Saturday, 6 July 2019

លោក ហ៊ុន សែន ព្រមាន​ថា ការ​ដក​EBA នឹង​បំផ្លាញ​ចោល​សមិទ្ធផល​ដែល​អឺរ៉ុប​បាន​ជួយ​កម្ពុជា


Khmer Circle:


Well, the flip side of the West's tacit support for this illegitimate regime is that it has legitimised and prolonged its illegal rule over a nation that deserves better than having to subsist under its yoke and, through that, the yoke of a foreign state that helped install it in power over four decades ago.

Western governments themselves have experienced this egregious situation first hand through their abrasively limited and manipulated involvement in the "hybrid" KRT trial.


^^^

ដោយ មួង ណារ៉េត
2019-07-05

លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស ​នា​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៩។
លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស ​នា​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៩។
រូបហ្វេសប៊ុកលោក ហ៊ុន សែន



មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាក់​សាជាថ្មី​ម្តង​ទៀត​ថា លោក​មិន​បារម្ភ​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ពី​ព្រោះ​កម្ពុជា​អាច​មាន​សមត្ថភាព​បង់ពន្ធ​ទំនិញ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​។ ប៉ុន្តែ សហជីព និង​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន សែន គិត​ពី​ប្រយោជន៍​ជាតិ​នោះ លោក​ត្រូវតែ​រក​ដំណោះស្រាយ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៅ​ទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ប្រទេស​ស្វីស​ថា អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ភាព​ស្ពឹក​ស្រពន់​របស់​មន្ត្រី​ក្រោម​ឱវាទ មិន​មែន​ជា​បញ្ហា EBA ឡើយ ដោយសារ​របប​លោក​បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ ត្រៀម​ទប់​ទល់​នឹង​ស្ថានភាព​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​នេះ​រួច​ហើយ។ លោក​បញ្ជាក់​ជំហរ​ដដែល​ថា របប​លោក​នឹង​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ឡើយ ព្រោះ​លោក​ចាត់​ទុក​ថា នេះ​ជា​ការ​យក​អធិបតេយ្យ​ជាតិ​ទៅ​ប្ដូរ​ជាមួយ​ជំនួយ។



ទោះជា​យ៉ាងណា បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ ហាក់​ដូច​ជា​និយាយ​ជាន់​កែង​ខ្លួន​ឯង​ទាក់ទង​នឹង​បញ្ហា​ EBA នេះ ពីព្រោះ​លោក​ថ្លែង​នៅ​ឃ្លា​ដំបូងថា លោក​មិន​បារម្ភ​រឿង​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​នេះ​ឡើយ។ ផ្ទុយ​ទៅវិញ ​នៅ​ឃ្លា​បន្ទាប់ លោក​បែរ​ជា​ព្រមាន​សហគមន៍​អន្តរជាតិ​វិញ​ថា បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ត្រូវ​បាន​ដក​ហូត​​ នោះ​សមិទ្ធផល​ទាំង​អម្បាល​ម៉ាន​ដែល​ពួក​គេ​បាន​ជួយ​ដល់​កម្ពុជា នឹង​ត្រូវ​រលាយ​បាត់​បង់ ហើយ​​ប្រទេស​ទាំងនោះ​នឹង​គ្មាន​សិទ្ធិ​អ្វី​មក​និយាយ​ជាមួយ​លោក​ទៀត​ឡើយ៖ «យើង​ត្រូវ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផលិត​នៅ​ខាង​ក្នុង​ ដើម្បី​ផ្ដល់​នូវ​លទ្ធភាព​ឱ្យ​បណ្ដា​ក្រុមហ៊ុន​មាន​លទ្ធភាព​នាំ​ចេញ ហើយ​បង់​ពន្ធ​ឱ្យ​គេ​ទៅ បើ​បាត់បង់​នូវ​ភាព​អនុគ្រោះ(ពន្ធ)។ ក៏​ប៉ុន្តែ​គេ​ត្រូវ​តែ​យល់ សមិទ្ធផល​ដែល​អ្នក​ទាំងឡាយ​បាន​ជួយ​ខ្ញុំ​រយៈពេល​កន្លង​ទៅ ដូច​ជា​អំបិល​ត្រូវ​ទឹក អាហ្នឹង​ទីមួយ។ ទីពីរ អ្នក​បាន​រួម​ចំណែក​សម្លាប់​ពួក​ផ្កាប់​មុខ»។

មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ ថ្លែង​បន្ត​ទៀត​ថា របប​របស់​លោក​មិន​ត្រូវ​ការ​គោលការណ៍​ពាណិជ្ជកម្ម ​ដែល​ផ្សារភ្ជាប់​នឹង​លក្ខខណ្ឌ​​នយោបាយ​ឡើយ ហើយ​លោក​អះអាង​ទៀត​ថា មាន​ប្រទេស​មួយ​ចំនួន ​បាន​បដិសេធ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ដោយសារ​បារម្ភ​រឿង​ការ​ជ្រៀត​ជ្រែក​ ចូល​កិច្ចការ​ផ្ទៃក្នុងប្រទេស​របស់​គេ។

ទោះ​ជា​យ៉ាង​នេះក្តី លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ ឈ្មោះ​ប្រទេស​ណាមួយ ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ដែល​លោក​អះអាង​ថា បាន​ប្រកែក មិន​ព្រម​ទទួល​ការផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ​នោះ​ទេ។ សារ​របស់​លោក ហ៊ុន សែន នៅត្រង់​ចំណុច​នេះ ក៏​លោក​ថ្លែង​ជាន់​កែង​ខ្លួន​ឯង​ម្ដងទៀត ព្រោះ​លោក​ទើប​តែ​និយាយ​ពីរ​ថ្ងៃ​មុន​​ ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល ​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា ដោយ​ស្នើសុំ​​ទៅ​អន្តរជាតិ ​ក្នុង​ន័យ​កុំ​ឲ្យ​​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​ប្រទេស​ដែល​សេដ្ឋកិច្ច​រីក​ចំរើន​តិចតួច​ដូច​កម្ពុជា។

ទោះ​ជា​យ៉ាងណា ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​សហជីព និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់ថា មាន​តែ​មេដឹកនាំ​ដែល​មិន​គិត​ពី​ប្រយោជន៍​ជាតិ​ទេ ទើប​បដិសេធ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ជំហរ​​ថា មិន​ខ្វល់​រឿង​​ការបាត់បង់ EBA ស្រប​ពេល​​ប្រទេស​វៀតណាម ​ដែល​មិនធ្លាប់​​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​សោះ បាន​ប្រឹង​ប្រែង​រហូត​ឈាន​ដល់​ការ​​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​សហភាព​អឺរ៉ុប។ លោក​បន្ថែម​ថា បញ្ហា​អាទិភាព​នៅ​ពេល​នេះ គឺ​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ ចំណែក​ភាព​ស្ពឹក​ស្រពន់​របស់​មន្ត្រី​នោះ គឺ​ជា​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ដែល​លោក​ ហ៊ុន សែន ត្រូវ​ដោះស្រាយ​នៅ​ពេល​បន្ទាប់៖ «គេ​បាន​ខិត​ខំ​ជ្រោមជ្រែង​កម្ពុជា​យើង​តាំងពី​ឆ្នាំ១៩៩៣ មាន​ការ​រៀប​ចំ​ការ​បោះឆ្នោត​សព្វ​បែប​យ៉ាងហ្នឹង​ គេ​ខិត​ខំ​ធ្វើ​ម៉េច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ តែ​ផ្ទុយ​ទៅវិញ នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ យក​អាសនៈក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​រដ្ឋសភា​ទៅ​ចែក​គណបក្ស​ផ្សេងៗ ហើយ​មានការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ការ​រឹត​បន្តឹង NGOs ក៏​ដូចជា​សហជីព ចំណុច​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​អ្វី​ដែល​គេ​ខិតខំ​ប្រឹងប្រែង​ហ្នឹង គេ​មានការ​ខក​ចិត្ត​ដែរ។ ដូច្នេះ​បាន​ជា​គេ​ធ្វើ​ការ​ថ្កោល​ទោស​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ញាក់ ឬ​ទាញ​ឱ្យ​អ្នកដឹកនាំ​កម្ពុជា​ហ្នឹង​ដើរ​មក​គន្លង​ប្រជាធិបតេយ្យ​វិញ»។

