លោក មួង ណារ៉េត
2019-10-17

លោក សម រង្ស៊ី និង មន្រ្តីគណបក្សសង្គ្រោះជាតិ ជាមួយតំណាងរាស្រ្ត នៃគណបក្សសេរីនិយម ទីក្រុងបែលក្រាដ (Belgrade) ប្រទេសស៊ែប៊ី (Serbia) ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩។
Screenshot ពីគេហទំព័រ Liberal International
គណៈនយោបាយសេរីនិយមអន្តជាតិចំនួន ១២ នៃ ចលនាសេរីនិយមអន្តរជាតិ ឬ Liberal International ថ្លែងការណ៍គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្នុងទម្រង់ជាលិខិតចំហ កាលពីថ្ងៃទី ១៦ ខែ តុលា បណ្តាញពិភពលោកនៃគណៈបក្សសេរីនិយមទាំងនេះ បញ្ជាក់ថា ក្នុងនាមជាអ្នកសេរីនិយម និង ជាអ្នកគាំប្រជាធិបតេយ្យ ពួកគាត់អំពាវនាវឲ្យលោក ហ៊ុន សែន ដែលពួកគាត់ហៅថាជាមេដឹកនាំផ្តាច់ការ ចុះចេញពីតំណែង និង ធ្វើយ៉ាងណាសម្រួលឲ្យលោក សម រង្ស៊ី និង អ្នកគាំគណបក្សសង្គ្រោះជាតិដទៃទៀត អាចធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព។
ជាងនេះទៅទៀត បណ្តុំគណបក្សនយោបាយអន្តរជាតិទាំង ១២ នេះ ស្នើឲ្យរបបលោក ហ៊ុន សែន គោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានប្រជាធិបតេយ្យ។
ជាមួយគ្នានេះដែរ ចលនាសេរីនិយមអន្តរជាតិនេះ បានបញ្ជាក់ជំហរថា ខ្លួននឹងជួយរកមេធាវីអន្តរជាតិ ដើម្បីប្តឹងករណីលោក ហ៊ុន សែន និង មន្រ្តីរបបនេះ គម្រាមកំហែងអាយុជីវិតលោក សម រង្ស៊ី ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
លោក ហ៊ុន សែន ធ្លាប់គម្រាមថានឹងកម្ទេចលោក សម រង្ស៊ី នៅព្រំដែន ដោយប្រើកាំភ្លើងទំនើប ដើម្បីបង្ក្រាប កុំឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្រ្តីជាន់ខ្ពស់ផ្នែកការពារជាតិ លោក ទៀ បាញ់ ក៏បានគម្រាមកម្ទេចក្រុមប្រឆាំង និង ពលរដ្ឋស៊ីវិលឯទៀត ដែលអមដំណើរលោក សម រង្ស៊ីនោះដែរ។
ស្ថាប័នគណបក្សនយោបាយអន្តរជាតិដដែលនេះ ចាត់ទុកការប្រមាថអាយុជីវិតលោក សម រង្ស៊ី និង អ្នកគាំទ្របក្សប្រឆាំង ថាជារឿងមិនអាចទទួលយកបានជាដាច់ខាត។
គណបក្សនយោបាយទាំងនេះ ប្តេជ្ញាថា នឹងកៀរគតំណាងរាស្រ្ត និង រដ្ឋាភិបាលប្រទេសេរី នៅជុំវិញពិភពលោក ដើម្បីដាក់សម្ពាធនយោបាយ លើរបបលោក ហ៊ុន សែន ឲ្យស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
បន្ថែមលើនេះ ក្រុមគណបក្សនយោបាយអន្តរជាតិទាំងនេះ ជួយតស៊ូមតិ និង កៀរគរកការគាំទ្រពីមហាជន ដើម្បីគាំទ្រដំណើរវិលត្រឡប់ទៅកម្ពុជាវិញរបស់លោក សម រង្ស៊ី ដោយបង្កើតជាយុទ្ធនាការមួយតាមបណ្តាញអ៊ិនធើណិត ដាក់ឈ្មោះថា ខ្ញុំគាំទ្រលោក សម រង្ស៊ី ឬ I Stand With Sam Rainsy។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបទៅនឹងបញ្ហានេះ ពីមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាននៅឡើយទេ នៅពេលនេះ។
គណបក្សនយោបាយសេរីនិយមទាំង ១២ នោះ មានមកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ ស្វ៊ីស និង ហុល្លង់ ជាដើម។
ចលនាសេរីនិយមអន្តរជាតិ ឬ Liberal International ជាសហព័ន្ធពិភពលោកនៃគណបក្សនយោបាយសេរីនិយម និង ប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស និង មានសមាជិកជាង ១០០ ប្រទេស (១០៦ ប្រទេស ត្រឹមខែ ធ្នូ ឆ្នាំ ២០១៨)៕
No comments:
Post a Comment