Sunday, 7 July 2019

លោក ស ខេង ប្ដឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់​ឱ្យ​បក្ស​កាន់​អំណាច​បែកបាក់ និង​សង្ស័យ​គ្នា


ដោយ អាស៊ីសេរី
2019-07-06 

លោក ស ខេង តំណាង​គណបក្ស​ប្រជាជន កម្ពុជា និង​លោក លោក សម រង្ស៊ី តំណាង​គណបក្ស​សង្រ្គោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ច័ន្ទ ទី៦ ខែ​មេសា ឆ្នាំ​២០១៥។
លោក ស ខេង តំណាង​គណបក្ស​ប្រជាជន កម្ពុជា និង​លោក លោក សម រង្ស៊ី តំណាង​គណបក្ស​សង្រ្គោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ច័ន្ទ ទី៦ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Tin Zakariya




ក្រុម​មេធាវី​របស់ លោក ស ខេង បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ញុះញង់ ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ក្រុម​គណបក្ស​កាន់អំណាច សង្ស័យ និង​បែកបាក់​គ្នា ក្នុង​សំណុំរឿង​ការ​ស្លាប់​របស់ លោក ហុក ឡង់ឌី។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា លោក ហ៊ុន សែន បង្គាប់​ឱ្យ​លោក ស ខេង ប្ដឹង លោក សម រង្ស៊ី ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ។

មេធាវី​របស់​លោក ស ខេង ម្នាក់ គឺ​លោក ហាក់ សៀកលី ប្រាប់​អាស៊ីសេរី ថា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី២ កក្កដា​រួចហើយ​។ រហូតមកដល់​ថ្ងៃ​ទី៦ កក្កដា តំណាង​អយ្យការ មិនទាន់​កោះហៅ​ភាគី​ខាង​ណា ចូល​ឆ្លើយ​បំភ្លឺ​ទេ​។ មេធាវី​រូប​នេះ ថា ជំហាន​ដំបូង​ក្រុម​មេធាវី ដាក់​ភស្តុតាង​ជូន​តុលាការ ២​សិន គឺ ការ​សរសេរ​បង្ហោះ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក (Facebook) លោក សម រង្ស៊ី និង​សំឡេង​របស់ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA)៖ «ចំពោះ​ភស្តុតាង​ជា​ជំហាន​ដំបូង ខាង​ខ្ញុំ​បាន​ដាក់​២​ហ្នឹង​សិន​។ ប៉ុន្តែ​នៅ​ពេល​ដំណាក់កាល​តុលាការ​គាត់ ចំណាត់ការ​នីតិវិធី​ប្រសិនបើ​មាន​ភាព​ចាំបាច់​យើង​អាច​មាន​ភស្តុតាង​បន្ថែម យើង​ដាក់​នៅ​ពេល​ស៊ើបសួរ»។


ក្នុង​ពាក្យ​ប្ដឹង​នោះ ក្រុម​មេធាវី​របស់​លោក ស ខេង អះអាង​ថា លោក សម រង្ស៊ី បាន​បង្ហោះ​សារ និង​ការ​ផ្ដល់​បទសម្ភាសន៍​ឱ្យ​សារព័ត៌មាន ក្នុង​ន័យ​ថា លោក ឌី វិជ្ជា បាន​ដឹង​ច្បាស់ ពី​ឃាតកម្ម​លើ លោក ហុក ឡង់ឌី និង​កំពុង​រៀបចំ​ផែនការ​សងសឹក​ឱ្យ​ឪពុក ដែល​ផែនការ​សងសឹក​នេះ គាំទ្រ​ពី លោក ស ខេង ព្រោះ លោក ស ខេង ដឹង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​កម្ចាត់​លោក​ចេញ​ដើម្បី​លើក​បន្តុប​កូនប្រុស​ទាំង ៣ ឱ្យ​កាន់​តំណែង​បន្ត​ពី​លោក​។ ក្រុម​មេធាវី​ថា នេះ​ជា​ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់​កំហុស និង​មួលបង្កាច់ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​សង្ស័យ​គ្នា បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​បង្កើត​វិវាទ​ផ្ទៃក្នុង។ មេធាវី​អះអាង​ថា ការ​បំផុស​ឱ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​របស់​របប​ក្រុងភ្នំពេញ និង​បក្ស​កាន់អំណាច នឹង​បណ្ដាល​ឱ្យ​មាន​ចលាចល វឹកវរ​ធ្ងន់ធ្ងរ បំផ្លាញ​ស្ថិរភាព​សង្គម និង​សន្តិភាព​ទាំងមូល។

