖ ខ្ញុំ​សូម​អរគុណ​លោក ថិត យ៉ូហូ (Ted YOHO) យ៉ាង​ជ្រាលជ្រៅ ដែល​បាន​ផ្តល់​ឱកាស ឲ្យ​ខ្ញុំ​បាន​សម្ភាសជុំវិញ​រឿង​នេះ។

ថិត យ៉ូហូ៖ សូម​អរគុណ​លោក ណារ៉េត ដែរ និង​សូម​ផ្ញើ​សេចក្ដី​នឹករលឹក​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ផង​!

1 comment:

Anonymous said...

This killer keeps killing because he has never gotten punished. The culture of impunity must end in Cambodia.

Ah Hun Shit was never afraid to do anything to please his master Yuon to stay in power such as executing the K5 project resulting of hundreds of thousands of Young Khmer men dead, the 1997 coup d'Etat, the 2017 dissolution of the CNRP, etc...

Hopefully, Hun Shit's savage regime will end in this 2019.