ដោយ វ៉ែន សុមេធ
2019-07-03
rfa

គំនរឈើមួយកន្លែង មានរាប់សិបម៉ែត្រគូប ត្រូវបានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ចាប់រឹបអូស កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។
រូប៖ លោក ជា ហ៊ាន
សកម្មជនបរិស្ថានរកឃើញថា សកម្មភាពកាប់ឈើ និងការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលឋិតនៅចន្លោះខេត្តកោះកុង និងខេត្តកំពង់ស្ពឺ កំពុងកើតមានយ៉ាងកក្រើក។ ពួកគេថា ការកាប់រំលំដើមឈើធំៗ ធ្វើអាជីវកម្ម នៅតំបន់នោះកើតមានច្រើន ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងជនល្មើស និងសមត្ថកិច្ចពាក់ព័ន្ធ។
អ្នកឃ្លាំមើលបរិស្ថានអំពាវនាវជាថ្មីទៀត ឲ្យក្រសួងបរិស្ថាន ពិនិត្យពីភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីឧទ្យានុរក្សថ្នាក់ក្រោមរបស់ខ្លួនឡើងវិញ ខណៈដែលពួកគេរកឃើញថា មន្ត្រីជំនាញទាំងនោះមានចេតនា បើកដៃឲ្យមានការកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលអង្កេតរឿងនេះឲ្យដឹងនៅថ្ងៃទី២ កក្កដាថា ជារៀងរាល់ថ្ងៃ មានកម្មករជាច្រើននាក់ ដណ្ដើមគ្នាកាប់ឈើធំៗ ក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាល រួចដឹកជញ្ជូនតាមគោយន្ត និងរថយន្តប៉ាកុងទាំងយប់ទាំងថ្ងៃចេញក្រៅ។ លោកថា ឈើល្អៗ មានមុខកាត់ចាប់ ៤តឹកប្រវែង ៣ម៉ែត្រឡើងទៅ ត្រូវគេដឹកមកស្តុកទុកនៅចំណុចជាំ រួចដឹកជញ្ជូនបន្ត តាមរថយន្តយីឌុបទៅលក់នៅប្រទេសវៀតណាមឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត៖ «ពលរដ្ឋកាប់ឈើពីក្នុងព្រៃដឹកតាមគោយន្ត ដល់កន្លែងគោលដៅ ស្ទូចដាក់ឡានម៉ោង ១២យប់ គឺដឹកទៅវៀតណាម។ បើយើងឆ្លើយបំភ្លឺនៅតែម៉ាស៊ីនត្រជាក់យើងអត់ដឹងថា បទល្មើសកើតគ្រប់រូបភាពទេ បើយើងចុះមកដល់ទីតាំងជាក់ស្ដែងទើបដឹងថា បទល្មើសវាកើតបែបណា? បទល្មើសដឹកចេញតាមតែផ្លូវ មន្ត្រីកងកម្លាំងប្រដាប់អាវុធ ឈរតាមផ្លូវមិនបង្ក្រាប»។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា បទល្មើសព្រៃឈើជាក្រុមៗ នេះ ជាប់ពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធ ព្រោះតាមដងផ្លូវ ដែលឈ្មួញដឹកឈើ មានសមត្ថកិច្ចចម្រុះពង្រាយកម្លាំងឈរជើងជាច្រើន និងមានស្នាក់ការមន្ត្រីបរិស្ថានផង ក៏ប៉ុន្តែមន្ត្រីជំនាញទាំងនោះបែរជាមិនអនុវត្តច្បាប់ព្រៃឈើ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល បានក្លាយជាតំបន់កាប់ឈើ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឲ្យ ឈើធំៗ ដែលដុះតាមជម្រាលភ្នំ និងតំបន់ជ្រោះ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ធម្មជាតិបៃតង នឹងរលាយទាំងស្រុងនៅថ្ងៃអនាគត៖ «គ្រប់ជំនាញទាំងអស់ដែលឈរជើងតាមបណ្ដោយផ្លូវ ប្រសិនគ្មានការសមគំនិតគ្នាទេ? បទល្មើសមិនអាចដឹកដល់ប្រទេសវៀតណាមបានទេ។ ឈរទាំងនោះ ឋិតនៅតំបន់អភិរក្ស បើសិនជាយើងទុកឈើទាំងហ្នឹងធ្វើជាតំបន់ទេសចរណ៍វិញ វាអាចរកប្រាក់ចំណូលបានច្រើន ពលរដ្ឋអាចរស់។ បើសិនជាកាប់ឈើអ៊ីចឹង បានតែមួយពព្រិចភ្នែកទេ លទ្ធផលចុងក្រោយកាប់ឈើប្រជាជននៅតែក្រដដែល»។
ប្រធានស្ដីទី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ស៊ូស សុផល បដិសេធមិនផ្ដល់បទសម្ភាសន៍ទាក់ទិនករណីនេះ តាមទូរស័ព្ទនោះទេ៖ «មកនេះមក និយាយតាមទូរស័ព្ទអត់អស់ទេ ការងារវាច្រើន។ និយាយតាមទូរស័ព្ទអត់កើត»។
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដើម្បីសុំបំភ្លឺបញ្ហានេះ តែមិនអាចទាក់ទងបានទេ នៅថ្ងៃទី២ កក្កដា។
តែទោះយ៉ាងណា លោកធ្លាប់ប្រាប់អាស៊ីសេរីថា ក្រសួងបរិស្ថាន កំពុងខំពង្រឹងយន្តការទប់ទល់បទល្មើសព្រៃឈើឲ្យបានល្អ ដោយត្រូវបន្ថែមកម្លាំងឈរជើង និងការដើរល្បាត ព្រមទាំងសហការជាមួយអង្គការសង្គមស៊ីវិល ចូលរួមគាំពារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅតំបន់ឧទ្យានជាតិ។ លោកអំពាវនាវឲ្យពលរដ្ឋចូលរួម ទប់ស្កាត់បទល្មើសព្រៃឈើ ដោយត្រូវផ្ដល់ព័ត៌មានមកសមត្ថកិច្ច និងមន្ត្រីជំនាញ ដើម្បីចាត់វិធានការ៖ «យន្តការដែលក្រសួងបរិស្ថានបន្តអនុវត្ត គឺការអនុវត្តច្បាប់ប្រឆាំងជនល្មើស ហើយជាមួយគ្នានេះ គឺយើងស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួម ទាំងអស់គ្នាក្នុងការទប់ស្កាត់ ការបង្ក្រាបបទល្មើសព្រៃឈើ តាមរយៈការរាយការណ៍ ការផ្ដល់ព័ត៌មាន ការជូនជារបាយការណ៍ផ្សេងៗ មកកាន់មន្ត្រីរបស់យើង ដើម្បីយើងមានភស្តុតាងក៏ដូចជា ឯកសារគ្រប់គ្រាន់ស៊ើបអង្កេត និងចាត់វិធានការឲ្យទាន់ពេលវេលា»។
សកម្មជនបរិស្ថានបន្ថែមថា ប្រសិនបើក្រសួងមានឆន្ទៈអនុវត្តច្បាប់ឲ្យបានពេញលេញ ដើម្បីថែរក្សាព្រៃឈើនៅតំបន់នោះឲ្យគង់វង្ស នោះក្រុមឈ្មួញ និងអ្នកកាប់ឈើមិនអាចគេចពីកណ្ដាប់ដៃសមត្ថកិច្ចចម្រុះបានទេ។ ក៏ប៉ុន្តែក្រុមអ្នកកាប់ឈើ និងឈ្មួញបានប្រើអំណាចទឹកលុយជាច្រើន ជះលើមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះជាថ្នូរធ្វើអាជីវកម្មឈើខ្នាតធំនៅតំបន់នោះ។
តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងជួរភ្នំក្រវាញខាងត្បូង លាតសន្ធឹងជាប់ទឹកដីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ជាតំបន់ការពារដោយព្រះរាជ្យក្រឹត្យ និងអនុក្រឹត្យរបស់រដ្ឋាភិបាល មានផ្ទៃដីជាង ៨សែនហិកតារ។ តំបន់អភិរក្សនេះ មានមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានជាង ៧០នាក់ដែលជាអ្នកការពារ និងទប់ស្កាត់បទល្មើសព្រៃឈើ និងជីវចម្រុះនៅតំបន់នោះ៕
No comments:
Post a Comment