ក្នុង​ពាក្យ​ប្ដឹង​ដដែល ក្រុម​មេធាវី​លោក ស ខេង ទាមទារ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ ចោទប្រកាន់ និង​ផ្ដន្ទាទោស​ទោស លោក សម រង្ស៊ី ឱ្យ​ធ្ងន់ធ្ងរ​តាមច្បាប់ និង​ទារ​សងជំងឺចិត្ត លោក ស ខេង ចំនួន​បួន​ពាន់​លាន (៤.០០០.០០០.០០០) រៀល ស្មើ​ដប់​១​លាន (១០០.០០០) ដុល្លារ​អាមេរិក។

នៅមុន​សម្រេច​ប្ដឹង​នេះ លោក ហ៊ុន សែន បាន​ពិភាក្សា ជាមួយ​លោក ស ខេង ថា​ចង់​ប្ដឹង​ករណី​នេះ ទៅ​តុលាការ​ប្រទេស​បារាំង ដើម្បី​ចង់បាន​តម្លៃ​នៃ​ការ​ឈ្នះ​ម្ដង ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ។ តែ​រហូត​មក​ដល់​ពេល​នេះ លោក ហ៊ុន សែន និង លោក ស ខេង មិន​ទាន់​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង​ទេ ខណៈ​លោក សម រង្ស៊ី ជំរុញ​ឱ្យ​ប្ដឹង​លោក ៣​ករណី​ទៀត ព្រោះ​លោក​ចោទ​ថា លោក ហ៊ុន សែន និង​ប្រពន្ធ ជា​អ្នកបញ្ជា​ឱ្យ​ឃាតក​បោក​គ្រាប់បែក សម្លាប់​បាតុករ​ឆ្នាំ​១៩៩៧ បាញ់សម្លាប់​សិល្បករ អ្នកស្រី ពិសិដ្ឋ ពីលិកា មេដឹកនាំ​សហជីព លោក ជា វិជ្ជា និង​អ្នកវិភាគ​នយោបាយ បណ្ឌិត កែម ឡី។

លោក​មេធាវី ហាក់ សៀកលី ប្រាប់​ថា លោក​ទទួល​បាន​ការ​ពឹង​ពាក់​ពី លោក ស ខេង តែ​ការ​ប្ដឹង​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សោ ចាន់ដេត យល់ថា លោក ហ៊ុន សែន មិន​ទុកចិត្ត​លោក ស ខេង ទើប​តម្រូវ​ឱ្យ​លោក ស ខេង បង្ហាញ​ចិត្ត​ស្មោះ ហើយ​ត្រូវ​បញ្ចេញ​ប្រតិកម្ម​លើ​លោក សម រង្ស៊ី តាមរយៈ​ការ​ប្ដឹង​នៅ​ក្នុង​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​។ តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បែក​ជា​ពីរ​ក្រុម គឺ​ក្រុម​លោក ហ៊ុន សែន គាំទ្រ​មាន​ចិន​ជា​បង្អែក និង​ក្រុម​លោក ស ខេង មាន​វៀតណាម​ជា​បង្អែក៖ «ក្រុម ហ៊ុន សែន ទោរទន់​ទៅ​ចិន​ខ្លាំង រីឯ​ក្រុម លោក ស ខេង ក៏​វា​ទោរទន់​មក​ខាង​យួន​ខ្លាំង។ អ៊ីចឹង យួន​គេ​ត្រូវតែ​បង្ខំ​ឱ្យ​ធ្វើ​អ្វីមួយ អ៊ីចឹង លោក ហ៊ុន សែន គាត់​អត់​ទុកចិត្ត​លោក ស ខេង។ ដល់ពេល​អត់​ទុកចិត្ត​លោក ស ខេង ត្រូវ​បង្ខំ​ឱ្យ​លោក ស ខេង បញ្ចេញ​ប្រតិកម្ម​មួយទៀត ទៅ​លោក​ប្រធាន​ឲ សម រង្ស៊ី ដើម្បី​បញ្ជាក់​ថា លោក ស ខេង ហ្នឹង​ស្មោះត្រង់»។

