ដោយ អាស៊ីសេរី
2019-11-04
rfa

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងកងយោធពលខេមរភូមិន្ទ
រូប៖ ហ្វេសប៊ុក
មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ថានឹងលើកកម្ពស់ជីវភាពរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យរស់នៅក្នុងភាពថ្លៃថ្នូរ និងផ្ដល់មុខតំណែងពួកគេទៅតាមសមត្ថភាព ក្រោយកងកម្លាំងស្នេហាជាតិរួមគ្នាជាមួយកម្លាំងប្រជាពលរដ្ឋ ដើម្បីបញ្ចប់របបផ្ដាច់ការសព្វថ្ងៃ នៅពេលដ៏ខ្លីខាងមុខនេះ។ មន្ត្រីបក្សកាន់អំណាច ហៅ ការលើកឡើងនេះ ថាគ្រាន់តែក្ដីស្រមើស្រមៃតែប៉ុណ្ណោះ ព្រោះថាបក្សប្រឆាំងគ្មានកម្លាំងកងទ័ពពីណា អាចមកប្រឆាំងនឹងរដ្ឋាភិបាលសព្វថ្ងៃបានឡើយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី ដែលទន្ទឹងរង់ចាំវិលចូលស្រុកខ្មែរតាមកាលកំណត់ បញ្ចេញសារអំពាវនាវជាថ្មី ដល់កម្លាំងប្រដាប់អាវុធទាំងអស់ កុំធ្វើតាមការបញ្ជាលោក ហ៊ុន សែន ឲ្យធ្វើបាប ឬបាញ់ប្រហារមកលើប្រជាពលរដ្ឋដែលមានឈាមជ័រជាខ្មែរដូចគ្នា។ លោក ថា កម្លាំងស្នេហាជាតិទាំងអស់ ត្រូវការពារប្រជាពលរដ្ឋ នៅពេលមានកម្លាំងមហាជន ងើបឡើងតវ៉ាដោយបាតដៃទទេ ប្រឆាំងនឹងរបបក្រុងភ្នំពេញ ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។
លោក សម រង្ស៊ីបញ្ជាក់ថា ក្រោយពីប្ដូររបបក្រុងភ្នំពេញ រដ្ឋាភិបាលថ្មីដឹកនាំគណបក្សសង្គ្រោះជាតិ នឹងគិតគូរដល់កម្លាំងប្រដាប់អាវុធទាំងអស់ឲ្យមានជីវភាពល្អប្រសើរជាងសព្វថ្ងៃ ដោយលុបបំបាត់អំពើពុករលួយ បក្សពួកនិយម និងក្រុមគ្រួសារនិយម។
សារអំពាវនាវរបស់លោក សម រង្ស៊ី ដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ វិច្ឆិកា គឺស្របពេលដែលរបបក្រុងភ្នំពេញ ដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់ពាន់នាក់ ប្រដាប់ដោយកាំភ្លើងធ្វើសង្រ្គាមគ្រប់ដៃ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ ដើម្បីត្រៀមទប់ទល់នឹងកម្លាំងគាំទ្រមេបក្សប្រឆាំងរូបនេះ៖ «ដើម្បីសម្ដែងការដឹងគុណកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ខ្ញុំសូមធានាដល់បងប្អូនកូនក្មួយ ដែលបានការពារប្រជារាស្ត្រ ហើយបានចូលរួមតស៊ូជាមួយប្រជារាស្ត្រ ហើយដណ្ដើមបានលទ្ធិប្រជាធិបតេយ្យជូនប្រជារាស្ត្រនោះ។ យើងមិនត្រឹមតែរក្សាតំណែងបងប្អូនកូនក្មួយ មិនត្រឹមតែរក្សាឋានន្តរសក្ដិនោះទេ គឺត្រូវតែលើកកម្ពស់ផ្ដល់តម្លៃ ចំពោះបងប្អូនកូនក្មួយក្នុងជួរកងកម្លាំងប្រដាប់អាវុធ កំពុងតែបំពេញសព្វថ្ងៃ។ យើងត្រូវតែដំឡើងឋានន្តរសក្ដិដល់ប្អូនកូនក្មួយទាំងនោះ។ ត្រូវតែដំឡើងប្រាក់ខែ ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីឲ្យបងប្អូនកូនក្មួយមានជីវភាពរស់នៅយ៉ងសមរម្យ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ»។
អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាការលើកឡើងរបស់លោក សម រង្ស៊ី នៅពេលនេះ គឺស្ថិតនៅក្នុងក្ដីស្រមើស្រមៃប៉ុណ្ណោះ នឹងមិនអាចក្លាយជាការពិតបានទេ ព្រោះថាមេបក្សប្រឆាំងរូបនេះ មិនហ៊ានវិលចូលស្រុកហើយគ្មានអ្វីក្រៅពីការអំពាវនាវឲ្យកម្លាំងពលរដ្ឋ និងកងទ័ពបះបោរប្រឆាំងនឹងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់៖ «សួរថាកងទ័ពពីណាទៅស្ដាប់គាត់ គាត់មេទ័ពឯណា។ កងទ័ពគេស្ដាប់បញ្ជាមេទ័ព។ គាត់មេទ័ពឯណាមកបញ្ជាកងទ័ព គាត់អត់មានទេ។ កងទ័ពមានប្រាក់បៀវត្សសព្វថ្ងៃនេះ ត្រូវបានដំឡើងជាប្រចាំឆ្នាំ កន្លងមកហើយ មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលត្រឹមត្រូវ។ ខ្ញុំជឿជាក់ថាកងទ័ពអត់មានជឿការឃោសនាក្រុមឧទ្ទាមក្រៅច្បាប់ទេ។ កុំសង្ឃឹម។ ហើយបើគាត់មានក្ដីជឿជាក់លើការអំពាវនាវរបស់គាត់ សូមអញ្ជើញចូលមក ម៉ោងណាក៏បានពេលណាក៏បាន ថ្ងៃណាក៏បាន។ មិនបាច់ចាំដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ហើយចូលមកតើមានកងទ័ពប៉ុន្មានស្វាគមន៍គាត់ ហ្នឹងគាត់ដឹងហើយ»។
ជុំវិញរឿងនេះ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដែលរិះគន់របបក្រុងភ្នំពេញមិនសំចៃមាត់ និងបច្ចុប្បន្នកំពុងរស់នៅក្រៅបប្រទេស សង្កេតយល់ថា កងទ័ពភាគច្រើនលើសលប់ មានសមានចិត្តគាំទ្រដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី រួចទៅហើយ។ លោកបន្តថា អ្វីដែលអាចជំរុញទឹកចិត្តកងកម្លាំងប្រដាប់អាវុធ ឲ្យលេចចេញជាសកម្មភាពជាក់ស្ដែងនោះ គឺអាស្រ័យលើក្រុមមេដឹកនាំបក្សប្រឆាំង ថាតើមានបណ្ដាញទាក់ទងនឹងក្រុមកងទ័ពនៅក្នុងប្រទេសជិតស្និទជាមួយគ្នាកម្រិតណា ដើម្បីការពារដល់បុព្វហេតុសង្គ្រោះជាតិរបស់ពួកគេ។ អ្នកវិភាគរូបនេះថា ការអំពាវនាវរបស់លោក សម រង្ស៊ី នៅពេលនេះ គ្រាន់តែជាសារនយោបាយមួយ ដែលមិនអាចនាំទៅរកការផ្ទុះប្រដាប់ណាមួយបានឡើយ៖ «ដូច្នេះហើយ អ្នកដែលចូលរួមជាមួយក្រុមលោក សម រង្ស៊ី គឺជាប្រជារាស្ត្រស៊ីវិល ដែលអត់មានប្រដាប់អាវុធ។ ម្ល៉ោះហើយ អ្វីដែលកើតមានឡើងនៅពេលដែលលោក សម រង្ស៊ី ចូលស្រុក ស្ថានភាពវាគឺជាការប៉ះទង្គិចគ្នានៃកងកម្លាំងដែលរៀបចំដោយលោក ហ៊ុន សែន និងប្រជារាស្ត្រស៊ីវិលដែលគាំទ្រលោក សម រង្ស៊ី។ អ្នកណាមានប្រៀបជាង វាស្ថិតនៅត្រង់ថាភាគីណា ប្ដូផ្ដាច់ ក្នុងការអនុវត្តគោលដៅនយោបាយរបស់ខ្លួនជាង។ ប្រសិនបើប្រជារាស្ត្រ ព្យាយាមអនុវត្តទៅតាមអ្វីដែលជាការអំពាវនាវរបស់លោក សម រង្ស៊ី ដែលមានក្រុមលោក សម រង្ស៊ី ដឹកមុខនោះ ខ្ញុំគិតថាការតស៊ូរបស់ប្រជារាស្ត្រ នឹងមានសង្ឃឹមខ្ពស់ដល់ការផ្លាស់ប្ដូរដល់ប្រទេសកម្ពុជា» ។
គិតមកដល់ពេលនេះ នៅសល់តែ៥ថ្ងៃទៀត ដល់ពេលកំណត់ ដែលលោក សម រង្ស៊ី អះអាងថា នឹងវិលចូលកម្ពុជាវិតាមច្រកទ្វារព្រំដែនថៃ ដោយមានមន្ត្រីបក្សប្រឆាំង សមាជិកសភាអឺរ៉ុបមួយចំនួន និងពលករខ្មែរពីក្រៅស្រុកអមដំណើរផង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃបុណ្យឯករាជ្យជាតិ។
លោក គឹម សុខ ថា ដំណោះស្រាយនយោបាយនៅកម្ពុជា នៅតែតម្រូវឲ្យមេដឹកនាំបក្សនយោបាយទាំងពីរ បន្ទន់ឥរិយាបទដាក់គ្នា ហើយងាកមករកការចរចាគ្នាវិញ ដោយសន្តិវិធី និងឈរលើគោលការណ៍នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕
No comments:
Post a Comment