Thursday, 12 September 2019

មេធាវី​បដិសេធ​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​រឿង លោក កឹម សុខា រស់នៅ​​សុខ​ស្រួល


Khmer Circle: A good life under house arrest...? This must be another instance of Vietcong logic...

ដោយ ហេង រស្មី
2019-09-11

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA



មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ​បដិសេធ​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​កម្ពុជា​ជុំវិញ​ស្ថានភាព​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ក្រសួង​ការបរទេស​អះអាង​ថា លោក កឹម សុខា កំពុង​រស់នៅ​យ៉ាង​សុខ​ស្រួល ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ហួសចិត្ត​នឹង​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​ថា លោក កឹម សុខា កំពុង​រស់នៅ​ក្នុង​ផ្ទះ​យ៉ាង​សុខ​ស្រួល​ជាមួយ​គ្រួសារ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ថ្លែង​ថា លោក កឹម សុខា មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​ចេញ​ក្រៅ​ប្រអប់​ដែល​តុលាការ​បាន​គូសវាស ហើយក៏​មិន​អាច​ជួប​អ្នកណា​ផ្សេង​ក្រៅពី​សាច់ញាតិ និង​មេធាវី​នោះ​ដែរ​។ អ្នកស្រី​បញ្ជាក់​ថា សិទ្ធិ​នយោបាយ​របស់​កូន​ក្តី​របស់​អ្នកស្រី​ត្រូវ​បាន​ដកហូត ហើយ​សិទ្ធិ​ពលរដ្ឋ​វិញ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ​គ្មាន​ផ្លូវ​ណា​ដែល​គាត់​អាច​រស់​នៅ​បាន​ដោយ​សុខ​ស្រួល​នោះ​ឡើយ៖ «ជន​ម្នាក់​ដែល​បាត់​សេរីភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ស្ទើរ​ទាំងស្រុង ហើយ​បាត់​សិទ្ធិ​នយោបាយ​ទៅ​ហើយ មិន​ដឹង​ជា​រស់នៅ​សុខ​ស្រួល​យ៉ាងម៉េច​ទៅ? រាល់ថ្ងៃ គាត់​រស់​នៅតែ​ជាមួយ​​ប្រពន្ធ​គាត់ សូម្បីតែ​ម្ដាយ​គាត់ ឬក៏​សាច់ញាតិ​គាត់​មក​លេង​ហ្នឹង ក៏​គាត់​មាន​ការ​ភិតភ័យ​ដែរ ព្រោះ​មាន​អ្នក​តាម​ឃ្លាំមើល​រាល់​សកម្មភាព​របស់​ពួក​គាត់។ ម្យ៉ាងវិញទៀត សូម្បីតែ​កូន​គាត់ ក៏​គាត់​អត់​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​កូន​គាត់​នៅ​ពេល​ដែល​គាត់​នឹក​បាន​ដែរ​។ សព្វថ្ងៃ គាត់​រស់នៅ​បែក​គ្នា​ពី​ឪពុក និង​កូន ម្ដាយ និង​កូន»។



ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា​ថា លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឱ្យ​មក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៨ ក្រោម​ហេតុផល​មនុស្សធម៌​។ ក្រសួង​ថ្លែង​ទៀត​ថា លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដែល​តាម​ច្បាប់​​កម្ពុជា​មិន​មាន​ចែង​ពី​ថេរវេលា​អតិបរមា​សម្រាប់​រឿង​ក្តី​ឡើយ។ ក្រសួង​បន្ត​ការពារ​ចំណាត់​ការ​លើ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់​ខ្លួន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា និង​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ សហរដ្ឋអាមេរិក​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​លោក កឹម សុខា ដោយ​គ្មាន​មូលដ្ឋាន ព្រមទាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​គ្មាន​ភស្តុតាង​រឹងមាំ​នោះ ថា ជា​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ សហរដ្ឋអាមេរិក​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​ប្រគល់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឱ្យ​រូបលោក​វិញ ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​ឡាយ​ដែល​ត្រូវ​អាជ្ញាធរ​ឃុំខ្លួន​តាម​ទំនើងចិត្ត​នោះ ឱ្យ​មាន​សេរីភាព​វិញ។

ទាក់ទង​នឹង​ជាប់ឃុំ​របស់​លោក កឹម សុខា វិញ បើ​ទោះ​ជា​ក្រសួង​ការបរទេស និង​ក្រសួង​យុត្តិធម៌​ខំ​បកស្រាយ​ថា លោក​បាន​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក៏ដោយ ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​។ បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ អះអាង​ទៀត​ថា លោក​នឹង​មិន​ដោះលែង​លោក កឹម សុខា ឡើយ ដោយ​លោក​ចោទ​ថា លោក កឹម សុខា បាន​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត កុំ​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក៖ «មាន​អា​អ្នកខ្លះ​នៅ​ឃុំ​ក្នុង​ផ្ទះ​នៅឡើយ តែ​ព្រមាន​គេ កុំ​ឱ្យ​គេ​សុំ​សិទ្ធិ​នយោបាយ​។ ចាំ​ហ្អែ​ង​រួចខ្លួន​ទៅ អញ​មិន​ឱ្យ​រួចខ្លួន​ទេ»។

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​សម្រុកចូល​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី២ ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ​២០១៧ ក្នុង​ពេលដែល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ខណៈ​តុលាការ​មិនទាន់​បាន​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក កឹម សុខា ផង ស្រាប់តែ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ស្រែក​បន្ទរ​តាម​គ្នា​រួច​ទៅ​ហើយ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់ជាតិ។

មេធាវី​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា អ្នកស្រី​ក៏​យល់ឃើញ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ថា សំណុំ​រឿង​នេះ គឺជា​ករណី​នយោបាយ ដូច្នេះ​មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ជួយ​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​វិញ​បាន៕

No comments: