Monday, 9 September 2019

អ្នកការពារ​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន


ដោយ ទីន ហ្សាការីយ៉ា
2019-09-08

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided




សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ពីព្រោះ​ទង្វើ​បែបនេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ក្រសួង​​យុត្តិធម៌​ថ្លែង​ការពារ​ចំណាត់​ការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​អនុវត្ត​ច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ សុទ្ធតែ​មាន​ចែង​អំពី​ការ​ធានា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ដូច្នេះ​លោក​ថា គ្មាន​មូលដ្ឋាន​ណាមួយ​ដែល​អាច​យក​ទៅ​ចោទ​ប្រកាន់​​ប្រជាពលរដ្ឋ នៅ​ពេល​ពួកគាត់​គាំទ្រ​អ្នកនយោបាយ​ដែល​ពួក​គាត់​​ពេញ​ចិត្ត​​នោះ​​ឡើយ​។ ជាពិសេស​លោក​ថា សាលដីកា​តុលាការ​កំពូល​ហាមប្រាម​តែ​មនុស្ស​ ១១៨​នាក់​​ប៉ុណ្ណោះ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ មិនបាន​ហាមឃាត់​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ឡើយ​។ លោក​រិះគន់​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៖ «ការអនុវត្ត​ច្បាប់ វា​គ្រាន់តែ​ជា​ទិដ្ឋភាព​មួយ​ដែល​យក​ច្បាប់​មក​ធ្វើជា​សម្អាង​ទេ ប៉ុន្តែ​ការអនុវត្ត​ខ្លះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ហើយ​បានជា​ទាំង​សហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ ​ហ្នឹង បាន​ទទូច​សុំ​ឱ្យ​ឈប់​ធ្វើទុក្ខបុកម្នេញ​ដល់​អតីត​គណបក្សប្រឆាំង​ហ្នឹង ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​មាន​សេរីភាព​ស្មើ​គ្នា ក្នុងនាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ»។



អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ពិនិត្យ​ឃើញ​ថា រយៈពេល ​៩ខែ នៃ​ឆ្នាំ​២០១៩ នេះ មាន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ចំនួន ២១​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​បំពាន​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​តុលាការ​កំពូល។ ចំនួន​នេះ​មិន​រាប់បញ្ចូល​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ឡើយ ហើយក៏​មិន​រាប់បញ្ចូល​សកម្មជន​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ដោះលែង​ទៅវិញ​នោះ​ដែរ​។ ដោយ​ឡែក សកម្មជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​ទៅ​សាកសួរ​វិញ បាន​កើន​ឡើង​ដល់​ ១៥៦នាក់​ហើយ គិត​ត្រឹម​រយៈពេល​ដូចគ្នា​នេះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ការពារ​ចំណាត់ការ​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់។ លោក​ចាត់​ទុក សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង និង​ការ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ថា ជា​អំពើ​ល្មើសច្បាប់ ដែល​អាជ្ញាធរ​ត្រូវតែ​ទប់ស្កាត់​។ លោក​បន្ថែម​ថា អង្គការ​សង្គម​​​ស៊ីវិល​គួរតែ​ប្រាប់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ដែល​ប្រាស​ចាក​ពី​ច្បាប់៖ «កាលណា​អង្គការ​ចាត់តាំង​មួយ​ត្រូវ​បាន​ច្បាប់​រំលាយ អង្គការ​ចាត់តាំង​នោះ​មិន​អាច​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ច្បាប់​បានទេ រួម​ទាំង​អ្នកគាំទ្រ និង​សមាជិក​ក៏ដោយ។ កាលណា​ធ្វើ​សកម្មភាព​ក្នុង​រូបភាព ឬក៏​ក្នុងនាម​ជា​អង្គការ​ចាត់តាំង ឬក៏​ធ្វើ​សកម្មភាព​គាំទ្រ​អង្គការ​ចាត់តាំង​ដែល​ច្បាប់​បាន​រំលាយ​ហើយ គឺ​ជា​ការចូលរួម​បំពាន​ច្បាប់»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស ស៊ឹង សែនករុណា ច្រានចោល​ការ​លើកឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌។ លោក​កត់សម្គាល់​ថា សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ចាប់​ឃុំខ្លួន​នោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ឡើយ ហើយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​តទៅ​ទៀត៖ «ការ​ជួប​ប្រជុំ ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​របៀប​ហ្នឹង យើង​មិន​ចាត់ទុកថា អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង​ជា​អំពើ​ខុសច្បាប់​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ បើ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ក្រុម​អ្នកគាំទ្រ សកម្មជន ឬក៏​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ទាំងអស់​ហ្នឹង ខ្ញុំ​ថា វា​ជា​រឿង​មួយ​ដែល​ខុស​ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅវិញ​ទេ»។

រដ្ឋធម្មនុញ្ញ មាត្រា​៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​បែបនេះ លោក ស៊ឹង សែនករុណ ថ្លែង​ថា អាជ្ញាធរ​មិន​អាច​លើក​ហេតុផល​អនុវត្ត​ច្បាប់ ដើម្បី​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​បំពាន​បាន​ឡើយ​។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នៅតែ​ធ្វើ​សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង ពីព្រោះ​ពួកគាត់​យល់ថា ការ​រំលាយ​គណបក្ស​ដែល​ពួកគាត់​ស្រឡាញ់​នោះ គឺ​ដោយសារតែ​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ពិតប្រាកដ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​អ្នកនយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ងាក​មក​រក​តុ​ចរចា​វិញ ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ក្រុម​សង្គម​ស៊ីវិល​គូស​បញ្ជាក់​ថា មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ស្ដារ​ស្ថានការណ៍​​ស្រុកទេស​ឡើងវិញ​បាន និង​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​បន្ត​ទៅ​ទៀត៕

No comments: