ដោយ មួង ណារ៉េត
2019-01-15
rfa

អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល។
អ្នកវិភាគគោលនយោបាយអះអាងថា គម្រោងកំណែទម្រង់អំពើពុករលួយរបស់លោក ហ៊ុន សែន ដែលគ្រោងបោសសម្អាតអំពើពុករលួយពីមន្ត្រីថ្នាក់ក្រោមឡើងលើនេះ នឹងគ្មានប្រសិទ្ធភាពនោះទេ។ អ្នកវិភាគថា កំណែទម្រង់សេដ្ឋកិច្ច ត្រូវផ្ដើមចេញពីការលុបបំបាត់អំពើពុករលួយពីលើ ចុះក្រោម ជាពិសេសការចំណាយថវិកាជាតិខ្ជះខ្ជាយ ភាពគ្មានតម្លាភាព និងប្រព័ន្ធបក្សពួក និង គ្រួសារនិយម ដែលធ្វើឲ្យខ្សោះប្រាក់ចំណូលជាតិ។
សាស្ត្រាចារ្យផ្នែកកិច្ចការការទូត និងពិភពលោក នៃសាកលវិទ្យាល័យ អុកស៊ីដិនថល (Occidental College) នៅទីក្រុង ឡូសអែនជីឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល ថា គេមិនអាចកែទម្រង់សេដ្ឋកិច្ច ពីក្រោមឡើងលើទេ។ លោកលើកយកសុភាសិតអាហ្វ្រិក ដែលនិយាយថា “ត្រីចាប់ស្អុយខូចពីក្បាលមកមុន”។ លោក អៀ សុផល បន្តថា បើគេចង់បោសសម្អាតក្នុងផ្ទះ គឺគេត្រូវសម្អាតពីជាន់លើមកមុន។ ម្យ៉ាងទៀត ការកែទម្រង់ពិតប្រាកដ មិនមែននិយាយឲ្យតែពីរោះស្ដាប់ ឬគ្រាន់តែតុបតែងលម្អបង្អួត ឲ្យល្អមើលតែពីខាងក្រៅនៅទេ។
ប្រតិកម្មរបស់លោកបណ្ឌិត អៀ សុផល ដោយសារតែលោក ហ៊ុន សែន ទទួលស្គាល់ថា បញ្ហាអំពើពុករលួយក្រោមការដឹកនាំរបស់លោក នៅតែបន្តកើតមាន ជាពិសេសអំពើពុករលួយប្រព្រឹត្តដោយមន្ត្រី នៅច្រកទ្វាព្រំដែន៖ «អ៊ីចឹងទេ! ឥឡូវនេះ ត្រូវមានការប្រជុំ ហើយធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ឲ្យកាន់តែលឿន។ សុំផ្តាំទៅអ្នកវិនិយោគិនទាំងឡាយ អ្នកធ្វើធុរកិច្ចទាំងឡាយ នៅពេលខាងមុខ នឹងមានការដាក់ចេញនូវវិធានការកាត់បន្ថយ ការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង ក្នុងការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ច»។
ការប្រកាសធ្វើកំណែកទម្រង់ប្រញាប់នេះ ធ្វើឡើងក្រោយពីឱសានវាទ នៃការដកការអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុប កាន់តែខិតកៀកជិតចូលមកដល់ណាស់ទៅហើយ ហើយមិនមានសញ្ញាណណាមួយ ថារបបលោក ហ៊ុន សែន នឹងអាចចៀសផុតពីទណ្ឌកម្មនេះទេ។ លោក ហ៊ុន សែន អះអាងថា កំណែទម្រង់នេះ គឺផ្ដើមពីច្រកទ្វាព្រំដែនមកមុន ដោយត្រូវដកមន្ត្រីច្រកទ្វាព្រំដែនទាំងអស់ ទុកតែមន្ត្រីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ ដោយលោកអះអាងបន្ថែមថា ដើម្បីឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញ៖ «នៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការឲ្យមានស្ថាប័នណាក្រៅពី អន្តោប្រវេសន៍ និងគយ ឲ្យតែពីហ្នឹងទេ ក្រៅពីហ្នឹងដកចេញទាំងអស់ ទាំងអាកាំកុងត្រូលអីហ្នឹង ដកចេញឲ្យអស់។ ស្ថាប័នទាំងនេះ ជាឧបសគ្គ ដល់ការធ្វើពាណិជ្ជកម្ម»។
