Wednesday, 11 September 2019
អាជ្ញាធរបង្កើនការគាបសង្កត់លើក្រុមសកម្មជនអតីតគណបក្សប្រឆាំងក្រោយពីលោកសម រង្ស៊ី គ្រោងមកកម្ពុជា
09 កញ្ញា 2019
ហ៊ុល រស្មី
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ ចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបារម្ភអំពីការបង្ក្រាបលើអតីតមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងខណៈដែលលោក សម រង្ស៊ី គ្រោងធ្វើមាតុភូមិនិវត្តន៍។
ភ្នំពេញ —
ការបង្ក្រាបលើអតីតសកម្មជនគណបក្សប្រឆាំងដែលត្រូវបានរំលាយចោលទំនងកាន់តែធ្ងន់ទៅៗ នៅបន្ទាប់ពីការប្រកាសវិលចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី។ អ្នកនំាពាក្យក្រសួងយុត្តិធម៌ចាត់ទុកការបង្ក្រាបនេះ ថា ជាការចាត់វិធានការអ្នកធ្វើសកម្មភាពនយោបាយខុសច្បាប់។ តែសកម្មជនបក្សប្រឆាំងមួយ ចំនួននៅប្រកាសខ្លាំងៗថា មិនមានការប្រែប្រួលជំហរទៅទទួលលោក សម រង្ស៊ីនោះទេ។
កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមអាជ្ញាធរមានសមត្ថកិច្ចរាប់សិបនាក់បានលើកគ្នាទៅផ្ទះលោកឃ្លាំង ប៊ុនឡាយ ដើម្បីស៊ើបសួរពីដំណឹងរបស់អតីតសមាជិកក្រុមប្រឹក្សាក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រូបនេះថាតើលោកកំពុងស្ថិតនៅទីណា។
នេះបើតាមលោក ស៊ុំ ចន្ទគា មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ។
ការចុះទៅស៊ើបដំណឹងនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះក្រោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនអតីតមេឃុំមកពីគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ចាម បានភៀសខ្លួនមករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត។ នៅថ្ងៃចាប់ខ្លួននោះដែរអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ក៏បានរេចគេចខ្លួន ពីការតាមឆាឆៅរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងនេះដែរ។
លោក ស៊ុំ ចន្ទគា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) កត់សម្គាល់ថាហេតុការណ៍ដែលកើតឡើងខាងលើគឺ«ជាផ្នែកមួយនៃការបំភិតបំភ័យលើអតីតសកម្មជនគណបក្សប្រឆាំង»។
លោកបន្តថា អាជ្ញាធក៏កំពុងតែតាមឃ្លាំមើលសមាជិកអតីត CNRP ដោយអាជ្ញាធរបារម្ភថាមានការលាក់បំពួន ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ ដើម្បីមកប្រមូលផ្តុំគ្នា ចាំទទួលលោក សម រង្ស៊ី ។ លោកសម រង្ស៊ី ដែលប្រកាសថាលោកនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា គឺចំថ្ងៃបុណ្យឯករាជ្យជាតិ។
«វាធម្មតា ទាក់ទងនឹងមេ ហើយនិងកូនអតីតគ្នា ទៅទទួល វាមិនមែនជាអ្នកដែលទទួល និងជាអ្នកប្រព្រឹត្តបទល្មើសទេ ព្រោះថា ការចូលរួមការណ៍អី ដែលធ្វើ ការទៅទទួលការអីដែលគ្មានអាវុធនៅក្នុងដៃ គ្រាន់តែដើរទៅទទួល គ្រាន់តែទៅជួបអីនោះ គឺជាសេរីភាពរបស់គាត់នៃការចូលរួម នៅក្នុងការជួបជុំគ្នា នៅក្នុងការទទួលគ្នា អបអរសាទរគ្នា វាអត់ខុសទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) យល់ថា ទម្ងន់នៃការបង្ក្រាបលើសកម្មជនអតីតគណបក្សប្រឆាំង កាន់តែធ្ងន់ឡើង នៅក្រោយការបញ្ជាក់ពីការវិលត្រឡប់ចូលមកប្រទេសកម្ពុជារបស់លោកសម រង្ស៊ី។
«ដោយសារតែការផ្លោងសំដី ហើយនិងការគម្រោងវិលចូល ស្រុកវិញហ្នឹងគឺ យើងឃើញថា បញ្ហាការចាប់ខ្លួននេះ យើងឃើញមានការកើនឡើងបន្តបន្ទាប់»។
នៅក្នុងឆ្នាំ២០១៩នេះ ទាំងអតីតសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួនយ៉ាងហោចណាស់២០នាក់ ត្រូវបានចាប់ខ្លួន។ ហើយសមាជិក និងសកម្មជនគណបក្សប្រឆាំងដែលត្រូវបានប៉ូលីស និងតុលាការកោះហៅនោះ មានចំនួន១៥៦នាក់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អំ សំអាត។
លោក ឃ្លាំង ប៊ុនឡាយ អតីតសមាជិកក្រុមប្រឹក្សាក្រុងសិរីសោភ័ណ្ឌរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមាណ៣០នាក់ចូលស៊ើបដំណឹងនៅផ្ទះរបស់លោក ចាត់ទុកថានេះជា«សកម្មភាពគំរាមកំហែង»ដល់រូបលោក។
«ដោយសារយើងជាអតីត របស់គណបក្សប្រឆាំងអ៊ីចឹងប្រហែលជា គេធ្វើជាឈុតឆាកដើម្បីធ្វើឲ្យយើង បាក់ស្បាត ឬធ្វើឲ្យយើងភ័យ ធ្វើឲ្យយើងខ្លាច ព្រោះបើគិតពី កំហុសដែលយើងបានប្រព្រឹត្ត យើងដូចអត់មាន ធ្វើអីទេ»។
លោកបានឲ្យដឹងទៀតថា សកម្មភាពគំរាមកំហែងបែបនេះ គឺកើនឡើងខ្លាំងបន្ទាប់ពីការប្រកាសរបស់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិប្រកាសវិលចូលមកប្រទេសកម្ពុជាវិញ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការពារចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ដោយលោកអះអាងថាក្រុមអាជ្ញាធរ«មានបំណងត្រឹមតែបញ្ឈប់សកម្មភាពនយោបាយខុសច្បាប់ របស់អតីតសកម្មជន»គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលនោះ។
«សកម្មជនក៏ដោយ អ្នកគាំទ្រ ឬមួយក៏ជនណាក៏ដោយ ដែលធ្វើសកម្មភាពក្នុងការគាំទ្រ អង្គការឬក៏ចលនាចាត់តាំង ឬក៏គាំទ្របុគ្គលដែលជាទណ្ឌិត អាហ្នឹងគឺជាការចូលរួមក្នុងការបំពានច្បាប់ នៅកម្ពុជាហើយបាទ»។
កាលពីថ្ងៃទី៣ ខែកញ្ញា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ត្រូវកាសែតក្នុងស្រុកមួយរាយការណ៍ថា លោកស្រីបានប្រាប់ក្រុមអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី។
កាលពីខែសីហាកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើប្រធានអតីតគណបក្សជំទាស់នេះមកដល់កម្ពុជានោះ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យនៅប្រទេសកម្ពុជា យល់ថា អ្នកនយោបាយគួរតែរកច្រកស្រុះស្រួលគ្នាណាមួយ ដែលតម្កល់ផលប្រយោជន៍ជាធំ។ លោកថា ស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជា មិនបានហុចប្រយោជន៍អ្វីទាំងអស់ ដើម្បីទទួលបានការគំាទ្រផ្នែកអនុគ្រោះពន្ធពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងពីសហរដ្ឋអាមេរិកនោះទេ។ ការមិនគាំទ្ររបស់អឺរ៉ុបនិងអាមេរិកដែលនឹងធ្វើឲ្យកម្ពុជាបាត់បង់ផលរាប់រយលានដុល្លារ ពីការនាំទំនិញទៅកាន់បណ្តាប្រទេសប្រជាធិបតេយ្យទាំងនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment