Monday, 1 July 2019

លោក​ ហ៊ុន​ សែន ថា សិទ្ធិមនុស្ស​នៅកម្ពុជា​មាន​ការ​វិវឌ្ឍវិជ្ជមាន ​ដោយសារ​​គ្មាន​សង្គ្រាម


ដោយលោក វ៉ែន សុមេធ
2019-07-01 
rfa
លោក ហ៊ុន សែន​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ក្នុង​ពិធី​ផ្ទេរសាលា​ពិការគថ្លង់នៃ​អង្គការ​គ្រួសារ​ថ្មី ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០១៩។
លោក ហ៊ុន សែន​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ក្នុង​ពិធី​ផ្ទេរសាលា​ពិការគថ្លង់នៃ​អង្គការ​គ្រួសារ​ថ្មី ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០១៩។
 ហ្វេសប៊ុក



មេដឹកនាំ​របបក្រុង​ភ្នំពេញ លោក ហ៊ុន សែន អះអាងថា សិទ្ធមនុស្ស​នៅកម្ពុជា​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ល្អ​ប្រសើរ ដោយ​សារកម្ពុជា​លែង​មាន​សង្គ្រាម ហើយ​​ពលរដ្ឋបាន​កើន​ចំនួនរាប់​លាន​នាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​។ លោក​ថា សិទ្ធិមនុស្ស​សំខាន់​ជាងគេ​បំផុត គឺការ​រស់​រាន​មាន​ជីវិត មិន​មែន​ស្ថិត​លើ​ការបកស្រាយ​ក្នុង​ទំព័រ​កាសែត​នោះឡើយ។ ក៏​ប៉ុន្តែ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា សិទ្ធិ​រស់រាន​មាន​ជីវិត​ត្រូវ​បំពេញ​បន្ថែម​ដោយ​សិទ្ធិជាមូលដ្ឋាន​ជាច្រើន​ផ្សេងទៀត។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅថ្ងៃទី០១ កក្កដា ថា សិទ្ធិមនុស្ស​មាន​ច្រើនយ៉ាង មិន​មែន​ត្រឹម​តែ​ជា​ការ​បញ្ចេញ​មតិ​តែមួយ​មុខ​នោះឡើយ។ លោក​អះអាងថា របប​របស់​លោក​គិត​គូរ​សព្វគ្រប់​បែប​យ៉ាង​អំពី​រឿង​សិទ្ធិមនុស្សនេះ​ មិន​មែន​ដូច​ជា​ក្រុម​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ ដែល​ផ្តោត​ទៅលើ​រឿង​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​តែមួយ​មុខ​នោះឡើយ។



លោក​បន្ត​ថា ក្នុង​សម័យ​ខ្មែរ​ក្រហម និង​សម័យ​ក្រោយ​នោះ​បន្តិច​ កម្ពុជា​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ ដោយសារ​តែ​ពលរដ្ឋ​ត្រូវ​បាន​គេ​កាប់​សម្លាប់ និង​បាត់​បង់​ជីវិត​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​។ ហេតុ​ដូច្នេះ​លោក ​ចាត់​ទុកការ​រស់​រាន​មានជីវិត គឺជា​សិទ្ធិ​សំខាន់ជាង​គេ​បំផុត។ លោក​បន្ត​ថា សិទ្ធិមនុស្ស​នៅកម្ពុជា​មាន​ដំណើរការ​ល្អ​ទៅមុខ ដោយសារពលរដ្ឋ​បាន​កើន​ចំនួន​ពី៥ លាន​នាក់ ក្រោយ​ការ​ដួល​រលំនៃ​របបខ្មែរ​ក្រហម ដល់១៦ លាននាក់​នាពេល​បច្ចុប្បន្ន​។ លោក​បញ្ជាក់ថា របបរបស់​លោក​គ្មាន​ការ​ចាំបាច់​ដែល​ត្រូវ​ស្តាប់​មតិយោបល់​របស់​សហគមន៍​អន្តរជាតិ​អំពី​រឿង​គោរព​សិទ្ធិមនុស្ស​នេះឡើយ ពីព្រោះ​ប្រទេស​ដែល​ណែនាំកម្ពុជា​នោះ កំពុង​តែ​ជួប​ប្រទះ​វិបត្តិសិទ្ធិមនុស្ស​ខ្លួនឯង។

“យើង​បាន​ឈាន​ឡើង​ក្នុង​ជំហាន​ដ៏​ក្លាហាន​មួយ​ ការ​រស់​រាន​មាន​ជីវិត​របស់​យើង​ឡើងវិញ។ យើង​បាន​ឃើញ​ប្រត្យក្ស​នឹង​ភ្នែក​ សិទ្ធិមនុស្សត្រូវ​ចាប់​ផ្តើម​ពី​សិទ្ធិរស់​រាន​មាន​ជីវិត​ មិន​មែន​ចាប់​ផ្តើមពី​សរសេរ​កាសែត​ទេ។ បើវា​ងាប់​ទៅហើយ តើ​វា​សរសេរ​កាសែត​របៀប​ម៉េច? ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​មិន​ព្រម​ឱន​ក្បាល​ជាមួយ​នឹង​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ដទៃ។”

មេដឹកនាំក្រាញ​អំណាច​រូប​នេះ អះអាង​ទៀតថា លោក​នឹង​បកស្រាយ​អំពី​ការ​វិវឌ្ឍ​ជាក់ស្តែង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វ៊ីស (Switzerland) នៅថ្ងៃទី០៤ កក្កដា ខាងមុខ។ បន្ថែម​ពីលើ​នេះ លោក​បាន​អំពាវនាវ​​ឱ្យសហគមន៍​ខ្មែរ​នៅអឺរ៉ុប ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ទីក្រុង​ហ្សឺណែវនេះផង​ដែរ ពីព្រោះ​លោក​ជឿជាក់ថា អ្នក​ដែល​មក​គាំទ្រ​រូប​លោក​នឹង​មាន​ចំនួន​ច្រើន​ជាង​អ្នក​ប្រឆាំង​។ មន្ត្រី​សិទ្ធិមនុស្សបញ្ជាក់ថា ប្រសាសន៍​របស់​លោក ហ៊ុន សែន ត្រឹម​ត្រូវ​បាន​​តែមួយ​ជ្រុង​ប៉ុណ្ណោះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់ថា សិទ្ធិរស់​រាន​មាន​ជីវិត​ជា​សិទ្ធិសំខាន់​មួយ​ក្នុង​ចំណោម​សិទ្ធិមនុស្ស​ដទៃទៀត។ ក៏​ប៉ុន្តែ លោក​ពន្យល់​ថា សិទ្ធិនេះ​មិន​អាច​ឈរ​តែ​ឯងបាន​ទេ ពោល​គឺ​​ត្រូវ​តែ​បំពេញ​បន្ថែម​ដោយ​សិទ្ធិសេរីភាពជាមូលដ្ឋាន​ផ្សេង​​ទៀត ដូចជា សិទ្ធិបញ្ចេញ​មតិ សិទ្ធិទទួល​បាន​ព័ត៌មាន​ សិទ្ធជួប​ប្រជុំ​ សិទ្ធិប្រមូល​ផ្តុំ និង​សិទ្ធិ​ចង​ក្រងជា​គ្នា​សហជីព ជាដើម។

លោក​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះ​សិទ្ធិមួយ​ចំនួន​ត្រូវ​បាន​គោរព​ រួម​មាន​ សិទ្ធិរស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិទទួល​បាន​ការ​ថែទាំសុខភាព និងសិទ្ធិខាង​ជំនឿសាសនា ជាដើម ក៏​ប៉ុន្តែ​សិទ្ធិជាមូល​ដ្ឋាន​ដទៃ​ទៀតនោះ នៅ​តែ​ស្ថិត​ក្រោម​ការ​រឹតត្បិត​ ការ​ត្រួតពិនិត្យ និង​តាម​ដាន​ពី​សំណាក់​អាជ្ញាធរ​នៅឡើយ។

“គ្រប់​សិទ្ធិ​ទាំង​អស់​ហ្នឹង វា​ត្រូវ​បំពេញ​គ្នា​ទៅវិញ​ទៅ​មក។ វា​មិនអាច​ខ្វះខាត​បាន​ទេ។ ប្រសិន​បើ​ខ្វះខាត វា​ធ្វើ​ឱ្យ​ចន្លោះ​ប្រហោង​នៃ​ការ​បំពេញ​សិទ្ធិរបស់​ពលរដ្ឋ​ម្នាក់ៗ។ អ៊ីចឹង​បើ​យើង​មាន​សិទ្ធិរស់​រាន​មាន​ជីវិត តែ​បើ​គ្មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ គ្មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ គ្មាន​សិទ្ធិ​ចូល​រួម​បញ្ហា​ផ្សេងៗ អាហ្នឹង​ក៏​វា​មិន​អា​ច​បំពេញ​ទៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​បាន​ដែរ។”

សហគមន៍​អន្តរជាតិ​និយមប្រជាធិបតេយ្យ​ បាន​វាយ​តម្លៃ​ពី​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​ការ​គោរពសិទ្ធិមនុស្ស​នៅកម្ពុជា បន្ទាប់​ពី​របបលោក ហ៊ុន សែន ​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​​ពី​បទ​ក្បត់ជាតិ​។ បន្ទាប់​មក​ របបនេះ​បាន​រំលាយគណបក្ស​សង្រ្គោះជាតិ ហើយ​យក​អាសនៈសភា និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់​កាប់ និង​បាន​ហាម​ប្រាម​អ្នក​នយោបាយ​បក្សនេះ​ជាង១០០ នាក់ ​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល៥ ឆ្នាំ ថែមទៀត។ ហើយ​ការ​វិវឌ្ឍចុងក្រោយ​បំផុត​នោះ គឺ​អាជ្ញាធរ​របបលោក ហ៊ុន សែន បាន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​រាប់​រយ​នាក់ឱ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលការកំពូល ក្នុង​នោះ​មាន​អ្នក​ខ្លះ​ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ថែម​ទៀត។

ទន្ទឹម​នឹង​ការ​កម្ទេចដៃគូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​នេះ របបក្រុង​ភ្នំពេញក៏​បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្តទៅ​​លើក្រុម​អង្គការសង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យផង​ដែរ ជាពិសេស​របបនេះបាន​​រឹតត្បិត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ ទាំងនៅក្នុង​សង្គម​ និង​នៅលើ​ប្រព័ន្ធ​អ៊ិនធើណិត។

ផ្តើម​ចេញ​ពី​​បញ្ហាទាំងអស់​នេះ​ហើយ ​ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​បាន​ពិចារណា​ឡើង​វិញ​អំពី​​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ដោយ​បាន​​ព្រមាន​ពី​ការ​ដក​ហូត​ប្រព័ន្ធអនុគ្រោះពន្ធ​ EBA ប្រសិន​បើ​របបក្រុង​ភ្នំពេញ​មិន​ព្រម​ស្តារស្ថានការណ៍​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ​ទេនោះ៕

No comments: