ដោយ មួង ណារ៉េត
2019-06-28
rfa

បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅលើរថយន្ដនៅមុខប្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥(AP)។
AP
អ្នកវិភាគនយោបាយ ថាលោក សម រង្ស៊ី នៅតែមានប្រជាប្រិយ និង ឥទ្ធិពលនយោបាយ ទើបរបបលោក ហ៊ុន សែន ភ័យនឹងដំណើរវិលទៅកម្ពុជាវិញរបស់លោក និង មន្រ្តីគណបក្សសង្គ្រោះជាតិវិញ។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការរៀបចំវេទិកាតុមូលរបស់រាជបណ្ឌិតសភាកាលពីថ្ងៃទី ២៦ ខែ មិថុនា ដែលពិភាក្សាអំពីការទប់ស្កាត់ដំណើររបស់លោក សម រង្ស៊ី បង្ហាញថា លោក ហ៊ុន សែន នៅតែព្រួយបារម្ភ ពីវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ អ្វីដែលរឹតតែមិនភ្ញាក់ផ្អើលទៀតនោះ គឺតាំងពីឮដំណឹងថាលោក សម រង្ស៊ី គ្រោងវិលទៅស្រុកខ្មែរវិញ លោក ហ៊ុន សែន បញ្ជាឲ្យស្ថាប័នកងយោធពលខេមរភូមិន្ទផង ចេញសេចក្ដីថ្លែងការណ៍ គំរាមចាត់ការលោក សម រង្ស៊ី បើហ៊ានជាន់ដីខ្មែរ និង តុលាការរបបនេះ បន្តពន្លឿនរឿងក្តីប្តឹងលោក សម រង្ស៊ី ជាង ១០ ករណីទៅហើយ។ បណ្ឌិត ឡៅ ម៉ុងហៃ ថាចំណាត់ការទប់ទល់បែបនេះ គឺបង្ហាញឲ្យឃើញច្បាស់ថា លោក សម រង្ស៊ី នៅមានប្រជាប្រិយខ្លាំង ក្នុងស្រទាប់មហាជនខ្មែរ។ លោកបណ្ឌិតបន្ថែមថា កម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិ នៅតែខ្លាំង ដែលនៅតែជាគូប្រជែងដ៏ស្រួចស្រាល់របស់គណបក្សកាន់អំណាច <<ប្រតិកម្មម្តងៗទៅលើសេចក្តីថ្លែងការណ៍របស់ សម រង្ស៊ី ហ្នឹង រួមទាំងការចូលរួមរបស់កងទ័ពសឹងទាំងមូលផង គឺមានន័យថារដ្ឋាភិបាលមិនស្វាគមន៍ការវិលត្រឡប់របស់ សម រង្ស៊ី ហ្នឹងទេ>>។
រាជបណ្ឌិតសភាកម្ពុជា រៀបចំវេទិកាតុមូលមួយ ក្រោមប្រធានបទ «តើមានអ្វីដែលនឹងកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ?»។ វេទិកាតុមូលនេះ មានវាគ្មិនបីរូប គឺពីររូបពីរាជបណ្ឌិតសភាកម្ពុជា និង មួយរូបពីខាងការិយាល័យនាំពាក្យរបបលោក ហ៊ុន សែន។ គ្មានវាគ្មិនពីខាងអង្គការសង្គមស៊ីវិល ឬ ស្ថាប័នឯករាជ្យណាមួយ ចូលរួមនោះទេ។
ទោះបីជាលោក ហ៊ុន សែន ប្រកាសប្តេជ្ញា និង សន្យាម្តងហើយម្តងទៀត ថាលែងឆ្លើយឆ្លង និង និយាយដល់រឿងលោក សម រង្ស៊ី និង ថែមទាំងបានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធដទៃទៀត លែងជ្រលក់មាត់រឿងលោក សម រង្ស៊ី ទៀតក៏ដោយ ក៏លោក ហ៊ុន សែន ខ្លួនឯងបន្តឆ្លើយឆ្លង និង លើករឿងលោក សម រង្ស៊ី មកនិយាយរាល់ពេល ដែលលោកថ្លែងសារនយោបាយជាសាធារណៈ។ មន្រ្តីរបបនេះ ទៀតសោត ក៏នៅតែបន្តរៀបចំព្រឹត្តិការណ៍ ដើម្បីធ្វើកម្លាលោក សម រង្ស៊ី។
លោក សុខ ទូច ដែលជាប្រធានរាជបណ្ឌិតសភាកម្ពុជា និង ជាវាគ្មិនមួយរូបក្នុងវេទិកាតុមូលនោះ ព្យាយាមបង្ហាញពីភាពគ្មានច្រកចូលស្រុកខ្មែរវិញរបស់លោក សម រង្ស៊ី ដោយលោកអះអាងថា គ្មានប្រទេសជិតខាងកម្ពុជាណាមួយ ហ៊ានឲ្យលោក សម រង្ស៊ី ឆ្លងកាត់នោះទេ។ លោក សុខ ទូច ថែមទាំងគំរាមថា បើប្រទេសណាមួយហ៊ានធ្វើដូច្នេះ ប្រទេសនោះនឹងរងទុក្ខ ដោយការសងសឹកពីរបបលោក ហ៊ុន សែន។
ទោះជាយ៉ាងនេះក្តី លោក សុខ ទូច ទទួលស្គាល់ថា លោក សម រង្ស៊ី ពិតជាមានឥទ្ធិពល ធ្វើឲ្យមនុស្សខ្វល់ច្រើនគ្នា «ឯកឧត្តម សម រង្ស៊ី មានប្រសាសន៍ថាគាត់វិល! ហើយវិល ធម្មតាមនុស្សកូរ! ធម្មតាប្រជាជនអ្នកវិនិយោគ គេបារម្ភណាស់! កាលណាគេដាក់ទៅ ខ្លាចវាមានបញ្ហាអ្វីអ៊ីចឹង! វាកង្វល់! អ៊ីចឹង ប្រាប់ថាបើមកតាមនេះ វាយ៉ាងម៉េច មកតាមនោះវាយ៉ាងម៉េច! ហើយដល់តែអត់មកវាយ៉ាងម៉េច! ហើយការអត់មកមូលហេតុអ្វី?»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឯណោះ មិនខ្វល់នឹងវេទិកាតុមូលរបស់រាជបណ្ឌិតសភា ឬ សារព្រមានរារាំងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី និង មន្រ្តីគណបក្សប្រឆាំងនោះទេ។ អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២៧ ខែ មិថុនា ថាការប្ដេជ្ញាចិត្តរបស់លោក សម រង្ស៊ី និង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដទៃទៀត រួមទាំងអ្នកស្រីផង ដែលថានឹងវិលទៅស្រុកខ្មែរវិញ មិនឲ្យហួសខែ កញ្ញា ខាងមុខនេះ គឺមិនផ្លាស់ប្តូរដាច់ខាត។ ជាងនេះទៅទៀត អ្នកស្រីបញ្ជាក់ថា ឥឡូវនេះ មានសមាជិកសភាសហភាពអឺរ៉ុបយ៉ាងហោចណាស់ប្រាំនាក់ហើយ ដែលបានប្តេជ្ញា ថានឹងអមដំណើរទៅជាមួយគណបក្សប្រតិភូបក្សប្រឆាំង ដែលនឹងទៅស្រុកខ្មែរវិញនោះ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន រួមមានអ្នកស្រី មូរ សុខហួរ និង លោក សម រង្ស៊ី ផងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល ប្រទេស ប៊ែលហ្ស៊ិក កាលពីថ្ងៃទី ២៧ ខែ មិថុនា។ លោក សម រង្ស៊ី និង អ្នកស្រី មូរ សុខហួរ បានផ្សព្វផ្សាយរូបភាពវីដេអូ នៃជំនួបជាមួយសមាជិកសភាសហភាពអឺរ៉ុប ចំនួនប្រាំរូប រួមមានអ្នកស្រី អាណា ហ្គោម៉េ (Ana Gomes) មកពីប្រទេសនេប៉ាល់, អ្នកស្រី អាបៀ អាល់ស្សាឡានី (Abir Al-Sahlani) និង លោក ហាវីយែរ ណាត (Javier Nart) ពីប្រទេស អេស្ប៉ាញ, លោក អ៊ីឡាន យូឆាក់ (Ilhan Kyuchuk) មកពីប្រទេសប៊ុលហ្គារី និង លោក ហ្វ៊ីល បិនញៀន (Phillip Bennion) មកពីចក្រភពអង់គ្លេស។
លោក លោក ហ្វ៊ីល បិននៀន ថ្លែងក្នុងវីដេអូឃ្លីប ដែលបង្ហោះតាមគណនី Tweeter របស់លោក ក្រោយជំនួបជាមួយមន្រ្តីបក្សប្រឆាំងនោះថា អ្វីដែលសហភាពអឺរ៉ុបទាមទារនៅពេលនេះ គឺឲ្យរបបលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការមិនព្យួរការអនុគ្រោះពន្ធ EBA។ លោកបានអំពាវនាវឲ្យមន្ត្រីបក្សប្រឆាំងទាំងអស់ វិលត្រឡប់ទៅកម្ពុជាវិញ ដោយលោកស្ម័គ្រចិត្តអមដំណើរជាមួយ ដើម្បីរួមគ្នាទាមទារឲ្យមានការផ្លាស់ប្ដូរ <<សូមវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់គ្នា! ខ្ញុំនឹងចូលរួមអមដំណើរ ទៅស្រុកខ្មែរនេះដែរ ដើម្បីបានជួបសួរសុខទុក្ខលោក កឹម សុខា ផង និង ទាញប្រជាធិបតេយ្យនៅកម្ពុជា ឲ្យងាកមករកគន្លងផ្លូវត្រូវវិញ>>។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែម ពីសមាជិកសភាសហភាពអឺរ៉ុបទាំងប្រាំរូបនោះ នៅឡើយទេនៅពេលនេះ។ ប៉ុន្តែ អ្នកស្រី មូរ សុខហួរ ថាអ្នកទាំងនោះ នឹងទៅជាមួយមន្រ្តីបក្សប្រឆាំង ក្នុងគោលបំណងការពារប្រជាធិបតេយ្យ និង ជម្រុញឲ្យដោះលែងលោក កឹម សុខា អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញជាដើម។ ក្នុងករណីដែលមានវត្តមានរបស់មន្រ្តីទាំងនេះនៅកម្ពុជាទៅហើយ ហើយលោក ហ៊ុន សែន បែរជានៅតែមិនព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ នោះសហភាពអឺរ៉ុបច្បាស់ព្យួរការអនុគ្រោះពន្ធ <<គេដែលទៅនេះ គឺជាសមាជិកសភានៃសហគមន៍អឺរ៉ុប គេនឹងរាយការណ៍ថាបេសកកម្មគេ នៅក្នុងការធានាឲ្យមានការស្តារឡើងវិញ នូវប្រជាធិបតេយ្យ គឺអមដំណើរអ្នកប្រជាធិបតេយ្យ អត់បានសម្រេចទេ។ ដូច្នេះរបាយការណ៍ នៃសហគមន៍អឺរ៉ុប ទាក់ទងនឹង EBA គេនឹងចុះទាំងអស់។ តើលោក ហ៊ុន សែន ទទួលខុសត្រូវទេ ចំពោះរបាយការណ៍ ដែលអវិជ្ជមាន ដែលធ្វើឲ្យគេដក EBA ដ៏ធ្ងន់នេះ?>>។
ទោះរបបលោក ហ៊ុន សែន បានរម្លាយគណបក្សសង្គ្រោះជាតិ ជិតពីរឆ្នាំទៅហើយក្តី ក៏គណបក្សកាន់អំណាច មិនអាចអន្ទងឲ្យមន្រ្តីបក្សនេះ ចុះចូលនោះដែរ។ ជាលទ្ធផលមានមន្រ្តីក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិស្ទើរតែទាំងអស់ ក្នុងចំណោម ៥០០៧ នាក់ នៅតែសុខចិត្តក្រាញននៀល នៅស្មោះស្ម័គ្រគណបក្សប្រឆាំង ដោយសុខចិត្តដើររាវលាស រើសខ្យង លក់ធ្យូង ឬ ការ៉េមកី ដើម្បីបន្តក្តីសង្ឃឹម និង តាំងចិត្តបម្រើគណបក្សប្រឆាំងតទៅទៀត នៅពេលបក្សនេះ បើកដំណើរការឡើងវិញ។
ជាងនេះទៅទៀត ក្នុងចំណោមមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង ១១៨ នាក់ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ មានតែមន្រ្តីតិចតួចប៉ុណ្ណោះ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ចំណែកឯសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន និង អ្នកគាំទ្រឯទៀត កំពុងតែទន្ទឹងរង់ចាំទទួលដំណើរលោក សម រង្ស៊ី និង មន្រ្តីបក្សប្រឆាំងដទៃទៀតយ៉ាងអន្ទះសារ បើទោះបីជារងការធ្វើទុក្ខបុកម្នេញ និង គាបសង្កត់ឥតស្រាកស្រាន្តពីរបបលោក ហ៊ុន សែន យ៉ាងណាក្តី៕
No comments:
Post a Comment