Thursday, 20 June 2019

អ្នក​ជំនាញ​អ.ស.ប​ព្រួយបារម្ភ​រឿង​រដ្ឋាភិបាល​បន្ត​និន្នាការ​បង្ក្រាប​សំឡេង​ប្រឆាំង


ដោយ មាន ឫទ្ធិ
2019-06-19 
rfa
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
Photo courtesy of Special Rapporteur Cambodia



មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ព្រួយបារម្ភ​រឿង​រដ្ឋាភិបាល​បន្ត​បំបិទ និង​បង្ក្រាប​សំឡេង​ប្រឆាំង។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ស្ដារ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ និង​ងាក​មក​រក​វប្បធម៌​សន្ទនា។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើកឡើង​នេះ ដោយ​ចាត់ទុកថា ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។



អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និង​អ្នករាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​នៃ​ការ​បញ្ចេញ និង​សម្ដែង​មតិ លោក ដាវីដ ខេយ៍ (David Kaye) លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​ថ្ងៃទី១៩ មិថុនា ថា ខ្លួន​មាន​កង្វល់​ចំពោះ​និន្នាការ​កើន​ឡើង​នៃ​ការគាបសង្កត់​ដោយ​រដ្ឋាភិបាល ទៅលើ​សំឡេង​ប្រឆាំង។ មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ ហៅ​និន្នាការ​នេះ​ថា ទំនងជា​ការប៉ុនប៉ង​របស់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ក្នុង​ការ​បំភិតបំភ័យ ឬ​បំបិទ​សំឡេង​ក្រុម​អ្នកនយោបាយ​គណបក្សប្រឆាំង។អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ទាត់ចោល​កង្វល់​ដែល​លើកឡើង​ដោយ​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​នា​ពេល​នេះ​។ លោក​ហៅ​ការ​លើកឡើង​នេះ​ថា ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ថា​គណបក្សប្រឆាំង​នៅ​កម្ពុជា ពុំ​មាន​សិទ្ធិ​សេរីភាព​នោះ។ ដោយ​មិន​និយាយ​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​គណបក្សប្រឆាំង​នោះ សម្រាប់​លោក ផៃ ស៊ីផាន លោក​ថា គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ផ្ដល់ និង​ពិគ្រោះ​យោបល់​នោះ កំពុងតែ​ប្រតិបត្តិ​ដោយ​សេរី​នៅ​កម្ពុជា៖ «ជា​ការ​សោកស្ដាយ​មួយ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​វា​ប្រាសចាក​ពី​ការពិត ហាក់បីដូចជា​មានបំណង​លាក់បាំង​អ្វីមួយ​។ ចំណុច​ទី​មួយ ដែល​លើកឡើង​ថា មាន​ការ​បិទ​សេរីភាព​ចំពោះ​គណបក្សប្រឆាំង គឺ​ខុស​ទាំងស្រុង​តែម្ដង ត្បិត​អី កម្ពុជា​ហ្នឹង គណបក្ស​ប្រឆាំង​កំពុងតែ​ប្រតិបត្តិការ​ដោយ​សេរី ហើយ​គណបក្សប្រឆាំង​ដែល​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ផ្ដល់​យោបល់ ទទួល​បាន​ប្រាក់​បំណាច់​ថែមទៀត​ដើម្បី​ធ្វើ​ចលនា​នយោបាយ​របស់​លោក​។ រីឯ​គណបក្ស​មួយទៀត ដែល​គេ​ហៅថា គណបក្ស​ដែល​ត្រូវ​បាន​រម្លាយ​ដោយ​តុលាការ​កំពូល ជា​រឿង​ដាច់ដោយឡែក​នោះ​ទេ​។ មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះ​ទេ»។

កង្វល់ និង​ក្ដី​ព្រួយបារម្ភ​របស់​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​នៅ​ពេល​នេះ កើត​មាន​ឡើង ក្រោយ​ពេល​ដែល​អាជ្ញាធរ និង​តុលាការ​នៃ​របប​ក្រុងភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជា​បន្តបន្ទាប់​សរុប​ជាង ១៤០​នាក់ ជុំវិញ​ករណី​ដែល​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​ហូប​នំ​បញ្ចុក និង​ត្រៀមខ្លួន​ចាំ​ទទួល​មេដឹកនាំ​របស់​ខ្លួន​ត្រលប់​ចូល​ស្រុក​វិញ។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ ហៅ​ការ​ជួបជុំ​នេះ ជា​ទង្វើ​ផ្ទុយ​នឹង​សាលដីកា​តុលាការ​កំពូល ដែល​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។

យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ គូស​បញ្ជាក់​ថា ពួកគេ​មាន​កង្វល់​អំពី​ការប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ ដើម្បី​ដាក់​គោលដៅ​ទៅលើ ការ​និយាយ​ស្តី​ដោយ​សេរី ទាំង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត និង​ទាំង​នៅ​ក្នុង​សង្គម​ធម្មតា​។ មន្ត្រី​ជំនាញ​ទាំងពីរ​រូប​នេះ​គូស​បញ្ជាក់​ថា ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ត្រូវ​តែ​មាន​ដែន​កំណត់ និង​ត្រូវ​កំណត់​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ថា ការណ៍​គ្រាន់តែ​គាំទ្រ​មេដឹកនាំ​នយោបាយ មិន​ស្ថិត​ក្រោម​ការកំណត់​បែប​នោះ​ឡើយ។

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ ហៅ​ការ​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ទ្រង់ទ្រាយ​ធំ​នេះ ថា​ទំនងជា​ធ្វើឡើង​ផ្ទុយ​នឹង​គោលការណ៍​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ជាពិសេស​គោលការណ៍​សិទ្ធិ​ស្មើគ្នា និង​សិទ្ធិ​មាន​ពេលវេលា និង​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ការ​ត្រៀម​ការពារ​ខ្លួន​របស់​ពួកគេ​ក្នុង​ពេល​មានដំណើរ​ការ​តតាំង​ក្ដីក្ដាំ​នៅ​ចំពោះ​មុខ​ច្បាប់។

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​ស្ដារ​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​បច្ចុប្បន្ន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ និង​សេរី​ភាពជា​មូលដ្ឋាន​។ ពួកគេ​ក៏​មិន​ភ្លេច​ដាស់តឿន​រដ្ឋាភិបាល ឱ្យ​ងាក​មក​ដឹកនាំ​ផ្ដោត​លើ​វប្បធម៌​សន្ទនា​ជាជាង​ផ្ដោត​លើ​បញ្ហា​បុគ្គល ដើម្បី​ធានា​ថា​ កម្ពុជា​មាន​សន្តិភាព​យូរអង្វែង និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព៕

No comments: