Saturday, 9 February 2019

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា លោក សម រង្ស៊ី គ្មាន​លទ្ធភាព​ចាប់​លោក ហ៊ុន សែន ទេ


ដោយ សុ ជីវី
2019-02-08 
rfa
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី ពេល មក ដល់​ព្រលាន​យន្តហោះ​ភ្លាម ទាំង​ដែល​អ្នក​គាំទ្រ​របស់​លោក​មិនទាន់​ទាំង​បាន​ឃើញ​មុខ​ផង ដូច្នេះ​លោក សម រង្ស៊ី គ្មាន​លទ្ធភាព​ណាមួយ​នឹង​អាច​ចាប់ខ្លួន​លោក ហ៊ុន សែន នោះ​ទេ។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​យល់ថា នេះ​ល្បិច​របស់​របប​ក្រុងភ្នំពេញ​ដែល​ខ្លាច​វត្តមាន​លោក សម រង្ស៊ី ប៉ុណ្ណោះ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​ខ្លួន នៅ​ថ្ងៃទី៧ ខែ​កុម្ភៈ ថា ពេល​នេះ​សមត្ថកិច្ច​គ្រប់​ច្រក​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ព្រមទាំង​មាន​សាលក្រម​ចាប់ខ្លួន​របស់​តុលាការ​រួចហើយ ដើម្បី​ចាប់ខ្លួន​លោក សម រង្ស៊ី។ លោក​បន្ត​ថា ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី គឺ​ចូល​មក​ដើម្បី​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្លួន ដូច្នេះ​គ្មាន​ទេ​ដែល​លោក សម រង្សី ចូល​មក​ស្រុក​ខ្មែរ​ចាប់​លោក ហ៊ុន សែន។

អ្នក​នាំពាក្យ​រូប​នេះ​ថា ផែនការ​នៃ​ការ​ចាប់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​យ៉ាង​សម្ងាត់ ដែល​លោក​អះអាង​ថា សូម្បី​អ្នកគាំទ្រ​ដែល​នៅ​រង់ចាំ​ទទួល​លោក សម រង្សី នៅ​ខាងក្រៅ​កន្លែង​ចុះចត​យន្តហោះ​ក៏ មិន​បាន​ដឹង​រឿង​ចាប់​ដែរ។



លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ថា ថ្ងៃ​ដែល​លោក​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩​នេះ លោក​នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ទៅ​ចាប់ខ្លួន​លោក ហ៊ុន សែន ពី​បទ​ក្បត់ជាតិ។ លោក សម រង្ស៊ី ថែម​ទាំង​ផ្ញើ​សារ​អំពាវនាវ​កសិករ​ឱ្យ​ងើបឡើង​ដូរ​របប​លោក ហ៊ុន សែន ចេញ​ដើម្បី​ដោះ​បំណុល។

លោក សម រង្ស៊ី មិន​ទាន់​បញ្ជាក់​ថ្ងៃ​ពិតប្រាកដ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​នៅឡើយ​ទេ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ កន្លង​ទៅ លោក សម រង្ស៊ី ថ្លែង​បង្ហើប​ឱ្យ​ដឹង​ពី​ការ​វិល​ត្រឡប់ របស់​លោក​ថា លោក​អាច​វិល​ចូល​ស្រុក​វិញ​ក្នុង​ស្ថានភាព​មួយ​ជា​ពេល​ដែល​សហគមន៍​អន្តរ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន។ លោក​បន្ត​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​នឹង ទៅ​ចាប់ខ្លួន​លោក ហ៊ុន សែន៖ «យើង​ជួប​ការ​លំបាក​យើង​រងគ្រោះ​ដោយសារ ហ៊ុន សែន យើង​រង់ចាំ​ទណ្ឌកម្ម​ហ្នឹង​មកដល់​បងប្អូន​ទាល់​ប្រជារាស្ត្រ​ក្ដៅ​ក្រហាយ​ថា ហ៊ុន សែន អ្នក​នាំ​បញ្ហា​អ្នក​នាំ​គ្រោះថ្នាក់ អ៊ីចឹង​ត្រូវតែ​ដូរ​ហ៊ុន សែន ចេញ​ពេល​មក​ដល់ សម រង្ស៊ី មក​ដល់​ទៅ​ទទួល​សម រង្ស៊ី ទៅ​ចាប់​ហ៊ុន សែន ទាំងអស់​គ្នា»។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បែបនេះ​ខណៈ​កសិករ​មួយ​ចំនួន សំដែង​ការ​តវ៉ា​ដោយសារ តម្លៃ​ស្រូវ​ពួកគេ​ធ្លាក់​ចុះ​ខ្លាំង និង​ពិបាក​រក​ទីផ្សារ​ក្រោយពី​សហភាព​អឺរ៉ុប​បាន​យកពន្ធ​អង្ករ​របស់​កម្ពុជា​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ ចំណែក​វិបត្តិ​ដីធ្លី​ក៏​កំពុង​បង្ក​ជម្លោះ និង​ការ​តវ៉ា ស្ទើរ​រាល់ថ្ងៃ ជាពិសេស​នៅ​តំបន់​ដី​ឡើងថ្លៃ​។ នៅ​ពេល​នេះ​ដែរ​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​នីតិវិធី​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​បន្ថែម​ទៀត។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​យល់​ថា ការ​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី ជា​ដដែល​ពី​របប​ក្រុងភ្នំពេញ​នេះ ព្រោះ​ពួកគេ ខ្លាច​វត្តមាន​លោក សម រង្ស៊ី។ លោក​បន្ត​ថា​ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ​ពលរដ្ឋ​កំពុង​ពុះ​កញ្ជ្រោល ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ដូច្នេះ​លោក​យល់ថា បើ​លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​ក្នុង​អំឡុង​ខែ​កុម្ភៈ នេះ ឬ​ខែ​មីនា ខាងមុខ​គឺ​រឹតតែ​ល្អ៖ «អ្វី​ដែល​គាត់ (លោក ហ៊ុន សែន) បារម្ភ​គឺ​វត្តមាន​លោក សម រង្ស៊ី ចូល​ទៅ​ក្នុង​ប្រទេស​ហ្នឹង»។

ប៉ុន្តែ​លោក គឹម សុខ ក៏​ជំរុញ​ឱ្យ​លោក សម រង្ស៊ី មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ធានា​ថា ទោះ​លោក សម រង្ស៊ី ត្រូវ​ចាប់ខ្លួន ឬ មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចាប់ខ្លួន ក៏​គណបក្សប្រឆាំង​នៅ​តែ​មាន​សកម្មភាព​ខ្លាំង​ក្លា​ដដែល។ លោក​បន្ត​ថា បើ​លោក សម រង្ស៊ី មាន​ផែនការ​ច្បាស់លាស់​ពលរដ្ឋ​កម្ពុជា​នឹង​ងើបឡើង​តវ៉ា​តាម​បែប​ប្រជាធិបតេយ្យ ដូច​ការ ទាមទារ​របស់​ពលរដ្ឋ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) ប្រឆាំង​របប​លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) អ៊ីចឹង​ដែរ៕

1 comment:

Anonymous said...

Sam Rainsy just said "Chap Hun Sen", Barn Reu MinBarn Min Deung Teh !!

Why your strong man Hun Shit is so worried about Sam Rainsy's return ??