មក​ដល់​ពេល​នេះ លោក សម រង្ស៊ី កំពុង​ជាប់​ពាក្យ​បណ្ដឹង នៅ​តុលាការ​កម្ពុជា ជាង​១០​បណ្ដឹង សុទ្ធតែ​ចាញ់ក្ដី​ក្រុម​មេដឹកនាំ​របប​មេ​យោធា និង​សកម្មជន​បក្ស​កាន់អំណាច។ បណ្ដឹង​ទាំងនោះ គឺ​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ញុះញង់​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក ជាដើម​។ បណ្ដឹង​ទាំងនោះ សុទ្ធតែ​ប្ដឹង​ឱ្យ​ចាប់ខ្លួន លោក សម រង្ស៊ី និង​សងជំងឺចិត្ត រាប់​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​បណ្ដឹង​ទាំង​ជាង ១០​ករណី​នេះ គ្មាន​ទាន់​មាន​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ណា​ម្នាក់ ហ៊ាន​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង ឬ​តុលាការ​អន្តរជាតិ​ទេ សូម្បី​លោក ហ៊ុន សែន។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា លោក សម រង្ស៊ី ញុះញង់​ឱ្យ​មេដឹកនាំ​បក្ស​កាន់អំណាច​សង្ស័យ​គ្នា បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​បង្កើត​វិវាទ​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច។ កន្លង​មក​លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា មក​ពី​មេដឹកនាំ​អន់​ទើប​បែកបាក់​តាម​គេ​ញុះញង់៖ «ខ្ញុំ​សុំ​ផ្ដាំ​ទៅ​អ្នក​។ អ្នក​មិន​គួរ​បន្ត​និយាយ​ភាសា​ហ្នឹង​ទេ ពីព្រោះ ភាសា​និយាយ​ថា គេ​បំបែក ពាក្យ​មួយ​មាត់​នេះ ស្មើនឹង​ការ​បន្តុះបង្អាប់​ខ្លួនឯង​តែ​ប៉ុណ្ណឹង។ បើ​លោក​ឯង​ពូកែ លោក​ឯង​ចេះ​គ្រប់គ្រង លោក​ឯង​មិន​អាច​ធ្វើ​ឱ្យ​បក្ស​លោក​ឯង​បែកបាក់​ទេ»។

អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ ថា យុទ្ធសាស្ត្រ​ប្ដឹង​លោក សម រង្ស៊ី ដដែលៗ កំពុង​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច ធ្លាក់​ប្រជាប្រិយភាព និង​រង​ការ​ចំអក​ពី​ពលរដ្ឋ​ថា ជា​រឿង​កំប្លែង គួរ​ឱ្យ​អស់សំណើច​។ លោក ហង្ស វិទូ យល់​ថា រដ្ឋាភិបាល​អាច​ប្ដឹង​ឈ្នះ លោក សម រង្ស៊ី តែ​នៅ​តុលាការ​កម្ពុជា​ប៉ុណ្ណោះ តែ​បើ​ហ៊ាន​ប្ដឹង​នៅ តុលាការ​បារាំង គឺ លោក សម រង្ស៊ី មានប្រៀប​ឈ្នះ​ច្រើនជាង៖ «ពាក្យបណ្ដឹង​ដែល​កើតឡើង​ហូរហែ​មក​លើ លោក សម រង្ស៊ី នេះ វា​ហាក់បីដូចជា ក្លាយទៅជា​រឿង​កំប្លែង​មួយ ឬក៏​រឿង​មួយ​ដែល​ប្រជាពលរដ្ឋ​គាត់​ស្ដាប់​ឡើង​សុំា​ទៅ​ហើយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឃើញ​តែ​ពាក្យបណ្ដឹង​កើតឡើង​ចំពោះ​លោក សម រង្ស៊ី។ ប៉ុន្តែ​មិន​ឃើញ​ឱ្យ​ស្ថានការណ៍​នយោបាយ ឬមួយ​ក៏​ធ្វើ​ឱ្យ​លោក សម រង្ស៊ី ហ្នឹង​គាត់​ទៅជា​ស្អី​ទេ​។ បើ​យើង​និយាយ​ឱ្យ​ចំ​ទៅ លោក សម រង្ស៊ី នៅតែ​លោក សម រង្ស៊ី ឯ​បញ្ហា​ស្រុក​ខ្មែរ​នៅតែ​រុំកោះ​ដដែល»។

លោក ហង្ស វិទូ មិន​ចង់​ឃើញ​អ្នកនយោបាយ​បន្ត​ប្ដឹងផ្ដល់​គ្នា​ទេ។ លោក​ថា ក្រុម​ទាំង​ពីរ គឺ​ខាង លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គួរ​ជជែក​គ្នា ដើម្បី​ទប់ទល់​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង​ពន្លឿន​ការ​ដោះលែង លោក កឹម សុខា ទើប​ជា​រឿង​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ៕

No comments: