ដោយ ហេង រស្មី
2019-08-01
rfa

ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅកាត់លោក អាឡិច ក្នុងវីដេអូដែលបង្ហាញពីភាពមិនប្រក្រតីដែលអង្គការលោកទើបនឹងរកឃើញ ពាក់ព័ន្ធនឹងការនាំចូលមាសដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃរហូតដល់ទៅ ១ ម៉ឺន ៥ ពាន់លានដុល្លារអាមេរិក ពីសិង្ហបុរី ក្នុងចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។
Photo Screenshot
តុលាការខេត្តកោះកុងគ្រោងប្រកាសសាលក្រមសំណុំរឿងសកម្មជនបរិស្ថាន លោក អាឡិច នៅចុងខែសីហា នេះ ក្រោយបញ្ចប់សវនាការកំបាំងមុខកាលពីពេលថ្មីៗនេះ។ អ្នកការពារសិទ្ធិមនុស្សរិះគន់ចំណាត់ការរបស់តុលាការខេត្តកោះកុង ថា ជារឿងអយុត្តិធម៌ និងធ្វើឱ្យបាត់ប្រយោជន៍ជនជាប់ចោទ។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅថា អាឡិច រិះគន់តុលាការខេត្តកោះកុងថា បានយកច្បាប់មកជាន់ឈ្លី និងមាក់ងាយដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ លោកបញ្ចេញប្រតិកម្មបែបនេះ ដោយសារតុលាការខេត្តកោះកុងបានលើកយកសំណុំរឿងរបស់លោកមកជំនុំជម្រះ ដោយកំបាំងមុខ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ។ លោកជឿជាក់ថា ចៅក្រមតុលាការខេត្តកោះកុងនឹងសម្រេចឱ្យលោកមានទោស ដើម្បីបិទផ្លូវមិនឱ្យលោកវិលត្រឡប់មកកម្ពុជាវិញឡើយ៖ «សវនាការប៉ុន្មានថ្ងៃមុននេះ ជាសវនាការមួយដែលមិនអាចទទួលយកបាន ដែលរំលោភច្បាប់ រំលោភនីតិវិធី និងអាចថាមើលងាយទៅលើប្រព័ន្ធយុត្តិធម៌ទាំងមូលរបស់ប្រទេសកម្ពុជា ដោយសារមិនអនុញ្ញាតឱ្យខ្ញុំមានវត្តមានដើម្បីការពារខ្លួន មិនមានសាក្សី ហើយមិនមានបទល្មើសកើតឡើង»។
តុលាការខេត្តកោះកុងបានបើកការជំនុំជម្រះសំណុំរឿងក្តីរបស់លោក អាឡិច កាលពីថ្ងៃទី៣០ កក្កដា កន្លងទៅ ដោយគ្មានវត្តមានជនជាប់ចោទ មេធាវី និងសាក្សីពាក់ព័ន្ធដទៃទៀតឡើយ។
មេធាវីការពារក្តីឱ្យលោក អាឡិច គឺលោក សំ ចំរើន ថ្លែងថា លោកបានស្នើសុំដោយផ្ទាល់មាត់ទៅចៅក្រមជំនុំជម្រះ ដើម្បីលើកពេលសវនាការនេះទៅពេលក្រោយវិញ ដ្បិតកូនក្តីរបស់លោកមិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញនៅឡើយ។ ទោះជាយ៉ាងណា ចៅក្រមបានបដិសេធ ដូច្នេះលោកក៏បានសម្រេចចិត្តចាកចេញពីបន្ទប់សវនាការ ហើយតុលាការក៏បានបន្តសវនាការនេះដោយកំបាំងមុខ។ លោកឱ្យដឹងទៀតថា ចៅក្រមនឹងប្រកាសសាលក្រមរឿងនេះ នៅថ្ងៃទី២២ ខែសីហា ខាងមុខ៖ «ខ្ញុំបានដាក់សេចក្ដីសន្និដ្ឋានការពារក្តីជាលាយលក្ខណ៍អក្សរ ដោយសំណូមពររបស់ខ្ញុំ សុំឱ្យកូនក្តី ខ្ញុំបានរួចផុតពីបទចោទ ហើយអ៊ីចឹងពួកយើងទាំងអស់គ្នា មានតែរង់ចាំមើលលទ្ធផលនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ទាំងអស់គ្នា»។
