ដោយ ថន ថារ៉ូ
2019-11-01

លោក ហ៉ង់ ជីហ្វុង (Wong Joshua) ប្រធានក្រុមបាតុករនៅទីក្រុងហុងកុង សរសេរលើបណ្ដាញធ្វីតធឺរ (Twitter) របស់ខ្លួនថា លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
រូប៖ ហ្វេសប៊ុក Joshua wong
មេដឹកនាំបាតុករវ័យក្មេងនៅក្រុងហុងកុង ចេញសារស្នើសហគមន៍អន្តរជាតិឃ្លាំមើលដំណើរវិលចូលស្រុកខ្មែរកម្ពុជា របស់មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃ៩ វិច្ឆិកាខាងមុខ។ ឆ្លើយតបទៅនឹងការគាំទ្រនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា រដ្ឋាភិបាល មិនចាប់អារម្មណ៍ទៅនឹងសាររបស់មេដឹកនាំបាតុករនេះ ព្រោះការប្រកាសវិលចូលស្រុករបស់ក្រុមបក្សប្រឆាំង ខុសពីការទាមទាររបស់បាតុករនៅហុងកុង។
ប្រធានក្រុមបាតុករដ៏មានប្រជាប្រិយភាពនៅទីក្រុងហុងកុង វ័យ២៣ឆ្នាំ លោក ហ៉ង់ ជីហ្វុង (Wong Joshua) សរសេរលើបណ្ដាញធ្វីតធឺរ (Twitter) របស់ខ្លួនថា លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះ ជាតិ ដែលគ្រោងវិលត្រឡប់ទៅប្រទេសកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ មេដឹកនាំបាតុករវ័យក្មេងរូបនេះ ក៏អំពាវដល់សហគមន៍អន្តរជាតិ ឲ្យជួយតាមឃ្លាំមើលព្រឹត្តិការណ៍នេះផង។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ យល់ថា សាររបស់មេដឹកនាំបាតុករនៅហុងកុង នៅពេលនេះ ពិតជាមានតម្លៃ ព្រោះពួកគេយល់ច្បាស់អំពីការគោរពសិទ្ធិមនុស្ស នៅសង្គមមួយដែលប្រកាន់ប្រជាធិបតេយ្យពិតប្រាកដ។ អ្នកស្រី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរយល់គំរូ តាមពលរដ្ឋនៅហុងកុង ដើម្បីទាមទារសិទ្ធិសេរីភាព៖ «ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ធ្វើដូចជាប្រជាពលរដ្ឋនៅហុងកុង ធ្វើជាគំរូ លុះត្រាតែប្រជាពលរដ្ឋងើបឈរគ្រប់ៗ គ្នាដូចប្រទេសហុងកុង ទើបមានការផ្លាស់ប្ដូរ ពីព្រោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាព គ្មានអ្នកណាគេឲ្យយើង ដោយមិនងើបឈរ មិនទៅទាមទារដោយខ្លួនឯង ដោយសកម្ម ដោយអហិង្សា ដោយសន្តិវិធីនោះទេ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថា សារនេះរបស់មេដឹកនាំបាតុករនៅហុង លោក ហ៉ង់ ជីហ្វុង (Wong Joshua) នេះ គឺគ្មានតម្លៃអ្វីនោះទេ។ លោក បញ្ជាក់ថា រដ្ឋាភិបាលនឹងបង្ក្រាបក្រុមមេដឹកនាំបក្សប្រឆាំងនិងអ្នកគាំទ្រទាំងអស់ ដែលមានបំណងចង់ផ្ដួលរំលំរដ្ឋាភិបាលស្របនៅថ្ងៃទី៩ វិច្ឆិកា៖ «ខ្ញុំមិនឲ្យតម្លៃព្រោះគាត់អត់ដឹងសាច់រឿងរបស់ រង្ស៊ី។ រង្ស៊ី ជាមេរដ្ឋប្រហារ អំពាវនាវឲ្យស្ដេចចុះចេញ ហើយធ្វើរដ្ឋប្រហារ ចាប់កម្លាំងដើម្បីទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់។ វាខុសគ្នាពីអ្នកបាតុករនោះ។ ខុសគ្នាដូចមេឃ និងដី»។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងថា លោក សម រង្ស៊ី គឺជាពលរដ្ឋខ្មែរ ដូច្នេះគាត់មានសិទ្ធពេញលេញក្នុងការត្រឡប់វិលចូលប្រទេសកម្ពុជាវិញ។ លោកបន្តថា ផ្អែកតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មនុស្សគ្រប់គ្នា គឺមានសិទ្ធជាមូលដ្ឋានរបស់ពួកគេក្នុងការរស់នៅ និងត្រឡប់ទៅប្រទេសកំណើតរបស់ពូកគេ។
លោក បញ្ជាក់ថា រាល់វិធានការរបស់រដ្ឋាភិបាលកម្ពុជា ដែលហាមប្រាមលោក សម រង្ស៊ី មិនឲ្យចូលកម្ពុជានៅពេលខាងនោះ គឺជាការរំលោភសិទ្ធិមនុស្សអន្តរជាតិយ៉ាងច្បាស់ក្រឡែត ហើយការលើកឡើងរបស់រដ្ឋាភិបាលថាប្រជាពលរដ្ឋគ្មានសិទ្ធិប្រមូលផ្ដុំ និងសិទ្ធិធ្វើបាតុកម្ម តវ៉ាដោយសន្តិវិធី ក៏ជារំលោភសិទ្ធិមនុស្សដែរ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ យល់ថា អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅមាតុភូមិវិញ តាមបំណងរបស់គាត់៖ «ក្រែងរដ្ឋាភិបាលកម្ពុជា អួតថាចង់ចាប់លោក សម រង្ស៊ី ដើម្បីឲ្យចូលទៅទទួលទោស តាមអ្វីដែលរដ្ឋាភិបាលនេះ ចោទថាលោកថាបានប្រព្រឹត្តនោះអី? មើលទៅ! រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាហំហានណាស់ រឿងចង់ចាប់លោក សម រង្ស៊ី! ចុះហេតុអ្វី បានជាមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញ តាមសម្រួលទៅ? ហេតុអ្វីមិនជ្រើសរើសយកវិធីនេះ ជាជាងជ្រើសរើសយកវិធីទប់ស្កាត់ មិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញបាន ដូចជាទៅប្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋាភិបាលបរទេសមួយចំនួន ឲ្យជួយទប់កុំឲ្យលោក សម រង្ស៊ី វិលចូលស្រុកបែបនេះទៅវិញ»។
កាលពីថ្ងៃទី៣១ តុលា លោក សម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេសដ៏កម្រមួយ ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោក មុនពេលលោកត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា "លោកបានត្រៀមខ្លួនរួចរាល់ វិលត្រលប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ"។
លោកបញ្ជាក់ថា មេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន បានត្រៀមខ្លួនចាប់ខ្លួនលោក ឬសម្លាប់លោក តែទោះជាយ៉ាងនេះក្ដី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ លោកមិនរាថយឡើយ លោកនឹងនៅតែដឹកនាំពលរដ្ឋ កម្មករ ពលករ និងសកម្មជនបក្សប្រឆាំងទាំងអស់វិលទៅកម្ពុជាវិញ ដូចផែនការកំណត់។
គិតមកដល់ពេលនេះនៅសល់តែ៩ថ្ងៃទៀត ដែលលោក សម រង្ស៊ី ថា នឹងវិលទៅកម្ពុជាវិញ ដោយមានមន្ត្រីបក្សប្រឆាំង សមាជិកសភាអឺរ៉ុបមួយចំនួន និងពលករខ្មែរពីក្រៅស្រុកអមដំណើរផង គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំទិវាបុណ្យឯករាជ្យជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្រ មិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ថាជាក្រុមផ្ដួលរំលំរដ្ឋាភិបាល ឬជាក្រុមបដិវត្តន៍ពណ៌នោះទេ។ ហេតុនេះ រដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់សកម្មភាព តាមយាយីអ្នកទាំងអស់នោះ។ លោកស្នើដល់រដ្ឋាភិបាល គួរអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនអនុវត្តនូវសិទ្ធិផ្នែកធ្វើនយោបាយរបស់ពួកគេ ដោយសេរី និងសន្តិវិធី៕
No comments:
Post a Comment