ដោយ ទីន ហ្សាការីយ៉ា
2019-02-03

លោក កឹម សុខា (ដើរមុខ) ប្រធានគណបក្សសង្គ្រោះជាតិ នាស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រជុំផ្ទៃក្នុងគណបក្ស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
អង្គរក្សជំនិតដែលកំពុងនៅការពារសុវត្ថិភាពលោក កឹម សុខា ឱ្យអាស៊ីសេរីដឹងថា លោក កឹម សុខា សព្វថ្ងៃមានសុខភាពល្អប្រសើរជាងពេលដែលលោកត្រូវឃុំខ្លួននៅពន្ធនាគារ។ ប៉ុន្តែ លោក កឹម សុខា នៅតែប្រឈមនឹងជំងឺដុះឆ្អឹងកៀបសរសៃនៅស្មាខាងឆ្វេងដែលជំងឺនេះតម្រូវឱ្យលោកត្រូវទៅព្យាបាលនៅក្រៅប្រទេស។
អង្គរក្សផ្ទាល់ខ្លួនរបស់លោក កឹម សុខា លោក ផល្លា ឱ្យអាស៊ីសេរីដឹងថា ពេលនេះលោក កឹម សុខា មានសុខភាពប្រហាក់ប្រហែលទៅនឹងសុខភាពរបស់លោក កាលពីមិនទាន់ជាប់ឃុំនៅពន្ធនាគារ។ អង្គរក្សស្និទ្ធនឹងលោក កឹម សុខា រូបនេះឱ្យដឹងទៀតថា លោក កឹម សុខា តែងតែ ហាត់ប្រាណទៀតទាត់ទាំងព្រឹក ទាំងល្ងាច និងពិសាអាហារបានត្រឹមត្រូវល្អដែលជាស្នាដៃផ្ទាល់ភរិយារបស់លោករៀបចំឱ្យប្រចាំថ្ងៃ៖ «គាត់ហាត់ប្រាណនៅក្នុងផ្ទះគាត់ហើយសុខភាពគាត់ល្អ»។
ទោះបីសុខភាពទូទៅរបស់លោក កឹម សុខា មានលក្ខណៈល្អប្រសើរយ៉ាងនេះក្តី ប៉ុន្តែលោក ផល្លា ឱ្យដឹងថា លោក កឹម សុខា នៅតែឈឺចុកចាប់ដោយសារជំងឺឆ្អឹងកៀបសរសៃដដែល។ លោកបន្តថា ជំងឺនេះតែងធ្វើទុក្ខរាល់ពេលលោក កឹម សុខា សម្រាន្ត៖ «គាត់នៅតែឈឺដូចមុនអ៊ីចឹង (ជំងឹឆ្អឹងកៀបសរសៃ) ប៉ុន្តែមិនទាន់បានទៅវះកាត់គាត់អាចទ្រាំបាន»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មានអាយុ ៦៦ឆ្នាំ។ សព្វថ្ងៃលោកមានជំងឺទឹកនោមផ្អែមដែលត្រូវលេបថ្នាំជាប្រចាំ និងជំងឺដុះឆ្អឹងកៀបសរសៃនៅស្មាខាងឆ្វេងដែលជំងឺនេះត្រូវគ្រូពេទ្យនៅប្រទេសសិង្ហបុរីប្រាប់ឱ្យឆាប់វះកាត់ចេញ បើទុកយូរអាចធ្វើឱ្យធ្ងន់ធ្ងរនៅថ្ងៃក្រោយ។
ក្រុមមេធាវីរបស់លោក កឹម សុខា តែងតែព្យាយាមស្នើសុំទៅតុលាការអនុញ្ញាតឱ្យកូនក្តីរបស់ខ្លួនអាចចេញទៅព្យាបាលជំងឺនៅក្រៅ ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យម្តងណាឡើយ ដោយលើកឡើងថា លោក កឹម សុខា កំពុងជាប់បណ្ដឹងនៅតុលាការ។ ជាងនេះទៅទៀត លិខិតឆ្លងដែនរបស់លោកក៏ត្រូវបានចៅក្រមដកហូតទុកដែរ។
មេធាវីការពារក្តីឱ្យលោក កឹម សុខា អ្នកស្រី ម៉េង សុភារី ឱ្យអាស៊ីសេរីដឹង នៅថ្ងៃទី៣ ខែកុម្ភៈ ថា នៅពេលនេះក្រុមមេធាវីមិនទាន់មានគម្រោងស្នើសុំទៅតុលាការដើម្បីឱ្យលោក កឹម សុខា ចេញទៅព្យាបាលនៅក្រៅប្រទេសទៀតទេ។ អ្នកស្រីមេធាវីប្រាប់ទៀតថា លោក កឹម សុខា បានប្រាប់ថាលោកនឹងទៅព្យាបាលជំងឺនៅក្រៅប្រទេសនៅពេលទទួលបានសេរីភាពពេញលេញ៖ «តាមប្រសាសន៍របស់គាត់ (លោក កឹម សុខា) កន្លងមកថា គាត់នឹងចេញទៅព្យាបាលឆ្អឹងកៀបសរសៃនៅក្រៅប្រទេសនៅពេលណាដែលទម្លាក់បទចោទ ឬដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលឆ្មក់ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តុលាការចោទប្រកាន់លោកពីបទ ក្បត់ជាតិ។ កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ លោកត្រូវបានសមត្ថកិច្ចដឹកពីពន្ធនាគារ មកឃុំខ្លួននៅក្នុងផ្ទះរហូតមកដល់បច្ចុប្បន្ន។
បក្សប្រឆាំង និងក្រុមប្រទេសនិយមប្រជាធិបតេយ្យ ថ្កោលទោសការឃុំខ្លួន លោក កឹម សុខា នេះ ដោយគេអំពាវនាវឱ្យរបបឯកបក្សលោក ហ៊ុន សែន ដោះលែងជាបន្ទាន់ ដោយឥតលក្ខខ័ណ្ឌ។ រីឯសហភាពអឺរ៉ុបក៏យកករណីឃុំខ្លួនលោក កឹម សុខា នេះ ជាហេតុផលមួយដែរ ក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលសហភាពអឺរ៉ុបនឹងផ្ដាច់ការអនុគ្រោះពន្ធពីកម្ពុជា បើសិនជារបបក្រុងភ្នំពេញមិនកែប្រែឥរិយាបថដឹកនាំរបស់ខ្លួន ងាកមកគោរពប្រជាធិបតេយ្យ និងដោះលែងលោក កឹម សុខា វិញទេនោះ៕
No comments:
Post a Comment