លោក មាន ឫទ្ធិ
2019-06-28

ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន
អាស៊ីសេរី
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី អះអាងសារជាថ្មីម្តងទៀតថា ចិនកំពុងអនុវត្តគោលនយោបាយវាតទីនិយមនៅកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់របបលោក ហ៊ុន សែន ដែលហេតុការណ៍នេះកំពុងធ្វើឲ្យប្រទេសជិតខាងក្នុងតំបន់មានការព្រួយបារម្ភខ្លាំង។ អ្នកវិភាគយល់ស្របនឹងការលើកឡើងនេះ និងព្រមានថា កម្ពុជារបស់លោក ហ៊ុន សែន កំពុងស្ថិតក្នុងវិថីគ្រោះថ្នាក់នៃការប្រជែងអំណាចរវាងចិន និងវៀតណាម។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីថ្ងៃទី ២៨ មិថុនាថា របបលោក ហ៊ុន សែន កំពុងបើកដៃឲ្យចិនមកគ្រប់គ្រងប្រទេសកម្ពុជាតាមអំពើចិត្ត។ លោកហៅហេតុការណ៍នេះថា ជាការបើកដៃឲ្យចិនអនុវត្តនយោបាយវាតទីនិយម ដែលធ្វើឲ្យប្រទេសជិតខាងកាន់តែមានការព្រួយបារម្ភខ្លាំង។
«គេបារម្ភពីនយោបាយរបស់ ហ៊ុន សែន ដែលបើកដៃ ដែលបើកទ្វា ដែលបើកផ្លូវ ឲ្យចិនមកគ្រប់គ្រងប្រទេសកម្ពុជា ហើយចិនធ្វើអីបានតាមចិត្ត។ ចិនមិនមែនគ្រាន់តែធ្វើបាបប្រជារាស្ត្រខ្មែរ មិនគ្រាន់តែប្លន់ដី មិនត្រឹមតែប្លន់ការងារពីប្រជារាស្ត្រខ្មែរប៉ុណ្ណោះទេ តែចិនអនុវត្តនយោបាយវាតទីដោយមានការគាំទ្រពី ហ៊ុន សែន។ អញ្ចឹងហើយវាប៉ះពាល់ផលប្រយោជន៍ប្រទសជិតខាង ទោះប្រទេសជិតខាងគេមិនអាណិតខ្មែរក៏ដោយ ប៉ុន្តែបើប៉ះពាល់ផលប្រយោជន៍គេ គឺគេប្រតិកម្មហើយ។ គេត្រូវតែជួយធ្វើម៉េចឲ្យប្រទេសខ្មែរ ប្រជារាស្ត្រខ្មែរ រើបម្រះពីឥទ្ធិពលរបស់ចិន។ ហើយដើម្បីឲ្យប្រជារាស្ត្រខ្មែររើបម្រះពីឥទ្ធិពលរបស់ចិន ទាល់តែប្រជារាស្ត្រខ្មែររើបម្រះពីអំណាចផ្តាច់ការរបស់ ហ៊ុន សែន។»
ការលើកឡើងរបស់លោក សម រង្ស៊ី នាពេលនេះ កើតមានឡើងស្របពេលដែលមេដឹកនាំរបបក្រុងភ្នំពេញ ម្តងជាពីរដង មិនត្រឹមតែថ្លែងសារគាំទ្រការវិនិយោគរបស់ចិននៅកម្ពុជាប៉ុណ្ណោះទេ តែលោក ហ៊ុន សែន ថែមទាំងថ្កោលទោសជនរួមជាតិខ្លួនឯងទាំងឡាយដែលហ៊ានរិះគន់ថា របបរបស់លោក កំពុងក្លាយជាអាយ៉ងរបស់ចិន ដោយអនុញ្ញាតឲ្យចិនដាក់អាណានិគមលើកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ថែមទាំងហ៊ានថ្លែងការពារវិនិយោគចិន ក្នុងអំឡុងពេលដែលប្រជាជាតិខ្មែរខ្លួនឯងទាំងមូលកំពុងជួបសោកនាដកម្ម ការបាក់រលំសំណង់អាគារខុសច្បាប់របស់ចិននៅខេត្តព្រះសីហនុ ទន្ទឹមពេលដែលប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅមិនទាន់បិទបញ្ចាប់នៅឡើយ។ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរជិត ២៨ នាក់ស្លាប់ និង ២៦ នាក់រងរបួស។
«ខ្ញុំសូមថ្កោលទោសជាសាធារណៈទៅលើបញ្ហាទាក់ទងនឹងយកបញ្ហាវិនិយោគរបស់ចិនមកធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលថាជាអាយ៉ងរបស់ចិនលក់ដីឱ្យចិន»។ឥឡូវបើថាក្រុងព្រះសីហនុគ្មានអ្នកវិនិយោគចិនទេសួរថាយើងមានអគារសំណង់ខ្ពស់ៗធំៗយ៉ាងដូច្នេះទេ?ចំណុចនេះកុំយកបញ្ហាតូចមួយឱ្យក្លាយជាភ្លើងអគ្គិភ័យកំទេចភ្លើងក្លាយទៅជាអគ្គិភ័យបំផ្លាញនូវទំនាក់ទំនងបំផ្លាញនូវបរិយាកាសវិនិយោគដែលយើងខិតខំទាក់ទាញយកមក។អ្នកណាទទួលអ្នកណាខុសត្រូវចាត់ការតាមផ្លូវច្បាប់»។
គិតរហូតមកទល់ពេលនេះ របបលោក ហ៊ុន សែន ពុំបានបង្ហាញចេតនាណាមួយចង់ឲ្យមហាមិត្តចិនរបស់ខ្លួនចេញមុខមកសុំទោសខ្មែរនោះទេ បើទោះបីជាមានការលើកឡើងពីក្រុមមន្ត្រីសិទ្ធិមនុស្សចង់ឲ្យចិន បង្ហាញការទទួលខុសត្រូវផ្នែកសីលធម៌ និងសង្គមតាមរយៈការសុំទោសខ្មែរជាសាធារណៈនោះ។

Kimsok
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទពីប្រទេសហ្វាំងឡង់ (Finland) កាលពីថ្ងៃទី ២៨ មិថុនាថា លោកយល់ស្របនឹងការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញនយោបាយវាតទីនិយមរបស់ចិននេះ។ លោកហៅការថ្លែងការពារចិនម្តងហើយម្តងទៀតពីសំណាក់មេដឹកនាំខ្មែរលោក ហ៊ុន សែន នេះ ថា ជាការលក់ប្រទេសកម្ពុជា ទាំងទឹកទាំងដី និងអធិបតេយ្យឲ្យចិន ជាថ្នូរនឹងការការពារអំណាចរបស់លោក ក្រុមគ្រួសារ បក្ខពួកលោក។ លោក គឹម សុខ បន្តថា ចិនអនុវត្តគោលនយោបាយវាតទីនិយមនេះ ដោយចម្លងយកគម្រូ ដែលខ្លួនបានអនុវត្តនៅប្រទេសឡាវភាគជើង និងប្រទេសដទៃទៀតក្នុងតំបន់។
«យើងឃើញនឹងភ្នែក គឺក្រុងព្រះសីហនុកំពង់សោម។ ចិនមកធ្វើអ្វីតាមចិត្ត សង់សំណង់អាណាធិបតេយ្យ ទាំងមិនមានច្បាប់ទម្លាប់ត្រឹមត្រូវបាក់អាគារដូចដែលយើងឃើញហ្នុង។ ចំណែកព័ត៌មានជារឿងដែលគេមិនទម្លាយ ហើយខ្ញុំបានដឹងពីក្រុមមន្ត្រី រដ្ឋាភិបាលខ្លះ ផែនការរបស់ចិន គឺបញ្ជូនជនជាតិចិនទៅកំពង់សោម ទៅខេត្តបាត់ដំបង កំពង់ឆ្នាំង សៀមរាប និងខេត្តធំៗមួយចំនួនទៀត ក្នុងមួយខេត្តៗ ពីប្រាំពាន់ ទៅប្រាំម៉ឺននាក់ ហើយគេជួយឧបត្ថមទៅដល់ជនជាតិចិនគ្នាគេនោះ ពង្រីកពង្វាតទិញដីប្រទេសកម្ពុជា ជាពិសេសគេធ្វើជារបៀបអភិវឌ្ឍន៍កសិកម្ម ក៏ប៉ុន្តែកសិកម្មដែលស្ថិតនៅក្រោមផលប្រយោជន៍របស់ចិនទាំងអស់។ គឺប្រព័ន្ធធារាសាស្ត្រ ដីកសិកម្មទាំងឡាយ ត្រូវបានជនជាតិចិនទាំងនោះប្រើលុយ ទាំងលុយងងិត ទាំងលុយភ្លឺរបស់គេទិញដើម្បីពង្វាត ហើយហ្នឹងគ្រប់គ្រងប្រទេសកម្ពុជា តាមរបៀបយូរអង្វែង។»
លោក គឹម សុខ មើលឃើញដំណើរការអនុវត្តនយោបាយវៀតទីនិយមរបស់ចិននេះ ថាជាគ្រោះជាន់គ្រោះសម្រាប់កម្ពុជា ស្របពេលដែលប្រទេសវៀតណាម ក៏មានមហិច្ឆតាចង់គ្រប់គ្រងកម្ពុជាផងដែរនោះ តាមរបៀបអ្វីមួយដែលលោក គឹម សុខ ហៅថា ជានយោបាយឥណ្ឌូចិនទីពីរ ឬឥណ្ឌូចិនតូច។
«មុខព្រួញទាំងពីរនេះ គឺធ្វើឲ្យប្រទេសកម្ពុជា ប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់។ គឺប្រទេសកម្ពុជាមួយដែលអាច ប្រសិនបើចិនមានឥទ្ធិពលលុបលើខ្លាំង ស្ទើរតែទៅជាអាណាខេត្តរបស់ចិន ក៏ប៉ុន្តែប្រសិនបើយួនលុបលើខ្លាំង ស្ទើតែក្លាយទៅជាផ្នែកមួយដែលចាំតែបម្រើយួន ក៏ប៉ុន្តែប្រសិនបើប្រទេសទាំងពីរនេះ លុបលើខ្លាំង វាស្ទើតែជាផលប្រយោជន៍ ហែកចែកគ្នារវាងយួន និងចិន នៅលើទឹកដីខ្មែរ។ ហើយអ្នកកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន គឺគ្រាន់តែជាទីងមោង ចាំសង្កត់ខ្មែរ និងបម្រើយួនចិន។»
បន្ថែមពីលើការព្រមានរបស់អ្នកវិភាគរូបនេះ សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា វៀតណាម កំពុងតែមានការខឹងសម្បារនឹងរឿងដែលកម្ពុជារបស់លោក ហ៊ុន សែន ឱបក្រសោបចិន ហើយកំពុងគិតគូរខ្លាំងលើរឿងនេះ ព្រោះកម្ពុជាជាអតីតកូនជឹងរបស់ខ្លួន។ លោកថា វៀតណាមកំពុងចោទសួរខ្លួនឯងថា ហេតុអ្វីបានជារបបក្រុងភ្នំពេញ បានយកកាំបិតចាក់ពីក្រោយខ្នងខ្លួន ជុំវិញរឿងសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១២ ដែលកម្ពុជាបានជួយចិនពេលនោះ? តើនេះមានន័យយ៉ាងដូចម្តេចចំពោះការណ៍ដែលខ្លួនបានជួយលើកបន្តុបរបបលោក ហ៊ុន សែន កាលពីពេលអតីតកាលនោះ? បណ្ឌិត អៀ សុផល បន្តថា យ៉ាងណាក៏ដោយ វៀតណាមហាក់មានប្រៀបជាងចិន ដោយសារវៀតណាមមានមនុស្សរបស់ខ្លួននៅកម្ពុជាស្រាប់ បានដើរមុនចិនមួយជំហ៊ាន និងមានទឹកដីជាប់កម្ពុជាស្រាប់។ លោក វាយតម្លៃថា វៀតណាមក៏មើលឃើញដែរថា ខ្លួនចាំបាច់ត្រូវតែធ្វើឲ្យមានតុល្យភាពឡើងវិញចំពោះរឿងរ៉ាវកំពុងកើតមានឡើងនៅកម្ពុជានាពេលនេះ៕
No comments:
Post a Comment