Thursday, 12 September 2019

អ្នកវិភាគ៖ ចលនា​ប្រជាធិបតេយ្យ​ហុងកុង​ជោគជ័យ​មួយ​ជំហាន តែ​មិនមែន​ជា​ម៉ូដែល​សម្រាប់​កម្ពុជា


11 កញ្ញា 2019
voa
ហ៊ុល រស្មី


រូបឯកសារ៖ ក្រុមបាតុករ​ដែល​ប្រឆាំង​ទៅនឹង​សេចក្តីព្រាង​ច្បាប់​​ស្តីពី​បត្យាប័ន ​ធ្វើ​បាតុកម្ម​នៅ​ហុងកុង ក្នុង​ឱកាស​ខួប​នៃ​ការប្រគល់​ហុងកុង​ទៅ​ចិន​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩។




បាតុកម្មដ៏រ៉ាំរ៉ៃ​របស់​ចលនា​ប្រជាធិបតេយ្យ​ទីក្រុង​ហុងកុង បាន​នាំឲ្យ​មាន​ការពិភាក្សា​ជាច្រើន​ក្នុង​ចំណោម​អ្នកនយោបាយ និង​អ្នកវិភាគ​ក្នុង​សង្គម​កម្ពុជា។ ទោះជា​យ៉ាង​នេះក្តី ក្រុម​អ្នកវិភាគ​និង​អ្នកនយោបាយ​កម្ពុជា​មើល​ឃើញ​ថា គំរូ​នៃ​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង​ មិន​អាច​យក​មក​អនុវត្ត​នៅ​កម្ពុជា​បាន​ទេ។


ភ្នំពេញ —

ការ​តវ៉ារបស់​ប្រជាពលរដ្ឋ​ទំនោរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យនៅ​ទី​ក្រុង​ហុងកុង​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​នេះ បាន​បង្ខំ​ឲ្យ​ចៅហ្វាយ​ក្រុង​ហុង​កុង​ គឺ​អ្នកស្រី Carrie Lam ប្រកាស​បោះបង់​ចោល​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​បត្យាប័ន​ដ៏​ចម្រូងចម្រាស។

ក្រុម​អ្នកវិភាគ​និង​អ្នក​នយោបាយ​កម្ពុជា​យល់​ដូច​គ្នា​ថា​ការ​ដក​ថយ​របស់​អភិបាល​រដ្ឋ​ស្វយ័ត​នេះ​គឺ​ជា​ជោគ​ជ័យ​មួយ​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​គឺជា​ក្រុម​យុវជន​និង​បញ្ញវន្ត។ ក៏ប៉ុន្តែ​ជោគ​ជ័យរបស់​ក្រុម​អ្នក​តវ៉ា​នៅ​ហុង​កុង​ទំនងជា​មិន​មែន​ជា​គំរូ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ។


រូបឯកសារ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរ បានចូលមកបកស្រាយលើប្រធានរឿងនេះ ជាមួយនឹងលោក អូន ឆេងប៉រ នៃVOA ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)
រូបឯកសារ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរ បានចូលមកបកស្រាយលើប្រធានរឿងនេះ ជាមួយនឹងលោក អូន ឆេងប៉រ នៃVOA ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)


លោក​បណ្ឌិត​ ឡៅ​ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា​ លំហ ប្រជាធិបតេយ្យ​នៅ​ទូលាយ​របស់​ទីក្រុង​ហុងកុង​ដែលបាន​ប្រកាន់​យក​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​តាម​ចក្រភព​អង់គ្លេស​នោះ​ បាន​ធ្វើ​ឲ្យ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ទី​ក្រុង​ហុង​កុង​ ប្រព្រឹត្តទៅ​បាន​ដោយ​មិន​រង​ការ​បង្ក្រាប​ហិង្សា​ពី​ក្រុម​អាជ្ញាធរ។



«ម្ល៉ោះ​ហើយ​ គឺ​ជន​ជាតិ​ហុងកុង​ មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ​ ប្រមូល​ផ្តុំ​គ្នា ហើយ​ជាពិសេស​ធ្វើ​បាតុកម្ម​ រួម​ទាំង​ធ្វើ​ការ​បាតុកម្ម​ ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នានា​ របស់​រដ្ឋាភិបាល​ផង​ដែរ​បាទ»។

ដោយឡែក​លោក ​ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​ កត់​សម្គាល់​ឃើញ​ថា​ ភាព​ស្រុះស្រួល​គ្នា​នៃ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង​ គឺជា​កត្តា​ជោគជ័យ​ក្នុង​ការ​ទាម​ទារ​ឲ្យ​រដ្ឋបាល​ហុងកុង​បោះបង់​ចោលសេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​បត្យាប័ន។ ក៏ប៉ុន្តែ​ លោក​ថា ស្ថាន​ភាព​នៅ​ហុង​កុង មិន​ដូច​គ្នា​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

«ពលរដ្ឋ​កម្ពុជា​អត់​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទេ​ មាន​ការ​ភ័យ​ខ្លាច ពលរដ្ឋ​ហុងកុង​អត់​មាន​ការ​ភ័យ​ខ្លាច​ អត់មាន​រង​សម្ពាធ​ខ្លាំង​ពី​ការ​គេ​ហៅថា​ ចាប់​ចង​ខ្លាំង​អី​ ឬក៏​ភ័យ​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​ខ្លាំង​ក្លា​ទេ​។ ហើយ​មានការ​ជួយ​ជ្រោមជ្រែង​ទាំង​ពី​លោក​ខាង​លិច​ គឺ​អង់គ្លេស​ និង​សហ​រដ្ឋ​អាមេរិក​។ ដោយ​ឡែក​ ពលរដ្ឋ​កម្ពុជា​ នៅ​ពុំ​ទាន់​មាន​ការ​គាំ​ទ្រ​ខ្លាំង​ក្លា​ ដូច​ពលរដ្ឋ​ហុង​កុង​ទេ»។

រូបឯកសារ៖ ក្រុមបាតុករ​ដែល​ប្រឆាំង​ទៅនឹង​សេចក្តីព្រាង​ច្បាប់ស្តីពី​បត្យាប័ន ​ធ្វើ​បាតុកម្ម​នៅ​ហុងកុង
រូបឯកសារ៖ ក្រុមបាតុករ​ដែល​ប្រឆាំង​ទៅនឹង​សេចក្តីព្រាង​ច្បាប់ស្តីពី​បត្យាប័ន ​ធ្វើ​បាតុកម្ម​នៅ​ហុងកុង


ក្រុម​បាតុករ​ហុងកុង​បាន​ចេញ​មក​តាម​ផ្លូវ​នានា​កាល​ពី​ដើម​ខែ​មិថុនា ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋបាល​របស់​ដែន​ដី​កោះ​នេះដក​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​បត្យាប័ន។​សេចក្ដី​ព្រាង​ច្បាប់ដែល​នឹង​អនុញ្ញាត​ឲ្យ​បញ្ជូន​ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ទោស​នៅ​តុលាការ​ដែល​ត្រួតត្រា​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​ជា​គណបក្ស​កាន់​អំណាច។

​ក្រុម​បាតុករទំនោរ​ខាង​ប្រជាធិបតេយ្យព្រួយ​បារម្ភ​ថា​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ភាព​និង​លំហ​ប្រជាធិបតេយ្យ​ហុង​កុង​នៅ​ថ្ងៃ​ខាងមុខ។

​មនុស្ស​ជាង​៧០០នាក់ត្រូវ​បាន​ចាប់ខ្លួន​នៅ​អំឡុង​ពេល​បាតុកម្ម​ ដែល​បាន​ទាមទារ​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ទីក្រុង​ដោយ​ផ្ទាល់​ និង​ទាមទារ​ឲ្យ​លោកស្រី Carrie Lam ចុះ​ចេញ​ពី​តំណែង​ផង​ដែរ។

លោក​បណ្ឌិត​ឡៅ​ ម៉ុងហៃ​ ​ពន្យល់​ថា​ទី​ក្រុង​ហុងកុង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ចំពោះ​មុខក្រុម​បាតុករ បើ​ទោះជាហុងកុង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​ចិន​ក៏ដោយ ដោយ​ហេតុ​ថា​កិច្ច​ព្រមព្រៀងរវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ និង​ចក្រភព​អង់គ្លេស​ឆ្នាំ​១៩៩៧បាន​ចែង​ថា​ចំពោះ​ទីក្រុង​ហុងកុងស្ថិត​ក្នុង​ប្រទេស​ចិន​តែមួយ​ តែ​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​ (One Country, Two Systems)។

កិច្ច​ព្រមព្រៀង​នោះ​មាន​អាយុ​៥០​ឆ្នាំ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ប្រគល់​ដែន​ដី​ហុង​កុង​ទៅ​ឲ្យ​ចិន​ដី​គោក​វិញ។

បើ​ងាក​មក​មើល​ប្រទេស​កម្ពុជា​វិញ​នោះ​ អ្នកវិភាគ​នយោបាយ​ចាស់​វស្សា​រូប​នេះ​ យល់​ថា ​ពលរដ្ឋ​កម្ពុជា​ មិន​អាច​ធ្វើ​អ្វី​ដូច​ពលរដ្ឋ​ក្រុង​ហុងកុង​បាន​ធ្វើ​នោះ​ទេ គ្រា​ដែល​អាជ្ញាធរ​បាន​បង្កើន​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

រូបឯកសារ៖ នៅឆ្នាំ ២០១៣ ក្រុម​អ្នក​តវ៉ា​មក​ពី​គណបក្សប្រឆាំង​រាប់​សែន​នាក់​នៅ​ប្រទេស​កម្ពុជា​ បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ប្រឆាំង​នឹង​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ និង​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។
រូបឯកសារ៖ នៅឆ្នាំ ២០១៣ ក្រុម​អ្នក​តវ៉ា​មក​ពី​គណបក្សប្រឆាំង​រាប់​សែន​នាក់​នៅ​ប្រទេស​កម្ពុជា​ បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ប្រឆាំង​នឹង​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ និង​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។


កាល​ពី​ឆ្នាំ​២០១៣​ ក្រុម​អ្នក​តវ៉ា​មក​ពី​គណបក្សប្រឆាំង​រាប់​សែន​នាក់​នៅ​ប្រទេស​កម្ពុជា​ បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ស្ទើរតែ​ជិត​មួយ​ឆ្នាំ​ដើម្បី​ប្រឆាំង​នឹង​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​និង​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ក៏​ប៉ុន្តែ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នោះ​ ត្រូវ​បាន​បញ្ចប់​ដោយ​ការ​បង្ក្រាប​របស់​អាជ្ញាធរ។

​បើ​ធៀប​នឹង​ចលនា​តវ៉ា​នៅ​ទីក្រុង​ហុងកុង ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ប្រាំមួយ​ឆ្នាំមុន​មាន​លក្ខណៈ​សន្តិវិធី​ជាង។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​បាតុកម្ម​ដ៏​រ៉ាំរ៉ៃ​នោះ។ ការ​បង្ក្រាប​នោះ ​បាន​ធ្វើ​មនុស្ស​បួន​នាក់​បាន​ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន ​ហើយ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត។ ​ដោយឡែក​សកម្មជន​សិទ្ធិ​មនុស្ស​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


លោក សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ ព្រមាន​ថា​ បើ​សិន​មាន​ការ​តវ៉ា​ដូច​អ្វី​ដែល​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ហុងកុង​នោះ​ កម្ពុជា​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​របស់​កម្ពុជា។

«យើង​ចាត់​វិធានការ​តាម​គោល​ការណ៍​ច្បាប់​របស់​ប្រទេស​យើង»។

លោក​មិនបាន​បញ្ជាក់​លម្អិត​អំពី​វិធានការ​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថាកម្ពុជា​នឹង​ប្រើ​ប្រាស់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​របស់​ខ្លួន​ ដើម្បី​ជា​បង្អែក​ស្រាយ​រាល់​បញ្ហា។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​ និង​នាយក​វិទ្យាស្ថានចក្ខុ​វិស័យ​អាស៊ី​ យល់​ថា​ រាល់​ការ​តវ៉ាដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នៅ​ក្នុង​ទីក្រុង​ហុង​កុង​នោះ​ នឹង​មិន​អាច​ទទួល​បាន​ការ​ស្វាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

«គឺ​រដ្ឋាភិបាល​ គាត់​ឲ្យ​តម្លៃ​លើ​ peace; stability​ [សន្តិភាព​ ស្ថិរភាព​] មុន​ហើយ​ អ៊ីចឹង​គាត់​ take all measures [ចាត់​គ្រប់​វិធានការ​គ្រប់យ៉ាង] ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​បាន​ នូវ​ស្ថិរភាព​ហ្នឹង​ អា​ហ្នឹង​ប្រហែល​ជា​អា​ហ្នឹង​ ជា​ស្នូល​ ទិស​ដៅ​ស្នូល​ ហើយ​ជា​ផលប្រយោជន៍​ស្នូល​នោះ​បាទ»។

អ្នកវិភាគ​កិច្ចការ​តំបន់​រូប​នេះ​ បង្ហាញ​ការ​ជឿជាក់​របស់​លោក​ថា​បណ្ដា​រដ្ឋាភិបាល​មួយ​ចំនួនក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចលនា​មហាជន​ផ្ទុះ​ឡើង​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ ដូច្នេះ​ ការ​រក្សា​បាន​សន្តិសុខ និង​ស្ថិរភាពក្នុង​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ជា​កត្តា​ចំាបាច់​បំផុត។​ លោក​អះអាង​ថា​លំហ​ប្រជាធិបតេយ្យ​ មិន​អាច​បើក​ទូលាយ​បាន​នោះ​ទេ​ បើ​សន្តិសុខ​មិន​ផ្ដល់​អំណោយ​ផល​នោះ។​

លោក​ ប៉ូ សូវីនដា​ និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ Griffith​ ប្រទេស​អូស្ត្រាលី​ និង​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព​ ឬ​ ហៅ​កាត់​ថា​ CICP​ មាន​ទស្សនៈ​ដូចគ្នា​នឹង​លោក​បណ្ឌិត​ ឈៀង វណ្ណារិទ្ធ​ដែរ។

«ទិដ្ឋភាព​នៅ​ហុងកុង​ហាក់​ដូច​ជា​កើត​ឡើង​ទៅ​ដោយ​ ថ្វីត្បិត​តែ​មានការ​ប្រកាស​ពី​រដ្ឋាភិបាល​ចិន​ក៏ដោយ​ ក៏ប៉ុន្តែ​ទិដ្ឋភាព​ស្រុក​ខ្មែរ​ បើ​សិន​ជា​កើត​ឡើង​ដូច​ហុង​កុង​ វា​អាច​ខ្លាំង​ជាង​ ហុងកុង​ វា​អាច​មាន​ការ​បង្ក្រាប​ខ្លាំង​ជាង​នៅ​ហុង​កុង​ទៀត​។ អ៊ីចឹង​ទិដ្ឋភាព​ពីរ​ហ្នឹង​ខុស​គ្នា​ អត់​ដូច​គ្នា​ទេ»។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​ទី​ក្រុង​ហុង​កុង​ កំពុង​ក្លាយ​ជា​ចំណុច​ទាល់​ច្រក​មួយ។​

ក្រុម​បាតុករ​នៅ​ទី​ក្រុង​ហុងកុងមួយ​ចំនួន​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ថា​ ការ​ប្រកាស​ជំហរ​របស់​លោក​ស្រី ឡាំ​ ដែល​សម្រេច​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​បត្យាប័ន​នោះ​ គឺ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ និង​ជា​លទ្ធផល​តូច​មួយ​ប៉ុណ្ណោះ។

ការ​ទាមទារ​៤​ចំណុច​សំខាន់ៗ​ផ្សេង​ទៀត​ ​ដែល​បាន​ក្លាយ​ជា​ចលនា​តវ៉ា​ប្រឆាំង​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​ការ​តវ៉ា​បន្ត​អូស​បន្លាយ។​ក្នុង​នោះ​រួម​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ពី​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ប្រឆាំង​នឹង​ពួក​បាតុករ​ ការ​ដោះ​លែង​អ្នក​ទោស​ដោយ​គ្មាន​លក្ខខណ្ឌ​ ការ​មិន​ចាត់​ទុក​ការ​តវ៉ា​ប្រឆាំង​ជា «កុប្បកម្ម​» ហើយ​និង​អនុញ្ញាត​ឲ្យ​ទីក្រុង​ហុងកុង​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក ​Wang Wentian បាន​យក​ទី​តាំង​កម្ពុជា​ដើម្បី​ធ្វើសេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ខែ​សីហា​ ដោយ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ធ្ងន់ៗថា​ សហរដ្ឋ​អាមេរិក​កំពុង​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុម​បាតុករ​នៅ​ទី​ក្រុង​ហុងកុង។

តាម​លោក Wang ​ការ​ផ្ដល់​ការ​គាំទ្រ​នេះ​ បាន​ញ៉ាំង​ឱ្យ​មានចលនា​បដិវត្តន៍​ពណ៌​ជាច្រើន​ ដែល​បាន​ផ្ទុះឡើងនៅ​អឺរ៉ុប​ខាង​កើត ​អាស៊ី​កណ្ដាល ​ព្រមទាំង​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក។

ភ្លាមៗ​នោះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​គាំទ្រ​ទាំង​ស្រុង​ចំពោះ​បទ​អធិប្បាយ​នយោបាយ​របស់​ឯកអគ្គរដ្ឋទូត​ចិន។

អ្នកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​គេ​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​ មើល​ឃើញ​ថា​ ការប្រកាស​គាំទ្រ​របស់​រដ្ឋាភិបាល​ខ្មែរ​បែប​នេះ​ មិន​មាន​អី​ជា​រឿង​ចម្លែក​ទេ​ ដោយ​សារ​មេដឹកនាំ​កម្ពុជាត្រូវការ​ការ​គាំទ្រ​ពី​ប្រទេស​ចិន៕

No comments: