Friday, 18 January 2019

HRWអំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​របប​ភ្នំពេញ​រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ


ដោយ មួង ណារ៉េត
2019-01-17 

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្ដាំ)។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្ដាំ)។
RFA




អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ហៅ​កាត់ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ ចាត់វិធានការ​ម៉ឺងម៉ាត់ លើ​របប​លោក ហ៊ុន សែន រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដែល​ជា​ម្ចាស់​ជំនួយ ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន បែបនេះ ដោយសារតែ​អង្គការ​នេះ រក​ឃើញ​ថា របប​នេះ​បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ដែល​សង្គម​ស៊ីវិល​ចាត់​ទុក​ជា ការបោះឆ្នោត​ក្លែងក្លាយ​នោះ របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិនបាន​ស្ដារ​ស្ថានភាព​អាក្រក់​នេះ ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​បន្ត​បង្ក្រាប​សំឡេង​ប្រឆាំង កាន់តែ​ធ្ងន់​ជាមុន​ថែមទៀត។



របាយការណ៍​ពិភពលោក​ឆ្នាំ២០១៩ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី១៧ ខែ មករា​នេះ រក​ឃើញ​ទៀត​ថា កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើន​ចំណាត់​ការ​បង្ក្រាប​សំឡេង​បក្ស​ប្រឆាំង បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព​កម្មករ និង​សកម្មជន​ដទៃ​ទៀត។ ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​ជា​ស្ថាប័ន​ពុករលួយ ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​នេះ យក​មក​ប្រើ​ប្រាស់​ទាំង​បំពាន ដើម្បី​ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ពី​បក្ស​កាន់អំណាច។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា៖ «បំណង​នៃ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ដែល​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិមនុស្ស ត្រូវ​បាន​លោក ហ៊ុន សែន សម្លាប់​បាត់​ទៅ​ហើយ»។ លោក ប្រ៊ែដ អាដាម បន្ត​ថា ស្រប​ពេល​ដែល​របប​នេះ បំពាន​ស្មារតី​នៃ​កិច្ចព្រមព្រៀង​យ៉ាង​ដំណំ​បែបនេះ​ទៅ​ហើយ ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ខ្លះ បែរជា​ឈរ​ឱប​ដៃ​មើល​ទៅ​វិញ។

លោក ប្រ៊ែដ អាដាម សង្កត់ធ្ងន់​លើ​ប្រទេស​ចិន ដែល​បាន​គាំទ្រ​របប​លោក ហ៊ុន សែន ក្នុង​ស្ថានភាព ដែល​របប​នេះ កំពុង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។ មិន​តែប៉ុណ្ណោះ ប្រទេស​ចិន បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​រាប់ពាន់​លាន​ដុល្លារ ដោយ​មិន​ឈឺក្បាល អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ឡើយ។

ទោះបីជា​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ខ្វល់ខ្វាយ​រឿង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏ដោយ ក៏​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ចាត់វិធានការ​ម៉ឺងម៉ាត់​ជា​បណ្តើរៗ​ហើយ ទៅលើ​របប​លោក ហ៊ុន សែន។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ដាក់​សម្ពាធ​ឲ្យ​របប​លោក ហ៊ុន សែន ឲ្យ​ស្ដារ​សិទ្ធិមនុស្ស​ឡើងវិញ ដោយ​អនុវត្ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​បុគ្គល ឬ ច្បាប់ Global Magnitsky Act និង​បិទ​ទិដ្ឋាការ​មន្ត្រី​របប​នេះ រួម​ទាំង​ផ្តាច់​ជំនួយ​ទាំងអស់ លើកលែងតែ​ជំនួយ​មនុស្សធម៌។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏បាន​ផ្តាច់​ជំនួយ ដែល​ធ្លាប់​ផ្ដល់​ដល់​គ.ជ.ប និង​បាន​ចាប់ផ្តើម​នីតិវិធី​ផ្លូវការ ដើម្បី​ការ​អនុគ្រោះ​ពន្ធ EBA ពី​របប​នេះ​ដែរ។

ក្នុង​ន័យ​នេះ លោក ប្រ៊ែដ អាដាម បញ្ជាក់​បន្ថែម​ថា “​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​បង្ហាញ​ភាព​ឈានមុខ​គេ ក្នុង​ការ​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​របប​នេះ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​”​។ លោក​ក៏បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ទាំងអស់​នៅ​លើ​ពិភពលោក ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា ត្រូវតែ​ធ្វើតាម​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក្នុង​ការ​ដាក់ទណ្ឌកម្ម​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​ការណ៍​ដែល​លោក​បាន​ប្រព្រឹត្តិ​បំពាន​ច្បាប់។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ​។ ចំណែក​ឯ​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច គឺ​លោក សុខ ឥសាន ក៏​មិនទាន់​ផ្ដល់​ការ​ឆ្លើយ​តប​ណាមួយ ចំពោះ​រឿង​នេះ​បាន​នៅឡើយ​ដែរ ដោយ​លោក​អះអាង​ថា បញ្ហា​សុខភាព​របស់​លោក មិនទាន់​អំណោយផល​ល្អ​នៅឡើយ។

ទោះជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន បាន​ប្រកែក​ថា របប​នេះ​មិនបាន​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នោះ​ឡើយ។ របប​នេះ ធ្លាប់​អះអាង​ថា ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​ក្រោយមក យក​មក​ឃុំឃាំង​ក្នុង​ផ្ទះ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ការ​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​បក្ស​ប្រឆាំង ១១៨​រូប ការ​បណ្តេញ​អង្គការ​សង្គម​ស៊ីវិល ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ប្តឹង​ប្រធាន​សហជីព​កម្មករ និង​ការចាប់​សកម្មជន​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគា​រ និង​ការរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត ដោយ​ផាត់​ចោល​បក្ស​ប្រឆាំង​ទាំងស្រុង​ជាដើម​នោះ គឺជា​ការ​អនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ។

ទោះ​របប​នេះ​បកស្រាយ​យ៉ាងណា ក៏​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ នៅតែ​រក​ឃើញ​ថា របប​នេះ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និង​ទាមទារ​ឲ្យ​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ ដើម្បី​នាំ​កម្ពុជា ឲ្យ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​សច្ចា​ថា អនុវត្ត​តាម​នោះ។

អ្នកវិភាគ​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ទៅ​ហើយ ថា បើ​របប​នេះ នៅតែ​ចចេស​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ ទណ្ឌកម្ម​បន្ថែម​នឹង​ធ្លាក់​ស្រោច​មក​លើ​របប​នេះ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ជាក់​ជាមិនខាន ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ គឺ​លោក ហ៊ុន សែន៕

No comments: