ដោយ ហេង រស្មី
2019-08-01

លោក សម រង្ស៊ី និងលោក កឹម សុខា ថតរូបជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារលើ ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៤។
Photo: RFA
មន្ត្រីសង្គមស៊ីវិលចោទប្រកាន់របបក្រុងភ្នំពេញកំពុងរឹតត្បិតបន្ថែម ទៀតចំពោះសេរីភាពជួបប្រជុំរបស់ក្រុមកម្មករប្រមាណជិត ១០០នាក់ដែលគ្រោងនឹងដឹកនាំធ្វើបាតុកម្មទាមទារដោះលែងមេដឹកនាំគណបក្សប្រឆាំង។ ប៉ុន្តែសាលាក្រុងភ្នំពេញបកស្រាយថា សកម្មភាពនេះគឺជាការរំលោភទៅលើសាលដីកាតុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានសំដែងការខកចិត្តចំពោះរបបក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន ដែលបានបដិសេធមិនឱ្យក្រុមកម្មករដឹកនាំធ្វើបាតុកម្មទ្រង់ទ្រាយធំនៅពីមុខតុលាការក្រុងភ្នំពេញថា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិ។
អនុប្រធានអង្គការលីកាដូ ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១ សីហា នេះ ថា លោកមានការសោកស្ដាយចំពោះការបដិសេធនេះ ដែលធ្វើឱ្យមានការរិះគន់បន្ថែមទៀតទាក់ទិននឹងសេរីភាពប្រមូលផ្តុំដោយសន្តិវិធីក៏ដូចជាសេរីភាពបញ្ចេញមតិ។ លោកបញ្ជាក់ថា ប្រសិនបើសាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំនៅពីមុខតុលាការគេគួរតែជ្រើសរើសទីតាំងណាមួយផ្សេងទៀត ដើម្បីឱ្យមានការតវ៉ាដោយសន្តិវិធីរបស់ក្រុមកម្មករ៖ «បាទខ្ញុំមានការសោកស្ដាយនូវការបដិសេធនេះ វាអាចបង្កើននូវការរិះគន់បន្ថែមទៀតដែរទាក់ទងនឹងសេរីភាពការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធីក៏ដូចជាការបញ្ចេញមតិដែលយើងចេះតែបារម្ភពីសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកដែលគេសុំឱកម្ពុជាផ្ដល់ឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាទីប្រឹក្សាសមាគម កាលពីថ្ងៃទី៣០កក្កដា បានដាក់លិខិតជូនដំណឹងទៅសាលាក្រុងភ្នំពេញអំពីការប្រមូលផ្តុំសំដែងមតិមួយនៅថ្ងៃទី ១៥ ខែសីហា ខាងមុខនេះ ដើម្បីទាមទារឱ្យតុលាការរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា និង លើកលែងទោសលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស មានសិទ្ធិចូលរួមសកម្មភាពនយោបាយឡើងវិញ។
រយៈពេលពីថ្ងៃក្រោយពីទទួលបានលិខិត សាលាក្រុងភ្នំពេញបានចេញលិខិតបដិសេធភ្លាមៗមិនឱ្យសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដឹកនាំក្រុមកម្មករដឹកនាំការធ្វើបាតុកម្មនេះទេ។
នៅក្នុងលិខិតរបស់សាលាក្រុងភ្នំពេញដែលមានចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញដែលអាស៊ីសេរីបានទទួល បញ្ជាក់ថា ការមិនអនុញ្ញាតនេះដោយសកម្មភាពនេះប្រឆាំងនឹងសាលដីការបស់តុលាការកំពូល និងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងលិខិតនោះថា ក្នុងករណីមានការជួបប្រជុំ អាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់ ហើយអ្នកដឹកនាំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន បញ្ជាក់ថា ជំហររបស់លោកមិនផ្លាស់ប្ដូរទេនៅតែដឹកនាំក្រុមកម្មករដើម្បីទាមទាររកយុត្តិធម៌ដល់មេដឹកនាំគណបក្សប្រឆាំងទោះបីជាក្នុងស្ថានភាពនេះរបបក្រុងភ្នំពេញបានរឹតបន្តឹងសេរីភាពដើម្បីសំដែងមតិមិនឱមានការប្រមូលផ្តុំក៏ដោយ៖ «ក្នុងស្ថានភាពបែបណាក៏ដោយជំហរនូវតែប្រកាន់ជំហរធ្វើយ៉ាងណាដើម្បីស្វែងរកឱ្យមានដំណោះស្រាយដើម្បីរក្សាEBAឱ្យមានការដកEBAយើងដឹងហើយនៅពេលដែលការដកប្រព័ន្ធ អនុគ្រោះពន្ធ EBAក៏ដូចជាGSPដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមកម្មករ កម្មការិនី ហើយមិនមែនតែប៉ុណ្ណឹងទេ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនចូលលាននាក់»។
របបលោក ហ៊ុន សែន រងនូវការរិះគន់ និង ថ្កោលទោស ថាបានរំលោភច្បាប់ បំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្រោយពីរបបនេះបានចាប់មេគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់គុក និងរំលាយគណបក្សប្រឆាំងមួយនេះកាលពីឆ្នាំ២០១៧៕
No comments:
Post a Comment