ដោយ មាន ឫទ្ធិ
2019-10-18

លោក ហ៊ុន សែន ពេលជួបកម្មករកម្មការិនីរោងចក្រកាត់ដេរនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
តំណាងរាស្ត្រមកពីគណបក្សប្រឆាំងនៃប្រទេសស៊ីប ឬជាភាសាអង់គ្លេសហៅថា ប្រទេសសាយព្រឺស (Cyprus) អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ (Irene Charalambides) ទាមទារឱ្យអាជ្ញាធរនៃប្រទេសនេះ ចេញមុខបកស្រាយចំពោះការផ្ដល់សញ្ជាតិ និងលិខិតឆ្លងដែនរបស់ប្រទេសនេះ ឱ្យទៅសាច់ញាតិ និងបក្សពួករបស់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន។
ការទាមទារនេះ ធ្វើឡើងមួយថ្ងៃក្រោយពេលភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Retuers) បានចេញផ្សាយនូវអត្ថបទស៊ើបអង្កេតស៊ីជម្រៅមួយ លាតត្រដាងឱ្យដឹងថា សមាជិកក្រុមគ្រួសារ និងបក្ខពួករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យសម្បត្តិមហាសាលតម្កល់នៅប្រទេសស៊ីប ក្នុងតម្លៃរាប់សិបលានដុល្លារអាមេរិក ហើយពួកគេបានទិញសញ្ជាតិប្រទេសស៊ីប។ បើតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ សមាជិកក្រុមគ្រួសារ និងបក្ខពួករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងនោះរួមមានក្មួយស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង និងស្វាមីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អូន ព័នមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភរិយា អ្នកស្រី ជឹង សុភាព (ហៅយាយភូ) និងស្វាមី គឺលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីនៅតំបន់បឹងកក់។
តំណាងរាស្ត្រស្ត្រីជាអតីតអ្នកកាសែតសញ្ជាតិស៊ីប និងជាតំណាងពិសេសរបស់ប្រទេសស៊ីប ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយ នៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិសុខអឺរ៉ុប ហៅកាត់ថា OSCE អ្នកស្រី អាយរីន ខារាឡាំបៃដ្ស៍ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី កាលពីថ្ងៃទី១៧ តុលា ថា អ្នកស្រីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសស៊ីប ចេញមុខបកស្រាយចំពោះបញ្ហានេះ។ អ្នកស្រីសរសេរថា នេះជារឿងចំអកឡកឡើយដល់អន្តរជាតិ ហើយដែលគេមិនអាចផ្ដល់យុត្តិកម្ម ឬហេតុផលជាលេសមកលុបលាងកំហុសនេះបានឡើយ។
ការទទួលបានសញ្ជាតិ និងលិខិតឆ្លងដែននៃប្រទេសស៊ីបនេះ នឹងអនុញ្ញាតឱ្យសមាជិកក្រុមគ្រួសារ និងបក្ខពួកលោក ហ៊ុន សែន ទាំងនេះ អាចទទួលបានសញ្ជាតិអឺរ៉ុប នៅក្នុងសហភាពអឺរ៉ុប។
ផ្អែកតាមអត្ថបទស៊ើបអង្កេតរបស់ភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រឱ្យដឹងថា សមាជិកគ្រួសារលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ទាំងនេះ ភាគច្រើនបានទទួលសញ្ជាតិ និងលិខិតឆ្លងដែនប្រទេសស៊ីប ចាប់តាំងពីឆ្នាំ២០១៦មក ស្របពេលដែលកាលណោះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងរៀបចំផែនការសម្ងាត់រម្លាយគណបក្សសង្គ្រោះជាតិ នៅមុនពេលព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយ» ខែកក្កដា ឆ្នាំ២០១៨។ នេះអាចបញ្ជាក់ថា មន្ត្រីទាំងនោះមិនទុកចិត្តនឹងរបបលោក ហ៊ុន សែន ខ្លួនឯង។
សារព័ត៌មានដដែលរាយការណ៍បន្តថា ផ្អែកតាមច្បាប់ប្រទេសស៊ីប ដើម្បីទទួលបានសញ្ជាតិប្រទេសនេះ ជនបរទេសត្រូវយកប្រាក់មកវិនិយោគក្នុងប្រទេសនេះ យ៉ាងហោចណាស់ចាប់ពី ២លានអឺរ៉ូឡើងទៅ ដែលក្នុងនោះទឹកប្រាក់យ៉ាងហោចណាស់ ៥សែនអឺរ៉ូ ត្រូវវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅប្រទេសនេះ។ បើតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ដដែល គណៈកម្មការអឺរ៉ុប ធ្លាប់បានព្រមានកាលពីខែមករាថា លិខិតឆ្លងដែនទទួលបានតាមរបៀបនេះ ឬហៅថា «Golden Passports» អាចត្រូវបានក្រុមឧក្រិដ្ឋជនយកមកប្រើជាឈ្នាន់ ដើម្បីជ្រៀតចូលទៅសហភាពអឺរ៉ុប និងបង្កឱ្យមានហានិភ័យនៃអំពើលាងលុយកខ្វក់ អំពើពុករលួយ និងការគេចវេះពន្ធ៕
No comments:
Post a Comment