ដោយ សេក បណ្ឌិត
2019-06-29

លោក ឱម យ៉ិនទៀង (ឆ្វេង) ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើសន្និសីទកាសែត នាការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦។
RFA
សង្គមស៊ីវិល និងពលរដ្ឋ រិះគន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលថា អតីតមេប៉េអិមខេត្តរតនគិរី និងស្នងការរងខេត្តកណ្ដាលមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្រោយបើកការស៊ើបអង្កេត ដោយស្ងាត់ៗអស់រយៈពេលជិតកន្លះឆ្នាំ។ សង្គមស៊ីវិល និងពលរដ្ឋមិនមានជំនឿលើការស៊ើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយនេះទេ និងទាមទារឱ្យស៊ើបអង្កេតដោយតម្លាភាពនិងត្រឹមត្រូវ ឡើងវិញ។
សង្គមស៊ីវិល និងពលរដ្ឋ ហួសចិត្តនិងភ្ញាក់ផ្អើលជាខ្លាំងដែលអង្គភាពប្រឆាំងអំពើពុករលួយប្រកាស ថា រកមិនឃើញអំពើពុករលួយរបស់អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី និងស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ដោយអះអាងថា ពួកគាត់គ្មានលុយនិងទ្រព្យ សម្បត្តិស្ដុកស្ដម្ភដូចការសម្ញែងនោះឡើយ។
ពលរដ្ឋរស់នៅភ្នំពេញ លោក ភាព ភាជន៍ លើកឡើងថា លោកមិនជឿចំពោះការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ដោយចាត់ទុកថា ចំណាត់ការរបស់អង្គភាពមួយនេះ លម្អៀង និងការពារមន្ត្រីគ្រាក់ៗទាំងពីររូបនេះ ឱ្យគេចផុតពីការទទួលទោសទណ្ឌតាមច្បាប់។ «»
ពលរដ្ឋមួយរូបទៀត សម្ដែងការហួសចិត្តចំពោះការបកស្រាយលទ្ធផលស៊ើបអង្កេតរបស់ប្រធានអង្គ ភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង។ ពលរដ្ឋរូបនេះ ជឿជាក់ថា ប្រសិនបើអង្គភាព របស់លោក ឱម យិនទៀង មានឆន្ទៈស៊ើបអង្កេតដោយត្រឹមត្រូវ និងតម្លាភាព គឺប្រាកដជារកឃើញ ថា លោក គឹម រស្មី និងលោក ស្រេង សុខា ពិតជាពាក់ព័ន្ធនឹងអំពើពុករលួយ។ «»
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកភាគច្រើន ក៏បានប្រតិកម្មខ្លាំងៗចំពោះចំណាត់ការរបស់ អង្គភាពប្រឆាំងអំពើពុករលួយនេះដែរ ដោយអ្នកខ្លះចាត់ទុកថា វាគឺជារឿងកំប្លែងដែលល្អសើច បំផុត។ អ្នកខ្លះទៀត សរសេរថា ឱ្យតែមនុស្សរបស់គណបក្សប្រជាជនកម្ពុជា គឺរកមិនឃើញអំពើ ពុករលួយទេ កុំថាឡើយលុយ៥០ម៉ឺនដុល្លារ ទោះបីជាពួកគេជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលុយ រាប់លានដុល្លារក៏ដោយ ប៉ុន្តែប្រសិនបើអ្នកដែលមាននិន្នាការផ្ទុយពីរបបក្រុងភ្នំពេញវិញ គឺលុយ ត្រឹមតែ៥០ដុល្លារ ក៏អង្គភាពរបស់លោក ឱម យិនទៀង អាចរកឃើញនិងចោទថា ជាអំពើពុករលួយ ហើយស្រួលមិនស្រួលអាចជាប់គុកមុន ហើយទើបរកបទល្មើសមកចោទជាក្រោយទៀតផងកថាបាន។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា លោក ឱម យិនទៀង អះអាងថា លោក គឹម រស្មី អត់លុយ ៥០ម៉ឺនដុល្លារទេ។ លុយក្នុងធនាគាររបស់លោក គឹម រស្មី មិនគ្រប់៥០ម៉ឺន ដូចការអួតសម្ញែងទ្រព្យសម្បត្តិនោះទេ។ លោកបន្តថា ករណីសម្ញែងទ្រព្យ គឺគ្មានទោសទេ ព្រោះមិនមានចែងក្នុងច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា។ ប៉ុន្តែលោកថា បើនៅហុងកុង ច្បាប់ប្រឆាំងអំពើពុករលួយមានទោសជាប់គុក។ «»
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី ត្រូវបានលោក ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីលោក បានប្រកាសចែកប្រាក់ដល់កូនៗចំនួន ៥នាក់ដោយម្នាក់ ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ នៅក្នុងពិធីខួបកំណើតកូនស្រីរបស់លោក។ នៅចំពោះមុខភ្ញៀវដែលកំពុងចូលរួមកម្មវិធីខួបកំណើតកូនរបស់ខ្លួន លោក គឹម រស្មី ក្រៅពីការប្រកាស ចែកលុយដល់កូនៗរបស់ខ្លួន លោកក៏បានអួតអំពីតម្លៃ វ៉ែនតា ស្បែកជើង ខ្សែក្រវាត់ និងអាវជាដើម ដែលមានតម្លៃរាប់ពាន់ដុល្លារ និងមានផ្ទះជាច្រើនកន្លែង ព្រមទាំងមានលទ្ធភាពបញ្ចូនកូនទៅរៀន នៅប្រទេសសិង្ហបុរី ដែលជាប្រទេសអ្នកមានថែមទៀត។ «»
ការប្រកាសបង្ហាញលុយ និងទ្រព្យសម្បតិ្តដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានគេសង្ស័យថា អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយខ្នងនៃការរកស៊ីឈើនៅខេត្តរតនគិរី ដែលជាខេត្តសម្បូរបទល្មើសព្រៃឈឺទៀតផង។
លោក ឱម យិនទៀង ទទួលស្គាល់ថា លោក គឹម រស្មី គឺជាអ្នកក្រ ប៉ុន្តែក្រោយពីរៀបការជាមួយភរិយាដែលជាប្អូនថ្លៃរបស់លោក គន់ គីម ទើបលោកមានទ្រព្យសម្បត្តិដោយសារចម្ការកៅស៊ូ និង មុខរបរចងការប្រាក់របស់ភរិយាលោកដែលមិនចេះអក្សរ។ ទោះយ៉ាងណាក្តី លោក ឱម យ៉ិនទៀង បានព្រលយពាក្យថា អង្គភាពរបស់លោក នឹងបន្តស៊ើបអង្កេតករណីមួយចំនួនទៀតលើលោក គឹម រស្មី ពាក់ព័ន្ធមានករណីស្លាប់អ្នកកាសែត និងពាក់ព័ន្ធបទល្មើសព្រៃឈើ។
ទាក់ទងនឹងស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា វិញ លោក ឱម យិនទៀង ក៏បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននោះដែរថា គឺជាការបង្អួតសម្ញែងទ្រព្យសម្បត្តិ ដែលតាមពិតគ្មានទ្រព្យនោះទេ។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសបើកការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់ស្នងការរងខេត្តកណ្ដាល ក្រោយពីមានការផ្សព្វផ្សាយរូបថតជាច្រើនរបស់លោក ស្រេង សុខា ក្នុងពិធីភ្ជាប់ពាក្យ ដោយបានផ្តល់ឱ្យកូនក្រមុំ ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ និងឡានទំនើប។ ក្នុងនោះ ក៏មានការសម្ញែងទ្រព្យសម្បត្តិរបស់លោកស្នងការរង ស្រេង សុខា ដែលមានចិញ្ចៀនពេជ្រ ខ្សែក និងក្បាលខ្សែក្រវាត់មាស ដាំពេជ្រ ជាដើម។
លោក ឱម យិនទៀង រកឃើញថា ស្នងការរូបនេះ គ្មានលុយទេ ហើយលុយនិងទ្រព្យសម្បតិ្តដែល សម្ញែងនោះគឺជារបស់ខាងស្រី ដូច្នេះគ្មានទោសអ្វីឡើយ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថា ការបកស្រាយរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះ មិនអាចឱ្យមហាជនអស់ចិត្ត ឬទទួលយកបានទេ ព្រោះ ពួកគេ មិនបានឃើញមិនបានដឹងអំពីប្រភពចំណូលពិតប្រាកដរបស់ជនសង្ស័យ។ លោកបន្តថា ការអនុវត្តច្បាប់នៅកម្ពុជា មិនថានៅក្នុងអង្គភាពណាមួយទេ គឺតែងតែមានភាពចម្រូងចម្រាស និងឃើញមានស្តង់ដារលើសពីមួយ ដូច្នេះដើម្បីពង្រឹងការជឿជាក់ពីសាធារណជន គឺត្រូវពង្រឹងការអនុវត្ត ច្បាប់ជារួម និងត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធយុត្តិធម៌។ «»
រីឯមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា លោករួមទាំងមហាជន គឺមិនទាន់អាចទទួលយកលទ្ធផលស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុក រលួយឡើយ។ លោកមើលឃើញថា ខេត្តរតនគិរី គឺជាខេត្តសម្បូរដោយបទល្មើសព្រៃឈើដឹកទៅលក់ នៅវៀតណាម ហើយលោក គឹម រស្មី គឺជាតួអង្គមួយដែលទទួលខុសត្រូវក្នុងខេត្តរតនគិរីនេះដែរ។
លោកជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយនិងស្ថាប័នពាក់ព័ន្ធ បន្តស៊ើបអង្កេតរកប្រភពលុយតាម មធ្យោបាយផ្សេងៗទៀត មិនមែនត្រួតពិនិត្យតែក្នុងធនាគារនោះទេ ព្រោះលុយដែលបានពីអំពើពុក រលួយត្រូវចាត់ទុកជាលុយកខ្វក់ ដូច្នេះមិនអាចឆ្លងកាត់តាមធនាគារបានភ្លាមៗទេ អាចរក្សាទុកនៅ កន្លែងណាមួយដើម្បីរង់ចាំឱកាសល្អសម្រាប់លាងលុយនោះ។ «»
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា សម្រាប់លោក មិនចម្លែកទេ ចំពោះការប្រកាសរបស់លោក ឱម យិនទៀង នេះ ព្រោះកន្លងមក មានអំពើពុករលួយខ្លះ គឺនៅនឹងមុខៗឬត្រូវបានគេមើលឃើញ ជាក់ស្ដែងដូចជាបទល្មើសព្រៃឈើ បទល្មើសចាក់ដីលុបសមុទ្រ ករណីបណ្ដោយឱ្យជនបរទេសរស់ នៅនិងសាងសង់អាគារខុសច្បាប់នៅខេត្តព្រះសីហនុជាដើម ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ឬ យកភ្នែកមើលឡើយ ដោយបង្កើតឱ្យអំពើនិទ្ទណ្ឌភាពកាន់តែច្រើនក្នុងសង្គម។
ទាក់ទិនករណីនេះដែរ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា នៅពេល ដែលប្រធានអង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា លោក គឹម រស្មី មិនជាប់ពាក់ព័ន្ធអំពើពុក រលួយ គឺមានន័យថា ការអន្តរាគមន៍របស់លោក ហ៊ុន សែន កន្លងមក ដែលដកលោក គឹម រស្មី ចេញ ពីតួនាទីជាមេប៉េអិម ក៏មិនត្រឹមត្រូវដែរ និងបានបង្ហាញថា លោក ហ៊ុន សែន ធ្វើការងារតាមអារម្មណ៍ និងគ្មានភាពច្បាស់លាស់។ កញ្ញាបន្តថា លទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ មិនចាំបាច់ដល់អ្នកដែលមានចំណេះដឹងខ្ពស់ៗទេ សូម្បីតែពលរដ្ឋសាមញ្ញធម្មតា ក៏មានមន្ទិលសង្ស័យដែរ ព្រោះពួកគេ សង្កេតឃើញថា រាល់ការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ឬមន្ត្រីគណបក្សកាន់អំណាច គឺតែងតែមិនសូវមានគុណភាពនោះទេ។ «»
សង្គមស៊ីវិល មើលឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា នៅតែមានទំហំធំធេងនិងមាន លក្ខណៈស្មុគស្មាញ ដែលទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយ មានឆន្ទៈមោះមុត និងបង្កើន សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយពលរដ្ឋត្រូវជួយជំរុញ និងចូលរួមឃ្លាំមើល ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនេះ។ លោក ព្រាប កុល ឱ្យដឹងថា អំពើពុករលួយនេះ មាន ឫសគល់កើតចេញពីអំពើពុករលួយផ្នែកនយោបាយ និងកើតឡើងដោយការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងចំណោមមន្ត្រីដែលមានតួនាទីសម្រេចចិត្ត ឬមន្ត្រីដែលមានតួនាទីធ្វើកិច្ចការសាធារណៈ។ លោក រៀបរាប់ថា អំពើពុករលួយ បង្កបញ្ហាជាច្រើនដល់សង្គមដូចជាបណ្ដាលឱ្យមានភាពអសន្តិសុខ ធ្វើឱ្យកំណើនសេដ្ឋកិច្ចរីកលូតលាស់យឺតយ៉ាវ និងចែកផលប្រយោជន៍មិនបានសមភាព ដល់ពលរដ្ឋទូទៅ និងធ្វើឱ្យមានការបាត់បង់ធនធានធម្មជាតិ បាត់បង់ថវិកាជាតិនិងបង្កើតឱ្យមានអំពើអយុត្តិធម៌នៅក្នុងសង្គមផងដែរ។
របាយការណ៍អង្គការតម្លាភាពអន្តរជាតិបង្ហាញថា នៅឆ្នាំ២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេស១៨០។ ចំណាត់ថ្នាក់នេះដូចឆ្នាំ២០១៧ ប៉ុន្តែកម្ពុជាធ្លាក់មួយពិន្ទុ គឺពី២១ មក ត្រឹម២០ពិន្ទុ៕
No comments:
Post a Comment