ដោយ មួង ណារ៉េត
2019-01-23
rfa

លោក គឹម សុខ អ្នកវិភាគនយោបាយ។
រូបថតពីហ្វេសប៊ុកលោក គឹម សុខ
អ្នកវិភាគថា របបលោក ហ៊ុន សែន កំពុងទាល់ច្រកខ្លាំង ព្រោះមិនអាចបន្តបិទបាំងការពិត អំពីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោយម្ចាស់ជំនួញធំៗ និងថៅកែរោងចក្រនៅកម្ពុជា រួមទាំងសហជីពកម្មករដែលមាននិន្នាការគាំទ្ររបបលោកផង សុទ្ធតែទទួលស្គាល់ថា ប្រសិនបើសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដូចការព្រមានមែន នោះនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ធ្ងន់ជាក់ជាមិនខាន។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ថា វិធីសាស្ត្រដែលលោក ហ៊ុន សែន ប្រើដើម្បីបន្លប់ស្ថានការណ៍ ដោយយកលេសថា កម្ពុជាក្រោមការដឹកនាំរបស់លោក នឹងមិនរងផលប៉ះពាល់ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ គឺគ្មានប្រសិទ្ធភាពនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរទូទៅ ទាំងកម្មករ កសិករ រួមទាំងអ្នកជំនួញធំៗ ផង សុទ្ធតែមើលឃើញច្បាស់ ពីគ្រោះថ្នាក់ និងផលវិបាកនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «ពាក្យដែលលោក ហ៊ុន សែន យកពាក្យថា ឯករាជភាពបូរណភាពទឹកដី មកបាំង នៅពេលដែលកម្មករ កម្មការិនី គាត់ក៏ដឹងគាត់ក៏យល់ ដោយសារតែគាត់ធ្វើការនៅទីក្រុង គាត់បានព័ត៌មានច្រើន ទប់ទៅនឹងកម្លាំងសកម្មនៃការតវ៉ារបស់កម្មករ កម្មការនីមិនកើតទេ។ ចេះតែបំផុស បំភាន់ពលរដ្ឋ ឲ្យទន្ទេញពាក្យហ្នឹងតាមគាត់ មិនជោគជ័យទេ»។
ក្រោយសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មជាបណ្តើរៗ និង ព្រមានដាក់ទណ្ឌកម្មធ្ងន់ រហូតដល់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ នាំចេញទំនិញទៅទីផ្សារអឺរ៉ុប ដោយសារតែរបបលោក ហ៊ុន សែន មិនព្រមធ្វើតាមសំណូម ឲ្យស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ លោក ហ៊ុន សែន និង មន្រ្តីរបបក្រុងភ្នំពេញ បានបញ្ចេញសារនយោបាយ ការពារជំហរមិនស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញនេះថា ជាការមិនអាចធ្វើទៅរួច ដោយសារតែរបបនេះ សម្អាងថា ចំណាត់ការរម្លាយគណបក្ស សង្គ្រោះជាតិ ចាប់ប្រធានគណបក្សនេះដាក់ពន្ធនាគារ និង បន្តឃុំខ្លួនគាត់ក្នុងផ្ទះ បណ្ដេញអង្គការសង្គមស៊ីវិល និង បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះថា ជាការត្រឹមត្រូវ និងថា បើធ្វើតាមសំណូមពរអន្តរជាតិ គឺរបបនេះអះអាងថា ដូចធ្វើឲ្យកម្ពុជា បាត់បង់អធិបតេយ្យភាព និងឯករាជ្យជាដើម។
សារសំខាន់ជាងនេះទៅទៀត ដែលលោក ហ៊ុន សែន ថ្លែងរាល់ពេលជួបកម្មកររោងចក្រ គឺការអះអាងថា កម្ពុជាមិនអីទេ ទោះអត់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះក៏ដោយ។ កាលពីដំបូងៗ សាររបស់លោក ហ៊ុន សែន តែងតែទទួលបានការបន្ទរ និងសាទរ ឬហៃអើតាម ពីសហជីពកម្មករដែលមាននិន្នាការទៅខាងថៅកែរោងចក្រ និងលម្អៀងទៅរបបលោក ហ៊ុន សែន និង ស្ថាប័នជំនួញធំៗ ជាច្រើនផ្សេងទៀត ដែលស្និទ្ធនឹងរបបនេះផង បើទោះបីជាការថ្លែងហៃអើបែបនេះ ប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់យ៉ាងណាក៏ដោយ។
ប៉ុន្តែ បួនថ្ងៃក្រោយសហភាពអឺរ៉ុប ប្រកាសអំពីសេចក្ដីសម្រេច ដែលឈប់ផ្ដល់ការអនុគ្រោះពន្ធ លើអង្ករនាំចេញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប តំណាងស្ថាប័នជំនួញធំៗ នៅកម្ពុជាចំនួន ៤០ រួមទាំងសភាពាណិជ្ជកម្ពុជា ដែលដឹកនាំដោយលោក គិត ម៉េង និង ក្រុមតំណាងមកពីវិស័យឯកជនបរទេស ព្រមទាំងសមាគមកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC និងសមាគម និងសហជីពដែលមាននិន្នាការគាំទ្ររបបលោក ហ៊ុន សែន ផង ទទួលស្គាល់ថា ការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ គឺពិតជាគ្រោះថ្នាក់ដល់កម្ពុជា។
ស្ថាប័នទាំងនេះបានសរសេរលិខិតទៅសភាពអឺរ៉ុប ដើម្បីសុំកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ព្រោះបើគ្មានការអនុគ្រោះពន្ធនេះ វិស័យជំនួញ និង រោងចក្រកាត់ដេរនៅកម្ពុជា នឹងរងផលប៉ះពាល់យ៉ាងខ្លាំង។
នៅក្នុងលិខិត កាលពីថ្ងៃទី២១ ខែមករា ផ្ញើទៅស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្ត្រុម (Cecilia Malmstrom) តំណាងស្ថាប័នទាំងនេះទទួលស្គាល់ថា ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ដែលសហភាពអឺរ៉ុបបានផ្ដល់ដល់កម្ពុជា ជួយឲ្យប្រទេសកម្ពុជា រីកលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ ស្ថាប័នជំនួញទាំងនេះទទួលស្គាល់ទៀតថា ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នឹងប៉ះពាល់ដោយផ្ទាល់ ទៅលើកម្មកររោងចក្រ និងក្រុមគ្រួសាររបស់ពួកគាត់។ យ៉ាងហោចណាស់មនុស្សបីលាននាក់ នឹងរងផលប៉ះពាល់នេះ។ មិនតែប៉ុណ្ណោះ ស្ថានភាពនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងនោះ ប្រឈមមុខនឹងធ្លាក់ខ្លួនជាប្រជាពលរដ្ឋក្រីក្រវិញជាក់ជាមិនខាន។
ក្តីកង្វល់របស់ស្ថាប័នជំនួញទាំងនេះ ស្របគ្នាទៅនឹងការព្រួយបារម្ភរបស់អ្នកវិភាគជាច្រើន ដែលបានព្រមានរបបលោក ហ៊ុន សែន ជាហូរហែរួចមកហើយថា ការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ នឹងធ្វើឲ្យកម្ពុជា គេចមិនផុតពីការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិនោះឡើយ។ ក្រុមអ្នកវិភាគ ក៏បានព្រមានអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះកម្មករវិស័យកាត់ដេរនេះដែរ។
អត្រាភាពក្រីក្រនៅកម្ពុជា ថយចុះតិចតួចប៉ុណ្ណោះ បើតាមតួលេខរបស់អង្គការអន្តរជាតិ GIZ និង UNDP កាលពីឆ្នាំ២០១៨ កន្លងទៅ ដែលរកឃើញថា ពលរដ្ឋខ្មែរ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ គឺស្ថិតនៅចន្លោះពី ២០-៣៥% នៅឡើយ។ តាមតួលេខនេះ ប្រជាពលរដ្ឋខ្មែរចន្លោះពី ៣,២លាន ទៅ ៥,៦លាននាក់ រស់នៅក្នុងស្ថានភាពក្រីក្រ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បានបង្ហាញពីក្តីបារម្ភ ថាបើមានបញ្ហាសេដ្ឋកិច្ចតែបន្តិចបន្តួច ពលរដ្ឋខ្មែរជិតពាក់កណ្ដាលប្រទេស ឬជិត ៨លាននាក់ នឹងធ្លាក់ខ្លួនក្រភ្លាម។
ក្តីកង្វល់របស់ស្ថាប័នជំនួញ និង សហជីពកម្មករបែបនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងសារនយោបាយរបស់លោក ហ៊ុន សែន និង មន្ត្រីរបបនេះ ដែលតែងតែអះអាងថាមិនអីទេ។
លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនស្លាប់ទេ ព្រោះធ្លាប់ហែលឆ្លងការលំបាក និងទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ចឆ្អែតឆ្អន់រួចមកហើយ៖ «សុំផ្ដាំទៅអាពៅ សម័យដើម ស៊ីបាយ ធ្វើការដូរអង្ករ អ្ហែងហ៊ុមព័ទ្ធ អញរស់បាន រឿងអីមកដល់ប៉ុណ្ណឹងហើយរស់មិនបាន»។
ក្រោយមកទៀត លោកអះអាងថា លោកមិនភ្ញាក់ផ្អើលទេ បើសហគមន៍អន្តរជាតិលែងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានៅពេលនេះ។ លោក ហ៊ុន សែន មិនបន្ទោស ការលែងឲ្យការអនុគ្រោះពន្ធនេះថា មកពីការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញ លោកអះអាងថា សេដ្ឋកិច្ចស្រុកខ្មែររីកចម្រើនខ្លាំង ទើបល្មមដល់ពេលគេដកនោះ។
ទោះបីលោក ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចស្រុកខ្មែររីកចម្រើនខ្លាំង ក៏សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និង ការអភិវឌ្ឍ (UNCTAID) រកឃើញថា កម្ពុជានៅតែជាប្រទេស មានការអភិវឌ្ឍតិចតួចបំផុតមួយ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួចជាងគេ នៅលើពិភពលោក។
ក្រោយមកលោក ហ៊ុន សែន បានប្តូរពីការអះអាងថាខ្មែរមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ទៅបន្ទោសគណបក្ស សង្គ្រោះជាតិ ឯណោះវិញ ដែលលោកអះអាងថា ជាដើមហេតុនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។ លោកចោទគណបក្សប្រឆាំង ដែលលោកបានរម្លាយចោលនោះថា ជាអ្នកអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើរបបលោក។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន គំរាមធ្វើបាបគណបក្សនេះបន្ថែមទៀត៖ «ពួកអ្នកឯងរង់ចាំមើលទៅ ពួកអ្នកឯងសប្បាយទៅ! សួរថាតើរដ្ឋបាល ហ៊ុន សែន នឹងចាត់វិធានការ ចំពោះពួកអាក្រក់របៀបណា? ឲ្យច្បាស់លាស់ជាមួយគ្នា។ អ្នកឯងគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំតទៅទៀតទេ។ អ៊ីចឹងពួកអ្នកដែលមានទោសទាំងប៉ុន្មាន គឺត្រូវបន្តទោស។ អាគួរតែឲ្យរួច មិនឲ្យអ្ហែងរួចខ្លួន! ប្រមូលយកកាត់ទោសហើយ ព្រោះបានជាជ្រុលអ៊ីចឹងទៅហើយ ពួកអ្ហែងអ្នកធ្វើអាក្រក់ អញអនុវត្តច្បាប់ អ្ហែងទៅប្ដឹងចៅហ្វាយអ្ហែងឲ្យធ្វើបាបអញ! អ៊ីចឹងអញដាក់ជាន់កអ្ហែងថែម!»។
លើសពីនេះទៅទៀត លោក ហ៊ុន សែន បានបញ្ឆេះកំហឹងក្នុងជួរកម្មករកាត់ដេរ ឲ្យខឹងសម្បាមន្ត្រីបក្សប្រឆាំង ជំនួសឲ្យការខឹងសម្បារទៅលើរបបលោក ដែលរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យយ៉ាងដំណំនេះទៅវិញ៖ «ក្មួយៗ ចាំឲ្យច្បាស់ បើមានការកាត់បន្ថយការបញ្ជាទិញណាមួយ គឺជាកំហុសរបស់ពួកបក្សប្រឆាំងទាំងអស់។ គេចង់ធ្វើបាប ហ៊ុន សែន ក៏ប៉ុន្តែ ហ៊ុន សែន មិនបានលានអណ្ដាត។ ច្របាច់ក ហ៊ុន សែន លានអណ្ដាត គឺកម្មករឯណោះ! លានអណ្ដាតប្រជាជនកម្ពុជា»។
ទោះបីលោក ហ៊ុន សែន ទម្លាក់កំហុសទៅលើបក្សប្រឆាំងថា ជាអ្នកនាំអាទិឲ្យមានការដាក់ទណ្ឌកម្មយ៉ាងណាក្តី ក៏ទណ្ឌកម្មទាំងនេះ ទើបតែលេចឮឡើងក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្ស សង្គ្រោះជាតិ ចោលតែប៉ុណ្ណោះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា នយោបាយលាបពណ៌របស់លោក ហ៊ុន សែន ដែលមិនព្រមទទួលស្គាល់ការពិត សុខចិត្តរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដើម្បីការពារអំណាចខ្លួន រួចហើយបែរជាទម្លាក់កំហុស ទៅលើគណបក្សប្រឆាំង ដែលជាជនរងគ្រោះបែបនេះ គឺបង្ហាញពីភាពខ្វះការទទួលខុសត្រូវរបស់មេដឹកនាំ និងថា លោក ហ៊ុន សែន មានសតិមិននឹងន ដែលមិនស័ក្ដិសមជាមេដឹកនាំប្រទេសទាល់តែសោះ។ លោកបន្ថែមថា សហគមន៍អន្តរជាតិ មិនល្ងង់ជឿតាមសារនយោបាយ បំភាន់ភ្នែករបស់លោក ហ៊ុន សែន នោះឡើយ «លោក ហ៊ុន សែន ឆ្កួតហើយ! គាត់គ្មានសម្បទាគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនោះឡើយ។ អ្វីដែលលោក ហ៊ុន សែន និយាយនេះ គឺវាផ្ទុយគ្នាស្រឡះ ទៅនឹងចរិតមេដឹកនាំត្រឹមត្រូវ និង មានហេតុផលនោះ។ អ្វីដែលរឹតតែមិនត្រឹមត្រូវនោះ គឺលោក ហ៊ុន សែន គួរណាស់តែរកវិធីសាស្ត្រណា បន្ទន់ចិត្តសហភាពអឺរ៉ុប កុំឲ្យដកការអនុគ្រោះពន្ធ មិនមែនធ្វើផ្ដេសផ្ដាសអ៊ីចឹងនោះទេ! នៅពេលដែលគាត់ធ្វើផ្ដេសផ្ដាសបែបនេះ យើងមិនបាច់ឆ្ងល់ អំពីភាពជាអ្នកដឹកនាំរបស់គាត់នោះទេ»។
លោក ហ៊ុន សែន មិនត្រឹមតែមិនរកវិធីសាស្ត្របន្ទន់ចិត្តសហភាពអឺរ៉ុបទេ តែលោកនៅតែបន្តចចេសមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ ដោយលោកអះអាងថា លោកបានចាប់ផ្ដើមត្រៀមខ្លួនទប់ទល់នឹងផលវិបាកនេះ តាមរយៈអ្វីដែលលោកហៅថា ការកែទម្រង់សេដ្ឋកិច្ច កម្ពុជា ទប់ទល់ស្ថានការណ៍ដាក់ទណ្ឌកម្ម។ ការកែទម្រង់នោះ គឺលោកសំដៅលើការកាត់បន្ថយការចំណាយលុយក្រោមតុ ដែលអ្នកជំនួញត្រូវចាយនៅច្រកទ្វារព្រំដែន។ ដូច្នេះលោកបញ្ជាឲ្យដកមន្ត្រីទាំងអស់ចេញពីច្រកព្រំដែន ដោយទុកតែមន្ត្រីគយ និងអន្តោប្រវេសន៍។
យន្តការនេះ ក៏រងការរិះគន់យ៉ាងចាស់ដៃ ពីអ្នកវិភាគគោលនយោបាយបណ្ឌិត អៀ សុផល ដែលថាគ្មានប្រសិទ្ធភាព ព្រោះអំពើពុករលួយ កើតមានយ៉ាងរីករាលដាលក្នុងជួរថ្នាក់ដឹកនាំខ្មែរ រាប់ទសវត្សរ៍មកហើយ មិនមែនទើបតែកើតមានឥឡូវនេះទេ ម្យ៉ាងទៀត ដើម្បីលុបបំបាត់អំពើពុករលួយ គឺត្រូវចាប់ផ្ដើមបោសសម្អាតពីថ្នាក់លើមកមុន។
ក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ខ្លាំង ទាំងផ្នែកការទូត និងសេដ្ឋកិច្ចបែបនេះ និងដើម្បីបញ្ចៀសកំហឹងមហាជន លោក គឹម សុខ យល់ថា វិធីដ៏ល្អបំផុត គឺមានតែលោក ហ៊ុន សែន យកឱកាសនេះ ទទួលស្គាល់ការពិត ដោយស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញប៉ុណ្ណោះ ទើបកម្ពុជារួចផុតពីគ្រោះទណ្ឌកម្ម និងអាចនាំប្រទេសនេះ ទៅរកសុខសន្តិភាព និង ការអភិវឌ្ឍ ដែលអាចទទួលយកបានទាំងអស់គ្នា៕
No comments:
Post a Comment