តុលាការខេត្តកោះកុងបានចោទប្រកាន់លោក អាឡិច ពីបទ “សមគំនិតក្នុងអំពើគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ” ប្រព្រឹត្តទៅនៅចំណុចភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ២០១៥ កន្លងទៅ។ តុលាការបានបំបែកសំណុំរឿងនេះ ចេញពីសំណុំរឿងអតីតយុវជនមាតាធម្មជាតិ៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស ក្រោយពេលពួកគេបានធ្វើសកម្មភាពតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់បែបអនាធិបតេយ្យ ក្នុងខេត្តកោះកុង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា សវនាការសំណុំរឿងលោក អាឡិច នេះ មិនមានលក្ខណៈពេញលេញ និងត្រឹមត្រូវតាមផ្លូវច្បាប់នោះឡើយ។ លោកពន្យល់ថា សវនាការដែលត្រឹមត្រូវស្របតាមច្បាប់នោះ ដាច់ខាតត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីជនជាប់ចោទ ដើម្បីអាចសួរដេញដោលរកខុសត្រូវបាន។ លោកកត់សម្គាល់ថា សំណុំរឿងនេះមានភាពអយុត្តិធម៌សម្រាប់លោក អាឡិច តាំងតែពីដំបូង ពីព្រោះតុលាការមិនបានកោះហៅសកម្មជនបរិស្ថានរូបនេះ មកសាកសួរពីដំណើររឿងនោះឡើយ ហើយក៏បានបើកការជំនុំជម្រះតែម្ដង៖ «សវនាការនេះអត់ពេញលេញទេ អ៊ីចឹងការសម្រេចណាមួយ គឺយើងគិតថា ភាពអយុត្តិធម៌សម្រាប់ អាឡិច ហ្នឹង នៅតែកើតមាន ព្រោះជាសវនាការមួយដែលមិនបានពេញលេញតាមនីតិវិធី»។
អ្នកការពារសិទ្ធិមនុស្សរូបនេះ ស្នើឱ្យតុលាការខេត្តកោះកុងផ្ដល់យុត្តិធម៌ដល់លោក អាឡិច វិញ តាមរយៈការលើកលែងបទចោទប្រកាន់ប្រឆាំងនឹងសកម្មជនរូបនេះ។
សកម្មជនបរិស្ថាន អាឡិច បានព្យាយាមស្នើសុំទិដ្ឋាការត្រឡប់ចូលមកកម្ពុជាវិញជាច្រើនដង ក៏ប៉ុន្តែត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន បដិសេធ ក្រោមហេតុផលថា ខ្លាចប៉ះពាល់ដល់សន្តិសុខជាតិ។
លោក អាឡិច យល់ថា មូលហេតុតែមួយគត់ដែលរបបក្រុងភ្នំពេញមិនស្វាគមន៍រូបលោកនោះ គឺដោយសាររបបនេះបារម្ភខ្លាចលោកធ្វើសកម្មភាពប៉ះពាល់ដល់ជំនួញទុច្ចរិតរបស់ពួកគេ។ សកម្មជនបរិស្ថានរូបនេះបញ្ជាក់ជំហរថា លោកនឹងប្រឹងប្រែងបន្តទៀតដើម្បីមានឱកាសត្រឡប់មកវិញ ពីព្រោះលោកបញ្ជាក់ថា លោកស្រឡាញ់ប្រទេសកម្ពុជា និងចង់ជួយថែរក្សាការពារបរិស្ថាន និងធនធាន៕
No comments:
Post a Comment