ទោះជាយ៉ាងណា លោកបណ្ឌិត អៀ សុផល សាទរចំពោះការកាត់បន្ថយមន្ត្រីនៅច្រកទ្វាព្រំដែន ដែលមានច្រើនលើសលប់ និងជាន់តួនាទី និងសមត្ថកិច្ចគ្នា ដែលគ្រាន់តែប្រមូលផ្តុំគ្នាដើម្បីកើបលុយ ពុករលួយប៉ុណ្ណោះនោះ។ ប៉ុន្តែ លោកបណ្ឌិតបន្ថែមថា បើមន្ត្រីព្រំដែនទាំងនោះ ជាមន្ត្រីមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ លោក ហ៊ុន សែន ក៏មិនត្រូវព្រួយបារម្ភរឿងចំនួនមន្ត្រីនៅទីនោះ នោះទេ ហើយលោកក៏មិនចាំបាច់អីដកពួកគាត់ ចេញមកវិញនោះដែរ។ ប៉ុន្តែ លោក អៀ សុផល គ្មានសុទិដ្ឋិនិយម ថាកំណែទម្រង់បែបនេះ នឹងមានប្រសិទ្ធភាពនោះឡើយ ព្រោះមន្ត្រីដែលមិនដក នឹងមានឱកាសប្រព្រឹត្តពុករលួយ ជំនួសមន្ត្រីដែលដកផុត។ លោកបន្ថែមថា រឿងនេះ មិនមែនជារឿងអ្វីប្លែកនោះឡើយ ព្រោះរបបលោក ហ៊ុន សែន ដឹងថា បញ្ហានេះ កើតមានឡើងជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែ នៅតែដោះស្រាយមិនចេញ។
ទោះបីជារបបលោក ហ៊ុន សែន អួតអាងថា សេដ្ឋកិច្ចប្រទេសកម្ពុជា រីកចម្រើនខ្លាំង និងអះអាងថាពលរដ្ឋខ្មែរ នឹងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក៏បើតាមច្បាប់ថវិកា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បច្ចុប្បន្ន កម្ពុជាជំពាក់បំណុលបរទេសជិត ៧ពាន់លានដុល្លារ (៦.៨២៥,៣) ក្នុងនោះបំណុលជិតពាក់កណ្ដាល (៤៨.៣%) គឺកម្ពុជាជំពាក់ចិន។ បើតាមតួលេខនេះ កម្ពុជាជំពាក់បំណុលចិន គឺជាង ៣ពាន់លានដុល្លារ (៣.២៩៦,៦១)។
ស្របពេលដែលកម្ពុជាបន្តជំពាក់បំណុលបរទេសយ៉ាងច្រើនសន្ធឹកនេះ កម្ពុជាគ្រោងខ្ចីបន្ថែម ជិត ២ ពាន់លានដុល្លារ (១.៩៣៦ លានដុល្លារ) ទៀត សម្រាប់ការចំណាយសាធារណៈ ក្នុងឆ្នាំ២០១៩ នេះ។
លោកបណ្ឌិត អៀ សុផល ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា «ការពឹងផ្អែកលើជំនួយនៅកម្ពុជា៖ តើជំនួយបរទេស ធ្វើឲ្យខ្សោយលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្ដេច?» សង្កេតឃើញអំពីកំណើននៃការប្រមូលពន្ធរដ្ឋ គួរឲ្យកត់សម្គាល់ ប៉ុន្តែ រិះគន់របបលោក ហ៊ុន សែន ដែលខ្វះតម្លាភាព និងចាយថវិកាជាតិខ្ជះខ្ជាយ ដែលធ្វើឲ្យខ្សោះថវិកាជាតិ សម្រាប់ជួយពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស។ ជាឧទាហរណ៍ របបលោក ហ៊ុន សែន បានជួលយន្តហោះទំនើបប្រភេទ បូអ៊ីង (Boeing) ៧៨៧ ពីក្រុមហ៊ុនឯកជនចិនឈ្មោះ Deer Jet ដើម្បីដឹកលោក និងគណៈប្រតិភូរបបលោកប្រមាណ ៤០នាក់ផ្សេងទៀត រួមមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផង ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីចុងខែកញ្ញាឆ្នាំ ២០១៨ ដែលត្រូវចំណាយប្រាក់ប្រហែល ២.៤ លានដុល្លារ (២.៣៨០. ០០០ ដុល្លារ) សម្រាប់ថ្លៃជួលយន្តហោះមួយលើកនេះ ដោយមិនគិតទាំងថ្លៃពន្ធព្រលានយន្តហោះ និងថ្លៃចតយន្តហោះនៅអាមេរិក ពេលលោក ហ៊ុន សែន កំពុងស្នាក់នៅទីនោះផងទេ។
ទោះជាយ៉ាងនេះក្តី មន្ត្រីរបបលោក ហ៊ុន សែន អះអាងថា កំណែទម្រង់សេដ្ឋកិច្ចនេះ បង្ហាញគោលនយោបាយច្បាស់លាស់របស់របបនេះ។ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ហៅអ្នករិះគន់ ណាមួយចំពោះការដឹកនាំរបស់លោក ហ៊ុន សែន និងបញ្ហាអំពើពុករលួយនេះ ថាជាការខ្វះការយល់ដឹងអំពីការវិវត្តនៅកម្ពុជា៖ «អ្នករបៀបហ្នឹង គឺនិយាយរហូតពីអំពើពុករលួយ។ គាត់មិនបានទទួលនូវការប្រឹងប្រែង កំណែទម្រង់ តម្លាភាព និង គណនេយ្យភាព ដែលរាជរដ្ឋាភិបាលកំពុងប្រព្រឹត្តនោះទេ»។
ជុំវិញកំណែទម្រង់របស់របបលោក ហ៊ុន សែន កាលលោកបណ្ឌិត កែម ឡី មិនទាន់ត្រូវឃាតកបាញ់សម្លាប់ លោកក៏បានរិះគន់របបនេះ ថាខ្វះភាពសុចរិតក្នុងការធ្វើកំណែទម្រង់ ដើម្បីប្រយោជន៍ជាតិទាំងមូលនោះដែរ។ ដោយលើកយកកំណែទម្រង់ គ.ជ.ប ជាឧទាហរណ៍ លោកបណ្ឌិត បន្ថែមថា កំណែទម្រង់ណាមួយរបបលោក ហ៊ុន សែន គឺខ្វះសុឆន្ទៈ និងធ្វើតែបន្តក្រាញអំណាចតែប៉ុណ្ណោះ មិនខ្វល់ពីសមធម៌ ឬយុត្តិធម៌នោះឡើយ៖ «គណបក្សប្រជាជនធ្វើកំណែទម្រង់ ក្នុងគោលបំណងតែ ៥ ទេ ទីមួយកំណែទម្រង់បោះឆ្នោត ដើម្បីគ្រប់គ្រងនៅលើដៃខ្លួន ទីពីរកំណែទម្រង់រៀបចំ គ.ជ.ប ដើម្បីខ្លួនអាចត្រួតត្រាបាន ទីបីកំណែទម្រង់ហ្នឹង ដើម្បីខ្លួនឈ្នះ មិនមែនកំណែទម្រង់ផ្សេងទេ ទីបួនកំណែទម្រង់ដើម្បីខ្លួនអាចបន្តកាន់អំណាចបានបន្តទៅទៀត ហើយទីប្រាំកំណែទម្រង់ដើម្បីឲ្យប្រព័ន្ធទាំងមូល ទាំងតុលាការ ទាំងសភា គ.ជ.ប ស្អីហ្នឹងអាចត្រួតត្រាបាន រហូតដល់ត្រួតត្រាព្រះបរមរាជវាំងទៅទៀត ដូចជាការស៊កក្រសួង គណបក្សរបស់ខ្លួនទៅត្រួតត្រាទៀត»។
ទោះបីរបបលោក ហ៊ុន សែន អះអាងថា នឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនការនាំចេញ ក៏អ្នកវិភាគយល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ មិនទាន់អាចឲ្យប្រទេសនេះ មានលទ្ធភាពធ្វើដូច្នេះបាននៅឡើយទេ។ ពលរដ្ឋខ្មែរជាច្រើន នៅតែមិនបានទទួលផល ពីសេដ្ឋកិច្ចទីផ្សារសេរី ដែលចាប់ផ្ដើមតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ នោះទេ។ សេដ្ឋកិច្ចកម្ពុជា នៅតែពឹងផ្អែកខ្លាំងទៅលើការអនុគ្រោះពន្ធពីសហគមន៍អន្តរជាតិ ដែលភ្ជាប់ជាមួយលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដ។
ជាក់ស្ដែង អត្រាភាពក្រីក្រនៅកម្ពុជា ថយចុះតិចតួចប៉ុណ្ណោះ បើតាមតួលេខរបស់អង្គការអន្តរជាតិ GIZ និង UNDP កាលពីឆ្នាំ២០១៨ កន្លងទៅរកឃើញថា ពលរដ្ឋខ្មែរ ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ គឺស្ថិតនៅចន្លោះពី ២០-៣៥% នៅឡើយ។ តាមតួលេខនេះ ពលរដ្ឋខ្មែរចន្លោះពី ៣.២ លាន ទៅ ៥.៦ លាននាក់ រស់នៅក្នុងស្ថានភាពក្រីក្រ។
ចំណែកឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បានបង្ហាញពីក្តីបារម្ភ ថាបើមានបញ្ហាសេដ្ឋកិច្ចតែបន្តិចបន្តួច ពលរដ្ឋខ្មែរជិតពាក់កណ្ដាលប្រទេស ឬជិត ៨លាននាក់ នឹងធ្លាក់ខ្លួនក្រភ្លាម។
ក្នុងស្ថានភាពបែបនេះ ទាំងអ្នកវិភាគ អ្នកឃ្លាំមើលកិច្ចការសង្គម មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិល សុទ្ធតែយល់ឃើញថា ដំណោះស្រាយដែលសមស្រប ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ គឺស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ រួចហើយបន្តកែទម្រង់សេដ្ឋកិច្ច ឲ្យមានភាពស៊ីជម្រៅ និងប្រាកដនិយម ដោយចាប់ផ្ដើមពីការបំបាត់ អំពើពុករលួយជាប្រព័ន្ធឲ្យអស់សិន៕
No comments:
Post a Comment