Wednesday, 3 July 2019

ភរិយាបណ្ឌិត កែម ឡី ចោទរបបក្រុងភ្នំពេញជាអ្នកសម្លាប់ស្វាមី


ដោយអ្នកស្រី សុ ជីវី
2019-07-02 
rfa
អ្នក​វិភាគ​បញ្ហា​សង្គម​បណ្ឌិត កែម ឡី (កាលនៅមានជីវិត) និង អ្នកស្រី ប៊ូ រចនា (ភរិយា)។
អ្នក​វិភាគ​បញ្ហា​សង្គម​បណ្ឌិត កែម ឡី (កាលនៅមានជីវិត) និង អ្នកស្រី ប៊ូ រចនា (ភរិយា)។
 បណ្ដាញ​សង្គម​ហ្វេសហ៊ុក




​ភរិយា​បណ្ឌិត​ កែម​ ឡី​ គឺ​អ្នកស្រី​ ប៊ូ​ រចនា​ បាន​សរសេរ​សារ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​ នៅ​ថ្ងៃទី២​ ខែកក្កដា​ថា​ នៅសល់​តែ៨ថ្ងៃ​ទៀត​ទេ​ គឺ​ដល់​គម្រប់​ខួប៣ឆ្នាំ​នៃ​ការបាត់បង់​ជីវិត​ របស់​ស្វាមី​ ដោយសារតែ​ជន​អគតិ​របប​ក្រុងភ្នំពេញ​ បាន​សម្លាប់​ កាលពី​ថ្ងៃទី១០​ ខែកក្កដា​ឆ្នាំ២០១៦​។

ក្រៅពី​ការចោទប្រកាន់​នេះ​ អ្នកស្រី​ ប៊ូ​ រចនា​ សរសេរ​រៀបរាប់​ពី​អារម្មរណ៍​នឹក​រលឹកប្តី​ថា​ ប្តីសម្លាញ់​ តាំងពី​អូន​បាន​រៀបការ​ជាមួយ​បង១៥ឆ្នាំមុន​ បង​បាន​ផ្តល់​ ភាព​សប្បាយរីករាយ​ ភាព​កក់ក្តៅ​ និង​ សុភមង្គល​ដល់​គ្រួសារ​មួយ​នេះ​មិនដែល​រអ៊ូ​មួយ​មាត់​ឡើយ​។ប៉ុន្តែ៣ឆ្នាំ​កន្លងមក​នេះ​ បង​បាន​ទុក​ ឱ្យ​អូន​នឹង​កូន​រស់នៅ​ខ្វះ​ភាព​កក់​ពី​បង​ សូម្បីតែ​មុខ​កូនពៅ​ កែម​ ឡី​វីរ​បុត្រ​ ក៏​មិនបាន​ឃើញ​ផង​ ។ ទោះ​យ៉ាងណា​ អ្នកស្រី​ ប្រាប់​បណ្ឌិត​ កែម​ ឡី​ កុំ​បារម្ភ​អី​ ព្រោះ​ជាង១ឆ្នាំ​ដែល​អ្នកស្រី​ និង​កូន​បាន​ទៅ​ តាំង​លំនៅ​ថ្មី​នៅ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី​ ដែល​ជា​ប្រទេស​មាន​សន្តិភាព​ពិត​ ប្រទេស​មាន​ប្រជា​ ធិប​តេយ្យ​ពិត​ ប្រទេស​ដែល​គោរព​ច្បាស់​ពិត​ ប្រទេស​ដែល​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ពិ​តៗ​ សូម្បីតែ​អ្នកស្រី​ និង​កូន​ៗ ក៏​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ជួយឧបត្ថម្ភ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ​ ជាពិសេស​ការរៀនសូត្រ​របស់​កូន​ៗ និង​ទៅ​មន្ទីរពេទ្យ​ជាដើម​។ អ្នកស្រី​ បន្ត​ថា​ ទោះបីជា​ អូន​និង​ កូន​ៗ រស់នៅ​បាន​សុខ​ហើយ​ក្ដី​ តែ​នៅ​រលឹក​ដល់​បង​គ្រប់ពេលវេលា​ នឹក​រហូត​។



Chinmalin

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ ឆ្លើយតប​ថា​ វា​គឺជា​រឿង​ធម្មតា​ចំពោះ​សារ​របស់​ អ្នកស្រី​ ប៊ូ​ រចនា​ ដែល​បង្ហាញ​ពី​ការឈឺចាប់​ក្តុកក្តួល​និង​ឈឺចាប់​ក្នុង​ការបាត់បង់​ស្វាមី​ និង​ការ​ចោទ​ ប្រកាន់​អ្នកនេះ​ឬអ្នកនោះ​ថា​ ជា​ឃាត​ការ​សម្លាប់​ស្វាមី​។

«មានការ​ចោទប្រកាន់​អ្នកនេះ​អ្នកនោះ​អី​នឹង​គឺជា​រឿង​ធម្មតា​ទេ​។គាត់​ បង្ហាញ​ពី​ការឈឺចាប់​ហើយ​គាត់​ប្រហែលជា​រង​ឥទ្ធិពល​ពី​បរិយាកាស​ពី​អ្នក​ដែល​កំពុង​នៅ​ជុំវិញ​ខ្លួន​ ដែល​ជួយ​ទំនុកបម្រុង​គាត់​ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​និន្នាការ​មិន​ពេញចិត្ត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ។»

លោក​ ជិន​ ម៉ា​លីន​ បន្ត​ថា​ ចំពោះ​សំណុំរឿង​ឃាតកម្ម​បណ្ឌិត​កែម​ ឡី​ នេះ​ មិនទាន់​បិទ​បញ្ចប់​នោះ​ទេ​ គឺ​កំពុង​ដំណើរការ​នីតិវិធី​ក្នុង​តុលាការ​ដើម្បី​ស្វែ​ករ​កភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ សំណុំរឿង​នេះ​មាន​ភាព​ជឿនលឿន​ទៅមុខ​ឬអត់​នោះ​ទេ។​

«សំណុំរឿង​មួយ​បាន​បិទ​បញ្ចប់​ពាក់ព័ន្ធ​ជាមួយ​ជួប​ សម្លាប់​នឹង​។ចំណែក​សំណុំរឿង​មួយទៀត​ កំពុង​ដំណើ​ការ​នីតិវិធី​ស្វែងរក​ភាគី​ដែល​ពាក់ព័ន្ធ​ហើយ​យើង​ឃើញថា​ មកដល់ពេលនេះ​ មានតែ​ការចោទប្រកាន់​ថា​រដ្ឋអំណាច​ឬអ្នកមាន​អំណាច​នៅ​ពីក្រោយ​ប៉ុន្តែ​មិន​មាន​ ភស្តុ​តាំង​និង​សក្ខីកម្ម​ផ្លូវច្បាប់​ណាមួយ​បង្ហាញ​នោះ​ទេ​ ។ក្នុងនាម​ក្រសួង​យុត្តិធម៌​ លើកទឹកចិត្ត​គ្រប់​ ភាគី​ទាំងអស់​រួម​ទាំង​អ្នក​ស្រី​ប៊ូ​ រចនា​ផង​ដែរ​ ប្រសិនបើ​មាន​ភស្តុ​តាំង​សក្ខីកម្ម​រឹងមាំ​ផ្នែក​ច្បាប់​ច្បាស់​ លាស់​អាច​ចូលរួម​ដំណើ​ការ​នីតិវិធី​និង​ផ្តល់​ទៅ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ដើម្បី​ស្វែ​ករ​កភាគី​ដែល​ ពាក់ព័ន្ធ​ជាជាង​ចោទប្រកាន់​ថា​អ្នកនេះ​នៅ​ពីក្រោយ​ អ្នកមាន​អំណាច​នេះ​អ្នកមាន​អំណាច​នោះ​នៅ​ ពីក្រោយ​ដោយ​មិន​មាន​មូលដ្ឋាន​អី​ច្បាស់លាស់​។»

បើ​ទោះជាយ៉ាងណា ​មជ្ឈដ្ឋាន​ទូទៅ​សង្កេតឃើញ​ថា​របប​ ក្រុងភ្នំពេញ​ បាន​ទុក​សំណុំរឿង​នេះ​ចោល​យ៉ាង​ស្ងប់ស្ងាត់​។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព​ បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ នៅ​ឯស្ដារ​ម៉ាត​ ​(Star​ Mart​) ​ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច​ (Caltex​)ក្នុង​ទីក្រុង​ភ្នំពេញ​។

អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​រយៈពេល២​ ថ្ងៃ​ ក្រោយពី​លោក​បាន​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​ ដើម្បី​ជជែក​ពិភាក្សា​អំពី​រឿង​ការ​ក្ដោបក្ដាប់​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក​ ហ៊ុន​ សែន​ នៅ​កម្ពុជា​។ តុលាការ​ បាន​ផ្ដន្ទាទោស​ អឿត​ អាង​ ដែល​ហៅ​ខ្លួនឯង​ថា​ ជួប​ សម្លាប់​ ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​។ ប៉ុន្តែ​សា​ធារ​ជន​នៅតែ​មិនអស់ចិត្ត​នៅឡើយ​ ព្រោះ​សំណុំរឿង​នេះ​មាន​ភាព​មិន​ស៊ីសង្វាក់​គ្នា​ជាច្រើន​ចំណុច​ជុំវិញ​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​ ដែល​មជ្ឈដ្ឋាន​នានា​សុទ្ធតែ​ជឿ​ថា​ អឿត​ អាង​ មិន​អាច​ធ្វើ​រឿង​នេះ​បានតែ​ម្នាក់ឯង​នោះ​ឡើយ​។ ទំនងជា​ដើម្បី​បញ្ចៀស​ការរិះគន់​ តុលាការក្រុង​ភ្នំពេញ​បានសម្រេច​បំបែកសំណុំរឿង​នេះ​ជា​ពីរ​ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ យក​មក​កាត់ទោស​។ ការស៊ើបអង្កេត​បន្ត​នោះ​ គឺ​ដើម្បី​រក​អ្នកលក់​កាំភ្លើង​ឱ្យ​ ជួប​ សម្លាប់​ អ្នកទទួល​ឱ្យ​ ជួប​ សម្លាប់​ ស្នាក់នៅ​ក្នុង​ក្រុងភ្នំពេញ​ និង​អ្នក​នៅ​ពីក្រោយខ្នង​ ជួប​ សម្លាប់​ ក៏ប៉ុន្តែ​តុលាការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទីពីរ​នេះ​ឡើយ​រហូតមកដល់​ពេលនេះ​។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ បានទេ​ ដោយ​អ្នក​ ទទួល​ទូរសព្ទ​ប្រាប់​ថា​ លោក​ ផៃ​ ស៊ី​ផាន​ ជាប់​ប្រជុំ​មិន​អាច​និយាយ​បាន​។ចំណែក​នាំពាក្យ​ក្រសួង​ មហាផ្ទៃ​ និង​ជា​អនុប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ខៀវ​ សុភ័គ្រ បាន​បិទ​ទូរសព្ទ​ នៅ​ ពេល​អាស៊ី​សេរី​ទូរសព្ទ​ចូល​។

ប្រធាន​មូលនិធិ​បណ្ឌិត​ កែម​ ឡី​ គឺ​លោក​ សៅ​ កុសល​ ថ្លែង​ថា​ សារ​ចោទប្រកាន់​របស់​ភរិយា​បណ្ឌិត​ កែម​ ឡី​ គឺ​មិន​ខុសពី​គំនិត​របស់​អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត​កែម​ ឡី​ នោះ​ឡើយ​ ហើយ​ពួក​ គាត់​ គ្មាន​ ទទួលរង​ឥទ្ធិពល​ពី​ក្រុម​បក្ស​ប្រឆាំង​ឬក្រុម​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ ទេ​។ ផ្ទុយទៅវិញ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ទៅវិញ​ទេ​ ដែល​មានគំនិត​អគតិ​មិន​ហ៊ាន​និយាយ​ការពិត​ ដោយសារតែ​មានផល​ប្រយោជន៍​ និង​ភាព​ភ័យខ្លាច​។

លោក​ សៅ​ កុសល​ បន្ត​ថា​ លោក​ ហ៊ុន​ សែន​ ខ្លួនឯង​នោះ​ទេ​ ដែល​ចេះតែ​ចោទប្រកាន់​និង​ទម្លាក់​ កំហុស​ទៅលើ​អ្នកដទៃ​តាមអំពើចិត្ត​។ ជាក់ស្តែង​ក្នុង​ពេល​កន្លងទៅ​ លោក​ ហ៊ុន​ សែន​ ធ្លាប់​ចោទ​ថា​ ឃាតកម្ម​បណ្ឌិត​ កែម​ ឡី​ អាច​ជា​អំពើ​របស់​ចារកម្ម​អាមេរិក​ ប៉ុន្តែ​ត្រូវ​ស្ថាន​ទួត​អាមេរិក​បដិសេធ​។ លោក​ បន្ត​ថា​ ស្ថាន​ទួត​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា​ គួរតែ​រួមគ្នា​ស្រាវជ្រាវ​រក​ឃាតករ​ពិត​។ លើស​ ពីនេះ​ទៀត​ លោក​ សៅ​ កុសល​ យល់ថា​ សំណុំរឿង​ឃាតកម្ម​ បណ្ឌិត​ កែម​ ឡី​នេះ​ ដូចជា​មិន​ចាំបាច់​ ប្រើ​ពេលវេលា​ស៊ើបអង្កេត​យូរ​នោះ​ទេ​ ប្រសិនបើ​អាជ្ញាធរ​មាន​ឆន្ទៈ​ពិតប្រាកដ​ ព្រោះ​ទីតាំង​ឃាតកម្ម​ មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​ឃើញច្បាស់​ថា​ នរណា​ជា​ឃាតករ​ពិត​ ប៉ុន្តែ​បែរជា​អាជ្ញាធរ​ មិន​ហ៊ាន​ បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​។ករណីនេះ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ មាន​ចេត​ នា​អូស​បន្លាយពេល​វេលា​ ដើម្បី​ឱ្យ​ពលរដ្ឋខ្មែរ​ចេះតែ​ភ្លេច​ករណី​ឃាត់​កម្ម​ដ៏​ព្រៃផ្សៃ​លើ​បណ្ឌិត​ កែម​ ឡី​។

«ប្រសិនបើ​រដ្ឋាភិបាល​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការស្វែងរក​ ឃាតករ​ គឺ​យើង​អាច​រក​ឃើញ​ហើយ​ ប៉ុន្តែ​ប្រហែលជា​ឃាតករ​នោះ​ វា​មាន​អ្នក​នៅ​ពីក្រោយខ្នង​ មានអំណាច​ធំ​ពេក​ ដែល​ធ្វើ​ឱ្យ​រឿង​ក្ដី​នេះ​ប្រែប្រួល​ដោយ​ឃាតករ​ត្រូវ​ផ្លាស់​ប្តូរ​។»

ការរិះគន់​ និង​ការចោទប្រកាន់​នានា​លើ​របប​លោក​ ហ៊ុន​ សែន​ បាន​អូស​បន្លាយ​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ ពីព្រោះ​របប​នេះ​នៅ​មិនទាន់​អាច​វែកមុខ​ចាប់​អ្នកបញ្ជា​ពីក្រោយខ្នង​ យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅឡើយ​។ អ្នក​តាមដាន​សង្គម​យល់ថា​ ប្រសិនបើ​របប​ក្រុងភ្នំពេញ​ចង់​លុបបំបាត់​ការចោទប្រកាន់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត​ កែម​ ឡី​ របប​នេះ​ត្រូវតែ​ហ៊ាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ជំនុំជម្រះ​ និង​ផ្ដន្ទាទោស​ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ដល់​គ្រួសារ​ជន​ រងគ្រោះ​៕

No comments: