ដោយ ហេង រស្មី
2019-07-10

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
តុលាការរបបក្រុងភ្នំពេញ កោះហៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី៣១ ខែកក្កដា តាមបណ្តឹងរបស់មេដឹកនាំកំពូលលំដាប់ទី២នៃរបបក្រុងភ្នំពេញ។ អ្នកវិភាគ នយោបាយ យល់ថា ចំណាត់ការរបស់តុលាការនេះ គឺមិនមែនជាការអនុវត្តច្បាប់នោះទេ គឺជារឿង នយោបាយ។
តុលាការរបបក្រុងភ្នំពេញ ចាប់ផ្តើមចាត់វិធានការថ្មីមួយទៀតប្រឆាំងលោក សម រង្ស៊ី បន្ទាប់ពីទទួលបណ្តឹងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីសប្តាហ៍មុន។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង គីមឡាក់ ចេញដីការកោះហៅ ឲ្យលោក សម រង្ស៊ី ចូលបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា ខាងមុខ ខណៈលោក សម រង្ស៊ី កំពុងរស់នៅ និរទេសខ្លួន។ លោក សេង គីមឡាក់ ក៏បានចេញដីកាកោះហៅមេធាវី ៣រូប របស់លោក ស ខេង ទៅបំភ្លឺនៅថ្ងៃទី១៧ ខែកក្កដាផងដែរ។
កាលពីសប្ដាហ៍មុនមេធាវី ៣រូបរបស់លោក ស ខេង បានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ពីបទញុះញង់ និងស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ឲ្យបានធ្ងន់ធ្ងរតាមច្បាប់ និងទាមទារសំណង ៤ពាន់លានរៀល ឬ ១លានដុល្លារ។ ការប្ដឹងនេះពាក់ព័ន្ធនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានអះអាងថា លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដឹងច្បាស់ថា លោក ហ៊ុន សែន ដែលជាឪពុកក្មេក គឺជាអ្នករៀបចំសម្លាប់ លោក ហុក ឡង់ឌី ដែលជាឪពុកបង្កើត កាលពីឆ្នាំ២០០៨។ លោក សម រង្ស៊ី អះអាងបន្តថា លោក ឌី វិជ្ជា កំពុងរៀបចំផែនការសងសឹកឱ្យឪពុក ដែលផែនការសងសឹកនេះ ទទួលបានការគាំទ្រពីលោក ស ខេង ផង ព្រោះលោក ស ខេង ដឹងថា លោក ហ៊ុន សែន កំពុងរៀបចំផែនការកម្ចាត់លោកចេញ ដើម្បីលើកបន្តុបកូនប្រុសទាំង ៣ ឱ្យកាន់តំណែងបន្តពីលោក។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ យល់ថា ចំណាត់ការដ៏លឿន និងជាហូរហែប្រឆាំងលោក សម រង្ស៊ី នេះ មិនមែនជាការអនុវត្តច្បាប់នោះទេ គឺជារឿងនយោបាយ ដើម្បីបន្ថែមសម្ពាធ កុំឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជា៖ «ការបន្ថែមបណ្តឹងតទៅទៀតដល់លោក សម រង្ស៊ី វាអាចជា ការបន្ថែមទម្ងន់មួយទៀតផ្នែកផ្លូវច្បាប់ ប្រសិនបើលោកសម រង្ស៊ីហ៊ានមកស្រុកខ្មែរ ប៉ុន្តែខ្ញុំគិតថា ចំណាត់ការលើបណ្តឹងទាំងនេះវាគ្មានប្រយោជន៍អីទេ ដោយសារតែលោក សម រង្ស៊ីមានបន្ទុកលើផ្លូវច្បាប់ ច្រើនមកហើយ»។
ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ត្រូវបានលោក ហ៊ុន សែន និងលោក ស ខេង ចាត់ទុកថា ជាអំពើញុះញង់ឱ្យបក្សកាន់អំណាចបែកបាក់ និងសង្ស័យគ្នា និងបានប្រកាសរួមគ្នាថា នឹងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង។ តែទីបំផុត លោក ស ខេង សម្រេចប្តឹងនៅតុលាការកម្ពុជា ហើយលោក ហ៊ុន សែន មិនទាន់ប្តឹងនៅឡើយ។ ចំណែក លោក ឌី វិជ្ជា ដែលបានប្រកាសត្រៀមប្តឹងលោក សម រង្ស៊ី ដែរនោះ ក៏មិនទាន់ឃើញបណ្តឹងអ្វីដែរ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន មិនហ៊ានប្តឹងលោកទេ ព្រោះករណីនេះមិនអាចប្រកែកបាន។ ចំណែកលោក ឌី វិជ្ជា មានតែអរគុណលោកថែម ទៀត ដែលលោកជួយលាតត្រដាងការពិត។ ចំពោះបណ្តឹងរបស់លោក ស ខេង វិញ គឺគ្រាន់តែធ្វើ តាមបញ្ជាពីលោក ហ៊ុន សែន ដើម្បីបិទបាំងការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី បន្តថា ប្រសិនបើលោក ស ខេង ចង់មានភាពថ្លៃថ្នូរមែន មិនគួរទៅលេងសើច ជាមួយតុលាការទីក្រុងភ្នំពេញសព្វថ្ងៃនេះទេ ព្រោះជាតុលាការអាយ៉ង ដែលចាំតែស្តាប់បញ្ជាពីអ្នកនយោបាយកាន់អំណាច។ សាលក្រមប្រកាសដោយតុលាការនេះ គ្មានតម្លៃអ្វីទេ បើគិតពី គតិយុត្តិធម៌ ពីព្រោះអ្នកទន់ខ្សោយគ្មានសែស្រឡាយនយោបាយ និងអ្នកក្រគ្មានលុយសូកចៅក្រម គឺជាអ្នកដែលគេឲ្យចាញ់ និងជាអ្នករងគ្រោះជានិច្ចយ៉ាងអយុត្តិធម៌ជាទីបំផុត។
លោក សម រង្ស៊ី ជំរុញឱ្យមេដឹកនាំរបបក្រុងភ្នំពេញ គួរតែប្តឹងលោកទៅតុលាការបារាំងវិញ ព្រោះលោកកំពុងរស់នៅប្រទេសបារាំង ហើយតុលាការបារាំងឯករាជ្យ ដូច្នេះគ្មាននរណាអាចដឹងជាមុនថា នរណាឈ្នះ ឬនរណាចាញ់ឡើយ។ លើសពីនេះទៀត មេបក្សប្រឆាំងរូបនេះ ក៏ជំរុញឲ្យមេដឹកនាំ របបក្រុងភ្នំពេញ ប្តឹងលោកជាច្រើនករណីទៀត ដែលលោកបានចោទថា លោក ហ៊ុន សែន និងប្រពន្ធ ជាអ្នកបញ្ជាឱ្យឃាតកបោកគ្រាប់បែក សម្លាប់បាតុករឆ្នាំ១៩៩៧ បាញ់សម្លាប់សិល្បករ អ្នកស្រី ពិសិដ្ឋ ពីលិកា បាញ់សម្លាប់ព្រះតេជព្រះគុណ សំ ប៊ុនធឿន មេដឹកនាំសហជីព លោក ជា វិជ្ជា សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និងអ្នកវិភាគនយោបាយ បណ្ឌិត កែម ឡី។
អ្នកវិភាគនយោបាយ កញ្ញា លី ស្រីស្រស់ ទទួលស្គាល់ថា សាលក្រមដែលប្រកាសដោយតុលាការ កម្ពុជា មិនសូវមានតម្លៃ ដែលប្រជាពលរដ្ឋខ្មែរអាចជឿទុកចិត្តបាននោះទេ ក្នុងសំណុំរឿងនយោបាយបែបនេះ ហើយក្នុងស្ថានភាពបែបនេះ វាកាន់តែបន្ថែមបន្ទុកក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះ EBA ផងដែរ។ កញ្ញា បារម្ភថា កម្ពុជា នឹងកាន់តែជួបវិបត្តិធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើការវិល ចូលកម្ពុជារបស់លោក សម រង្ស៊ី គ្មានការចរចារនយោបាយជាមុន ប៉ុន្តែបែរជាបង្កជម្លោះ នយោបាយកាន់តែស្រូចស្រាវបែបនេះ៖ «បញ្ហាទាំងអស់នេះក៏ជាជះឥទ្ធិពលខ្លាំងដល់ការសម្រេច ចុងក្រោយរបស់សហភាពអឺរ៉ុបទៅលើការដក EBAដែរ។ អីចឹងខ្ញុំមើលឃើញអ៊ីចេះថា ការវិលចូលកម្ពុជា របស់លោក សម រង្ស៊ី នេះវាអាចជាសញ្ញាមួយនៃការសម្រេចចុងក្រោយនៃការដក ប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែបើលោក សម រង្ស៊ី មក ហើយមិនមានការចាប់ខ្លួនវិញ ខ្ញុំគិតថាជាចំណុច មួយដែលល្អហើយ កម្ពុជាអាចនឹងទទួលបានការស្វាគមន៍ច្រើន»។
មកដល់ពេលនេះ លោក សម រង្ស៊ី កំពុងជាប់បណ្ដឹងនៅតុលាការកម្ពុជា ជាង ១០បណ្ដឹង សុទ្ធតែចាញ់ក្ដីក្រុមមេដឹកនាំរបបមេយោធា និងសកម្មជនបក្សកាន់អំណាច។ បណ្ដឹងទាំងនោះ គឺបទចោទញុះញង់ឱ្យមានការរើសអើង ញុះញង់កងទ័ពមិនឱ្យស្ដាប់បញ្ជា ញុះញង់ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ ទិញចំនួនឡៃ (Like) ហ្វេសប៊ុកជាដើម។ បណ្ដឹងទាំងនោះ សុទ្ធតែប្ដឹងឱ្យចាប់ខ្លួន លោក សម រង្ស៊ី និងសងជំងឺចិត្ត រាប់ម៉ឺនដុល្លារ។ ប៉ុន្តែបណ្ដឹងទាំងជាង ១០ករណីនេះ នៅមិនទាន់មានមេដឹកនាំរបបក្រុងភ្នំពេញណាម្នាក់ ប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំង ឬតុលាការអន្តរជាតិទេ សូម្បីលោក ហ៊ុន សែន៕
No comments:
Post a Comment