ដោយ ហេង រស្មី
2019-07-04
rfa

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
រូប៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
អង្គការមិនមែនរដ្ឋាភិបាល និងសហជីព ថ្លែងថា របបលោក ហ៊ុន សែន មិនអាចបិទបាំងស្ថានភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលកំពុងកើតមាននៅកម្ពុជាបានឡើយ ពីព្រោះសហគមន៍អន្តរជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ សង្គមស៊ីវិលថា អ្វីដែលរបបនេះត្រូវធ្វើជាចាំបាច់នោះ គឺប្រឹងប្រែងស្ដារស្ថានការណ៍សិទ្ធិមនុស្ស មិនមែនជាការវាយប្រហារក្រុមប្រទេសដែលរិះគន់កម្ពុជារឿងរំលោភសិទ្ធិមនុស្សនោះឡើយ។ កាលពីសប្ដាហ៍មុន តំណាងរបបក្រុងភ្នំពេញប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ក្រុមប្រទេសប្រជាធិបតេយ្យកំពុងបញ្ហាសិទ្ធិមនុស្សជាចំណាប់ខ្មាំង នៅពេលនិយាយពីការផ្តល់ប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សឹង សែនករុណា កត់សម្គាល់ថា រដ្ឋាភិបាល និងតំណាងរបស់ខ្លួននៅក្រៅប្រទេស តែងតែឆ្លើយតបទៅនឹងការរិះគន់របស់សហគមន៍អន្តរជាតិអំពីបញ្ហាសិទ្ធិមនុស្ស ក្នុងរបៀបមួយដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង និងគេចវេះពីការទទួលខុសត្រូវ។ លោកបន្តថា រដ្ឋាភិបាល ឬតំណាងរដ្ឋាភិបាលមិនអាចលើកយកករណីដាច់ដោយឡែកណាមួយមកលាងជម្រះខ្លួនអំពីរឿងសិទ្ធិមនុស្សបានទេ ហើយក៏មិនអាចយករឿងបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិមកប៉ះប៉ូវពីទង្វើរំលោភសិទ្ធិមនុស្សរបស់ខ្លួនបាននោះដែរ។ លោកជឿជាក់ថា មូលហេតុដែលក្រុមប្រទេសប្រជាធិបតេយ្យឈឺឆ្អាលអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ពីព្រោះប្រទេសទាំងនោះចង់ឃើញកម្ពុជាមានការគោរពសិទ្ធិមនុស្សពិតប្រាកដ និងអនុវត្តតាមគន្លងប្រជាធិបតេយ្យ។ ម្យ៉ាងវិញទៀត កម្ពុជាក៏ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងឡាយពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្សនេះដែរ៖ «EU ក៏គេឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែរ ប៉ុន្តែដោយសារគេរកឃើញថា យើងទៅវិញទេ ដែលអត់បានគោរពតាមគោលការណ៍ទាំងអស់ហ្នឹង អ៊ីចឹងប្រសិនបើចង់បញ្ចប់បញ្ហា EBA ហ្នឹង គឺនៅតែរដ្ឋាភិបាលជាអ្នកដើរជួរមុខ មិនមែន EU ទេ។ EU គ្រាន់តែជាអ្នកគេធ្វើការតាមអ្វីដែលជាកិច្ចសន្យារវាងរដ្ឋាភិបាលកម្ពុជាជាមួយខាង EU តែប៉ុណ្ណោះ»។
កាលពីពេលថ្មីៗនេះ តំណាងរបបលោក ហ៊ុន សែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) បានច្រានចោលការលើកឡើងរបស់គណៈប្រតិភូអឺរ៉ុប ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី ស្ដីពីការរួមតូចនៃសិទ្ធិសេរីភាពបញ្ចេញមតិ។ តំណាងរបបក្រុងភ្នំពេញបានបញ្ជាក់ថា រាល់ចំណាត់ការទាំងឡាយទៅលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យនាពេលកន្លងមកនោះ សុទ្ធសឹងតែជាការអនុវត្តច្បាប់។ឯកអគ្គរាជទូត និងជាតំណាងរបបក្រុងភ្នំពេញប្រចាំអង្គការសហប្រជាជាតិ លោក ណី សំអុល បានថ្លែងនៅក្នុងសម័យប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីសប្ដាហ៍មុនថា ការលើកឡើងរបស់តំណាងប្រទេសប្រជាធិបតេយ្យនោះ គឺជាការចោទប្រកាន់ដោយខុសឆ្គង។ លោកបន្តថា ប្រទេសទាំងនោះច្រើនតែសន្មតទុកជាមុនថា វិធានការរបស់រដ្ឋាភិបាលជារឿងខុសឆ្គង និងរំលោភសិទ្ធិមនុស្ស។ ត្រង់ចំណុចនេះ លោកបានលើកឧទាហរណ៍ពីរឿងករណីពលរដ្ឋម្នាក់ឈ្មោះ ស៊ុំ មឿន ដែលបានរត់គេចដោយខ្លួនឯងទាក់ទងនឹងការឈូសឆាយដីព្រៃដោយខុសច្បាប់ ក៏ប៉ុន្តែរដ្ឋាភិបាលបែរត្រូវបានចាប់ឱ្យទទួលខុសត្រូវចំពោះរឿងនេះដោយអយុត្តិធម៌ទៅវិញ។ មន្ត្រីរូបនេះបានឆ្លៀតវាយប្រហារថា ក្រុមប្រទេសប្រជាធិបតេយ្យវាយតម្លៃដោយវង្វេងអំពីស្ថានការណ៍នៅកម្ពុជា៖ «វាជារឿងវង្វេងវង្វាន់មួយដែលគណៈប្រតិភូទាំងនោះស្នើសុំឱ្យកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ និងបទបញ្ជា ដើម្បីធ្វើតាមការស្នើសុំនោះ ពួកគេបែរជាចោទប្រកាន់ថា រដ្ឋាភិបាលបានរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិទៅវិញ។ ហើយកាន់តែជាអកុសលជាងនេះទៅទៀតនោះ គឺពួកគេបានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្លាំងនៅពេលនិយាយពីការផ្តល់ប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា»។
តំណាងរបបក្រុងភ្នំពេញរូបនេះ បានថ្លែងបន្តដោយជំហរបែបរឹងត្អឹងថា កម្ពុជាត្រូវការជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ក៏ប៉ុន្តែរបបនេះនឹងមិនយកជំនួយទាំងនោះជាថ្នូរនឹងអធិបតេយ្យជាតិនោះឡើយ។ លោកបានប្រើសំនួនប្រៀបធៀបថា “ប្រសិនបើកម្ដៅឡើងខ្លាំងរហូតមិនអាចទ្រាំបាន នោះយើងនឹងចាកចេញពីផ្ទះបាយ” ដែលអាចកាត់ន័យយល់ជាសាមញ្ញថា របបនេះនឹងមិនខ្វល់ពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធឡើយ បើសហភាពអឺរ៉ុបនៅតែទាមទារឱ្យអនុវត្តលក្ខខណ្ឌស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប វាយតម្លៃស្ថានភាពធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយមានការសិក្សាស្រាវជ្រាវ និងការអង្កេតបានល្អិតល្អន់ មិនមែនធ្វើដោយវង្វេងវង្វាន់ដូចការលើកឡើងរបស់តំណាងរបបក្រុងភ្នំពេញនោះឡើយ។ លោកបន្តថា ចំណុចដែលតំណាងរដ្ឋាភិបាលកម្ពុជាបកស្រាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ មិនឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាឡើយ ហើយក៏មិនអាចយកគុណសម្បត្តិខ្លះដែលកម្ពុជាមានក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុបរក្សាប្រព័ន្ធអនុគ្រោះ EBA បាននោះដែរ។ លោកបន្ថែមថា ការអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនោះ មិនមែនជារឿងបាត់បង់អធិបតេយ្យជាតិនោះទេ ពីព្រោះប្រព័ន្ធអនុគ្រោះពន្ធត្រូវបានផ្ដល់ឱ្យកម្ពុជាដោយភ្ជាប់នឹងលក្ខខណ្ឌគោរពសិទ្ធិមនុស្ស ហើយលើសពីនេះកម្ពុជាខ្លួនឯងបានបានទទួលស្គាល់យន្តការអន្តរជាតិទាំងឡាយទាក់ទងនឹងការគោរពសិទ្ធិមនុស្សនេះ៖ «យើងគួរតែប្រើពាក្យកុំគ្រោតគ្រាត ប្រើពាក្យការទូតឱ្យបានប្រសើរ យើងគិតថា វាជាការល្អប្រសើរ។ ហើយលក្ខខណ្ឌរបស់សហភាពអឺរ៉ុបក៏មិនមែនជាធ្ងន់ធ្ងរសម្រាប់កម្ពុជាយើង ធ្វើមិនបានទេ គ្រាន់តែយើងកែលម្អស្ថានភាពបច្ចុប្បន្នហ្នឹង ដូចជាផ្តល់ឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដោះលែងលោក កឹម សុខា ផ្ដល់សិទ្ធិដល់អ្នកនយោបាយ ឱ្យក្រុមប្រឹក្សាឃុំសង្កាត់មកគណបក្សសង្គ្រោះជាតិវិញទៅ ពេលហ្នឹងវាអត់មានអីដែលធ្ងន់ធ្ងរទេ»។
សហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យបានវាយតម្លៃពីការធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយសាររបបលោក ហ៊ុន សែន បានចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ ដោយចោទប្រកាន់គ្មានមូលដ្ឋានពីបទក្បត់ជាតិ។ ក្រោយមករបបនេះបានប្រើតុលាការរំលាយគណបក្សសង្គ្រោះជាតិចោល ហើយយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ ទៅចែកគ្នាកាន់កាប់។ ទន្ទឹមនឹងនេះ របបនេះបានហាមប្រាមអ្នកនយោបាយបក្សប្រឆាំងជាង ១០០នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ថែមទៀត។ ការវិវឌ្ឍចុងក្រោយបំផុតនោះ គឺការកោះហៅមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានរាប់រយនាក់ឱ្យមកឆ្លើយបំភ្លឺរឿងបំពានសាលដីកាតុលការកំពូល ដោយក្នុងនោះមានអ្នកខ្លះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ។
ស្របពេលនៃការកម្ទេចដៃគូប្រជែងដ៏ធំរបស់ខ្លួននេះ របបក្រុងភ្នំពេញក៏បានវាយបង្ក្រាបឥតត្រាប្រណីទៅលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នព័ត៌មានឯករាជ្យផងដែរ ប្រសិនបើពួកគេមិនដើរតាមគន្លងដែលរបបនេះបានគូសវាសឱ្យដើរ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺរបបនេះបានរឹតត្បិតសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីនធឺណិតថែមទៀត។អង្គការសង្គមស៊ីវិល និងសហជីព ស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ឱ្យងាកមកស្ដារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីកុំឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុប៕
No comments:
Post a Comment