ដោយ មាន ឫទ្ធិ
2019-06-19
rfa

អនុប្រធានស្ដីទីនៃស្ថានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes) ក្នុងកម្មវិធីមួយនៅសាកលវិទ្យាល័យបាត់ដំបង កាលពីថ្ងៃទី៧ ធ្នូ ២០១៧។
Photo courtesy of US Embassy in Cambodia
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ លោក អេរិន ឆ្វាតជេស (Arend Zwartjes) ប្រាប់អាស៊ីសេរីមុនការផ្សាយបន្តិចនេះថា ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានផាកពិន័យក្រុមហ៊ុនចិនមួយចំនួន ដែលបានប្រើប្រាស់ផែខ្មែរ ដើម្បីគេចវេះការបង់ពន្ធទំនិញនាំចូលសហរដ្ឋអាមេរិក។ លោកថា ក្រុមហ៊ុនចិនទាំងនោះមានទីស្នាក់ការក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងព្រះសីហនុ។ ទោះបីយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លំអិតទេទាក់ទងនឹងរឿងនេះ ដោយលោកបង្វែរសំណួររបស់អាស៊ីសេរីទៅកាន់ក្រសួងសន្តិមាតុភូមិរបស់សហរដ្ឋអាមេរិក។
កាលពីដើមខែឧសភាកន្លងទៅ លោក អេរិន ឆ្វាតជេស ធ្លាប់បានប្រាប់អាស៊ីសេរីថា ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានផ្តល់ឈ្មោះក្រុមហ៊ុនចិនមិនតិចជាង៥ឡើយ ដែលមានការិយាល័យនៅកម្ពុជា ទៅឱ្យភ្នាក់ងារគយនិងការពារព្រំដែនរបស់ខ្លួន ដើម្បីស៊ើបអង្កេតនិងត្រួតពិនិត្យទៅតាមច្បាប់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានការផាកពិន័យផ្នែករដ្ឋបាល និងការដាក់ពិន័យផ្នែកព្រហ្មទណ្ឌជាដើម។ លោកបន្តថា ទឹកប្រាក់ដែលក្រុមហ៊ុនចិនទាំងនោះ បានគេចវេះក្នុងការបង់ពន្ធដល់អាជ្ញាធរអាមេរិកមានចំនួនរាប់សែន រហូតដល់រាប់លានដុល្លាអាមេរិក ហើយទំនិញដែលក្រុមចិនទាំងនោះនាំចូលមានដូចជា ឈើក្ដារធ្វើកម្រាលឥដ្ឋ ទំពក់ដែកព្យួរខោអាវ អាស៊ីតអាម៉ីណូ (Amino Acid) ម្សៅអាហារធ្វើពីពោត ស្រូវ ឬដំឡូង និងបំពង់ដែកថែបជាដើម។
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បដិសេធថា មិនបានដឹងព័ត៌មាននេះទេ ប៉ុន្តែលោកធ្លាប់ប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗនេះថា កម្ពុជាស្វាគមន៍ចំពោះការស្រាវជ្រាវស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិកទាក់ទងនិងការលើកឡើងដែលថា មានក្រុមហ៊ុនចិនមួយចំនួនបានប្រើប្រាស់ទឹកដីកម្ពុជា ក្នុងការនាំទំនិញដែលផលិតក្នុងប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយរំលោភច្បាប់ពន្ធដារសហរដ្ឋអាមេរិក។ លោកបានហៅអំពើទាំងនោះថា ជាបទឧក្រិដ្ឋហើយកម្ពុជាមិនបានចូលរួមពាក់ព័ន្ធនោះទេ។ លោកបន្តថា ការបញ្ចេញទំនិញមិនបានផលិតនៅកម្ពុជាហើយបិទស្លាកកម្ពុជា ដើម្បីនាំចូលទៅប្រទេសដទៃទៀត គឺជាអំពើឧក្រិដ្ឋ។ លោកថា កម្ពុជាចង់បាននូវកិច្ចសហប្រតិបត្តិការដែលបង្កើនទំនាក់ទំនងល្អក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងអស់ ដោយរាប់ទាំងអាមេរិកនិងប្រទេសចិនផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរយទ័រ (Reuters) ផ្សាយឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន គឺជាការវិនិយោគរួមគ្នារវាងប្រទេសចិននិងកម្ពុជា ក្នុងកម្មវិធីនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន ហើយតំបន់សេដ្ឋកិច្ចពិសេសនោះ ផលិតវាយនភណ្ឌ សំលៀកបំពាក់ និងរបស់ប្រើប្រាស់ធ្វើពីស្បែកជាដើម។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃការអនុគ្រោះពន្ធ GSP របស់អាមេរិក ដែលបានពង្រីកបន្ថែមកាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក អនុញ្ញាតឱ្យកម្ពុជានាំចូលទំនិញដែលផលិតក្នុងប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកដោយរួចពន្ធ នូវទំនិញមួយចំនួនដូចជា កាតាប កាបូប វ៉ាលី និងរបស់របរមួយចំនួនទៀតដែលធ្វើពីស្បែក៕
No comments:
Post a Comment