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​មាន​នីតិរដ្ឋ​ពិត​ប្រាកដ​នោះ ត្រូវ​បាន​លោក ហ៊ុន សែន វាយ​កម្ទេច​ចោល​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ។ ករណី​ទាំងនោះ​មាន​ជាអាទិ៍ ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កាល​ពីឆ្នាំ១៩៩៧ និង​ការ​បន្សាប​ឥទ្ធិពល​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ តាមរយៈ​ឧបាយ​ទុច្ចរិត​ជា​ច្រើន​ប្រភេទ។ បន្ត​មក​ទៀត​ ក្នុង​ឆ្នាំ២០១៧ លោក ហ៊ុន សែន បាន​ប្រើ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស ចាប់​មេ​បក្ស​នេះ​ដាក់​ពន្ធនាគារ ហាម​ប្រាម​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់​ឈរ​លើ​សំឡេង​ឯករាជ្យ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។ កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​លោក ហ៊ុន សែន ​បាន​ប្រមូល​យក​អំណាច​រដ្ឋ​ទាំង​អស់​ រួមមាន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ មក​កាន់​កាប់​យ៉ាង​ណែន​ក្នុង​ដៃ​តែ​ម្នាក់​ឯង ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ប្រទេស​ឯកបក្ស​ ប្រាសចាក​ពី​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ថ្លែង​ថា សហគមន៍​អន្តរជាតិ ជាពិសេស​ សហភាព​អឺរ៉ុប គ្មាន​បំណង​បំផ្លាញ​សមិទ្ធផល​របស់​ខ្លួន​នៅ​កម្ពុជា តាមរយៈ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ឡើយ ប៉ុន្តែ​បញ្ហា​នៅត្រង់​ថា របប​ក្រុង​ភ្នំពេញ​ជា​អ្នក​បំផ្លាញ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួន​ឯង។ លោក​មើល​ឃើញ​ថា អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ក្នុង​បំណង​ជួយ​ស្រោច​ស្រង់​ស្ថានការណ៍​កម្ពុជា​ និង​ទាញ​លោក​ ហ៊ុន សែន ឱ្យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ប៉ុណ្ណោះ៖ «អ្វី​ដែល​សហគមន៍​អន្តរជាតិ​ធ្វើ​មិន​មែន​ជា​ការ​ព្យាយាម​បំផ្លាញ​នូវ​សមិទ្ធផល​របស់​ពួក​គេ​នៅ​កម្ពុជា​ទេ ក៏​ប៉ុន្តែ​គេ​ចង់​ពង្រឹង​ជំនួយ​ និង​សមិទ្ធផល​នានា​ដែល​ពួក​គេ​ចង់​ជួយ​ប្រទេស​កម្ពុជា​ហ្នឹង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ពីព្រោះ​អ្វី​ដែល​គេ​ទាម​ទារ​ឱ្យ​ក្រុម​លោក ហ៊ុន សែន ធ្វើ​មិន​មែន​ជា​ការ​លក់​ខ្លួន ឬ​លក់​អធិបតេយ្យ​នោះ​ទេ ក៏​ប៉ុន្តែ​ជា​ការ​កែ​ទម្រង់​ការ​ដឹកនាំ​ប្រទេស​ទៅកាន់​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​ជំនួយ​នៃ​សហភាព​អឺរ៉ុប​ និង​សហគមន៍​អន្តរជាតិ​ ដូចជា EBA ជាដើម​ហ្នឹង កាន់​តែ​មាន​ប្រសិទ្ធភាព ផ្ដល់​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ»។

ឱសានវាទ​​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ហើយ ក៏​ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​មិន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ ក្រុម​សង្គម​ស៊ីវិល​ និង​សហជីព​ព្រួយ​បារម្ភ​ថា បើ​នៅ​តែ​បែបនេះ​តទៅទៀត កម្ពុជា​ប្រហែល​ជា​​គេច​មិន​​ផុត​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​ឡើយ។

សហភាព​អឺរ៉ុប​គ្រោង​​បិទ​បញ្ចប់​ដំណើរការ​ដាម​ដាន​ និង​វាយ​តម្លៃ​ស្ថានការណ៍​កម្ពុជា​​ នៅ​ពាក់​កណ្ដាល​ខែ​សីហា ខាងមុខ បន្ទាប់​មក​​នឹង​ចេញ​របាយការណ៍​ស្ដីពី​របកគំហើញ និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ ពេល​នោះ ​សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១​ខែ​ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ ហើយ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេចចិត្ត​ជា​​ចុងក្រោយ​ថា ត្រូវ​ដក​ ឬ​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ​បើ​អឺរ៉ុប​សម្រេច​ដក​ហូត​មែន នោះ​ការ​យក​ពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ខែ​សីហា ឆ្នាំ​២០២០ ខាង​មុខ។

កម្ពុជា​នឹង​ត្រូវ​ខាត​បង់​ថវិកា​ជិត ៧​រយ​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ បើ​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធ​មែន​នោះ។ បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​ ពីព្រោះ​​វិស័យ​ឯកជន​នឹង​រារែក​ចិត្ត​ក្នុង​ការ​បន្ត​រកស៊ី​នៅ​កម្ពុជា​តទៅ​ទៀត ហើយ​ពេល​នោះ​​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច និង​សង្គម​ អាច​មាន​ទំហំ​ធំធេង​ជាង​នេះ​ទៅ​ទៀត៕

No comments: